អធិរាជជប៉ុនឡើងគ្រងរាជ្យតាមបែបប្រពៃណីបុរាណ
ព្រះចៅអធិរាជជប៉ុនណារ៉ុហ៊ីតូ នៅថ្ងៃអង្គារទី ២២ តុលានេះ បានឡើងគ្រងរាជ្យ ទៅតាមពិធីប្រពៃណី នៅចំពោះរាជបល្ល័ង្ក ក្នុងព្រះបរមរាជវាំង ស្ថិតក្នុងទីក្រុងតូក្យូ។ នៅក្នុងពិធីឡើងរាជ្យថ្ងៃនេះ គេក៏ឃើញមានផងដែរ ភ្ញៀវកិត្តិយសចូលរួម មកពីច្រើនប្រទេស ចំនួនប្រមាណ ២ ០០០ នាក់។ ជាមួយគ្នានេះ នៅខាងក្រៅព្រះបរមរាជវាំង ទោះបីជាមានភ្លៀងធ្លាក់យ៉ាងណាក្តី ក៏ប្រជាពលរដ្ឋជប៉ុនមួយចំនួន នៅតែទៅឈរប្រមូលផ្តុំគ្នា ដើម្បីមើលពិធីតាមទូរសព្ទដៃ និងដើម្បីជូនពរដល់ព្រះចៅអធិរាជថ្មីរបស់ពួកគេផង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅចំថ្ងៃ ដែលអធិរាជថ្មីណារ៉ុហ៊ីតូ ឡើងគ្រងរាជតាមពិធីប្រពៃបុរមបុរាណ និងអះអាងអំពីប្រវត្តិកកើតរបស់ជប៉ុនជាង ២ ០០០ ឆ្នាំ ភ្លៀងបានធ្លាក់យ៉ាងខ្លាំង ក៏ប៉ុន្តែដំណើរការប្រព្រឹត្តទៅនៃកម្មវិធីទាំងមូល នៅតែធ្វើឡើងយ៉ាងរលូតធម្មតា។
តាមពិតទៅ ព្រះចៅអធិរាជណារ៉ុហ៊ីតូ បានឡើងគ្រងរាជ្យស្នងតំណែងជាអធិរាជជប៉ុន ពីព្រះបិតាអាគីហ៊ីតូ តាំងតែពី ថ្ងៃទី ១ ឧសភា ឆ្នាំ ២០១៩ ឯណោះ។ ក៏ប៉ុន្តែ ពិធីឡើងគ្រងរាជសម្បត្តិតាមបែបសាសនាដ៏ធំឱឡារិក ត្រូវគ្រោងប្រារព្ធធ្វើជាសាធារណៈនៅថ្ងៃទី ២២ តុលា នេះ ដោយមានការចូលរួមអបអរសាទរពីសំណាក់មេដឹកនាំ និងព្រះមហាក្សត្រមកពីច្រើនប្រទេសនៅទូទាំងពិភពលោក។
ឈរក្បែរ ព្រះមហេសី និងស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីរ៉ូបពណ៌ស ជាពណ៌គ្រងដោយអធិរាជ តែអង្គឯងម្នាក់គត់ និងគ្របដណ្តប់ដោយអាវក្រៅធ្វើពីស្ពាន់ពណ៌សដូចគ្នា ព្រះចៅណារ៉ុហ៊ីតូ បានប្រកាសគ្រងមុខតំណែងជាអធិរាជជប៉ុន នៅមុខព្រះរាជបល្ល័ង្ក។
ព្រះអង្គបានមានព្រះបន្ទូលបញ្ជាក់ពីការឡើងគ្រងរាជ្យរបស់ព្រះអង្គ ទៅកាន់ប្រជាជាតិជប៉ុន និងពិភពលោកទាំងមូល។ ទន្ទឹមគ្នានេះ ព្រះអង្គ ក៏បានបួងសួងសុំសេចក្តីសុខ សម្រាប់ប្រជាពលរដ្ឋជប៉ុន ព្រមទាំងបួងសួងឲ្យពិភពលោកមានសុខសន្តិភាពផងដែរ។
ចូលរួមនៅក្នុងពិធី នៅថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រីជប៉ុនស្ហីនហ្សូ អាបេ បានលើកឡើងនៅចំពោះព្រះភក្ត្រព្រះចៅអធិរាជជប៉ុន ថា រដ្ឋាភិបាល ក៏ដូចជា ប្រជាពលរដ្ឋជប៉ុន នឹងគោរពព្រះអង្គ ដូចជានិមិត្តរូប នៃប្រទេសជាតិ និងសាមគ្គីភាពរបស់ជនជាតិជប៉ុនទាំងមូល។
គួរជម្រាបជូនថា ពិធីឡើងគ្រងរាជ្យរបស់ព្រះចៅណារ៉ុហ៊ីតូនាថ្ងៃអង្គារនេះ ប្រព្រឹត្តក្រោមរូបភាពស្ងប់ស្ងាត់ធម្មតា។ ពិធីហែក្បួន លក្ខណៈធំដុំមិនត្រូវបានធ្វើឡើង ដូចការព្រៀងទុកនោះទេ។
ការហែក្បួនជាឱឡារិក ដើម្បីណែនាំ និងបង្ហាញព្រះចៅអធិរាជថ្មី ទៅកាន់ប្រជាពលរដ្ឋជប៉ុន និងមេដឹកនាំពិភពលោក ត្រូវលើកពេលរហូតដល់ថ្ងៃទី ១០ វិច្ឆិកា ខាងមុខវិញ ដោយសារជប៉ុន ទើបតែទទួលរងគ្រោះដោយសារខ្យល់ព្យុះ ហាជីប៊ីស។ ខ្យល់ព្យុះ ហាជីប៊ីស បានកើតឡើងកាលជាងមួយសប្តាហ៍មុន និងបានសម្លាប់ជីវិតប្រជាពលរដ្ឋជប៉ុនរាប់សិននាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ