អានតួអត្ថបទ

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ទៅ​អាហ្វហ្កានីស្ថាន​ដោយ​ស្ងាត់ៗ អឺរ៉ុប​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់បាញ់

លោក Mark Esper រដ្ឋមន្ត្រីក្រសួងការពារជាតិ​អាមេរិក បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អាហ្វហ្កានីស្ថាន នៅ​ថ្ងៃ​អាទិត្យ​នេះ​។ ជា​ទស្សនកិច្ច​ដោយ​ឥត​ព្រាង​ទុក​ដែល​ ​ប្រព្រឹត្ត​ទៅ​តែ​មួយ​ខែ​កន្លះ​ក្រោយ​ពី​លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ផ្តាច់​ការ​ចរចាសន្តិភាព​​ជាមួយ​ពួកការលីបង់​​។ ក្នុង​ពេល​ទន្ទឹម​គ្នា​នេះ តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុបស្តី​អំពីអាហ្វហ្កានីស្ថានបាន​អំពាវនាវ​ឱ្យ​មាន​ការ​ឈប់​បាញ់​នៅ​អាហ្វហ្កានីស្ថាន ដោយ​ពន្យល់​ថា​ការ​ផ្អាកការចរចា​ជា​ឱកាស​នៃ​បញ្ឈប់​ជម្លោះ។

រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក​លោក Mark Esper នៅកាប៊ូល​ថ្ងៃទី ២០​តុលា ២០១៩
រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក​លោក Mark Esper នៅកាប៊ូល​ថ្ងៃទី ២០​តុលា ២០១៩ REUTERS/Idrees Ali
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​លើក​ដំបូង​នៅអាហ្វហ្កានីស្ថាន ក្នុង​នាម​ជា​​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​អាមេរិក​របស់​លោក អេស្ពែរ ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​ដ៏​ស្រពិចស្រពិល​បំផុត​នៃ​ជោគវាសនា​របស់កងទ័ព​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន ក្រោយ​ពី​លោក​ដូណាល់​ ត្រាំ បាន​សម្រេច​​បញ្ឈប់​ងក់​ការចរចា​សន្តិភាព​អាមេរិក-តាលីបង់​។

បើ​តាម​លោក​រដ្ឋមន្ត្រី​ កម្មវត្ថុ​នៃទស្សនកិច្ច​ដោយ​ស្ងាត់ៗ​នេះ​មាន​តែ​មួយ​និង​ដដែល គឺ​ស្វែង​រក​កិច្ចព្រមព្រៀង​សន្តិភាព និង​កិច្ចព្រមព្រៀង​នយោបាយ​ឱ្យ​អាហ្វហ្កានីស្ថាន។ ប៉ុន្តែ​ រាល់​កិច្ចពិភាក្សា​និង​ចរចា​តាម​ផ្លូវ​ទូត ជា​បន្ទុក​របស់​ក្រសួងការបរទេស។ នេះ​បើ​តាម​ការ​គូសបញ្ជាក់បន្ថែម​​របស់​លោក​អេស្ពែរដែល​នឹង​ត្រូវ​​ជួប​ពិភាក្សា​ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់ ដើម្បី​បាន​របាយការណ៍ពីយោធា​នៅ​អាហ្វហ្កានីស្ថាន។

ការ​នាំ​​កងទ័ព​អាមេរិក​ត្រលប់​ទៅ​ប្រទេស​វិញ ជា​អាទិភាព​ដ៏​ចំបង​មួយនៃ​នយោបាយការបរទេស​អាមេរិក​​ ដែល​លង់​ក្នុង​សង្គ្រាម​នៅ​អាហ្វហ្កានីស្ថាន​អស់​រយៈ​ពេល​១៨​ឆ្នាំ​មក​ហើយ។ ​ការចរចា​ស្តី​ពី​ការ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន ជា​ថ្នូរ​នឹង​ការ​ធានា​ផ្តល់​សុវត្ថិភាព​ប្រទេស កាត់​បន្ថយ​អំពើហិង្សា វិះ​តែ​នឹង​បាន​សម្រេច​ទៅ​ហើយ ស្រាប់​តែ​លោក​ ដូណាល់ត្រាំ បាន​ប្រកាស​បិទ​បញ្ឈប់​ទៅ​វិញ​ ក្រោយ​ពី​មាន​ភេរវកម្មរបស់​ពួកតាលីបង់​ នៅ​ក្រុង​កាប៊ូល​ ស្លាប់​ទាហាន​អាមេរិក​ម្នាក់ និង​ជន​ស៊ីវិល​១១​នាក់ កាលពី​ថ្ងៃទី​៧​កញ្ញា។ ការ​ចរចាក្រៅ​ផ្លូវការ​ ទើប​ចាប់​​ផ្តើម​ឡើង​វិញ ​តាំង​ពី​ថ្ងៃទី ៤ តុលា​មក នៅ​ក្រុង​អ៊ីស្លាម៉ាបាដ រវាង​តំណាង​តាលីបង់​និង​អន្តរការី​ពិសេស​របស់​អាមេរិក។

មិន​ជា​ដោយ​ចៃដន្យ​ឬយ៉ាង​ណា ក្នុង​ថ្ងៃ​តែមួយ​នេះ តំណាង​​ពិសេស​អឺរ៉ុបនៅអាហ្វហ្កានីស្ថាន បាន​​​​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់ ព្រោះ​ ឱកាស​ហុចឱ្យ​ហើយ!​ ប៉ុន្តែ​តើ​ធ្វើ​ម្តេចមាន​បទ​ឈប់​បាញ់​ទៅ​កើត បើ​តាលីបង់​ដាច់​ខាត​មិន​ទម្លាក់​អាវុធ​នោះ ?! បើ​តាម​មន្ត្រី​ទូត​នេះ ​តាលីបង់​អាច​ត្រលប់​មក​កាន់​អំណាច​វិញ ក្នុង​ទម្រង់​ណា​មួយ ក្នុង​ពេល​ខាង​មុខដ៏​ខ្លី និង​អាចទទួល​យក​​​​​​បទ​ឈប់​បាញ់ ដើម្បី​​​​​​​សាងទំនាក់ទំនង​ជាធម្មតាជាមួយបស្ចឹម​លោក​​​​ឡើ​ង​វិញ។ អាហ្វហ្កានីស្ថាន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង​ ក្រោយ​ការ​​បោះឆ្នោត​ប្រធានាធិបតី​​ថ្ងៃ​ទី ២៨​កញ្ញា។ លទ្ធផល​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​ ត្រូវ​លើក​ពេល​ទៅ​ធ្វើ​ថ្ងៃ​ក្រោយ។ ការ​លើក​ពេល​មួយ​ថ្ងៃ​ពីរ ជា​រឿង​ធម្មតា តែ​បើ​យូរ​ទើប​ជា​បញ្ហា។ នេះ​បើតាម​តំណាង​អឺរ៉ុប​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ