អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បាតុកម្ម ៥ថ្ងៃ ដែល​សម្លាប់​ជនជាតិ​អ៊ីរ៉ាក់ ជិត​១០០នាក់ និង​របួស ជាង ៤ពាន់នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប្រទេស​អ៊ីរ៉ាក់ នៅក្នុង​បាតុកម្ម​រយៈពេល តែ​៥ថ្ងៃ មាន​មនុស្ស​ជិត ១០០​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត នៅក្នុង​ការប៉ះទង្គិចគ្នា រវាង​ប៉ូលិស និង​បាតុករ។ ប្រធាន​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅអ៊ីរ៉ាក់ នៅថ្ងៃ​សៅរ៍ទី​៥​តុលា បាន​អំពាវនាវ​ឲ្យ​គេបញ្ចប់ ជា​បន្ទាន់ អំពើហិង្សា ដែល​បានសម្លាប់​មនុស្ស​ជិត ១០០នាក់ និង​របួស ជាង ៤ពាន់ នៅក្នុងរយៈពេល តែ ៥​ថ្ងៃ។

ទោះបម្រាមគោចរ និង​ការបង្រ្កាបហិង្សា​ដោយ​ប៉ូលិស​បាញ់គ្រាប់កាំភ្លើង​ពិត ប្រជាជន​អ៊ីរ៉ាក់​នៅតែ​មាន​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅថ្ងៃទី ៥​តុលា ២០១៩
ទោះបម្រាមគោចរ និង​ការបង្រ្កាបហិង្សា​ដោយ​ប៉ូលិស​បាញ់គ្រាប់កាំភ្លើង​ពិត ប្រជាជន​អ៊ីរ៉ាក់​នៅតែ​មាន​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅថ្ងៃទី ៥​តុលា ២០១៩ ©REUTERS/Thaier Al-Sudani
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​នៅអ៊ីរ៉ាក់ ទើប​តែ​កើត​មាន បាន​៥​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ មាន​មនុស្ស​ស្លាប់ ដល់​ទៅ ជិត ១០០នាក់ ដែលនៅក្នុងនោះ ភាគច្រើន គឺ​បាតុករ។ អ្នកតំណាង​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​ទីក្រុង​បាកដាដ​បាន​អំពាវនាវ​ឲ្យ​គេ​បញ្ចប់​ជា​បន្ទាន់ អំពើហិង្សា ហើយ​និង​ទាមទារ​ឲ្យ​គេ​ចាប់ខ្លួន​ជនដៃដល់ យកមកកាត់ទោស។ ទៅហើយ។ ហេតុអ្វី​ក៏​មាន​ជនរងគ្រោះ​ច្រើន​បែបនេះ បុប្ផា ?

គណៈកម្មការ​ការពារ​សិទ្ធិមនុស្ស​អ៊ីរ៉ាក់ បាន​បង្ហាញពីតួលេខ មនុស្ស ស្លាប់​ដល់​ទៅ ៩៩នាក់ ហើយ​និង​របួស​ជាង​៤ពាន់​នាក់​ផ្សេងទៀត នៅក្នុង​បាតុកម្ម ដ៏ហិង្សា។ តាម​គណៈកម្មការ​ការពារ​សិទ្ធិមនុស្ស​ដដែល នៅក្នុង​ចំណោម​ជនរងគ្រោះ ដែល​ស្លាប់​បាត់បង់ជីវិត មាន ៦នាក់ ជា​ប៉ូលិស ចំណែក​ក្រៅពីនោះ គឺ​សុទ្ធតែ​ជា​បាតុករ។ តាម​ព័ត៌មាន​ពីខាង​មន្ទីរពេទ្យ ជនរងគ្រោះភាគច្រើន​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង។

តាំងមាន​បាតុកម្ម​ផ្ទុះឡើង កាលពីថ្ងៃ​អង្គារ ប្រព័ន្ធផ្សព្វផ្សាយ​ជាច្រើន​បាន​និយាយ​ពី​ការបាញ់​គ្រាប់កាំភ្លើង​ពិតៗ​របស់​កងកម្លាំង​ប៉ូលិស​អ៊ីរ៉ាក់។ អាច​និយាយ​បាន​ថា ដើម្បីបំបែក​ហ្វូងបាតុករ ដែល​នៅតែ​ផ្គើន​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ប៉ូលិស​អ៊ីរ៉ាក់ បាញ់​គ្រាប់កាំភ្លើងពិត ហើយ​និង​ផ្សែង​បង្ហូរ​ទឹកភ្នែក។

តាំង​ពីថ្ងៃ​សុក្រ បាតុករ​បាន​ចោទ​ប្រកាន់​ប៉ូលិស ថា បាន​ប្រើ​ខ្មាន់កាំភ្លើង បាញ់តម្រង់​ក្រុមបាតុករ។ ប៉ូលិស​អ៊ីរ៉ាក់​បាន​អះអាងថា ក្រុមខ្មាន់​កាំភ្លើង មិនមែន​ជា​សមាជិក​របស់​ខ្លួន និង​ថា មាន​ក្រុមងងឹត កំពុង​បន្លំខ្លួន នៅក្នុង​បាតុករ និង​បាញ់សម្លាប់ ទៅលើ​បាតុករ ដើម្បីទម្លាក់​កំហុស​លើ​អាជ្ញាធរ។

នៅពេល​ដែល​ចំនួន​បាតុករ ស្លាប់ និង​របួស​កាន់តែច្រើន ដោយសារ​គ្រាប់កាំភ្លើង អាជ្ញាធរ​អ៊ីរ៉ាក់ បាន​អះអាង​ថា ប៉ូលិស​គ្រាន់​តែ​តបត ដើម្បី​ការពារ​ខ្លួន នៅ​ចំពោះមុខ​បាតុករ​ដ៏ហិង្សា។ ចំណែក នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ លោកអាប់ឌែល ម៉ាឌី ដែល​ជាផ្ទាំងស៊ីប​ប្រឆាំង របស់​បាតុករ នៅ​បាន​និយាយ​ការពារ​ការបង្រ្កាប​របស់​ប៉ូលិស ថា ធ្វើឡើង​ដោយ​ត្រឹមត្រូវ​តាម​ស្តង់ដារ​ទៀត​ផង។

សម្រាប់​អ្នកជំនាញ នេះ​ក៏ដោយសារ​តែ​ប៉ូលិស​អ៊ីរ៉ាក់ គ្មាន​បទពិសោធន៍ ដោះស្រាយ​បញ្ហា នៅក្នុង​ពេល​ត្រូវ​ប្រឈមមុខ​នឹង​ក្រុមបាតុករ។ នៅ​ក្នុង​ប្រទេស​មួយ ដែល​សំបូរ​ដោយ​សង្រ្គាមស៊ីវិល សង្រ្គាម​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ប៉ូលិស និងទាហាន​អ៊ីរ៉ាក់ ធ្លាប់តែ ត្រូវ​បាន​បណ្តុះបណ្តាល​ឲ្យ​ចេះ​បាញ់ គ្រាប់កាំភ្លើង​ពិតៗ សម្លាប់​ក្រុមជីហាត ប៉ុន្តែ ពួកគេ​មិនដែល​ធ្លាប់​រៀនសូត្រ​ពី​វិធីសាស្រ្ត​ដើម្បី បង្រ្កាប​ក្រុម​បាតុករ​នោះទេ។ នៅថ្ងៃទី ៦នៃ​បាតុកម្ម រដ្ឋាភិបាល​ប្រកាស​វិធានការសង្គម​ចំនួន១៧

នៅក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ពិសេស​នៅថ្ងៃ​អាទិត្យ រដ្ឋាភិបាល​របស់​លោក​អាប់ឌែល ម៉ាឌី បាន​ប្រកាស​វិធានការ​ចំនួន ១៧ ដែល​មានតាំង​ពី​ជំនួយ​របស់​រដ្ឋាភិបាល​ក្នុង​រឿង​ផ្ទះសម្បែង រហូត​ដល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​យុវជន​ដែល​គ្មាន​ការងារ​ធ្វើ។

ទី ១ រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្រ្តី ម៉ាឌី​បានប្រកាស​គម្រោង​សាងសង់​លំនៅឋាន ចំនួន ១សែនខ្នង បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន​បានបើក​យុទ្ធនាការ​វាយបំផ្លាញ ផ្ទះសម្បែង អនាធិបតេយ្យ នៅទូទាំងប្រទេស ដែលរហូតមក បាន​ផ្តល់ជំរក​ដល់​ប្រជាជន​អ៊ីរ៉ាក់ ជាង ៣លាននាក់។

ទី២ រដ្ឋាភិបាល​ចង់​បង្កើត​ការងារ​ធ្វើសម្រាប់​យុវជន តាមរយៈ ការសាងសង់​ផ្សារ សម្រាប់​អ្នកលក់​ចល័ត។ នៅក្នុង​វិធានការ​របស់​រដ្ឋាភិបាល​នៅថ្ងៃ​អាទិត្យ មានផងដែរ ប្រាក់​ឧបត្ថម្ភ​សម្រាប់​គ្រួសារ​របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត នៅក្នុង​បាតុកម្ម ប៉ុន្មាន​ថ្ងៃមកនេះ។ ទៅតាម​ការប្រកាស​របស់​រដ្ឋាភិបាល ឈ្មោះ​របស់​ជនរងគ្រោះ​ទាំងនោះ នឹង​ត្រូវ​ចុះ​ក្នុង​បញ្ជី​ឈ្មោះ​វីរជន​អ៊ីរ៉ាក់ ដែលនឹង​អនុញ្ញាត​ឲ្យ​គ្រួសារ​របស់​ជនរងគ្រោះ បើកប្រាក់ជម្ងឺចិត្ត​ពី​រដ្ឋាភិបាល។

រហូតមក ប៉ូលិស​បាន​ចោទប្រកាន់ លើ​ក្រុមងងឹត តាំង​ចិត្ត​បំផ្លាញ ហើយ​និង​ខ្មាន់កាំភ្លើង អាថ៌កំបាំង ថា ជាអ្នក​បាញ់សម្លាប់​បាតុករ ដើម្បី​ទម្លាក់កំហុស​លើ​ប៉ូលិស ប៉ុន្តែ ហេតុអ្វី រដ្ឋាភិបាល បែរ​ជា​ប្រកាស​ចាត់​វិធានការ​សំណងផ្លូវចិត្ត ជាជាង​ប្រកាស​ចាត់វិធានការ​ ស្វែងរក​ចាប់ខ្លួន ជនងងឹត ជនដៃដល់​ដែល បាញ់សម្លាប់​បាតុករទៅវិញ។

វិធានការ​របស់​រដ្ឋាភិបាល​ដែលមិនអាច​ទៅ​បិទបញ្ចប់ មហាបាតុកម្ម​របស់​ប្រជាជន​អ៊ីរ៉ាក់

បាតុកម្ម​នៅលើកនេះ កើតឡើង​ពីមហាជនអ៊ីរ៉ាក់ ដោយ​គ្មាន​ការចូលរួម គាំទ្រ​ពីខាងគណបក្ស​នយោបាយ ឬ​ក្រុមសាសនា​ណាមួយ​ទេ។ ប្រជាជន​អ៊ីរ៉ាក់​បាន​ធ្វើ​បាតុកម្ម​ទាមទារ ៣ចំណុច​សំខាន់ គឺ​ការងារធ្វើ លុបបំបាត់​អំពើពុករលួយ ហើយ​និង សេវា​សាធារណៈ ជាពិសេស ទឹកនិង​ភ្លើង។ ទឹក និង​ភ្លើងនេះ សំខាន់ណាស់ ជាពិសេស នៅតំបន់ខាងត្បូង អ៊ីរ៉ាក់ ដែល​កំពុង​រងគ្រោះដោយសារ​កំដៅខ្លាំង រហូត​ដល់ទៅ ជិត ៥០​អង្សារ។

បើមើលទៅលើ​វិធានការ​របស់​រដ្ឋាភិបាល​នៅថ្ងៃនេះ គេ​ដឹង​រួចទៅហើយថា រដ្ឋាភិបាល​មិន​បាន​ឆ្លើយតប​តាមការទាមទារ​របស់​បាតុករ​នោះទេ។ រដ្ឋាភិបាល​មិន​បាន​និយាយ​ពីរឿង​ពុករលួយ ដែល​បាន​ចាក់ស៊ីរូងជ្រៅ នៅអ៊ីរ៉ាក់​នោះទេ។ អ៊ីរ៉ាក់ ជា​ប្រទេស​សំបូរប្រេង ធំទី​៤ នៅ​ក្នុង​ពិភពលោក ប៉ុន្តែ ប្រជាជន​អ៊ីរ៉ាក់ ជាង ២៥ភាគរយ រស់នៅក្រោម​ខ្សែបន្ទាត់ភាពក្រីក្រ។ ១៦ឆ្នាំមកហើយ ប្រជាជន​អ៊ីរ៉ាក់​ភាគច្រើន នៅតែរស់ គ្មានទឹកស្អាត និង​ភ្លើងប្រាស់ប្រាស់​គ្រាន់ នោះបើទោះជា​អ៊ីរ៉ាក់ ជា​ប្រទេស​សេដ្ឋីប្រេងក៏ដោយ។

ចាប់តាំង​ពី​របបសាដាម​ហ៊ូសេន ដួលរលំ អំណាច និង​ភាពមានបាន​មកពី​ប្រេង ឬ​ប្រាក់​ជំនួយ​ពីបរទេស ត្រូវ​បានបែងចែក តែ​រវាង មេដឹកនាំ​សាសនា និង​ក្រុមអ្នកនយោបាយ ចាស់ៗដែល​ធ្លាប់ប្រឆាំង​នឹង​សាដាម​ហ៊ូសេន។ ដើម្បី​លុបបំបាត់​អំពើពុករលួយ វិធីមានតែមួយ គឺ​ធ្វើកំណែទម្រង់ ច្បាប់​បោះឆ្នោត ដែល​អនុញ្ញាត​ឲ្យ​យុវជន អ្នកធ្វើនយោបាយ​ថ្មីៗ អាច​ទៅចូល​រួម​ក្នុង​រដ្ឋាភិបាល ដើម្បី កុំឲ្យ​អំណាច និង​ភាពមានបាន បែងចែក​តែ​ក្នុង​ចំណោម​មនុស្ស​ដដែលៗ។ សើរើ និង​ចែករំលែក​អំណាច ពី​ក្រុមអ្នកនយោបាយ​ចាស់ៗ គឺ​ជារឿងពិបាក ព្រោះថា ចាប់តាំង​ពី​របប​សាដាម ហ៊ូសេន ដួលរលំ ការបែងចែកអំនាច ធ្វើឡើង​តែ​រវាង ក្រុមស្ហ៊ីអ៊ីត ក្រុមស៊ុននីត ឬ​ក្រុមដែល​គាំទ្រ​ដោយ​អាមេរិក និង​អ៊ីរ៉ង់ ដើម្បី ធានា​កុំ​ឲ្យ​មានជម្លោះសង្រ្គាម ស៊ីវិល។

ដរាប​ណា​ឬសគល់​នៃ​បញ្ហា​មិនត្រូវ​បាន​ដោះស្រាយ នោះ ប្រជាជន​អ៊ីរ៉ាក់ ដែល​គិត​ថា ខ្លួន​គ្មានអ្វី​ត្រូវ​ស្តាយ ឬ​បាត់បង់​ទៀតនោះ គឺមិនខ្លាច នឹង​ចុះថ្នល់​ធ្វើ​បាតុកម្ម ប្រឈម​នឹង​គ្រាប់កាំភ្លើង​របស់​អាជ្ញាធរ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ