សង្រ្គាមពាណិជ្ជកម្ម៖លោកដូណាល់ ត្រាំប្រកាសពីការរកបានកិច្ចព្រមព្រៀងជាគោលការណ៍ជាមួយចិន
នៅអាមេរិក ប្រធានាធិបតីលោកដូណាល់ ត្រាំបានប្រកាសឲ្យដឹងនាថ្ងៃសុក្រ ទី១១ តុលាពីការរកបានកិច្ចព្រមព្រៀងក្នុងជំហានទី១ ជាមួយចិន។ លោកត្រាំបានប្រកាសយ៉ាងដូចនេះក្នុងពេលដែលលោកបានទទួលជួបឧបនាយករដ្ឋមន្រ្តីចិនក្នុងសេតវិមាន។ តាមលោកត្រាំ កិច្ចព្រមព្រៀងជាគោលការណ៍រវាងអាមេរិក និងចិនអាចនឹងចុះហត្ថលេខានៅ ៣សប្តាហ៍ខាងមុខរវាងលោក និងសមភាគីចិនលោកស៊ី ជីនពីង។ តែគេបានដឹងតិចតួចពីខ្លឹមសារលំអិតនៃកិច្ចព្រមព្រៀងជាគោលការណ៍។ គួររម្លឹកថា ចិន និងអាមេរិកបានផ្តើមសង្រ្គាមពាណិជ្ជកម្មរវាងគ្នាតាំងពីខែមីនា ឆ្នាំ ២០១៨ ដោយភាគីនីមួយៗបានប្រើវិធានការដំឡើងពន្ធលើទំនិញនាំចូលរវាងគ្នាទៅវិញ ទៅមក។
ចុះផ្សាយនៅថ្ងៃ៖
« អាមេរិក និងចិនកំពុងរំកិលរកចំណុចរួមដើម្បីឈានទៅបិទបញ្ចប់សង្រ្គាមពាណិជ្ជកម្មរវាងគ្នា » នេះជាការថ្លែងរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំក្នុងពេលទទួលជួបអ្នកចរចាចិនដែលមានតួនាទីជាឧបនាយករដ្ឋមន្រ្តី។ នៅប្រទេសចិនឯណោះ ទីក្រុងប៉េកាំងមិនបាននិយាយពីកិច្ចព្រមព្រៀងជាគោលការណ៍ទេ តែបាននិយាយពីការចរចាដែលពោរពេញដោយលក្ខណៈស្ថាបនា។ តើកិច្ចព្រមព្រៀងជាគោលការណ៍ដែលក្រុមអ្នកចរចាចិន និងអាមេរិកបានរកឃើញមានខ្លឹមសារលំអិតអ្វីខ្លះ?។ លោកត្រាំបានត្រឹមទម្លាយឲ្យដឹងថា ចិនបានយល់ព្រមទិញបន្ថែមនូវផលិតផលកសិកម្មអាមេរិកាំងដែលជាវិធានការមួយទាមទារដោយលោកត្រាំតាំងពីដំបូងទី។
ជាថ្នូរត្រឡប់វិញ លោកត្រាំបានយល់ព្រមលុបចោលវិញនូវការដំឡើងអត្រាពន្ធពី ២៥% ទៅ ៣០% លើផលិតចិននាំចូលអាមេរិកក្នុងទឹកប្រាក់ ២៥០ ០០០លានដុល្លារ។ តាមគម្រោង ការដំឡើងអត្រាពន្ធនេះត្រូវចូលជាធរមានចាប់ពីថ្ងៃអង្គារ ទី១៥ តុលាទៅ។ លោកត្រាំបានយល់ឃើញថា កិច្ចព្រមព្រៀងជាគោលការណ៍រវាងអាមេរិក និងចិនពេលនេះអាចនឹងចុះហត្ថលេខានៅ ៣សប្តាហ៍ខាងមុខរវាងលោក និងសមភាគីចិនលោកស៊ី ជីនពីងនាឱកាសវេទិកានៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកដែលគ្រោងរៀបចំក្នុងប្រទេសស៊ីលីនាខែវិច្ឆិកាខាងមុខ។
ក្រុមអ្នកវិភាគបានមើលឃើញពីការបោះមួយជំហានទៅមុខយ៉ាងសំខាន់នៅក្នុងសង្រ្គាមពាណិជ្ជកម្មយ៉ាងប្រទាញប្រទង់រវាងអាមេរិក និងចិន។ តែផ្លូវដែលត្រូវដើរនៅវែងឆ្ងាយទៀតដើម្បីអាចឈានទៅបិទបញ្ចប់សង្រ្គាមនេះទាំងស្រុង។ ការហ៊ានអះអាងយ៉ាងដូចនេះដោយក្រុមអ្នកវិភាគមើលឃើញថា នៅមានសំណុំរឿងសំខាន់ៗមួយចំនួនទៀតនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយទេ ពិសេសទាក់ទងនឹងរូបិយប័ណ្ណ កម្មសិទ្ធិបញ្ញា សេវារូបិយវត្ថុ ឬមួយការផ្ទេរបច្ចេកវិទ្យាជាដើម។ គួររម្លឹកថា ចិន និងអាមេរិកបានផ្តើមសង្រ្គាមពាណិជ្ជកម្មតាមរយៈវិធានការដំឡើងពន្ធលើទំនិញនាំចូលរវាងគ្នាទៅវិញ ទៅមកតាំងពីខែមីនា ឆ្នាំ ២០១៨៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ