អានតួអត្ថបទ
មូលនិធិរូបិយវត្ថុអន្តរជាតិ

មូលនិធិ​IFM​ទម្លាក់​ការព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​ចិន

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ នៅថ្ងៃ​អង្គារ​ម្សិលមិញ បាន​ទម្លាក់​ការព្យាករណ៍​ស្តី​កំណើនសេដ្ឋកិច្ច​ចិន។ កំណើន​សេដ្ឋកិច្ច​របស់មហាអំណាច​ចិន ​នឹង​មាន​ប្រមាណ​៦,១%​នៅ​ឆ្នាំនេះ និង​៥,៨%​នៅ​ឆ្នាំ​ក្រោយនេះ ពោល​គឺ​តិចជាង​ការព្យាករណ៍​កន្លងមក​របស់​មូលនិធិ​ថា កំណើន​សេដ្ឋកិច្ច​ចិន ឆ្នាំនេះ នឹង​មាន ៦,២%​ ហើយនិង ៦%​នៅឆ្នាំក្រោយ។ សម្រាប់​មូលនិធិ​រូបិយវត្ថុ អន្តរជាតិ កំណើនសេដ្ឋកិច្ច​ចិន​នឹង​នៅ​បន្ត​ធ្លាក់ថយចុះ នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ដោយសារ​តែ​ជម្លោះពាណិជ្ជកម្ម​ផង និងដោយសារ ភាពចំណាស់​របស់​ប្រជាជន​ចិនផង។ 

កម្មករចិន​ដើរនៅក្បែរ​ការដ្ឋានសាងសង់អគារ​នៅ​ទីក្រុង​គុនមីង ខេត្ត​យូណានប្រទេស​ចិន នៅថ្ងៃទី ១៧​កញ្ញា ២០១៩
កម្មករចិន​ដើរនៅក្បែរ​ការដ្ឋានសាងសង់អគារ​នៅ​ទីក្រុង​គុនមីង ខេត្ត​យូណានប្រទេស​ចិន នៅថ្ងៃទី ១៧​កញ្ញា ២០១៩ ©REUTERS/Wong Campion
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ការព្យាករណ៍​ប្រចាំ​ឆមាស របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF កំណើនសេដ្ឋកិច្ច​ចិន នឹង​ធ្លាក់ចុះ រហូត​ដល់ ៥,៥% ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០២៤។ នៅ​ឆ្នាំមុន កំណើន​សេដ្ឋកិច្ច​ចិន បាន​ធ្លាក់ចុះ មកនៅ​ត្រឹម ៦,៦% ជាអត្រាដ៏ទាប ដែល​មហាអំណាច​សេដ្ឋកិច្ច​ចិន មិនធ្លាប់​ជួបប្រទះ នៅ​បីទសវត្សរ៍​ចុងក្រោយនេះ។

រនាំងពន្ធគយ​ដែលកើតចេញមកពី​ជម្លោះពាណិជ្ជកម្ម​ចិន និង​អាមេរិក ជា​មូលហេតុ​ចំបង ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​នៅប្រទេស​ចិនដីគោក ធ្លាក់​ថយចុះ។ នៅក្នុង​បទបង្ហាញ​របស់​ខ្លួន កាលពី​ថ្ងៃ​អង្គារ មូលនិធិរូបិយវត្ថុ​បាន​និយាយ​ផងដែរ​ពី​សុខភាព​សេដ្ឋកិច្ច​របស់​ទីក្រុង​ហុងកុង ដែល​៤ខែ​មកនេះ បាន​រង​រង្គោះរង្គើ ដោយសារ​បាតុកម្ម​ប្រឆាំង​រដ្ឋអំណាច។ សម្រាប់​មូលនិធិ IMF ដោយសារ​តែ​បាតុកម្ម ដែល​ជួនពេលនេះ ជា​បាតុកម្ម​ហិង្សា ហុងកុង ទីក្រុង​ហិរញ្ញវត្ថុ​អន្តរជាតិ នឹង​មាន​កំណើនសេដ្ឋកិច្ច​ត្រឹម ០,៣% នៅ​ឆ្នាំនេះ គឺ​ផ្ទុយពីឆ្នាំមុន ដែលមាន​ដល់ទៅ ៣%។

សម្រាប់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ សង្រ្គាមពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំងពីរ ចិន និង​អាមេរិក បាន​បង្កើត​បរិយាកាស​មិន​ទុកចិត្តគ្នា បំផ្លាញ បំពុល ការវិនិយោគ ហើយនិង​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស ទាំងពីរ និង​ពិភពលោក​ទាំងមូល។ យ៉ាងណាក៏ដោយ មូលនិធិ IFM បាន​លើកសរសើរ​ផងដែរថា វិធានការ​គាំទ្រ​សេដ្ឋកិច្ច​របស់​ទីក្រុង​ប៉េកាំង បាន​ជួយ​ច្រើន ទប់ទល់​កុំ​ឲ្យ​សេដ្ឋកិច្ច​ចិន​រងប៉ះពាល់​ខ្លាំង ដោយសារ សង្រ្គាម​ដំឡើង​ពន្ធគយ​របស់​អាមេរិក។

នៅ​ខែ កញ្ញា​មុន ដើម្បី​សម្រួល​ការផ្តល់ឥណទាន ទៅ​ឲ្យ​ក្រុមហ៊ុន​សហគ្រាស​ធុនតូច និង​មធ្យម ដែល​ជា​អ្នកបង្កើតការងារធ្វើ ធនាគារ​កណ្តាល​ចិន​ ចាក់បញ្ចូល​សាច់ប្រាក់ ទៅ​ក្នុង​សេដ្ឋកិច្ច​ចិន តាមរយៈ កាត់បន្ថយ ការស្តុកទុក​សាច់ប្រាក់​នៅក្នុង​ធនាគារ។ សម្រាប់IMF​រាល់​វិធានការ​ជំរុញ សេដ្ឋកិច្ច​ត្រូវ​ផ្តោត​ជួយ​គ្រួសារ​ដែលមាន​ប្រាក់ចំណូលទាប ជាជាង គម្រោង​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធធំៗ​របស់ចិន ដែល​ចិន​ធ្លាប់បាន​អនុវត្ត​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​ចិន ក្នុង​អំឡុង​វិបត្តិ​ហិរញ្ញវត្ថុ​សកល កាលពី​១១​ឆ្នាំមុន។

សូមបញ្ជាក់ថា នៅ​ពេល​ដែល​ពិភពលោក​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​សកល ឆ្នាំ ២០០៨ ទីក្រុង​ប៉េកាំង​បាន​ចំណាយ​ថវិកា ដ៏មហិមា ៤៩០ពាន់​លាន​ដុល្លារ សម្រាប់​ការដា្ឋន សាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ ដែល​បាន​ជួយ​ជំរុញ​ច្រើន ​សេដ្ឋកិច្ច ចិន ប៉ុន្តែ ក៏ជាដើមហេតុ​ធ្វើ​ឲ្យ​ចិន ជាប់ប្រាក់បំណុល កាន់តែ​ច្រើន​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ