អានតួអត្ថបទ
ថៃ

ថៃ​បង្កើត​មជ្ឈមណ្ឌល​សម្រាប់ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ

ប្រទេស​ថៃ​នឹង​បើកដាក់​ឲ្យ​ដំណើរការជាលើកដំបូង ​មជ្ឈមណ្ឌល​សម្រាប់​បង្រ្កាប ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ។ ​រដ្ឋមន្រ្តីសង្គម និង​​សេដ្ឋកិច្ច​ឌីជីថលថៃ លោក ពុទ្ធិពង្សសែ ពុនណាកង់តា បាន​និយាយ​យ៉ាងដូច្នេះ នៅក្រោយបទបង្ហាញ​ទៅកាន់​​នាយករដ្ឋមន្រ្តី​ថៃ លោក​ប្រាយុទ្ធ ចាន់អូចា ​នៅថ្ងៃ​អង្គារ។​ ថៃ​ជាប្រទេស​អាស៊ាន​មួយទៀត បន្ទាប់ពី​វៀតណាម និង​សិង្ហបុរី ដែល​បាន​បើក​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការផ្សព្វផ្សាយព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​មិនពិត។

នាយករដ្ឋមន្រ្តី​ថៃ លោកប្រាយុទ្ធ ចាន់អូចា នៅ​ក្នុង​ទស្សនកិច្ច​នៅប្រទេស​ជប៉ុន
នាយករដ្ឋមន្រ្តី​ថៃ លោកប្រាយុទ្ធ ចាន់អូចា នៅ​ក្នុង​ទស្សនកិច្ច​នៅប្រទេស​ជប៉ុន ©Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

តាម ​រដ្ឋមន្រ្តី​សង្គម និង​សេដ្ឋកិច្ច​ឌីជីថល​ថៃ “គ្រប់ប្រទេស​កំពុង​ប្រឈម​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ជាពិសេស​ប្រជាជនថៃ”។ នេះជា​ហេតុផលដែល​​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ថៃ​ត្រូវ​បង្កើត​មជ្ឈមណ្ឌល​ពិសេស​មួយ សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ។

មជ្ឈមណ្ឌល​ដែល​ទើប​មាន​ជា​លើក​ទី១ នៅ​ប្រទេស​ថៃ នឹង​ចាប់ដំណើរការ ​ជាផ្លូវការ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍នេះ ជាមួយ​នឹង​បច្ចេកវិទ្យាទំនើប​ដូចជា បញ្ញាសិប្បនិម្មិត្ត និង អ្នកជំនាញ​ដែល​តាមដាន ជាប់ជានិច្ច ដើម្បី ចាប់ស្ទាក់ រាល់​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ សុខាភិបាល រហូត កម្មវិធីនយោបាយ​របស់​រដ្ឋាភិបាល ដែល​អាជ្ញាធរ​ចាត់ទុក​ជា​ថា ជាព័ត៌មាន​ក្លែងក្លាយ។

សម្រាប់ រដ្ឋមន្រ្តី​ថៃ ៨០ភាគរយនៃ​ព័ត៌មាន​ដែល​នៅតាម​អ៊ីនធ័រនែត ឬ​នៅតាម​បណ្តាញសង្គម គឺ​ជា​ព័ត៌មាន​មិនពិត ឬ​ជា​ព័ត៌មាន​បោក​បញ្ឆោត។ មជ្ឈមណ្ឌល​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ មាន​ទំព័រ​សង្គមហ្វេសប៊ុក​ផ្ទាល់ខ្លួន មាន​ក្រុមទទួល​សារ និង​វិបសៃតិ៍ សម្រាប់បង្ហាញ​គំរូ ព័ត៌មាន​ក្លែងក្លាយ ឬ ជា​កន្លែងដែល​អ្នកប្រើប្រាស់​អាច​ចូល​ទៅ​សរសេរ​រាយការណ៍ ពី​វិបសៃតិ៍ ឬ​បណ្តាញសង្គម​ដែល​បង្ហោះព័ត៌មាន​មិនពិត។

អង្គការ​សង្គម​ស៊ីវិល វាយតម្លៃថា មជ្ឈមណ្ឌល​ថ្មី​របស់​ថៃ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ជា​កន្លែង​សម្រាប់ តាមដាន ចាប់ឃាត់ខ្លួន អ្នកដែល​ហ៊ាន​បញ្ចេញមតិ​ប្រឆាំង រដ្ឋាភិបាល។ សម្រាប់​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​Human Rights Watch ប្រចាំ​នៅប្រទេស​ថៃ មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ គឺ​ជា​ឧបករណ៍​ថ្មី​មួយទៀត របស់​រដ្ឋាភិបាល ដើម្បី​ត្រួតពិនិត្យ រាល់​ការចុះផ្សាយ នៅប្រទេស​ថៃ។

រដ្ឋមន្រ្តី​សង្គម និង​សេដ្ឋកិច្ច​ឌីជីថល​បាន​ទាត់ចោល​ការចោទប្រកាន់​របស់​អង្គការ​សង្គមស៊ីវិល និង​អះអាង​ថា មជ្ឈមណ្ឌលថ្មីនេះ នឹងមិនផ្តោត​តែ​ទៅលើ​នយោបាយ ឬ ក្រុមប្រឆាំង​រដ្ឋាភិបាល​នោះទេ។ សម្រាប់​សកម្មជន​ការពារ​សិទ្ធិមនុស្ស  ទោះជា​រដ្ឋាភិបាល​ថៃ លុបចោល ច្បាប់​ដែល​ហាម​មិនឲ្យមាន​ការជួបប្រជុំគ្នា លើស​ពី​៥នាក់​ក្តី ប៉ុន្តែ ការត្រួតពិនិត្យ​ទៅលើ​សិទ្ធិសេរីភាព​បញ្ចេញមតិ មាន​កាន់​តែខ្លាំង ឡើងៗ នៅ​ប្រទេស​ថៃ។

អ្នកវិភាគ​វាយតម្លៃ​ថា លើកទឹកចិត្ត​ដោយសារ​នយោបាយ​ស្អប់ ប្រឆាំង​អ្នកកាសែត របស់​លោក​ដូណាល់ ត្រាំ របប​ផ្តាច់ការ​ជាច្រើន​បាន​យកលេស ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មានក្លែងក្លាយ ដើម្បី បិទខ្ទប់​ការសរសេរ​បញ្ចេញមតិ​រិះគន់​ខ្លួន។ នៅ​ប្រទេស​វៀតណាម អាជ្ញាធរ​កុម្មុយនិស្ត​បាន​ចាប់ខ្លួន មនុស្ស​ជាច្រើននាក់ នៅក្រោយ​ច្បាប់​ស្តីពី​សន្តិសុខ​ព័ត៌មានវិទ្យា បាន​ចូលជា​ធរមាន កាលពី​ខែ​មករា។ ចំណែក ប្រទេស​សិង្ហបុរី នៅ​ខែ​តុលានេះ បានបង្កើត​ច្បាប់ មួយ ដែល​អនុញ្ញាត​បើកផ្លូវ​ឲ្យ​អាជ្ញាធរអាច​ផាកពិន័យ​ធ្ងន់ធ្ងរ ចាប់ខ្លួន​ដាក់​ពន្ធនាគារ អ្នកចុះផ្សាយព័ត៌មាន​ដែល​រដ្ឋចាត់ទុក​ថា ជា​ព័ត៌មាន​មិនពិត ព័ត៌មាន​ក្លែងក្លាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ