អានតួអត្ថបទ

អន្តោប្រវេសន៍ស្លាប់ក្នុង​ឡាន​កាមីញ៉ុងនៅអង់គ្លេស អាច​ជាជនជាតិវៀតណាម

នៅអង់គ្លេស ការ​អង្កេត​ជុំ​វិញ​ករណី​រក​ឃើញ​សាកសព​មនុស្ស​៣៩​នាក់​ក្នុង​ឡាន​ទ្រុង​មួយ នៅ​ជាយ​ក្រុង​ឡុង​ដ៍​កំពុង​តែ​បន្ត​យ៉ាង​ប្រញឹក។ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ ប៉ូលិស​អង់គ្លេស​បាន​ប្រកាស​ជូន​ដំណឹង​ថា​អ្នក​បើកបរ​ឡាន​កាមីញ៉ុង​នោះ ត្រូវ​រង​ការ​ចោទប្រកាន់​ជា​ផ្លូវ​ការ​ពីបទ​ មនុស្សឃាត​ ដោយ​អចេតនា និង​មាន​ការ​ឃាត់​ខ្លួន​បាន​មនុស្ស​បី​នាក់​ផ្សេង​ទៀត។ ចំណែក​ជនរងគ្រោះ​វិញ ពុំ​ទាន់វែក​រក​ឃើញ​អត្តសញ្ញាណ​អស់​ទេ ប៉ុន្តែ​ក្នុង​ចំណោម​សាកសព​ទាំង​អស់​នោះ ទំនង​ជា​មាន​ជនជាតិ​វៀតណាម​ ចំនួន​ពាក់កណ្តាល។

ឡាន​ទ្រុង​ដែល​ដឹក​សាកសព​ជន​អន្តោប្រវេសន៍​ រក​ឃើញ​នៅ​ Grays ជាយ​ទីក្រុង​ឡុងដ៍​
ឡាន​ទ្រុង​ដែល​ដឹក​សាកសព​ជន​អន្តោប្រវេសន៍​ រក​ឃើញ​នៅ​ Grays ជាយ​ទីក្រុង​ឡុងដ៍​ ©AFP
ផ្សាយពាណិជ្ជកម្ម

អាយុ​២៥​ឆ្នាំ​ អ្នក​បើកបរ​ជនជាតិអង់គ្លេស រស់នៅ​​អៀរឡង់ខាង​ជើង Maurice Robinson ត្រូវ​រង​ការ​ចោទ​ប្រកាន់​​ ពីបទ​សម្លាប់​មនុស្ស​៣៩​នាក់ ដោយ​អចេតនា និង​ពីបទ​ជួញដូរមនុស្ស ជួយ​ឱ្យ​មានអន្តោប្រវេសន៍​ខុស​ច្បាប់ និង​លាង​លុយ។ ជនជាប់​ចោទ​ត្រូវ​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​តែម្តង។

ទាក់ទង​នឹង​ជនរងគ្រោះ​បាត់​បង់​ជីវិត​ក្នុង​រថយន្ត​កាមីញ៉ុង​វិញ​ ក្រុម​អ្នក​អង្កេត​បាន​ចាប់​​ផ្តើម​ វិភាគ​រក​អត្តសញ្ញាណ​ហើយ។ ការ​ជូន​ដំណឹង​និង​សេចក្តីសន្និដ្ឋាន​​ដំបូង ក្រុម​អ្នក​អង្កេត​អង់គ្លេស គិត​ថា​​មនុស្ស​ស្លាប់​ទាំង​៣៩នាក់​ (ប្រុស​៣១​នាក់ និង​ស្រ្តី​៨​នាក់) ជា​ជនជាតិចិន ប៉ុន្តែពេល​នេះ​​ភាព​សង្ស័យ​ស្តី​អំពី​​សញ្ជាតិ​របស់​សាកសព​កំពុង​កើត​មាន។ ​មាន​គ្រួសារ​វៀតណាម​ជា​ច្រើន បានចេញ​មុខ​​សម្តែង​ក្តី​ព្រួយ​បារម្ភ​ គិត​ថា​កូន​ចៅ​របស់​ពួក​គេ​ស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ​ស្លាប់​នោះ។ គ្រួសារ​ខ្លះ​បាន​បញ្ជាក់​ថា​បាន​ទទួល​ទូរស័ព្ទ​កូន​ប្រាប់​ថា​សុំ​លា។ បើ​តាម​BBC តាំង​ពី​រក​ឃើញ​ឡាន​កាមីញ៉ុង​មាន​សាកសព​មក សមាគម​វៀតណាម​នៅ​អង់គ្លេស​បាន​ទទួល​រូបថត​ ជនជាតិ​វៀតណាម​​ប្រមាណ​២០​នាក់​ ដែល​គេ​បាត់​ដំណឹង។

ឯកអគ្គរដ្ឋ​ទូត​វៀតណាម​ Tran Ngoc An បានទទួល​​​ជួបដោយ​​អ្នក​ទទួល​ខុស​ត្រូវនិង​ជា​​អាជ្ញាធរ​ប៉ូលិស​មូលដ្ឋាន​ ព្រមទាំង​រដ្ឋ​មន្ត្រីក្រសួង​មហាផ្ទៃ​អង់គ្លេស​រួច​ហើយ​នៅ​ថ្ងៃសៅរ៍ម្សិលមិញ​។ ជា​សរុប​ក្នុង​ចំណោម​សាកសព​ទាំង​៣៩​នាក់ មាន​ប្រមាណ​២០​នាក់​អាច​ជា​ជនជាតិ​វៀតណាម។ ពួកគេ​ភាគ​ច្រើន​ជា​ពលរដ្ឋ​វៀតណាម​រស់​នៅ​ភាគ​កណ្តាល​នៃ​ប្រទេស ដែល​ជា​តំបន់​ក្រីក្រ​ខ្លាំង​ជាងគេ​មួយ។ ដើម្បី​ស្វែង​រក​ជីវិត​និង​អនាគត​ប្រសើរ​ឡើង ពលរដ្ឋ​តំបន់​នេះ​ជា​ច្រើន​បាន​នាំ​គ្នា​ចាកចេញ​ពី​ស្រុក​កំណើត ប្រថុយប្រថាន​ជីវិត​​នៅ​បរទេស។

ការ​រត់​ភៀស​ខ្លួន​របស់​ជនជាតិ​វៀតណាម​តំបន់​នេះ ច្រើន​ប្រព្រឹត្ត​ទៅ​តាម​បណ្តាញ​ផ្លូវ​ឆ្លង​កាត់​រុស្ស៊ី ឬ​ចិន ដោយ​ប្រើ​ក្រដាសស្នាម​ក្លែងក្លាយ។ ​ជា​ដំណើរ​ដ៏​គ្រោះ​ថ្នាក់ខ្លាំង និង​ត្រូវ​ការ​ចំណាយ​ថវិកា​ច្រើន​បំផុត ដោយ​ខ្លះ​ត្រូវ​បង់​ថ្លៃ​ឱ្យ​មេខ្យល់​ដល់​ទៅ​ប្រមាណ​៣៦០០០​អឺរ៉ូ សម្រាប់​មនុស្ស​ម្នាក់។ សូម​បញ្ជាក់​ថា​នៅ​វៀតណាម​ ប្រាក់​ខែ​មធ្យម​​ មាន​លើ​ស​ពី​២ពាន់​ដុល្លារ​ទេ​ក្នុង​មួយ​ឆ្នាំ។

បណ្តាញ​ជួញ​ដូរ​និង​ដឹកជញ្ជូន​អន្តោប្រវេសន៍​ខុ​សច្បាប់ ច្រើន​មាន​ទិស​ដៅ​នាំ​ទៅអង់គ្លេស ដើម្បី​នាំ​ចូល​ធ្វើ​ការ​នៅ​ក្នុង​ហាង​កាត់​ក្រចក ឬ​នៅ​តាម​កសិដ្ឋាន​ខុស​ច្បាប់​លួច​ដាំ​កញ្ឋា​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ