ការប្រែប្រួលអាកាសធាតុ ៖ ជនរងគ្រោះ មានច្រើនជាងការគិតពីមុន ដល់ទៅបីដង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៥៣
មានប្រជាពលរដ្ឋជាងបីរយលាននាក់ នឹងត្រូវប្រឈមនឹងគ្រោះទឹកជំនន់ យ៉ាងហោចម្តងក្នុងមួយឆ្នាំ ជាពិសេសពលរដ្ឋនៅអាស៊ី។ ការប្រែប្រួលអាកាសធាតុ ដែលនាំឱ្យទឹកសមុទ្ទឡើងកម្ពស់ មិនមែនត្រឹមតែធ្វើឱ្យបណ្តាកូនកោះនៅក្នុងមហាប៉ាស៊ីហ្វិកលិចបាត់ទេ តែក្រុងធំៗតាមបណ្តោយឆ្នេរ ក៏នឹងត្រូវបាត់។ ឯចំណែកចំនួនជនរងគ្រោះវិញ មានបរិមាណកើនឡើងយ៉ាងហោចបីដងលើសអ្វីដែលគេធ្លាប់គិតពីមុន។ ហេតុអ្វីការសិក្សា សំឡឹងឃើញភាពរងគ្រោះ កាន់តែធ្ងន់ៗឡើងឥតឈប់យ៉ាងដូច្នេះ ?!
ផលវិបាកនៃការប្រែប្រួលអាកាសធាតុមានច្រើន ក្នុងនោះការឡើងកម្ពស់ទឹកសមុទ្ទ ជាប្រធានបទមួយដែលសហគមន៍អ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍និងសិក្សាពិចារណាច្រើន។ នៅ ក្នុងរបាយការណ៍ចុងក្រោយរបស់ក្រុមអ្នកជំនាញអាកាសធាតុអន្តររដ្ឋាភិបាល ហៅកាត់ថា GIEC ចេញផ្សាយកាលពីចុងខែកញ្ញាកន្លងទៅថ្មីៗ បានអះអាងថាកម្ពស់ទឹកសមុទ្ទនឹងអាចឡើង ខ្ពស់ជាងមួយម៉ែត្រ (១,១០ម) នៅឆ្នាំ២១០០ បើប្រៀបទៅនឹងកម្ពស់ទឹកក្នុងរយៈពេលពីឆ្នាំ១៩៨៦-២០០៥។ អ្នកវិទ្យាសាស្ត្រខ្លះទៀត ព្យាករថា កម្ពស់ទឹកសមុទ្ទអាចឡើងខ្ពស់ជាងដល់ទៅពីរម៉ែត្រ ប្រសិនបើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅរក្សាល្បឿនដដែលដូចពេលនេះ ហើយពន្លឿនការរលាយដុំភ្នំទឹកកកនៅតំបន់ប៉ូល។
ក្នុងសេណារីយោបែបនេះ តំបន់កូនកោះជាច្រើននៅកណ្តាលមហាសមុទ្ទប៉ាស៊ីហ្វិក ឬក្រុងតាមបណ្តោយមាត់សមុទ្ទនឹងត្រូវលង់លិចបាត់។ ប៉ុន្តែការពិតជាក់ស្តែងទំនងជាធ្ងន់ធ្ងរជាងនេះទៅទៀត ព្រោះបើតាមការសិក្សាមួយទៀត ទើបចេញផ្សាយថ្មី នៅថ្ងៃទី ២៩តុលា២០១៩ ក្នុងទំព័រទស្សនាវដ្តី Nature Communications ចំនួនប្រជាជនរងគ្រោះពីការឡើងកម្ពស់នៃទឹកសមុទ្ទមានទំហំធំ ច្រើនជាងដល់បីដងនៃការគិតពីមុន ពោលគឺពីពេលនេះដល់ឆ្នាំ២០៥០ មានពលរដ្ឋ៣០០លាននាក់ត្រូវរស់ប្រឈមនឹងគ្រោះទឹកជំនន់យ៉ាងហោចណាស់ម្តងក្នុងឆ្នាំ ទល់តួលេខលើកមុនដែលមានត្រឹម៨០លាននាក់។ ហើយការព្យាករកាន់តែអាក្រក់ទៅទៀត គឺនៅចុងសតវត្សរ៍ ជនរងគ្រោះទឹកជំនន់នឹងឡើងដល់៦៤០លាននាក់ ជាពិសេសពលរដ្ឋនៅតំបន់អាស៊ី។
១/៣នៃប្រទេសកម្ពុជានិងបង់ក្លាដែស អាចលង់លិចនៅឆ្នាំ២០៥០-២១០០
ក្រុមអ្នកស្រាវជ្រាវអាកាសធាតុ Climate Central បានធ្វើតេស្តសាកល្បងលើផែនទី មួយផ្នែកម្តងៗនៃភពផែនដី ដើម្បីបានដឹងថាតើតំបន់ណាខ្លះអាចនឹងត្រូវលង់លិចនៅ រវាងពីឆ្នាំ២០៥០ ទៅ២១០០។ អ្នកវិទ្យាសាស្ត្របានសិក្សាដោយផ្អែកលើ សេណារីយោពីរ ទាក់ទងនឹងកម្ពស់ទឹកសមុទ្ទឡើង តិចឬច្រើន ទៅតាមការរលាយនៃផ្ទាំងទឹកកកនៅតំបន់អង់តាកទិក និងផ្អែកលើសេណារីយោបី នៃការបញ្ចេញឧស្ម័នកាបូនិក (ច្រើន ល្មម និងតិច)។ ក្នុងសេណារីយោដ៏អាក្រក់ជាងគេ មួយភាគបីនៃប្រទេសបង់ក្លាដែស និងប្រទេសកម្ពុជាត្រូវលិច មិនមែនមានតែតំបន់ដីសណ្តរវៀតណាម ឬក្រុងបាងកកទេ។ ជាសរុបតំបន់អាស៊ីរងគ្រោះធ្ងន់ធ្ងរខ្លាំង។ ៧០%នៃប្រជាជនរងគ្រោះ រស់ផ្តុំក្នុងប្រទេសចំនួន៨ ៖ ចិន បង់ក្លាដែស ឥណ្ឌា វៀតណាម ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន និងជប៉ុន។ នៅឆ្នាំ២០៥០ ប្រជាជនចំនួន៩៤លាននាក់ត្រូវប្រឈមនឹងគ្រោះទឹកជំនន់ ទល់នឹង២៩លាននាក់ប៉ុណ្ណោះ ក្នុងការប៉ាន់ស្មានមុន។
លទ្ធផលបានបង្ហាញឱ្យឃើញទៀតអំពីតុល្យការនៃជនរងគ្រោះនាពេលបច្ចុប្បន្ន ៖ មនុស្ស១១០លាននាក់រស់នៅក្នុងតំបន់ដែលមានរយៈកម្ពស់ទាបទឹកសមុទ្ទពេលជោរ និងត្រូវប្រឈមនឹងគ្រោះទឹកជំនន់ជាអចិន្ត្រៃយ៍ ២៥០លាននាក់ ប្រឈមនឹងគ្រោះទឹកជំនន់ញយ យ៉ាងហោចម្តងក្នុងមួយឆ្នាំ ទល់នឹងតែត្រឹមប្រមាណ ២៨ និង៦៥លាននាក់ប៉ុណ្ណោះក្នុងការព្យាករមុន។
តើអ្នកស្រាវជ្រាវពន្យល់យ៉ាងដូចម្តេចអំពីភាពធ្ងន់ធ្ងរនៃការរងគ្រោះនេះ ? នេះគឺបណ្តាលមកពីនៅការសិក្សាមុនៗ មានចំណុចខ្សោយច្រើន ព្រោះខ្វះទិន្នន័យច្បាស់លាស់។ គ្រោះទឹកជំនន់តាមតំបន់ឆ្នេរ ត្រូវបានគុណគិតដោយផ្អែកលើទិន្នន័យផ្តល់របស់Nasa ដោយប្រើរង្វាស់ផ្កាយរណប SRTM។ គំរូគណនានេះមានការលំអៀង ប្រមាណពី២ទៅបួនម៉ែត្រ។ ហេតុដូច្នេះហើយបានជាការហានិភ័យនៃគ្រោះទឹកជំនន់ មើលឃើញថាមានតិច។ ប៉ុន្តែពេលនេះ អ្នកវិទ្យាសាស្ត្រ បានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត វាស់ដោយកាំរស្មីឡាស៊ែរ ដ៏ទំនើប និងប្រាកដខ្លាំង មកប្រៀបធៀបជាមួយទិន្នន័យរបស់Nasa រួចធ្វើការកែតម្រូវទិន្នន័យនៅតាមគ្រប់តំបន់ឆ្នេរនៅក្នុងប្រទេសចំនួន១៣៥ នៅលើភពផែនដី។
លទ្ធផលរបស់ Climat Central ពិតជាកាន់តែគួរឱ្យព្រួយបារម្ភ ប៉ុន្តែជាលទ្ធផលដែលមិនរាប់បញ្ចូលអំពីកំណើនប្រជាជនពិភពលោក ពីពេលនេះទៅ ទល់នឹងពេលចុងសតវត្សរ៍ មិនគិតពីការលូតលាស់ផ្នែកនគរូបនីយកម្មតំបន់ឆ្នេរ និងដោយមិនគិតអំពីបាតុភាពអាកាសធាតុដ៏អាក្រក់ហួសហេតុ ដូចព្យុះភ្លៀងកំណាចដែលតែងកើតមានជារាល់មួយទសវត្សរ៍ម្តង សម្លាប់និងបំផ្លាញជីវិតទ្រង់ទ្រាយធំផង។
កាលពីឆ្នាំ២០១៣ ការសិក្សារបស់ធនាគារពិភពលោកបានប៉ាន់ស្មានថា ការខូចខាតនិងខាតបង់ដោយគ្រោះទឹកជំនន់ នឹងអាចកើនឡើងលើស ៩០០ពាន់លានអឺរ៉ូ នៅឆ្នាំ២០៥០ ក្នុងមួយឆ្នាំៗ ក្នុងក្រុងចំនួន១៣៦ ដែលសុទ្ធសឹងជាក្រុងឆ្នេរសមុទ្ទធំៗជាងគេ ប្រសិនបើគ្មានវិធានការការពារឱ្យបានប្រសើរឡើងទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ