ឥណ្ឌូណេស៊ី ៖ លោកប្រធានាធិបតី ផ្តើមអាណត្តិទីពីរ ក្នុងបរិបទនៃភាពមិនទុកចិត្ត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៧
ជានិម្មិត្តរូបនៃការចេះអត់អោនគោរពគ្នាក្នុងសហគមន៍អន្តរជាតិសាសន៍និងសាសនា នៃប្រជុំកោះឥណ្ឌូណេស៊ីពហុវប្បធម៌ លោក វីដូដូ (Joko Widodo) ដែលគេផ្តល់រហ័សនាមថា “មេដឹកនាំស្និទ្ធនឹងរាស្ត្រ » បានចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ី ជាផ្លូវការនៅថ្ងៃទី ២០តុលា ២០១៩នេះ។ ប៉ុន្តែពិធីឡើងកាន់តំណែង បានប្រព្រឹត្តទៅក្នុងបរិយាកាសប្រុងប្រយ័ត្ន និងការពារសុវត្ថិភាពយ៉ាងខ្លាំងកា្លបំផុត។ ខុសកាលពីអាណត្តិទីមួយឆ្នាំ២០១៤ បរិបទនយោបាយ ហាក់មានភាពស្មុគស្មាញខ្លាំងជាង។
ពិធីចូលកាន់តំណែងជាផ្លូវការរបស់ប្រធានាធិបតីនិងអនុប្រធានាធិតី បានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ប្រមុខរដ្ឋ-រដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងតំបន់។ ហើយមុននឹងកម្មវិធីស្បថទទួលតំណែងជាប្រមុខដឹកនាំប្រទេស លោក វីដូដូ បានថែមទាំងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី និងនាយករដ្ឋមន្ត្រីអូស្ត្រាលីទៀត។
ប៉ុន្តែការប្រារព្ធពិធីឡើងកាន់តំណែង បានប្រព្រឹត្តទៅក្នុងបរិយាកាសប្រុងប្រយ័ត្ន និងការពារសុវត្ថិភាពយ៉ាងខ្លាំងកា្លបំផុត។ កម្មវិធីរៀបចំឡើងដោយមានកំរិតបំផុត មិនដូចកាលពីអាណត្តិទីមួយទេ។ ដើម្បីរក្សាសុវត្ថិភាពនិងធានាភាពរលូននៃកម្មវិធី ឥណ្ឌូណេស៊ីបានដាក់ពង្រាយកងកម្លាំងប៉ូលិស និងយោធា ចំនួនដល់ជាងបីម៉ឺននាក់ ក្នុងទូទាំងរដ្ឋធានីហ្សាការតា និងបានដាក់បម្រាមមិនឱ្យមានការធ្វើបាតុកម្មអ្វីទាំងអស់។ ទាំងនេះគឺបណ្តាលមកពីឥណ្ឌូណេស៊ីរងការគំរាមកំហែងសន្តិសុខ។ កាលពីសប្តាហ៍មុន មានករណីប៉ុនប៉ងធ្វើឃាតរដ្ឋមន្ត្រីក្រសួងសន្តិសុខ កណ្តាលហ្វូងសាធារណៈ ពីសំណាក់ជនជីហាតស្និទ្ធនឹងអង្គការរដ្ឋអ៊ីស្លាម ហើយម្យ៉ាងទៀត បរិបទនយោបាយឥណ្ឌូណេស៊ី កំពុងស្មុគស្មាញខ្លាំង។
លោក វីដូដូ ដែលឥណ្ឌូណេស៊ី ប្រសិទ្ធនាមឈ្មោះក្រៅថា លោក ចូកូវី បានជាប់ឆ្នោតជាលើកទីមួយ នៅឆ្នាំ២០១៤។ លោកបានក្លាយជាប្រធានាធិបតីឥណ្ឌូណេស៊ីដំបូងគេបង្អស់ដែលគ្មានប្រវត្តិពាក់ព័ន្ធជាក្រុមអ្នកនយោបាយនិងយោធាជាន់ខ្ពស់។ ជាអតីតអ្នកជំនួញ ប្រកាន់យកចរន្តនយោបាយសេរីនិយមបែបថ្មី ស្និទ្ធនឹងពលរដ្ឋ លោកវីដូដូ ត្រូវបានពលរដ្ឋឥណ្ឌូណេស៊ីប្រៀប្រដូចលោកថាជា បារ៉ាក់អូបាម៉ា របស់ឥណ្ឌូណេស៊ី។
ដោយសារស្នាដៃជំរុញវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ លោកវីដូដូ បានទទួលជោគជ័យក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ១៧មេសា ២០១៩ ក្នុងសំឡេងគាំទ្រដល់ទៅ៥៥,៥% ទល់៥៣%ប៉ុណ្ណោះកាលពីឆ្នាំ២០១៤។ លទ្ធផលនេះ ក៏ទំនងដោយសារលោកវីដូដូ ជ្រើសយុទ្ធសាស្ត្រត្រូវ យកអ្នកអ៊ីស្លាមនិយម ដ៏អភិរក្សឱ្យមកធ្វើជាអនុប្រធានាធិបតី ដើម្បីទាក់ទាញសំឡេងពលរដ្ឋជាអ៊ីស្លាមអភិរក្ស។
គំនរនៃបញ្ហា
ប៉ុន្តែអ្នកមាននិន្នាការកណ្តាលនិយម និងជឿនលឿននិយម មានការព្រួយបារម្ភ ហើយការរិះគន់មានកាន់តែច្រើនឡើងៗ នៅពេលហៀបផ្តើមអាណត្តិទីពីរ។ បើតាមក្រុមអ្នកវិភាគ នៅពេលនេះ លោកប្រធានាធិបតី វីដូដូ កំពុងធ្លាក់ទន់ខ្សោយ ជាងពេលណាទាំងអស់ !
នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ឥណ្ឌូណេស៊ីជួបការលំបាកមួយហើយមួយទៀត ៖ មានបាតុកម្ម ជាច្រើន កាលពីចុងខែកញ្ញា ប្រឆាំងនឹងគម្រោងកំណែទម្រង់ច្បាប់ព្រហ្មទណ្ឌដែលចង់ដាក់ទោសអ្នកមានទំនាក់ទំនងផ្លូវភេទមុនអាពាហ៍ពិពាហ៍។ ជាបាតុកម្មនិស្សិតដ៏ធំដែលពុំឃើញមានគិតចាប់តាំងពី មានការប៉ះបោរផ្តួលរបបផ្តាច់ការស៊ូហាតូមក រហូតលោកប្រធានាធិបតីព្យួរការអនុម័តច្បាប់នោះវិញ ក្រោយពីមានការបាត់បង់ជីវិតនិស្សិតបីនាក់។ នយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចនៅប៉ាពូអាស៊ីមានកំរិត ពលរដ្ឋជនជាតិភាគតិចនេះសម្តែងកំហឹងនិងការមិនពេញចិត្ត ក៏ផ្ទុះជាកុប្បកម្មឡើង។ ការបង្ក្រាបបានធ្វើឱ្យស្លាប់មនុស្សជាង២០នាក់ ... ការវាយប្រហារភេរវកម្មប្រឆាំងនឹងរដ្ឋមន្ត្រីក្រសួងសន្តិសុខ សឱ្យឃើញពីកង្វះខាតផ្នែកវិធានការសន្តិសុខរបស់រដ្ឋាភិបាល។
សកម្មភាពនេះ បានជំរុញឱ្យមានភាពមិនទុកចិត្តផុសឡើងកាន់តែច្រើន និងមានសំណួរ ចោទឡើង ថាតើលោកវីដូដូ នឹងបន្ស៊ីអាទិភាពដឹកនាំប្រទេសទៅនឹងស្ថានការណ៍សេដ្ឋកិច្ច និងការពារជាតិយ៉ាងណា ? តើលោកនឹងបន្សល់ទុកមរតកអ្វីឱ្យប្រជាពលរដ្ឋឥណ្ឌូណេស៊ីទាំង២៦០លាននាក់ ដែលនឹងអាចក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទីបួននៅឆ្នាំកន្លះសតវត្សរ៍ទៀត ?! បើនៅក្នុងអាណត្តិទីមួយ សកម្មភាពរដ្ឋាភិបាលហាក់ដូចមិនបានឆ្លើយតបទៅនឹងការរង់ចាំដ៏ធំធេងរបស់ប្រទេសផង។ ហើយមួយរយៈចុងក្រោយនេះ លោក ហាក់បានបង្ហាញឱ្យឃើញពីភាពរារែក ស្ទាក់ស្ទើរ ...
ដូច្នេះ ភាពប្រឈមដ៏សំខាន់របស់លោក វីដូដូ សម្រាប់អាណត្តិថ្មី គឺត្រូវប្រឹងធ្វើយ៉ាងណារក្សារូបភាពដ៏ល្អ “ជាមេដឹកនាំស្និទ្ធនឹងពលរដ្ឋ » ព្រោះលោកប្រសូតចេញពីគ្រួសារក្រីក្រផង និងមានសមត្ថភាពសម្រេចកិច្ចការដ៏លំបាកបំផុត គឺដឹកនាំ ប្រទេសជាប្រជុំកោះដល់ទៅ ១៧០០០កោះ មាន៣០០ភាសា និងក្រុមជាតិពិន្ធុផង។ ថ្វីបើមានលេចសញ្ញានៃភាពរារែកខ្លះ ឬកំសួលនៃភាពផ្តាច់ការបន្តិចក្តី ក៏លោកវីដូដូ ជាតំណាងនៃភាពរឹងមាំប្រជាធិបតេយ្យរបស់ឥណ្ឌូណេស៊ី។ លោកមានពេល៥ឆ្នាំ ដែលត្រូវបញ្ជាក់បង្ហាញថាលោកមិនមែនជាអាយ៉ងគេទេ តែជាអ្នកបញ្ជាដឹកនាំប្រទេស។
អាណត្តិទីពីរនេះ ជាអាណត្តិចុងក្រោយបំផុតសម្រាប់លោកវីដូដូ។ រដ្ឋធម្មនុញ្ញឥណ្ឌូណេស៊ីមិនអនុញ្ញាតឱ្យលោកវីដូដូ ឈរឈ្មោះជាលើកទីបីទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ