អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាប៉ាគីស្ថានបានសុំធ្វើជាអ្នកសម្របសម្រួលឲ្យមានកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ប្រទេស​អ៊ីរ៉ង់​នា​ថ្ងៃ​អាទិត្យ ទី១៣ តុលា នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​លោក​អ៊ីមរ៉ាន់ ខាន់​បន្ត​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ក្នុង​ថ្ងៃ​អង្គារ ទី១៥ តុលា​នេះ។ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ លោក​អ៊ីមរ៉ាន់ ខាន់​បាន​សុំ​ខ្លួន​ធ្វើ​ជា​អ្នក​សម្របសម្រួល​ឲ្យ​មាន​កិច្ចសន្ទនា​រវាង​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត។ គួរ​រម្លឹក​ថា វត្តមាន​របស់​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត​ពេល​នេះ​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ភាព​តានតឹង​កំពុង​ឡើង​ខ្លាំង​រវាង​ទីក្រុង​រីយ៉ាដ និង​ទីក្រុង​តេហេរ៉ង់​ជុំវិញ​រឿងរ៉ាវ​ការ​វាយប្រហារ​លើ​ស្ថានីយ៍ប្រេង​អារ៉ាប៊ីសាអូឌីត និង​ការ​វាយប្រហារ​លើ​កប៉ាល់​ដឹកប្រេង​នៅ​ក្នុង​ឈូងសមុទ្រពែក្ស។ ហេតុ​អ្វី​បាន​ជា​ប៉ាគីស្ថាន​ចេញ​មុខ​ជួយ​បន្ថយ​ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត ហើយ​ថា តើ​វា​អាច​ទៅ​រួច​ដែរ ឬ​ទេ?

នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោកអ៊ីមរ៉ាន់ ខាន់ (រូបឆ្វេង) និង​ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន រ៉ូហានី ថ្ងៃទី១៣ តុលា ២០១៩ ក្នុង​ប្រទេស​អ៊ីរ៉ង់
នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោកអ៊ីមរ៉ាន់ ខាន់ (រូបឆ្វេង) និង​ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន រ៉ូហានី ថ្ងៃទី១៣ តុលា ២០១៩ ក្នុង​ប្រទេស​អ៊ីរ៉ង់ Reuters
ផ្សាយពាណិជ្ជកម្ម

ទៅ​រួច ឬ​ទៅ​មិន​រួច វា​មិន​អាស្រ័យ​លើ​ប៉ាគីស្ថាន​ទេ តែ​វា​អាស្រ័យ​ទាំង​ស្រុង​លើ​ឆន្ទៈ​របស់​ភាគី​ជម្លោះ​នីមួយៗ អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត។ នៅ​ក្នុង​សន្និសីទកាសែត​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​លោក​អ៊ីមរ៉ាន់ ខាន់​បាន​បញ្ជាក់​ច្បាស់ៗ​ថា តួនាទី​ដែល​ប៉ាគីស្ថាន​ចង់​ធ្វើ​នៅ​ក្នុង​ជម្លោះ​រវាង​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត​ពេល​នេះ ជា​តួនាទី​សម្របសម្រួល ពោល​មិនមែន​ជា​តួនាទី​អាជ្ញាកណ្តាល​ទេ។ ហើយ​តួនាទី​សម្របសម្រួល​នេះ​ទៀត​សោត គឺ​ជា​គំនិត​ផ្តួចផ្តើម​ផ្ទាល់​របស់​ប៉ាគីស្ថាន ពោល​មិនមែន​ធ្វើ​តាម​អនុសាសន៍ ឬ​តាម​ការ​ចង្អុលបង្ហាញ​របស់​នរណា ឬ​ប្រទេស​ណា​មួយ​ឡើយ។ អ្វី​ដែល​លោក​អ៊ីមរ៉ាន់ ខាន់​ចង់​បាន គឺ​បញ្ជៀស ឬ​យ៉ាង​ហោច​ណាស់​រារាំង​កុំ​ឲ្យ​ផ្ទុះ​សង្រ្គាម​រវាង​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត​នៅ​ក្នុង​តំបន់។

គួរ​បញ្ជាក់​ថា ការ​ដែល​លោក​អ៊ីមរ៉ាន់ ខាន់​បាន​សុំ​ខ្លួន​ធ្វើ​ជា​អ្នក​សម្របសម្រួល​ឲ្យ​ជម្លោះ​អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត​ពេល​នេះ​ក៏​ដោយសារ​តែ​លោក​សំអាង​លើ​ទំនាក់ទំនង​ល្អ​ជាមួយ​ភាគី​ជម្លោះ​ទាំង​ពីរ។ ជាមួយ​អ៊ីរ៉ង់​ដែល​លោក​អ៊ីមរ៉ាន់ ខាន់​បាន​ទៅ​ទស្សនកិច្ច​ជា​លើកទី២ ក្នុង​ឆ្នាំ ២០១៩ នេះ ប៉ាគីស្ថាន​មាន​ព្រំដែនគោក​ជាមួយ​អ៊ីរ៉ង់​ប្រវែង ១ ០០០គីឡូម៉ែត្រ ហើយ​ប៉ាគីស្ថាន​ក៏​កំពុង​ធ្វើ​ជា​តំណាង​កុងស៊ុល​ឲ្យ​អ៊ីរ៉ង់​នៅ​អាមេរិក​ដែរ ខណៈ​ដែល​អាមេរិក និង​អ៊ីរ៉ង់​គ្មាន​ទំនាក់ទំនង​ការទូត​រវាង​គ្នា។ ជាមួយ​អារ៉ាប៊ីសាអូឌីត​ដែល​មាន​ប្រជាជន​ប៉ាគីស្ថាន​ចំនួន ២ ៥០០ ០០០នាក់​កំពុង​រស់នៅ​វិញ ទីក្រុង​អ៊ីស្លាម៉ាបាត និង​ទីក្រុង​រីយ៉ាដ​មាន​ទំនាក់ទំនង​យោធា និង​ការទូត​ជាមួយ​គ្នា​យ៉ាង​ស្អិតរមួត។

វត្តមាន​ប្រមុខ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ក្នុង​ទឹកដី​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត​ពេល​នេះ​កើត​មាន​ឡើង ខណៈ​ដែល​ប្រទេស​មហាអំណាច​ទាំង​ពីរ​នៅ​តំបន់​កំពុង​បន្ត​សង្រឺត​ធ្មេញ​ដាក់​គ្នា​ជុំវិញ​រឿងរ៉ាវ​ការ​វាយប្រហារ​លើ​ស្ថានីយ៍ប្រេង​អារ៉ាប៊ីសាអូឌីត ការ​វាយប្រហារ​លើ​កប៉ាល់​ដឹកប្រេង​ប៉ុន្មាន​ដង​នៅ​ក្នុង​ឈូងសមុទ្រពែក្ស និង​ការ​បាញ់​ទម្លាក់​ដ្រូន​អាមេរិកាំង​ពី​សំណាក់​អ៊ីរ៉ង់។ ព្រឹត្តិការណ៍​ឡើង​កម្តៅ​ថ្មី​ចុង​ក្រោយ​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់ គឺ​ការ​វាយប្រហារ​កប៉ាល់ដឹកប្រេង​អ៊ីរ៉ង់​នៅ​សមុទ្រក្រហម​កាល​ពី​ថ្ងៃ​សុក្រ ទី១១ តុលា​ដែល​អ៊ីរ៉ង់​ចាត់ទុក​ជា​ការ​វាយប្រហារ​ដោយ​ប្រើ​គ្រាប់មីស៊ីល។

សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​សួរ​ពេល​នេះ​គឺ​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អ៊ីរ៉ង់​និកាយ​ឈីអ៊ីត និង​អារ៉ាប៊ីសាអូឌីត​និកាយ​ស៊ុយនីត​មិនមែន​ទើប​កើត​មាន​ថ្ងៃ​នេះ ឬ​ម្សិលមិញ​ឯណា ចុះ​ហេតុអ្វី​បាន​ជា​ប៉ាគីស្ថាន​ទើប​បាន​ស្ទុះស្ទារ​ចង់​សុំ​ធ្វើ​ជា​អ្នក​សម្របសម្រួល​ពេល​នេះ​ខ្លាំង​ម្ល៉េះ?។ មែនទែន​ទៅ គំនិត​ចង់​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​របស់​លោក​អ៊ីមរ៉ាន់ ខាន់​មិនមែន​ចេញ​ពី​ឆន្ទៈ​របស់​លោក​អ៊ីមរ៉ាន់ ខាន់​ផ្ទាល់​ខ្លួន​ទេ។ តែ​ជា​គំនិត និង​ជា​សំណើ​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ដែល​បាន​ជួប​សន្ទនា​ជាមួយ​លោក​អ៊ីមរ៉ាន់ ខាន់​នា​ឱកាស​មហាសន្និបាតអង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក​កាល​ពី​ខែ​កញ្ញា។ ទន្ទឹម​គ្នា​នេះ គំនិត និង​សំណើ​របស់​លោក​ត្រាំ​ក៏​ជា​ការ​ចង់​បាន​របស់​អារ៉ាប៊ីសាអូឌីត​ដែរ។

ចំណែក​អ៊ីរ៉ង់​តាម​រយៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​បញ្ជាក់​ជា​ថ្មី​នៅ​មុន​ការ​ទៅ​ដល់​របស់​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ថា អ៊ីរ៉ង់​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចរចា​ជាមួយ​ក្រុម​ប្រទេស​ជិតខាង​ទាំង​អស់ រួម​ទាំង​អារ៉ាប៊ីសាអូឌីត​ផង ទោះ​គ្មាន ឬ​មាន​អ្នក​សម្របសម្រួល ឬ​អាជ្ញាកណ្តាល​ក្តី។ គោលដៅ គឺ​ដើម្បី​បំបាត់​ការ​យល់ច្រឡំ និង​ការ​មិន​ទុក​ចិត្ត​គ្នា។ គឺ​កត្កា​អំណោយផល​របស់​ភាគី​ជម្លោះ​ទាំង​សងខាង​នេះ​ហើយ​ដែល​លោក​អ៊ីមរ៉ាន់ ខាន់​ចង់​សាកល្បង​ជួយ​ដោះស្រាយ។ តែ​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​រូប​នេះ​ដដែល​បាន​សារភាព​ត្រង់ៗ​ថា រឿង​និយាយ​បញ្ចុះបញ្ចូល​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត​ឲ្យ​ល្អូកល្អឺន​ដាក់​គ្នា​ជា​រឿង​ពិបាក និង​ស្មុគស្មាញ។ ពិបាក និង​ស្មុគស្មាញ​ព្រោះ​ប្រទេស​ទាំង​ពីរ​កំពុងបន្ត​ប្រជែង​គ្នា​ធ្វើ​ជា​បងធំ​នៅ​ក្នុង​តំបន់។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​អ៊ីមរ៉ាន់ ខាន់​សង្ឃឹម​ថា បើ​អាច​អូសទាញ​ភាគី​ជម្លោះ​ទាំង​ពីរ​ឲ្យ​អង្គុយ​ជជែក​ទល់​មុខ​គ្នា​ដើម្បី​ជម្រះ​ការ​យល់ច្រឡំ និង​ការ​មិន​ទុក​ចិត្ត​គ្នា​បាន ក៏​វា​គ្រាន់​បើ​ទុក​ឲ្យ​ភាគី​ទាំង​ពីរ​បន្ត​ផ្លោងសម្តី និង​មាន​មន្ទិលសង្ស័យ​ដាក់​គ្នា​ទៅ​វិញ ទៅ​មក​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ