ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
អាស៊ី

ហុងកុង៖តុលាការបើកសវនាការកាត់ទោសបាតុករដែលរំលោភច្បាប់មិនឲ្យពាក់ម៉ាស់បិទមុខ

media  
នៅ​ហុងកុង តុលាការបើកសវនាការកាត់ទោសបាតុករដែលរំលោភច្បាប់មិនឲ្យពាក់ម៉ាស់បិទមុខ REUTERS/Jorge Silva

នៅ​ចន្ទ ទី៧ តុលា តុលារការ​ហុងកុង​បាន​បើក​សវនាការ​កាត់​ទោស​បាតុករ​ចំនួន ២នាក់​ដែល​បាន​ធ្វើ​បាតុកម្ម​ដោយ​ពាក់ម៉ាស់​បិទមុខ។ តាំង​ពី​ច្បាប់​មិន​ឲ្យ​ពាក់ម៉ាស់​បិទមុខ​ពេល​ធ្វើ​បាតុកម្ម​បាន​ចូល​ជា​ធរមាន​នា​ថ្ងៃ​សុក្រ ទី៤ តុលា​មក នេះ​ជា​លើក​ទី១ ដែល​មាន​សវនាការ​កាត់ទោស​បាតុករ​អ្នក​គាំទ្រប្រជាធិបតេយ្យ​ហុងកុងក្នុងច្បាប់ដ៏​ចម្រូងចម្រាស​មួយ​នេះ។ ក៏​ដូច​ជា​រៀងរាល់​ចុង​សប្តាហ៍​តាំង​ពី ៣ខែ បាតុកម្ម​នា​ចុង​សប្តាហ៍​កន្លង​ទៅ​បាន​បង្ក​ឲ្យ​មាន​ហិង្សា​ខ្លាំងក្លា​រវាង​បាតុករ និង​កម្លាំង​ប៉ូលិស។ ទន្ទឹម​គ្នា​នេះ ស្ថានីយ៍​រថភ្លើង​ក្រោមដី​ជា​ច្រើន​កន្លែង​ក៏​បាន​រង​ការ​វាយកម្ទេច​យ៉ាង​ដំណំ​ពី​ពួក​បាតុករ​ដែរ។

បាតុករ ២នាក់​ដែល​បាន​បង្ហាញ​មុខ​នៅ​តុលាការ​មាន​ម្នាក់​ជា​សិស្សសាលា​ភេទ​ប្រុស និង​មា្នក់​ជា​ស្ត្រី​មាន​អាយុ ៣៨ឆ្នាំ។ ពួក​គេ​ទាំង​ពីរ​នាក់​បាន​ជាប់ចោទ​ពី​បទ​ចូលរួម​បាតុកម្ម​ដោយ​គ្មាន​ការ​អនុញ្ញាត​ដែល​អាច​ដេក​ក្នុង​គុក​ចំនួន ៣ឆ្នាំ និង​ពី​បទ​ពាក់ម៉ាស់​បិទ​មុខ​ក្នុង​ពេល​បាតុកម្ម​ដែល​អាច​ដេក​ក្នុង​គុក​ច្រើន​បំផុត​ចំនួន ១ឆ្នាំ។ តែ​ពេល​នេះ ជនជាប់​ចោទ​ជា​បាតុករ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន។ អ្វី​ជា​ការ​កត់សម្គាល់ គឺ​វត្តមាន​សកម្មជន​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​យ៉ាង​ច្រើន​សម្បើម​នៅ​ក្នុង​បន្ទប់​សវនាការ​ដែល​អ្នក​ខ្លះ​មាន​ពាក់​ម៉ាស់​បិទ​មុខ។ ចំណែក​នៅ​ក្រៅ​តុលាការ​វិញ ក្រុម​បាតុករ​បាន​នាំ​គ្នា​ស្រែក​ថា ពាក់ម៉ាស់​បិទ​មុខ​មិនមែន​ជា​ឧក្រិដ្ឋកម្ម​ទេ ហើយ​ច្បាប់​ពិត​ជា​អយុត្តិធម៌។

ច្បាប់​ដែល​ក្រុម​បាតុករ​បាន​និយាយ​នេះ គឺ​ជា​ច្បាប់អាសន្ន​ដែល​ប្រមុខ​រដ្ឋអំណាច​ហុងកុង​លោកស្រី​ការី ឡាំ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​តាំង​ពី​ថ្ងៃសុក្រ ទី៤ តុលា។ លោកស្រី​ការី ឡាំ​បាន​អះអាង​ថា ហុងកុង​មាន​ច្បាប់អាសន្ន​មួយ​នេះ​តាំង​ពី​ឆ្នាំ ១៩២២ ពោល​ក្នុង​សម័យ​អាណានិគមនិយម​អង់គ្លេស តែ​មិន​ត្រូវ​បាន​ប្រើ​វា​តាំង​ពី​ឆ្នាំ ១៩៦៧ មក​ម្ល៉េះ។ គួរ​រម្លឹក​ថា​នៅ​ក្នុង​ករណី​អាសន្ន ឬ​មាន​គ្រោះថ្នាក់​ចំពោះ​ពលរដ្ឋ រដ្ឋអំណាច​អាច​ប្រើ​ច្បាប់អាសន្ន​មួយ​នេះ​ដោយ​មិន​ចាំ​បាច់​មាន​ភ្លើងខៀវ​ពី​សភា​ទេ។ ការ​ដែល​លោកស្រី​ការី ឡាំ​យក​ច្បាប់​អាសន្ន​មក​ប្រើ​ពេល​នេះ គឺ​ដើម្បី​អាច​វែក​អត្តសញ្ញាណ​បាតុករ​ដែល​ញុះញង់ ប្រើ​ដបសាំង និង​ប្រើ​ឧបករណ៍​ផ្សេងៗ​ទៀត​ដើម្បី​វាយប្រហារ​លើ​កម្លាំង​ប៉ូលិស​ក្នុង​ពេល​ធ្វើ​បាតុកម្ម។

តែ​ក្រុម​បាតុករ​អ្នកគាំទ្រ​ប្រជាធិបតេយ្យ រួម​ទាំង​ក្រុម​ប្រឆាំង​នឹង​ច្បាប់អាសន្ន​នេះ​បាន​យល់​ឃើញ​ថា ការ​លើកឡើង​របស់​រដ្ឋអំណាច​គ្រាន់​ជា​លេស​មួយ​ដើម្បី​ចាត់​វិធានការ​ផ្តាច់ការ​ប៉ុណ្ណោះ។ គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា ទោះ​បី​ជា​មាន​ការ​យក​ច្បាប់​នេះ​ទៅ​ប្រើ​ក៏​ដោយ​ក៏​មិន​អាច​រារាំង និង​ទប់ស្កាត់​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុម​បាតុករ​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​ដែរ។ ពេញ​មួយ​ចុងសប្តាហ៍​កន្លង​ទៅ មាន​ពលរដ្ឋ​ហុងកុង​ជា​ច្រើន​ពាក់នាក់​បាន​ចូលរួម​នៅ​ក្នុង​ក្បួន​បាតុកម្ម។ តែ​ក៏​ដូច​ជា​បាតុកម្ម​លើក​មុនៗ​តាំង​ពី ៣ខែ​កន្លង​ទៅ មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហិង្សា​រវាង​បាតុករ និង​កម្លាំង​ប៉ូលិស។ ចំណែក​ស្ថានីយ៍​រថភ្លើង​ក្រោមដី​មួយ​ចំនួន​បាន​រង​ការ​វាយកម្ទេច​ពី​ពួក​បាតុករ។ ទង្វើ​នេះ​បាន​បង្ខំ​ធ្វើ​ឲ្យ​ចរាចរណ៍​រថភ្លើង​ក្រោមដី​មាន​ភាព​រអាក់រអួល​យ៉ាង​ខ្លាំង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ