អានតួអត្ថបទ

ពលរដ្ឋ​កាស្មៀរ​ប៉ាគីស្ថាន​ធ្វើ​កូដកម្ម​ដើម្បី​បុព្វហេតុ​តំបន់​កាស្មៀរ​ឥណ្ឌា

តាំង​ពី​ថ្ងៃទី ៥សីហា​ ថ្ងៃ​ដែល​រដ្ឋាភិបាល​ឥណ្ឌា​បាន​ដក​ស្វ័យភាព​ពិសេស​តំបន់​ និងដាក់​​បម្រាម​គោចរ​​ពេញ​មួយ​តំបន់ Jammu-​Cachemir ឬ​​ តំបន់កាស្មៀរ​ឥណ្ឌា​មក​ ប៉ាគីស្ថាន​បានប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​បរិហារ​សេចក្តីសម្រេច​របស់​អាជ្ញាធរ​​ឥណ្ឌា​ ជា​រៀងរាល់​ថ្ងៃ​សុក្រ អស់​រយៈ​ពេល​៨៧​ថ្ងៃ​មក​ហើយ។ តែ​នៅ​ថ្ងៃអាទិត្យនេះ ការ​ប្រមូល​ផ្តុំ​មាន​លក្ខណៈ​ពិសេស​ជា​សព្វ​មួយ​ដង ព្រោះ​ត្រូវ​ជា​ថ្ងៃ​ខួប​៧២​ឆ្នាំ​នៃ​ការ​បែង​ចែក​ទឹក​ដី​កាស្មៀរ​ជាពីរ​​ម្ខាង​ជាឥណ្ឌា​ ម្ខាង​ទៀត​ជា​ប៉ាគីស្ថាន។

អ្នកស្រី Mushaal Hussein Mullick ភរិយា​ប្រធាន​បក្ស​រណសិរ្ស​រំដោះ​កាស្មៀរJammu-Cachemire ដឹកនាំ​ធ្វើ​កូដកម្ម​នៅ​ប៉ាគីស្ថាន
អ្នកស្រី Mushaal Hussein Mullick ភរិយា​ប្រធាន​បក្ស​រណសិរ្ស​រំដោះ​កាស្មៀរJammu-Cachemire ដឹកនាំ​ធ្វើ​កូដកម្ម​នៅ​ប៉ាគីស្ថាន RFI/Sonia Ghezali
ផ្សាយពាណិជ្ជកម្ម

ដើម្បី​បុព្វហេតុ​កាស្មៀរ​ឥណ្ឌា សកម្មជន​ប៉ាគីស្ថាន​ បាន​ប្រមូល​ផ្តុំ​គ្នា​ជា​ថ្មី នៅទី​ក្រុង​អ៊ីស្លាម៉ាបាត នៅ​ថ្ងៃអាទិត្យ​នេះ ដោយ​ប្រសិទ្ធនាម​ថា ទិវាកាន់​ទុក្ខ​​ពិសេស​ ដើម្បី​បរិហារ​សេចក្តី​សម្រេច​ចិត្ត​​ដក​ស្វ័យភាពពិសេស​​តំបន់​កាស្មៀរ​ខាង​ភាគី​ឥណ្ឌា​ កាលពី​ថ្ងៃទី ៥​សីហា​២០១៩ ថា​ទង្វើ​ខុស​ច្បាប់។

មាន​ចងក្រណាត់​ខ្មៅ​នៅលើ​ថ្ងាស ជា​សារកាន់​ទុក្ខ អង្គុយ​លើ​កម្រាល​កន្ទេល​​ ​ភរិយា​មេដឹកនាំ​ចលនា​ផ្តាច់​ទឹក​ដីកាស្មៀរ ​ដែល​កំពុង​ជាប់​ឃុំ​ឃាំង​នៅ​ឥណ្ឌា បាន​​ធ្វើ​កូដកម្ម​បង្អត់​អាហារ ជាមួយ​សកម្មជន​គាំទ្រ​តំបន់​កាស្មៀរជា​ច្រើន​ផ្សេង​ទៀត ដោយ​អះអាងថា អ្នកស្រី​មិនអាច​ទាក់ទង​ស្វាមីបាន មិន​អាច​ទាក់ទង​ជាមួយក្រុមគ្រួសារបាន រស់​ដូច​ស្ត្រី​មេមាយ​ដោយ​គ្មាន​មូលហេតុ ... អ្នកស្រីនឹង​​ធ្វើ​កូដកម្ម​រហូត​ដល់សហគមន៍​អន្តរជាតិ​កំរើក​ធ្វើ​អ្វីមួយ និង​បង្ហាញ​ទំនួល​ខុស​ត្រូវ។

“បញ្ឈប់​ការ​ធ្វើ​ឃាត​នៅ​កាស្មៀរ!” “យើង​ចង់​បាន​ដំណោះស្រាយ ! “ ... នេះ​សុទ្ធ​សឹង​ជា​សារ​ដែល​មាន​សរសេរ​លើ​បដា​​របស់​បាតុករ។ យើង​អាច​រស់​ដោយ​សន្តិភាព​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ល្អ​នឹង​គ្នា​ជាមួយ​ឥណ្ឌា ! យើង​ចង់​បាន​សិទ្ធិ​ស្វ័យ​សម្រេច​ ដូច​អ្វី ដែល​អង្គការ​សហប្រជាជាតិ​បាន​សន្យា​។ នេះ​ជា​ការ​ពន្យល់​របស់​សកម្មជន​សិទ្ធិមនុស្ស​ម្នាក់​ដែល​បាន​មក​ចូល​រួម​ធ្វើ​កូដ​កម្ម​ជា​មួយ​បណ្តា​ពលរដ្ឋ​កាស្មៀរ​ប៉ាគីស្ថាន​ជា​ច្រើន​ផ្សេង​ទៀត។

​ជម្រើស​ធ្វើ​កូដកម្ម​គាំទ្រ​​នៅ​ថ្ងៃ​នេះ ព្រោះកាលពី​​៧២​ឆ្នាំ​ នៅ​ថ្ងៃទី ២៧​តុលា ឆ្នាំ​១៩៤៧​ កង​កម្លាំង​យោធា​ឥណ្ឌា​បាន​ចូល​កាន់កាប់​ទឹក​ដីកាស្មៀរ​ ក្រោយ​​ប៉ាគីស្ថាន​និង​ឥណ្ឌាដែលទាមទារ​គ្រប់​គ្រងតំបន់​កាស្មៀរ​ទាំង​មូលដូច​គ្នា​ បាន​ប្រេះ​បែក​ជា​ប្រទេស​ពីរ​ និង​ពុះ​ចែក​តំបន់ជា​កាស្មៀរឥណ្ឌា និង​​​កាស្មៀរ​ប៉ាគីស្ថាន​ រហូត​មក​ទល់​សព្វ​ថ្ងៃ។ ជាថ្មី​ម្តង​ទៀត ក្នុង​សុន្ទរកថា​ផ្សព្វផ្សាយ​តាម​វិទ្យុ នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន បា​ន​ជំរុញ​ឱ្យ​អាជ្ញាធរ​ឥណ្ឌាស្តារ​ស្វ័យភាព​ពិសេស​ឱ្យ​តំបន់​កាស្មៀរ​ឥណ្ឌា​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ