អានតួអត្ថបទ

រដ្ឋមន្ត្រីក្រសួងសន្តិសុខ​ឥណ្ឌូណេស៊ី រងការវាយប្រហារ​ជីហាត​កណ្តាល​ហ្វូង​សាធារណៈ

ពុំ​ធ្លាប់​កើត​មាន​ពី​មុន​មក​ទេ ! នៅ​ថ្ងៃ​នេះ​ឥណ្ឌណេស៊ី​រង​​ការ​វាយប្រហារមួយ ដែល​​ដៅ​លើ​បុគ្គល​ជា​ថ្នាក់​ដឹកនាំ​ប្រទេស​ដ៏​សំខាន់​បំផុត​ម្នាក់ ! រដ្ឋមន្ត្រី​​ក្រសួង​​សន្តិសុខជាតិ​ឥណ្ឌូណេស៊ី លោក វីរ៉ានតូ Wiranto បាន​រង​របួស​ជា​ទម្ងន់ ​នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុងការ​វាយប្រហារ​ជីហាត ពី​សំណាក់​ភេរវជន​អ៊ីស្លាមជ្រុលនិយម​ស្និទ្ធ​នឹងអង្គការ​រដ្ឋ​អ៊ីស្លាម​ ពេលលោក​កំពុង​ចុះ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ Pandeglang នៃ​កោះ ជ្វារ (​Java)។

រដ្ឋមន្ត្រីក្រសួង​សន្តសុខ​ឥណ្ឌូណេស៊ី​រង​ការ​ប្រហារ​ជីហាត​ពេល​បំពេញ​ទស្សនកិច្ច​នៅ​Pandeglang
រដ្ឋមន្ត្រីក្រសួង​សន្តសុខ​ឥណ្ឌូណេស៊ី​រង​ការ​ប្រហារ​ជីហាត​ពេល​បំពេញ​ទស្សនកិច្ច​នៅ​Pandeglang © Reuters
ផ្សាយពាណិជ្ជកម្ម

ជន​ដៃ​ដល់ ​ដែល​មាន​គ្នា​ពីរ​នាក់ជា​ប្តីប្រពន្ធ​នឹង​គ្នា​​ ​បុរស​អាយុ​៣១ ឆ្នាំ ឈ្មោះ Syahril Alamsyah និង​ស្ត្រី​ម្នាក់​អាយុ​ ២១​ឆ្នាំ ឈ្មោះ Fitri Andriana ជា​សមាជិក​របស់​អង្គការ​Jamaah Ansharut Daulah ដែល​ជា​បណ្តាញ​​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​​នៅ​ឥណ្ឌូណេស៊ី និង​ដែល​ចង់​បង្ក​អស្ថិរភាព​ក្នុង​ប្រទេស។ នេះ​បើ​តាមការ​អះអាង​របស់​នាយក​ទី​ភ្នាក់ងារ​ចារកិច្ច​ឥណ្ឌូណេស៊ី។ បើ​តាម​ការ​រៀប​រាប់​របស់​សាក្សី​ ​ប្រដាប់​ដោយ​កាំបិត​នៅនឹង​ដៃ ជនដៃ​ដល់​ទាំង​ពីរ​នាក់ ​បានរត់​បុក​​​ទម្លុះ​របង​អង្គរក្ស​ដែល​ឈរ​ព័ទ្ធ​ការពារលោក​រដ្ឋមន្ត្រី​ ទើប​ចុះ​ពី​លើ​រថយន្ត តម្រង់​​ទៅ​ចាក់​លោក វីរានតូ​តែម្តង មុន​នឹង​ត្រូវ​បាន​ភ្នាក់ងារ​សន្តិសុខ​បង្ក្រាប​និង​ចាប់​ខ្លួន​បាន។

ជា​សរុប​មាន​មនុស្ស​បួន​នាក់​រង​របួស។ មេប៉ូលិស​តំបន់​ និង​អ្នក​ជួយ​ពីរ​នាក់​បាន​រង​របួស​ស្រាល និងរូប​​លោក​ រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ វីរ៉ានតូ។ ក្នុង​វ័យ​៧២ ឆ្នាំ ជា​អតីត​ឧត្តម​សេនីយ៍ តាំង​ពី​សម័យ​ស៊ូហាតូ ជា​តំណាង​ឥស្សរជន​នយោបាយ​ដ៏​សំខាន់​របស់​ឥណ្ឌូណេស៊ី​ ដែល​កាន់​តួនាទី​ខ្លឹមៗ​ជា​ច្រើន លោក វីរ៉ានតូ បាន​រង​របួសពីរ​កន្លែង​​ជា​ទម្ងន់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​យោធា​ក្រុង​ហ្សាការតា​ជា​បន្ទាន់​តាម​ឧទ្ធម្ភាគចក្រ​ ដើម្បី​ធ្វើ​ការ​វះកាត់។ ប្រធានាធិបតីលោក ហ្សូកូ វីដូដូ បាន​ចេញ​ធ្វើ​អន្តរាគមន៍​អះអាង​ថា​លោក​រដ្ឋមន្ត្រី​នៅមាន​ស្មារតី​ល្អ​ និង​ស្នើ​ឱ្យ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ទាំង​អស់​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវនិយម​និង​ជ្រុលនិយមអ៊ីស្លាម។

សូម​បញ្ជាក់​ថា​បើ​តាម​ប៉ូលិស លោក វីរ៉ានតូ និង​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ឥណ្ឌូណេស៊ី​ ធ្លាប់​រង​ការ​ប៉ុនប៉ង​ធ្វើ​ឃាតកម្ម​ម្តង​ហើយ​កាលពី​ខែ​ឧសភា ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ឱ្យលោកវីដូដូ​ឈ្នះ​។ តែ​ជា​សំណាង​ល្អ​ ប៉ូលិស​បាន​កម្ចាត់​ផែនការ​នោះ​ទាន់ និង​ចាប់​បាន​ជន​សង្ស័យ​៦​នាក់។ ភ្នាកងារ​ចារកិច្ច​ក៏​ទទួល​ដំណឹង​និង​ឃើញ​មាន​សញ្ញា​ជា​ច្រើន​ពី​សំណាក់​ចលនា​អ៊ីស្លាម​ជ្រុលនិយម​Jamaah Ansharut Daulah ប៉ុនប៉ង​បង្ក​​សកម្មភាព​រំខាន​ ក្នុង​ពិធី​ចូល​កាន់​តំណែង​​ជា​ផ្លូវការ​របស់​​លោក វីដូដូ ជា​​ប្រធានាធិបតីអាណត្តិ​ទីពីរ បន្ទាប់​ពី​​ដែល​ទើប​ជាប់​ឆ្នោត​ជា​ថ្មី​ ​កាលពី​ខែ​មេសា​កន្លង​ទៅ។

ឥណ្ឌូណេស៊ី​បាន​ស្គាល់​ចលនា​អ៊ីស្លាម​ JAD ដែល​បាន​ប្រកាស​ភ្ជាប់ខ្លួន​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម​ នៅ​ខែ​មករា​ឆ្នាំ​២០១៦ តាម​រយៈ​ការ​វាយប្រហារ​ប្រដាប់​អាវុធ​ និង​អត្តឃាត​នៅក្រុង​ហ្សាការតា​ស្លាប់​មនុស្ស​បួន​នាក់ និង​នៅ​ខែ​ឧសភា ឆ្នាំ​២០១៨ ប្រឆាំង​នឹង​វិហារ​កាតូលិក ស្លាប់​មនស្ស​ជាង​២០​នាក់ ​នៅ​ Surabaya ក្រុង​សំខាន់​ទី​ពីរ​របស់​កោះ​ជ្វារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ