អានតួអត្ថបទ

ប៉ាគីស្ថាន​បើ​កច្រក​ព្រំដែន ជាប្រវត្តិសាស្ត្រ ឱ្យ​ពលរដ្ឋ​ឥណ្ឌា​ចូល​ធ្វើ​ធម្មយាត្រា

ជា​កិច្ចសហប្រតិបត្តិការ​ប្រកប​​ដោយ​​និម្មិត្តរូបបំផុត​សម្រាប់​ឥណ្ឌា​និង​ប៉ាគីស្ថាន ដែល​កំពុងមាន​ភាព​តាន​​តឹង​គ្នា​ដោយ​ហេតុ​វិបត្តិ​កាស្មៀរ។ នៅ​ថ្ងៃ​សៅរ៍​នេះ ពលរដ្ឋ​ឥណ្ឌា​កាន់​សាសនា​Sikhs រាប់​ពាន់​នាក់​បាន​ឆ្លង​ព្រំដែន​ទៅ​កាន់​​ប្រទេស​ប៉ាគីស្ថាន​ ដើម្បី​ប្រារព្ធ​ពិធីធម្មយាត្រា​​ តាម​ច្រក​ពិសេស​ដែល​រដ្ឋាភិបាល​ប៉ាគីស្ថាន​ព្រមព្រៀង​​តាម​សំណើ​របស់​រដ្ឋាភិបាល​ឥណ្ឌា។

នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន ថ្លែង​ពេល​បើក​សម្ពោធ​ច្រក​​ធម្មយាត្រា​ នៅ​ក្បែរ​ព្រំដែន​ជាមួយ​ឥណ្ឌា
នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន ថ្លែង​ពេល​បើក​សម្ពោធ​ច្រក​​ធម្មយាត្រា​ នៅ​ក្បែរ​ព្រំដែន​ជាមួយ​ឥណ្ឌា © Reuters
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​ឥណ្ឌា​រាប់​ពាន់​នាក់ នឹង​អាចទៅ​ចូល​រួម​ប្រារព្វ​​ខួបកំណើត​​៥៥០​ឆ្នាំ នៃ​សាសនា​ Sikhs ដោយ​ស្ថាបនិក​ Gourou Nanak នៅ​រវាង​​ប៉ុន្មាន​​ថ្ងៃទៀតខាង​មុខ​នេះ​ហើយ។ បន្ទាប់ពី​រង់​ចាំ​អស់​ជា​ច្រើនម៉ោង នៅ​ថ្ងៃសៅរ៍​ទី​៩​វិច្ឆិកា ២០១៩ វេលាម៉ោង​ ២រសៀល​ ម៉ោងសកល​ (ត្រូវ​នឹង​ម៉ោង​៨​យប់​នៅ​ប្រទេស​កម្ពុជា) ប៉ាគីស្ថាន​បាន​បើក​ច្រក​ព្រំដែន​ ឱ្យ​ពលរដ្ឋ​ឥណ្ឌា​កាន់​សាសនា​Sikhs ក្មេង​ចាស់​ប្រុស​ស្រី ឆ្លង​ព្រំដែន​ ធ្វើ​ដំណើរ​ទៅ​កាន់​វិហារ​ Kartarpurដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៤​គីឡូម៉ែត្រ​ ពី​ព្រំដែន ដោយ​មិន​បាច់​ប្រើ​ទិដ្ឋាកា។

ការ​បើក​​ច្រក​ធម្មយាត្រា​នេះ ជា​លទ្ធផលនៃ​​ចរចា​គ្នា​អស់​ជា​ច្រើនខែ​ ដ៏​តឹង​សរសៃក និង​ទើប​​សម្រេច​កិច្ចព្រមព្រៀង​ នៅ​​​ចុង​ខែ​តុលា កន្លង​ទៅ​ថ្មីៗនេះ។ នៅ​​ក្នុងចំណោម​​ហ្វូង​មហាជន​ដែល​បាន​ឆ្លង​ព្រំដែនតាម​​ច្រកសាសនា​​នេះ​មុន​គេ គេ​សង្កេត​ឃើញ​មាន​រូប​​អតីត​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ម៉ាន់មូហាន់​ ស៊ីង ដែល​បាន​សម្តែង​ការ​អបអរ និង​ចាត់​ទុក​ការ​បើក​ច្រកនេះ ថា​ជាការ​ចាប់​ផ្តើម​ថ្មី​នៃ​ទំនាក់ទំនង​ដ៏​ប្រសើរ​ឡើង​វិញ​រវាង​​ប៉ាគីស្ថាន និង​ឥណ្ឌា។

ការ​បើកច្រកព្រំដែន​​មុន​ថ្ងៃ​ខួប​៥៥០​ឆ្នាំ​របស់​Gourou Nanak ជា​ក្តី​រីករាយ​ដ៏​ធំធេងណាស់ ! លោក​នាយករដ្ឋមន្ត្រីឥណ្ឌា​​ មូឌី បាន​ថ្លែង​អំណរគុណ​ភ្លាម​ដល់​នាយក​រដ្ឋមន្ត្រី​​ប៉ាគីស្ថាន លោក អ៊ីមរ៉ាន់​ខាន់ ដែល​មាន​មនសិកា​គោរព​ឥណ្ឌា ​និង​ មាន​​កិច្ចសហប្រតិបត្តិការ​ជាមួយ​ឥណ្ឌា។ បន្តិច​ក្រោយ​មក លោក អ៊ីមរ៉ាន់ ខាន់ ក៏​បាន​ថ្លែង​នៅ​ចំពោះ​មុខ​រូប​ព្រះខ័ន​ ​និម្មិត្តរូបមួយ​​នៃសាសនា​​Sikhs កោត​សរសើរ​ពលរដ្ឋ​​អ្នក​ស្វែង​ធម៌​ទាំង​អស់​ដែល​បាន​មក​ជួប​ជុំ​គ្នា​ និង​អ្នក​ដែល​បាន​ធ្វើ​ឱ្យ​គម្រោង​​ធម្មយាត្រា​បាន​សម្រេច​ក្នុង​រយៈ​ពេល​តែ​១០​ខែ។ ​លោក​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន បាន​ប្រកាស​​ថា ការ​បើក​ច្រក​សាសនា​ថ្ងៃ​នេះ គ្រាន់​តែ​កិច្ច​ចាប់​ផ្តើម​ប៉ុណ្ណោះ សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​ទំនាក់ទំនង​ប៉ាគីស្ថាននិង​ឥណ្ឌា​នឹង​បាន​ប្រសើរ​កាន់​តែ​ខ្លាំង​ឡើង។

​សូម​បញ្ជាក់​ថា ដោយ​មាន​ជម្លោះ​តានតឹង​នឹង​គ្នា តាំង​ពី​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៧​មក ពលរដ្ឋ​កាន់​និកាយ​Sikhs​ឥណ្ឌា មិន​អាច​ធ្វើ​ដំណើរ​មក​កាន់​ទីកន្លែង​សាសនា​មួយ​នេះបាន​ដោយ​ងាយ​ឡើយ។ ប៉ាគីស្ថាន​រឹត​បន្តឹង​ច្បាប់​ផ្តល់​​​ទិដ្ឋាកា​ណាស់។ មណ្ឌល​Kartarpur ជា​ទីកន្លែង​សក្ការៈ​​​បំផុត​របស់​អ្នក​កាន់​សាសនា​Sikhs​ ដែល​ទទួល​ភ្ញៀវ​សាសនា​ក្នុង​មួយ​ថ្ងៃៗ​ប្រមាណ​៥ពាន់​នាក់។ ទីសក្ការៈ​​ ត្រូវ​បាន​ពង្រីក លម្អ​​ និង​មាន​ដាក់​ប៉ិស្តិ៍​​ត្រួត​ពិនិត្យ​អន្តោប្រវេសន៍​នៅ​ច្រក​ចូល​ផង។ អ្នក​កាន់​សាសនា​Sikhs មានទិដ្ឋាកា បានមក​ដល់ប៉ាគីស្ថាន​​ជា​បណ្តើរៗ​ហើយ​។ គេ​រាប់​ឃើញ​មាន​អ្នកកាន់​សាសនា​Sikhs សរុប​ប្រមាណ​ជាង​៣០​លាន​នាក់ នៅ​ទូទាំង​ពិភពលោក រាប់​លាន​នាក់​នៅ​ឥណ្ឌា និង​ប្រមាណតែ​២ម៉ឺន​នាក់​នៅ​ប៉ាគីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ