អានតួអត្ថបទ

ក្នុងបរិបទ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម ​កំណើន​សេដ្ឋកិច្ចចិន ធ្លាក់​ទាប​ជាង​ការព្យាករ

នៅ​ថ្ងៃព្រហស្បតិ៍​នេះ ចិន​បាន​ចេញ​ផ្សាយ​តួលេខ​​ប្រចាំ​ខែ​តុលា ដែល​បង្ហាញ​អំពី​ភាព​យឺតយ៉ាវ​​នៃ​កំណើនសេដ្ឋកិច្ច​ ជាង​ការ​គិត​ទុក​ពី​មុន​ទៅ​ទៀត។ ផលិតផល​​ឧស្សាហកម្ម​ សកម្មភាព​លក់​រាយ បាន​បន្ថយ​ល្បឿន ចំណែក​សកម្មភាព​វិនិយោគ​វិញ បាន​ធ្លាក់​ចុះ​ទាប​ក្នុង​កំរិត​ដ៏​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ឡើយ ក្នុង​អំឡុង​ពេល​២១​ឆ្នាំ​កន្លង​មក​នេះ។

សកម្មភាព​សេដ្ឋកិច្ច​ឧស្សាហកម្ម​ចិន​បន្ថយ​ល្បឿន​ខ្លាំង​ជាង​ការ​ព្យាករ
សកម្មភាព​សេដ្ឋកិច្ច​ឧស្សាហកម្ម​ចិន​បន្ថយ​ល្បឿន​ខ្លាំង​ជាង​ការ​ព្យាករ Reuters
ផ្សាយពាណិជ្ជកម្ម

ផលិតផល​ឧស្សាហកម្ម​មាន​កំណើន​ត្រឹម​តែ​៤,៧%​ប៉ុណ្ណោះ​នៅ​ខែ​តុលា​ ទល់​នឹង​៥,៨%​កាលពី​ខែ​កញ្ញា។ ការលក់​រាយ​ ដែល​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​អំពី​ជីវភាព​និង​លទ្ធភាព​ចាយវាយ​របស់​ពលរដ្ឋ បាន​កើន​ត្រឹម​តែ​៧,២% ពោល​គឺជា​​ល្បឿន​ដ៏​យឺត​បំផុត គិត​​​​ក្នុង​រយៈ​ពេល​៦​ខែ​នេះ និង​ទាប​ជា​ងការ​ព្យាករ​ (៧,៨%)។ ​បើ​តាមការិយាល័យ​ស្ថិតិ​ ​​កំណើន​ផ្នែក​​​វិនិយោគទុន​វិញ មាន​ត្រឹម​តែ​៥,២%​ ប៉ុណ្ណោះ ដែល​​​ជា​អត្រា​ដ៏ទាប​បំផុត​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨មក។

ក្រៅ​អំពី​តួលេខ​ដ៏​ស្រអាប់​ក្នុង​​ខែ​តុលា ទស្សនវិស័យ​សម្រាប់​ពេលខាង​មុខ​ក៏​មិន​ប្រសើរ។ ​មាន​សញ្ញា​នៃ​ភាព​​យ៉ាប់យឺន​​​ជា​​ច្រើនផ្សេង​ទៀត ជា​ពិសេស​ក្នុង​វិស័យ​អចលនទ្រព្យ​ ដែល​ជា​ទម្រ​ដ៏​សំខាន់​មួយ​​នៃ​កំណើន​សេដ្ឋកិច្ច​ចិន។ ដូច្នេះ​បើ​តាម​អ្នក​វិភាគ សកម្មភាព​សំណង់​​បន្ថយ​ល្បឿននៅពេល​នេះ​ នឹង​ត្រូវ​បង្អាក់​កំណើន​សេដ្ឋកិច្ច​ចិន​នៅ​ឆ្នាំ​២០២០។

ក្នុង​បរិបទ​សេដ្ឋកិច្ច​តានតឹង​ដូច្នេះ នាយករដ្ឋមន្ត្រី​ចិន​បាន​អំពាវនាវ​កាលពី​ដើម​សប្តាហ៍​ ឱ្យ​ក្រុមហ៊ុន​ខ្នាត​តូច​និ​ងមធ្យម​ ចូល​រួម​ប្រឹង​ប្រែង​ឱ្យ​ខ្លាំង​ជាង​មុន​ក្នុង​ការ​​​លើក​ស្ទួយ​សេដ្ឋកិច្ច ដោយ​ជួយ​ពង្រឹង​ទីផ្សារ​ការងារ​ឱ្យ​កាន់​តែស្វាហាប់។

ការ​ចេញ​ផ្សាយ​តួលេខ​នៃ​កំណើន​សេដ្ឋកិច្ច​យឺតយ៉ាវ ធ្លាក់​មក​ក្នុងខណៈ​ដែល​ចិន​កំពុងបន្ត​​ប្រឈម​នឹង​​​សង្គ្រាម​ពាណិជ្ជកម្ម​ ជាមួយ​សហរដ្ឋ​អាមេរិក ដែល​អូសបន្លាយ​ពេល​​តាំង​ពី​ជាង​មួយ​ឆ្នាំ​មក ដោយ​មានការ​ដំឡើង​ពន្ធគយ​​លើ​ផលិតផល​នាំចូល​ជា​ច្រើន។​ សង្គ្រាម​ដំឡើង​ពន្ធ​គ្នា​ទៅ​វិញ​មក បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច​ចិន និង​ពិភពលោល។ ការ​ចរចា​​បញ្ចប់​​​សង្គ្រាម​ពាណិជ្ជកម្ម បាន​ចាប់​ផ្តើម​ ចិន​និ​ងអាមេរិក​ សង្ឃឹម​ថា​នឹង​អាច​ចុះ​​កិច្ចព្រមព្រៀង​បឋមនៅ​ខែ​នេះ។ ប្រធានាធិបតី​អាមេរិក​ ធ្លាប់​បាន​ព្រលយគម្រោង​ចង់​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយភាគ​ ជាមួយ​សមភាគី​ចិន ក្នុងវេទិកា​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​ ហៅកាត់​ ​APEC នា​​ចុង​សប្តាហ៍​នេះ នៅ​ប្រទេស​ស៊ីលី។ តែ​ដោយ​សារ​វិបត្តិ​ផ្ទៃក្នុង​ស៊ីលី​បានដក​ខ្លួន​មិន​រៀប​ចំ​ជំនួប​នោះ​​វិញ គេ​ពុំ​ឃើញ​មាន​ការ​បង្ហើប​បង្ហាញ​ ពី​​កាលបរិច្ឆេទ​និង​ទីកន្លែងថ្មី​​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចិន-អាមេរិកឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ