អានតួអត្ថបទ
បារាំង-ឥណ្ឌា

ប្រទេសបារាំងបានប្រគល់យន្តហោះចម្បាំង Rafale ទី១ ទៅឲ្យប្រទេសឥណ្ឌា

នៅ​ថ្ងៃ​អង្គារ ទី៨ តុលា ប្រទេស​ឥណ្ឌា​បាន​ទទួល​យន្តហោះ​ចម្បាំង​បារាំង Rafale ទី១ ក្នុង​ចំណោម​យន្តហោះ​ទាំង ៣៦គ្រឿង​ដែល​រដ្ឋាភិបាល​ឥណ្ឌា​បាន​កម្ម៉ង់ទិញ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៦។ ពិធី​ប្រគល់​យន្តហោះ Rafale ទី១ ឲ្យ​ឥណ្ឌា​បាន​ធ្វើ​ឡើង​នៅ​ទីតាំង​រោងចក្រ Dassault Aviation ស្ថិត​ក្នុង​ស្រុក Mérignac ក្បែរ​ខេត្ត Bordeaux ដោយ​មាន​វត្តមាន​ចូលរួម​របស់​រដ្ឋមន្រ្តីការពារជាតិ​ឥណ្ឌា និង​សមភាគី​បារាំង​លោកស្រី Florence Parly។

យន្តហោះ​ចម្បាំង​បារាំង Rafale
យន្តហោះ​ចម្បាំង​បារាំង Rafale REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​រង់ចាំ​អស់​រយៈពេល ៣ឆ្នាំ បារាំង​បាន​ប្រគល់​យន្តហោះ​ចម្បាំង Rafale ទី១ ក្នុង​ចំណោម​យន្តហោះ​ទាំង ៣៦គ្រឿង​ដែល​ឥណ្ឌា​បាន​កម្ម៉ង់ទិញ​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៦។ ចំណែក​យន្តហោះ​ដែល​នៅ​សេសសល់​នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ទ័ពអាកាស​ឥណ្ឌា​ក្នុង​រយៈពេល ៣ឆ្នាំ​ខាង​មុខ​ដោយ​សន្យា​ប្រគល់​ចំនួន ១គ្រឿង​ក្នុង​មួយ​ខែ។ តែ​ទីក្រុង​ប៉ារីស និង​ញូដែលី​អាច​នឹង​ព្រមព្រៀង​គ្នា​ក្នុង​ការ​ប្រគល់​យន្តហោះ​ដែល​នៅ​សេសសល់​ដោយ​ធ្វើ​ការ​ដំឡើង​នៅ​ក្នុង​ទឹកដី​ឥណ្ឌា។ ពិធី​ប្រគល់​យន្តហោះ Rafale ទី១ ក្នុង​ថ្ងៃ​អង្គារ ទី៨ តុលា​បាន​រៀបចំ​ក្នុង​ទឹកដី​បារាំង​នៅ​រោងចក្រ Dassault Aviation ស្ថិត​ក្នុង​ស្រុក Mérignac ក្បែរ​ខេត្ត Bordeaux ដោយ​មាន​វត្តមាន​ចូលរួម​របស់​រដ្ឋមន្រ្តីការពារជាតិ​ឥណ្ឌា និង​សមភាគី​បារាំង​លោកស្រី Florence Parly។

តែ​យន្តហោះ Rafale ទី១ នេះ​ត្រូវ​ហោះហើរ​ក្នុង​ប្រទេស​បារាំង​ចំនួន ១ ៥០០ម៉ោង​ទៀត មុន​នឹង​បញ្ជូន​វា​ទៅ​កាន់​មូលដ្ឋាន​ទ័ព ឥណ្ឌា Ambala ស្ថិត​ក្បែរ​ព្រំដែន​ប្រទេស​ប៉ាគីស្ថាន​នា​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ។ ជាមួយ​នឹង​យន្តហោះចម្បាំង​បារាំង Rafale និង​វត្តមាន​គ្រាប់មីស៊ីល Meteo ទ័ពអាកាស​ឥណ្ឌា​មាន​ប្រៀប​ជាង​ទ័ពអាកាស​ប៉ាគីស្ថាន​ដែល​ជា​គូសត្រូវ។ តែ​ទន្ទឹម​គ្នា​នេះ ឥណ្ឌា​ក៏​គ្រោង​បញ្ជូន​យន្តហោះ Rafale មួយ​ចំនួន​ទៅ​ដាក់​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ក្បែរ​ប្រទេស​ចិន​ដែល​ជា​គូប្រជែង​មួយ​ទៀត​របស់​ខ្លួន។ គួរ​រម្លឹក​ថា យន្តហោះចម្បាំង​បារាំង Rafale ត្រូវ​បាន​ទ័ពអាកាស​បារាំង​ប្រើ​តាំង​ពី​ឆ្នាំ ២០០៤ តែ​បារាំង​ពិបាក​លក់​ចេញ​ទៅ​បរទេស​ណាស់។

គឺ​ទើប​តែ​ក្នុង​ឆ្នាំ ២០១៥ ដែល​បារាំង​រក​បាន​អតិថិជន​ដំបូង​គេ គឺ​ប្រទេស​អេហ្ស៊ីប និង​បន្ត​ដោយ​ប្រទេស​កាតា។ ទីក្រុង​គែរ និង​ដូហា​បាន​កម្ម៉ង់​ទិញ​ក្នុង​ម្នាក់​ចំនួន ២៤គ្រឿង។ បន្ទាប់​មក​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៧ ប្រទេស​កាតា​បាន​កម្ម៉ង់ទិញ​ថែម​ចំនួន ១២គ្រឿង​ទៀត។ បារាំង​សង្ឃឹម​ថា ឥណ្ឌា​អាច​នឹង​កម្ម៉ង់​ទិញ​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ