អានតួអត្ថបទ
ឡាវ

ប្រទេស​ឡាវ​ដាក់​ឲ្យ​ប្រើប្រាស់​ទំនប់​វារីអគ្គិសនី​ដ៏ចម្រូងចម្រាស សាយ៉ាបូរី

សាយ៉ាបូរី មហាទំនប់​វារីអគ្គិសនី នៅ​ទន្លេ​មេគង្គ​ខាងលើ ត្រូវ​បាន​ប្រទេស​ឡាវ​ដាក់​ឲ្យ​ដំណើរការ ជាផ្លូវការ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ ជា​ទំនប់​វារីអគ្គិសនី ដ៏ចម្រូងចម្រាស តាំង​ពីដំបូងទី សាយ៉ាបូរី​ជា​ក្តីកង្វល់​របស់អង្គការ​បរិស្ថាន និង​ប្រជាជន​រស់នៅ​តាម​ដងទន្លេមេគង្គ​ដែល​បារម្ភ ពី​ផល​ប៉ះពាល់​របស់​ទំនប់ សាយ៉ាបូរី ទៅលើបរិស្ថាន ​និង​ជីវភាពរស់នៅ​របស់​ប្រជាជន​នៅក្នុង​តំបន់​ទន្លេមេគង្គក្រោម។ 

ប្រជាជន​និង​សកម្មជន​ឡាវ ប្រឆាំង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅប្រទេស​ឡាវ នៅថ្ងៃទី ២៩ តុលា​ថ្ងៃដែល​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរីដាក់ឲ្យ​ដំណើរការ​ជាផ្លូវការ
ប្រជាជន​និង​សកម្មជន​ឡាវ ប្រឆាំង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅប្រទេស​ឡាវ នៅថ្ងៃទី ២៩ តុលា​ថ្ងៃដែល​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរីដាក់ឲ្យ​ដំណើរការ​ជាផ្លូវការ ©REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

សាងសង់​ដោយ​ក្រុមហ៊ុន​អគ្គិសនី​ថៃ CKPower ក្នុង​ទំហំ​ទឹកប្រាក់ ៤ពាន់ ៥រយលានដុល្លារ ទំនប់​វារីអគ្គិសនី សាយ៉ាបូរី ជា​ទំនប់​ទប់ទឹក​មួយទៀត ដែល​ចូលរួម​ធ្វើឲ្យ​ជីវិត​ទន្លេមេគង្គ​ផ្លាស់ប្តូរ ចាកឆ្ងាយ​ពី​ធម្មជាតិ។ នៅក្នុង​សេចក្តីប្រកាស​របស់ខ្លួន ​កាលពី​ថ្ងៃ​អង្គារ ក្រុមហ៊ុន​អគ្គិសនី​ថៃ CKPower បានអះអាង​ថា ទំនប់​សាយ៉ាបូរី ដែល​សង់​ឆ្លងកាត់​ទន្លេមេគង្គ​ក្នុង​ប្រវែង ៨២០​ម៉ែត្រ អាច​ផលិត​ថាមពល​អគ្គិសនី​ចាប់ពីថ្ងៃ​អង្គារ។ ថាមពល​ភាគច្រើន ដែល​ទំនប់វារីអគ្គិសនី​ផលិតបាន ក្នុង​ចំណោម ១៨៥០​ម៉េហ្កាវ៉ាត់ នឹង​ត្រូវ​លក់​ទៅ​ឲ្យ​ប្រទេស​ថៃ។

ខណៈពេល​ក្រុមហ៊ុន​ថៃ CKPower ដាក់​ឲ្យ​ដំណើរការ​ទំនប់ សាយ៉ាបូរី ដ៏ចម្រូងចម្រាស និង​ផ្តើម​យុទ្ធនាការ​លើកសរសើរ ពី​វិសាលភាព​របស់​ទន្លេមគង្គ នៅតាមប្រព័ន្ធ​ផ្សព្វផ្សាយ ប្រជាជន រស់នៅ​តាមដងទន្លេមេគង្គក្រោម រៀបចំ​ពិធី​បន់ស្រន់ សំដែង​ការសោកស្តាយ លាយ​ជាមួយ​ក្តីបារម្ភ​ពី​ផលប៉ះពាល់ របស់​ទំនប់​ទៅលើ​បរិស្ថាន និង​ជីវភាពរស់នៅ​របស់​ពួកគេ។

នៅក្នុង​ខេត្ត​ណងខៃ​របស់​ប្រទេស​ថៃ ដែលនៅជាប់ព្រំដែន​ជាមួយ​ប្រទេស​ឡាវ ក្បែរ ទីក្រុង​វៀងចន្ទ អង្គការ​ទឹកទន្លេអន្តរជាតិ​​បាន​បង្ហាញ ពី​រូបភាព​ទន្លេមេគង្គ ដែល​នៅតាម​តំបន់​មួយចំនួន បាន​ស្រកចុះ យ៉ាងខ្លាំង​មិនធ្លាប់​មាន ពីមុនមក។ តាម​អង្គការ​ទឹកទន្លេអន្តរជាតិ ភាពរាំងស្ងួត មិនមែន​ជាមូលហេតុ​តែ​មួយ​ដែល​ធ្វើ​ឲ្យ​ទឹកទន្លេស្រកចុះ ខុស​ពី​ធម្មតា​នោះទេ។ កំពស់​ទឹកទន្លេ​មេគង្គ​បាន​ធ្លាក់ចុះ​យ៉ាងទាប ចាប់តាំង​ពី​ខែ​កក្កដា នៅពេល ក្រុមហ៊ុន​សាកល្បង​ប្រើប្រាស់​ទំនប់​សាយ៉ាបូរី ដែល​ស្ថិតនៅ ចម្ងាយ​ប្រមាណ ៣០០​គីឡូម៉ែត្រ​ពី​ខេត្តថៃ ណងខៃ។

មាន​ប្រវែង ៤៨០០​ទន្លេមេគង្គ ដែល​ឆ្លងកាត់​ប្រទេស​ចំនួន ៥ ដូចជា​ចិន ឡាវ ថៃ កម្ពុជា និង​វៀតណាម ជា​ប្រភព​ជីវចម្រុះ​ដ៏សំខាន់​បន្ទាប់ពី​ទន្លេអាម៉ាហ្សូន។ ជា​ជំរក​របស់​ត្រី​ជាង ១៣០០​ប្រភេទ ទន្លេមេគង្គជាប្រភព​ចិញ្ចឹមជីវិត​សំខាន់​របស់​ប្រជាជន​ប្រមាណ ៦០​លាន​នាក់។

ក្រៅពី​ប្រជាជន និង​អង្គការ​ការពារ​បរិស្ថាន ដែល​ព្រួយបារម្ភ ពីផលប៉ះពាល់​ដល់​ទន្លេមេគង្គ ដោយសារ​ទំនប់​សាយ៉ាបូរី ប្រទេស​នៅក្នុង​តំបន់​ទន្លេមេគង្គក្រោម ដូចជា កម្ពុជា វៀតណាម​ធ្លាប់បាន​ដាក់ពាក្យ ប្រឆាំង តវ៉ា​ទៅ​រដ្ឋាភិបាល ឡាវ ប៉ុន្តែ មិនបាន​សម្រេច។ ប្រទេស​ឡាវ ដែល​គ្មាន​សំណាងបាន​ជាប់​ទឹកសមុទ្រ និង គ្មាន​ឧស្សាហកម្ម រីកចម្រើន​ដូចប្រទេស​ជិតខាង បាន​ជ្រើសរើស​យក​ថាមពល​បាន​មក​ពី ទំនប់​វារីអគ្គិសនី ជា​ប្រភព​ធនធាន ដើម្បី​ជំរុញ ការអភិវឌ្ឍ ប្រទេស។ ឡាវ​ដែល​ចង់​ប្រែក្លាយ​ខ្លួន ជា​អាគុយ សម្រាប់​ផលិត ចែកចាយ​ថាមពល​អគ្គិសនី ទៅប្រទេស​ក្នុង​តំបន់ បាន​ដាក់​ដំណើរការ​រួចហើយ នូវ​ទំនប់​វារី អគ្គិសនី ចំនួន ៤៤ ដែល​ភាគច្រើន វិនិយោគ​ដោយ​ប្រទេស​ចិន និង​ប្រទេស​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ