លទ្ធផលនៃជំនួបរវាងលោកស៊ី ជីនពីង និងលោកណារិនដ្រា ម៉ូឌីត្រូវបានប្រកាសដោយរដ្ឋលេខាធិការក្រសួងការបរទេសឥណ្ឌាលោក Vijay Gokhale។ តាមលោក Vijay ថ្នាក់ដឹកនាំនៃមហាប្រទេសអាស៊ីទាំងពីរបានព្រួយបារម្ភពីទង្វើផ្តាច់ខ្លួនចូលក្រុមជ្រុលនិយម និងបានព្រមព្រៀងបន្តធ្វើការរួមគ្នាដោយធ្វើយ៉ាងណា កុំឲ្យភេរវនិយម និងការផ្តាច់ខ្លួនចូលក្រុមជ្រុលនិយមប៉ះពាល់ដល់សង្គមឥណ្ឌា និងចិនដែលជាសង្គមវប្បធម៌ចម្រុះ ជាតិពិន្ធុចម្រុះ និងសាសនាចម្រុះ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក Raveesh Kumar បាននិយាយត្រង់ៗពីថ្ងៃជំនួបប្រកបដោយផ្លែផ្ការបស់លោកស៊ី និងលោកម៉ូឌី។
នៅប្រទេសចិនឯណោះ សារព័ត៌មានផ្លូវការស៊ីនហួរក៏បានសរសេរពីជំនួបវិជ្ជមានរវាងប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីឥណ្ឌាដោយបញ្ជាក់ក្នុងថ្ងៃសៅរ៍ ទី១២ តុលានេះថា លោកស៊ីត្រូវបានលោកម៉ូឌីទទួលជួបដោយរាក់ទាក់ និងកក់ក្តៅជាទីបំផុត ហើយថ្នាក់ដឹកនាំទាំងពីរនាក់បានព្រមព្រៀងគ្នាថា មហាប្រទេសទាំងពីរត្រូវតែគោរពគ្នា និងរៀនសូត្រពីគ្នាទៅវិញទៅមកដើម្បីសម្រេចឲ្យបានរួមគ្នានូវការអភិវឌ្ឍន៍ និងវិបុលភាព។ សូមបញ្ជាក់ថានារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សង្រ្គាមពាក្យសម្តីរវាងចិន និងឥណ្ឌាបានកើតមានយ៉ាងផុសផុលទាក់ទងនឹងបញ្ហាតំបន់កាស្មៀរដែលឥណ្ឌាកំពុងមានជម្លោះជាមួយប្រទេសប៉ាគីស្ថានតាំងពីជាង ៧០ឆ្នាំកន្លងមក។
ចំណោតនៅត្រង់ថា ចិនដែលមានមហាគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់កាស្មៀរផ្នែកប៉ាគីស្ថានតែងចេញគាំទ្រប៉ាគីស្ថានដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនតាមផ្លូវការទូត។ នាដំណើរទស្សកិច្ចនៅប៉ាគីស្ថានមុនឥណ្ឌា លោកស៊ី ជីនពីងបាននិយាយប្រាប់នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោកអ៊ីមរ៉ាន់ ខាន់ថា ចិនគាំទ្រសិទ្ធិស្របច្បាប់នៅតំបន់កាស្មៀរ។ តែឥណ្ឌាបានវាយបកវិញភ្លាមៗថា វាមិនមែនជាកិច្ចការរបស់ប្រទេសផ្សេងដែលត្រូវធ្វើអត្ថាធិប្បាយលើរឿងផ្ទៃក្នុងរបស់ឥណ្ឌាទេ។ គួររម្លឹកថា វត្តមានលោកស៊ីក្នុងទឹកដីឥណ្ឌាពេលនេះបានធ្វើឡើង បន្ទាប់ពីលោកស៊ីបានទទួលជួបលោកម៉ូឌីក្នុងទឹកដីចិនក្រោមទម្រង់ដូចគ្នាកាលពីឆ្នាំ ២០១៨៕