ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អាស៊ី

ភ្លើងឆេះព្រៃរាលដាលដល់ជាយក្រុង ស៊ីដនី

media នៅថ្ងៃទី ១២​វិច្ឆិកា រោងល្ខោន​នៅស៊ីដនី​អួរអ័ព្ទ​ដោយ​ផ្សែងភ្លើងឆេះព្រៃ ដែលកើតមាន​នៅប្រមាណ ១៥គីឡូម៉ែត្រ​ពី​ទីក្រុង​ស៊ីដនីដែលមានប្រជាជន​រស់នៅ ៥លាននាក់ © AAP Image/Paul Braven/via REUTERS

ភ្លើងឆេះព្រៃ​ជាច្រើនកន្លែង​កំពុង​រាលដាល​ចូលទៅ​ជិត​ទីក្រុង​ស៊ីដនី ដែល​ជា​ទីក្រុង​ប្រជុំជន​ធំជាងគេ​របស់​អូស្ត្រាលី។ នៅ​ថ្ងៃ​អង្គារ ភ្លើងឆេះព្រៃ​ជាង​១០កន្លែង ដែល​អំណោយផល​ដោយសារ​ខ្យល់បក់ខ្លាំង គួបផ្សំ​នឹង​អាកាសធាតុ​ក្តៅស្ងួត បាន​ឆាបឆេះ​ដល់ព្រៃ នៅជាយក្រុង​ស៊ីដនី។ នៅពេល​អ្នកវិទ្យាសាស្រ្ត​លើកឡើង​ពី​កត្តាប្រែប្រួល​អាកាសធាតុ នាយករដ្ឋមន្រ្តី​អូស្រ្តាលី និយាយ​ច្រើន​ពី​ការប្រឹងប្រែង​របស់​ក្រុមពន្លត់អគ្គិភ័យ ហើយ​និង​ការពង្រាយកងទ័ព ដើម្បី​ចូលរួម​ពន្លត់​ភ្លើង​ឆេះព្រៃ។

 

នៅថ្ងៃ​អង្គារ ក្រុមពន្លត់​អគ្គិភ័យ​អូស្ត្រាលី ត្រូវ​ប្រើ​ទាំង​យន្តហោះ និង​ឧទ្ធម្ភាគចក្រ ដើម្បី​ចេញទៅ​ពន្លត់ភ្លើង ដែល​កំពុង​ឆាបឆេះ ដល់​ជាយក្រុង​ស៊ីដនី។ នៅ​ពេល​រសៀល ភ្លើងឆេះព្រៃ ២​កន្លែង បាន​ចាប់ឆេះ​សន្ធោសន្ធៅ ឧទ្យានជាតិ ដែលសំបូរដោយ​ដើមប្រេងខ្យល់ នៅ​ជាយក្រុង Turramurra ​ដែល​ស្ថិតនៅ​ចម្ងាយ ១៥គីឡូម៉ែត្រ​ពី​ទីក្រុង​ស៊ីដនី។

តាមអាជ្ញាធរ​អូស្ត្រាលី ពេញ​មួយថ្ងៃ​អង្គារ គេរកឃើញ​មាន​ភ្លើងឆេះព្រៃ ជាង ៣០០កន្លែង នៅតាម​តំបន់ឆ្នេរសមុទ្រ​ខាងកើត​របស់​អូស្ត្រាលី។ ក្រុមពន្លត់អគ្គិភ័យ អូស្រាលី រាប់ពាន់នាក់ ត្រូវ​បាន​ពង្រាយ ពេញ រដ្ឋ​New South Wales​ដើម្បី ត្រៀមទប់ទល់ គ្រោះអគ្គិភ័យ​ដ៏កំណាច និង​លក្ខខណ្ឌ​មហន្តរាយ ដែល​អូស្ត្រាលី​កម្រ​នឹង​ជួបប្រទះ។ សម្រាប់​ប្រធានទីភ្នាក់ងារ​ពន្លត់អគ្គិភ័យ ប្រចាំ​រដ្ឋNew South Wales ដោយមើលទៅលើ​ទំហំ ឆេះរាលដាល ភ្លើងឆេះព្រៃ លើកនេះ ក្រុមពន្លត់ភ្លើង​ត្រូវ​ធ្វើការ​ជាច្រើនថ្ងៃ ឬ​សប្តាហ៍​ទៀត។ នៅ​រដ្ឋ​ New South Wales ភ្លើងឆេះព្រៃ បានដុតបំផ្លាញ ផ្ទៃដី​ប្រមាណ ១លានហិចតា ដែលស្មើ​នឹង​ផ្ទៃដីសរុប​របស់​ប្រទេស​ហ្សាម៉ាអ៊ីក​មួយ។

គិត​មកត្រឹម​ថ្ងៃអង្គារ ភ្លើងឆេះព្រៃ បាន​សម្លាប់ជីវិត​មនុស្ស​៣នាក់ និង​ដុតបំផ្លាញ ផ្ទះសម្បែង សាលារៀន ច្រើន​ជាង ១៥០ខ្នង។ សាលារៀន ប្រមាណ ៦០០​កន្លែង​បាន​បិទទ្វារ។ អាជ្ញាធរ​បាន​ប្រកាសលុបចោល​ផងដែរ ការប្រកួតប្រណាំងឡាន ដែល​ត្រូវ​រៀបចំ​នៅ​ចុងសប្តាហ៍នេះ នៅ Coffs Harbour ក្នុង​រដ្ឋ​ New South Wales

អ្នកជំនាញ​បាន​រៀបរាប់​ពី​លក្ខខណ្ឌ​អាកាសធាតុ​ដ៏​អាក្រក់ ដែល​មិនធ្លាប់​មាន​នៅអូស្ត្រាលី ជាទី ដែល​រដូវស្លឹកឈើ​លាស់ កន្លងទៅ កើតមាន​អាកាសធាតុ​ក្តៅ​ខ្លាំង រហូត​ដល់ ៤០​អង្សារ។ អាកាសធាតុ​ក្តៅខ្លាំង បូកផ្សំ​នឹង​ខ្យល់បក់ ៨០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង ជា​កត្តាអំណោយផល​ដល់​ភ្លើងឆេះព្រៃ ឆេះ វាលស្មៅ ដ៏​ស្ងួតហួតហែង។

អ្នកវិទ្យាសាស្រ្ត លើកឡើង​ពីកត្តា​ប្រែប្រួល​អាកាសធាតុ។ ភ្លើងឆេះព្រៃ​តែងកើតមាន នៅ​ប្រទេសកោះអូស្ត្រាលី នៅក្នុង​រដូវស្លឹកឈើលាស់ និង​រដូវក្តៅ។ ប៉ុន្តែ ឆ្នាំនេះ រដូវ​ភ្លើងឆេះ​កើតមាន​មុន​កំណត់ ហើយ​និង​សាហាវខ្លាំង ដែល​អូស្ត្រាលី​ទើប​ជួប​ជាលើកទី១៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ