អានតួអត្ថបទ

HRW៖ បរិហារ​អំពើ​ឧក្រិដ្ឋ​របស់​យុទ្ធជន​អាហ្វហ្កានីស្ថាន​បង្វឹក​ដោយ​CIA

បើ​តាម​របាយការណ៍​ថ្មី​របស់អង្គការ​ការពារ​សិទ្ធិមនុស្ស Human Rights Watch ​ ក្រុមយុទ្ធជន​ប្រដាប់​អាវុធ​​អាហ្វហ្កានីស្ថាន ដែល​បង្វឹក​បង្ហាត់​ដោយ​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​ បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ សម្លាប់ជីវិត​​​មនុស្ស​ដោយ​មិន​ខ្លាច​ច្បាប់ រលោភទាំង​ស្រុង​និង​ដ៏ធ្ងន់ធ្ងរ​សិទ្ធិមនុស្ស​ សឹង​អាច​ចាត់​ទុក​បាន​ថា​ជា​ទង្វើ​​​ឧក្រិដ្ឋកម្ម​សង្គ្រាម។ ជា​សកម្មភាពវាយប្រហារ​បាញ់​រះ​នៅ​ពេល​យប់ និង​ជំរុញ​ឱ្យ​មាន​ការ​បាត់​ខ្លួន​ទាំង​បង្ខំ។ នេះ​បើ​តាម​ការ​អះអាង​របស់​អង្គការ HRW។

​កងទ័ព​ជាតិ​អាហ្វហ្កានីស្ថាន
​កងទ័ព​ជាតិ​អាហ្វហ្កានីស្ថាន SHAH MARAI / AFP
ផ្សាយពាណិជ្ជកម្ម

ជា​របាយការណ៍​កម្រាស់​៥០​ទំព័រ ចេញ​ផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍​ទី ៣១​តុលា នេះ​ បញ្ជាក់​​អំពី​សកម្មភាព​ឧក្រិដ្ឋ​ជា​ច្រើន​ នៅ​រវាង​ពី​ចុង​ឆ្នាំ​២០១៧ ដល់​ពាក់​កណ្តាល​ឆ្នាំ​២០១៩ ដោយ​មាន​សាក្សី​ជា​​ប្រជាជន​​រាប់​សិប​នាក់​ រស់​នៅក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល។

តាំង​ពី​ជាង​មួយ​ឆ្នាំកន្លះ​មក ករណី​វាយប្រហារ​ផ្លូវអាកាស​នៅពេល​យប់​បាន​កើន​ឡើងយ៉ាង​ខ្លាំង ​សំដៅ​ទីតាំង​ជា​មន្ទីរ​ពេទ្យ​និង​ភូមិដ្ឋាន។ ក្នុង​ចំណោម​នោះ​មាន​១៤​ជា​ស្នាដៃ​របស់​កង​យុទ្ធជន​អាហ្វហ្កានី​ស្ថានដែល​គាំទ្រ​​ដោយ​CIA។ ប្រតិបត្តិការ​ពេល​យប់​ ជា​ឱកាស​ដែល​ក្រុមប្រដាប់​អាវុធ ប្រព្រឹត្ត​អំពើ​ស្មោគគ្រោក សម្លាប់​ជីវិត​មនុស្ស​ដោយ​មិន​ខ្វល់​ពី​ច្បាប់​ ឬ​បាន​ធ្វើ​ឱ្យ​មាន​ការ​បាត់​ខ្លួន​ដោយ​បង្ខំ។គឺ​ការវាយប្រហារ​នោះហើយ​ដែល​បាន​បង្កើន​តុល្យភាព​នៃ​ចំនួន​​​​ជន​រងគ្រោះ​ស៊ីវិល​​យ៉ាង​ច្រើន​។

អ្នកស្រី​ Patricia Gossman នាយិការង​អង្គការ​HRWទទួល​បន្ទុកផ្នែក​អាស៊ី បាន​រំលឹក​​ថា ភ្នាក់ងារ​ចារកិច្ច​អាមេរិក​បាន​បើក​​ប្រតិបត្តិការ​ប្រឆាំង​នឹង​ពួក​ភេរវនិយម​ ទន្ទឹម​នឹង​ប្រតិបត្តិការ​យោធា​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ប្រឆាំងនឹង​ពួកតាលីបង់ និង​អង្គការ​រដ្ឋ​អ៊ីស្លាម តាំង​ពី​ជា​ច្រើន​ឆ្នាំ​មក។ ប្រតិបត្តិការ​មាន​កម្មវត្ថុ​បណ្តេញ​ពួក​តាលីបង់ តែ​ត្រូវ​បានធ្វើ​ដោយ​កំបាំងពី​​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ ក្នុង​តំបន់​ដាច់​ស្រយាល​បំផុត និងគ្មាន​តម្លាភាព​សោះ​។ ជនប្រព្រឹត្ត​អំពើ​មិនត្រូវ​បាន​ទទួល​ទោស ជន​រងគ្រោះ​ក៏​មិន​ដឹង​ទៅរក​ជំនួយ​នៅ​ទីណា។

នៅ​ក្នុង​​របាយការណ៍​នេះ​ដដែល HRWបាន​អះអាង​ថា​មានការចាប់​ខ្លួនជនស៊ីវិល ជា​ពិសេស​បុរសភេទ យក​ទៅ​បាត់​មិន​ឱ្យ​គ្រួសារ​ដឹង​ថា​ទៅ​ទីណា ដោយ​បាន​ឆ្មក់​ចូល​ផ្ទះ​ប្រជាជន​ទាំង​កណ្តាល​អាធ្រាត្រ គួរ​ឱ្យ​តក់ស្លុត។ កង​យុទ្ធជនពិសេស​​អាហ្វហ្កានីស្ថាន​ ទាំង​នេះ​ត្រូវ​បាន​ជ្រើសរើស យក​ទៅ​បង្ហាត់បង្វិក​ និង​បំពាក់​អាវុធ​ដោយ CIA។ នេះ​បើ​តាម​ការ​បញ្ជាក់​ ​របស់​អង្គការ​ការពារសិទ្ធិមនុស្ស​ដដែល ដោយ​បន្ថែម​ថា​ក្រុម​យុទ្ធជន​​សម្ងាត់​​​​អាហ្វហ្កានីស្ថានបាន​ទទួល​ការ​គាំទ្រ​ពី​​សេអ៊ីអា ​តាំង​ពី​ឆ្នាំ ១៩៨០​មក ដើម្បី​ប្រឆាំង​នឹង​សហភាព​សូវៀត។

ភ្នាក់ងារ​ចារកិច្ច​អាមេរិកបាន​ច្រាន​ចោល​របាយការណ៍​របស់​អង្គការ​HRW ដោយ​គូសបញ្ជាក់​ថា សកម្មភាព​អាក្រក់​មួយ​ចំនួន​ដែល​ទម្លាក់​លើកង​កម្លាំង​​ពិសេស​អាហ្វហ្កានីស្ថាន ជា​ពាក្យ​បំផ្លើស ឬ​មិនពិត។

បើ​តាម​ភ្នាក់ងារ​អធិការ​កិច្ច​ពិសេស​សម្រាប់​ស្ថាបនា​អាហ្វហ្កានីស្ថាន នៅ​រវាង​ពី​ខែ​មករា​ដល់​ខែ​កញ្ញា​​២០១៩ កង​កម្លាំងយុទ្ធជន​ពិសេស​អាហ្វហ្កានីស្ថាន​បាន​បើក​ប្រតិបត្តិការ​ផ្លូវ​គោក​​ចំនួន ២៥៣១​ដង ទល់​នឹង​តែ​២៣៦៥​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០១៨។ ហើយ​បើ​តាម​របាយការណ៍​អង្គការ​សហប្រជាជាតិ​ នៅរវាង​ពី​ថ្ងៃទី ១​កក្កដា ដល់​ថ្ងៃទី ៣០​កញ្ញា​២០១៩ មាន​ជន​អាហ្វហ្កានីស្ថាន​១១៧៤​នាក់​បាន​ត្រូវ​គេ​សម្លាប់​និង​៣១៣៩​នាក់​រង​របួស ពោល​គឺ​ជាកំណើន​៤២%​បើ​ប្រៀប​ទៅ​ឆ្នាំ​២០១៨​ ក្នុង​រយៈ​ពេល​ដូច​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ