ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 09/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 08/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 08/12 12h00 GMT
អាស៊ី

មរណភាព​របស់​អតីតប្រធានឧត្តមស្នងការ​ជាន់ខ្ពស់ ទទួលបន្ទុកជនភៀសខ្លួន

media  
អតីត​ប្រធានឧត្តម​ស្នងអង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន លោកស្រី Sadako Ogata និយាយ​ទៅកាន់ជនភៀសខ្លួន​ភូមា នៅ​ជំរំជនភៀសខ្លួន​ក្នុង​ប្រទេស​ថៃ នៅ​ខែតុលា ឆ្នាំ ២០០០ ©REUTERS/Jason Reed

លោកស្រី សាដាកូ អូហ្កាតា Sadako Ogata ដែល​ជា​ស្រ្តីដំបូងគេ ក្នុងតំណែងប្រធាន​ឧត្តមស្នងការ​ជាន់ខ្ពស់​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​ទទួល​មរណភាព​ ក្នុង​ជន្មាយុ ៩២​ឆ្នាំ។ នេះបើតាម​ការចុះផ្សាយ​​របស់​ទីភ្នាក់ងារ​ជប៉ុន​ដើម្បីការសហការ​អន្តរជាតិ JICA​នៅក្នុង​វិបសៃតិ៍​ នៅថ្ងៃអង្គារនេះ។ តើ​លោកស្រី សាដាកូ អូហ្កាតា មាន​លក្ខណៈ​សម្បត្តិ​យ៉ាងណាខ្លះ ?

 

កើតនៅ​ឆ្នាំ ១៩២៧ នៅទីក្រុង​តូក្យូ នៅក្នុង​គ្រួសារ​អភិជនជប៉ុន ដែលមាន​ឪពុក​ជាមន្រ្តីទូត​ លោកស្រី សាដាកូ អូហា្កតា Sadako Ogata ជា​ស្រ្តីដំបូងគេ និង​តែម្នាក់គត់​នៅក្នុង​ពិភពលោក ដែលបាន​ចូលកាន់តំណែងជាន់ខ្ពស់របស់​ស្ថាប័ន​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ។

បន្ទាប់ពី​បាន​សិក្សា​នៅ​ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក ជាទី​ដែលលោកស្រី​បានទទួល​សញ្ញាប័ត្រ​បណ្ឌិត​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ លោកស្រី សាដាកូ អូហា្កតា បានផ្តើម​ការងារ​ដំបូង​ជា​សាស្រ្តាចារ្យ​នៅ​មហាវិទ្យាល័យ​មុន​នឹង​ចូល​បម្រើការ​ឲ្យ​អង្គការសហប្រជាជាតិ​ចាប់ពី​ឆ្នាំ ១៩៧០។ លោកស្រី​ធ្លាប់​ជា​ប្រធាន​ប្រតិបត្តិ​របស់​អង្គការ​យូនីសេហ្វនៅ​ឆ្នាំ ១៩៧៨ មុន​នឹង​ចូលកាន់តំណែង​ជា​ប្រធាន​ឧត្តមស្នងការអង្គការ​សហប្រជាជាតិ ​ទទួល​បន្ទុកជនភៀសខ្លួន ពី​ឆ្នាំ ១៩៩១ ដល់​ឆ្នាំ ២០០០។

ជាស្ត្រី​ដំបូងគេ ដែលចូល​​ដឹកនាំ​ក្បាលម៉ាស៊ីន​របស់​ស្ថាប័នដ៏សំខាន់មួយ​របស់​អង្គការ​សហប្រជាជាតិ លោកស្រី សាដាកូ អូហ្កាតា​បាន​បញ្ចុះបញ្ចូល​ឲ្យ​គេ​ឃើញ​ពី​ការជាប់ទាក់ទងគ្នា​រវាងជនភៀសខ្លួន ហើយនិង​​បញ្ហា​សន្តិសុខ​អន្តរជាតិ។ ជាលទ្ធផល នៅក្នុង​អាណត្តិដឹកនាំ​​៩ឆ្នាំ​របស់លោកស្រី ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​បានធ្វើការ​យ៉ាងជិតស្និទ្ធជាមួយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ហើយ​និង​បាន​ទទួល​ថវិកា​ ព្រមទាំង​ចំនួន​បុគ្គលិក ធ្វើការ កើនឡើង​ទ្វេដង។

ក្នុង​នាម​ជាប្រធាន​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន លោកស្រី​អូហ្កាតា ត្រូវ​បាន​គេ​ទទួលស្គាល់ច្រើន​ថា​ ជា​អ្នកការពារ យ៉ាងជក់ចិត្ត សិទ្ធិ​របស់​ជនភៀសខ្លួន។ លោកស្រីឧស្សាហ៍ ចុះទៅផ្ទាល់ ទៅជួប​ជនភៀសខ្លួន នៅតាមជំរំ ក្នុង​ទឹកដី​ថៃ រវ៉ាន់ដា ឬ​នៅភាគខាងជើង​អ៊ីរ៉ាក់ ដែល​ជួបវិបត្តិជនភៀសខ្លួន គួដឌីស្ថាន នៅក្រោយ​សម័យសង្រ្គាម​នៅ​ឈូង​សមុទ្រ​ពែរ្ស។

“ខ្ញុំបានឃើញ​នឹង​ភ្នែក ភាពអស់សង្ឃឹម​នៅក្នុងកែវភ្នែក​របស់​ជនភៀសខ្លួន ដែល​បាន​បាត់បង់អ្វីៗទាំងអស់​រួមទាំង ជីវិត​សាច់ញាតិ​គ្រួសារនៅក្នុង​សង្រ្គាម។ ប៉ុន្តែ ជាមួយគ្នានោះ ខ្ញុំ​ក៏បាន​ឃើញ​ភាពក្លាហាន និង​ភាពអត់ធ្មត់តស៊ូ​របស់​មនុស្ស​ជាច្រើន​ដែល​បាន​បាត់បង់អ្វីៗទាំងអស់ លើកលែង​តែ​ក្តីសង្ឃឹម។ ជនភៀសខ្លួន​គឺ​ជា​អ្នកដែល​តស៊ូនឹង​ជីវិតបំផុត ដែល​យើង​ត្រូវ​គោរព និង​សាមគ្គី។” នេះ​ជា​ប្រសាសន៍​របស់​លោកស្រី អូហ្កាដា នៅក្នុងសុន្ទរកថា របស់លោកស្រី​នៅ អង្គការ​សហប្រជាជាតិ។

ក្រៅពីការ​ទទួល​ស្គាល់នៅឆាកអន្តរជាតិ រហូត​ទទួល​បាន​រង្វាន់​អន្តរជាតិ​ជាច្រើន​សម្រាប់​ការងារ​របស់លោកស្រី​សម្រាប់​សិទ្ធិមនុស្ស​ លោកស្រី អូហ្កាដា​ក៏ត្រូវ​បាន​គេ​គោរព​ស្រឡាញ់​ច្រើន ផងដែរ​នៅក្នុង​ប្រទេស​ជប៉ុន ជាទី​ដែល​លោកស្រី ធ្លាប់​ដឹកនាំ​អង្គការ​JICA ពី​ឆ្នាំ ២០០៣ រហូត​ដល់​ឆ្នាំ ២០១២៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ