ក្រិកបង្កើនល្បឿនផ្តល់ "ទិដ្ឋាការមាស" ដល់អ្នកវិនិយោគចិន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៥២
តាំងពីឆ្នាំ២០១៣មក ក្រិកបានបង្កើតកម្មវិធីទាក់ទាញអ្នកវិនិយោគបរទេស ដែលមិនមែនជាពលរដ្ឋអឺរ៉ុប ជាថ្នូរនឹងការផ្តល់សិទ្ធិស្នាក់នៅ ឬហៅថាកម្មវិធី "ទិដ្ឋាការមាស"។ កម្មវិធីនេះបានទាក់ទាញអ្នកវិនិយោគចិនច្រើនជាងគេ។ គ្រាន់តែមួយឆ្នាំ២០១៨កន្លងទៅ ការផ្តល់ទិដ្ឋាការស្នាក់នៅពិសេសនេះ បានកើនឡើង៤៦%។ ទោះបីសហភាពអឺរ៉ុប បានអំពាវនាវឱ្យប្រទេសជាសមាជិកកាត់បន្ថយកម្មវិធី “ទិដ្ឋាការមាស” នេះក្តី ក៏ក្រិកមិនខ្វល់ស្តាប់ និងកំពុងបង្កើនល្បឿន សម្រួលសំណុំបែបបទរដ្ឋបាលទទួលចិនទៀត។
“តាំងពីបានទិដ្ឋាការមក យើងអាចធ្វើដំណើរពេញអឺរ៉ុប និងមានអារម្មណ៍កក់ក្តៅពេលត្រលប់មកដល់ផ្ទះនៅក្រិក” ! នេះជាសំដីរបស់បុរសចិន មកពីសៀងហៃ វ័យ៥០ឆ្នាំប្លាយ ដែលជ្រើសរើសក្រិក ព្រោះជាប្រទេសមានសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ លទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ ជនជាតិចិនរូបនេះ ព្រមទាំងភរិយានិងកូនប្រុសម្នាក់អាយុ១៨ឆ្នាំ ដែលចាប់និយាយភាសាក្រិកបណ្តើរៗហើយ បានទទួលសិទ្ធិស្នាក់នៅក្នុងប្រទេសក្រិក បន្ទាប់ពីបានទិញផ្ទះ “ខុនដូ” មួយខ្នងនៅទីក្រុង អាថែន។
នៅឆ្នាំ២០១៣ ក្នុងពេលកំពុងលង់ខ្លាំងក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ តម្លៃអចលនទ្រព្យធ្លាក់ទាបមិនធ្លាប់មាន ក្រិកបានបង្កើតកម្មវិធី “ទិដ្ឋាការមាស” ផ្តល់សិទ្ធិស្នាក់នៅ ៥ឆ្នាំ (ដោយអាចពន្យារបាន) ដល់គ្រប់ជនបរទេសណាដែលរស់នៅក្រៅតំបន់អឺរ៉ុប ហ៊ានមកវិនិយោគក្នុងវិស័យអចលនទ្រព្យក្រិកក្នុងតម្លៃ យ៉ាងហោច ២៥ម៉ឺនអឺរ៉ូ។ គិតចាប់តាំងពីពេលនោះមក ដល់ថ្ងៃនេះ បើតាមតួលេខផ្លូវការ ក្រិកបានផ្តល់ទិដ្ឋាការមាស ដល់ជនបរទេសចំនួន ៥៣០០នាក់ ក្នុងនោះ ៣៤០០នាក់ ជាអ្នកវិនិយោគចិន បន្ទាប់មករុស្ស៊ី និងតួកគី។
ហេតុអ្វីចិនច្រើន?! តាំងពីជាងមួយទសវត្សរ៍ចុងក្រោយនេះមក ក្រិកបានពង្រឹងពង្រីកទំនាក់ទំនងពាណិជ្ជកម្មយ៉ាងស្អិតល្មួតជាមួយចិន ដែលកំពុងស្វែងរកមូលដ្ឋានឈរជើងសម្រាប់ជ្រៀតចូលអឺរ៉ុប។ នៅឆ្នាំ២០០៨ ស្ថានីយ៍ពីររបស់កំពង់ផែPirée ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនយក្សចិនCosco ដែលបានប្រមូលទិញស្ថានីយ៍ទីបីទៀត នៅឆ្នាំ២០១៦។ ចិនបានកំពង់ផែក្រិក ប្រើជាចំណុចភ្ជាប់អាស៊ីនិងអឺរ៉ុប។ គ្រាន់តែលោកនាយករដ្ឋមន្ត្រីក្រិក បញ្ចប់ទស្សនកិច្ចនៅពិព័រណ៍ពាណិជ្ជកម្មនាំចរញក្រុងសៀងហៃភ្លាម លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋបីថ្ងៃនៅប្រទេសក្រិក តាំងពីថ្ងៃអាទិត្យទី ១០វិច្ឆិកាមក។ ទំព័រទំនាក់ទំនង ក្រិក-ចិន មានភាពល្អប្រសើរបំផុត ដែលពុំធ្លាប់មានពេលណាល្អដូចឡើយ ! នេះជាប្រសាសន៍របស់លោកប្រមុខរដ្ឋាភិបាលក្រិក Kyriakos Mitsotakis។
បើតាមអ្នកជំនាញ ពលរដ្ឋចិនមិនមែនសំលឹងឃើញក្រិកតែក្នុងប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្ម និងជាច្រកចូលសហភាពអឺរ៉ុបទេ តែចិនជ្រើសរើសធ្វើវិនិយោគចំណាយថវិកាទិញអចលនាទ្រព្យនៅក្រិក ដោយការពេញចិត្តនឹងគុណភាពជីវិតលើទឹកដីក្រិកដ៏ចំណាស់។ ចិនបានផ្តុំគ្នាទិញអចលនទ្រព្យនៅក្រុងអាថែន និងជាយក្រុងជាប់រដ្ឋធានី រហូតបង្កើតបានជាកូនសង្កាត់ចិនមួយ។ ចិនបានប្រមូលទិញអគារទាំងមូលក្នុងតំបន់ ហើយខុនដូនីមួយៗមានម្ចាស់កម្មសិទ្ធិសុទ្ធជាពលរដ្ឋចិន។ នេះបើតាមនាយកដ្ឋានចាត់ចែងអន្តោប្រវេសន៍ Dedes ដែលមានសេវាច្បាប់ពិសេសសម្រាប់តែពលរដ្ឋចិនមានទិដ្ឋការមាស។
បើតាមភ្នាក់ងារ ភាពយឺតយ៉ាវនៃដំណើរការរដ្ឋបាល បានបង្អាក់ឆន្ទៈរបស់ចិន។ តាមធម្មតា ដើម្បីអាចទទួលបានសិទ្ធិស្នាក់នៅ ក្នុងក្របខ័ណ្ឌទិដ្ឋាការមាស គេត្រូវការចំណាយពេលវេលារង់ចាំ យ៉ាងហោចក៏មួយឆ្នាំ ព្រោះរាល់គ្រប់សំណុំបែបបទត្រូវឆ្លងកាត់ស្ថាប័ន តែមួយ ដែលក្តោបគ្រប់សំណុំឯកសារអន្តោប្រវេសន៍ រាប់តាំងសំណុំរឿងសុំជ្រកកោននយោបាយ របស់ជនភៀសខ្លួន រាប់សិបពាន់នាក់ផង។
ហេតុដូច្នេះហើយជា បានជាកាលពីចុងខែតុលា ឆ្នាំ២០១៩ក្រិកបានអនុម័តច្បាប់ថ្មី សម្រួលការវិនិយោគ។ វិធានការពិសេសត្រូវបានរៀបចំឡើង ដើម្បីពង្វាងការត្រួតពិនិត្យចរន្តថវិកាដ៏តានតឹងរបស់ចិន ដោយអនុញ្ញាតឱ្យមានការផ្ទេរលុយវិនិយោគអប្បបរិមា ២៥ម៉ឺន តាមធនាគារ ជាច្រើនវគ្គ។ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ក្រិក ដែលទើបអញ្ជើញទៅប្រទេសចិនកាលពីថ្មីៗនេះ បានអះអាងប្រាប់AFPថា ធនាគារក្រិកបានសម្រេចព្រមព្រៀងឱ្យមានការប្រើប្រាស់ធនាគារសម្រាប់ផ្ទេរប្រាក់ ដោយមិនរំលោភច្បាប់ក្រិកផង និងមិនរំលោភច្បាប់អឺរ៉ុបទៀត។
សូមបញ្ជាក់ថា ប្រទេសនៅភាគខាងត្បូងអឺរ៉ុប ដែលជួបវិបត្តិហិរញ្ញវត្ថុដូចក្រិកដែរ មានជាអាទិ៍ប្រទេសស៊ីប អេស្ប៉ាញ ឬព័រទុយហ្កាល់ជាដើម ក៏បានប្រកាន់យកកម្មវិធី “ទិដ្ឋាការមាស” នេះដូចគ្នា ដើម្បីទាក់ទាញអ្នកវិនិយោគ។ ប៉ុន្តែទង្វើបែបនេះ ជាហានិភ័យសម្រាប់សន្តិសុខអឺរ៉ុបទាំងមូល។ តាំងពីដើមឆ្នាំ២០១៩មក គណៈកម្មការអឺរ៉ុបបានទាញសញ្ញាអាសន្នថា សកម្មភាពទាក់ទាញវិនិយោគជាថ្នូរនឹងការផ្តល់សិទ្ធិស្នាក់នៅឬផ្តល់លិខិតឆ្លងដែន (សញ្ជាតិ) អាចនឹងធ្វើឱ្យបណ្តាញឧក្រិដ្ឋជននៅក្រៅអឺរ៉ុបអាចជ្រៀតចូលក្នុងសហភាពបាន ជាការបើកច្រកលាងលុយ និងរត់គេចពន្ធ។ បើតាមគណៈកម្មការ ក្នុងរយៈពេល១០ឆ្នាំនេះ មានមនុស្សមួយសែននាក់បានទទួលទិដ្ឋាការឬលិខិតឆ្លងដែន តាមរយៈកម្មវិធីទិដ្ឋាការមាស។ ជាមួយនឹងការចង្អុលមុខប៊ុលហ្ការី ស៊ីប និងម៉ាល់ត៍ ថាជាញឹកញយបានផ្តល់សិទ្ធិដល់ក្រុមអ្នកវិនិយោគមាន ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ គណៈកម្មការបានអំពាវនាវឱ្យប្រទេសជាសមាជិកអឺរ៉ុបកាត់បន្ថយការផ្លត់ទិដ្ឋាការមាស។ ប៉ុន្តែក្រិកដែលកំពុងបន្តស្វែងរកនិងទាក់ទាញអ្នកវិនិយោគមកស្រោចស្រង់ប្រទេសចេញពីវិបត្តិដ៏រ៉ាំរ៉ៃ មិនចង់ខកខានឱកាសឡើយ។ ធនាគារក្រិកប៉ាន់ស្មានថា កម្មវិធីទិដ្ឋាការមាស បាននាំចំណូលថវិកាចិនចូលហិបក្រិកបាន៤៦៩លានអឺរ៉ូ នៅឆ្នាំ២០១៨ និង៤៤៣លានអឺរ៉ូ សម្រាប់ឆមាសទីមួយនៃឆ្នាំ២០១៩ ទល់នឹង៧៧លានប៉ុណ្ណោះនៅឆ្នាំ២០១៧។
ក្រៅពីក្រិក ប្រទេសចំនួន២០ លើ២៨ប្រទេសជាសមាជិកអឺរ៉ុប ដែលបានប្រើកម្មវិធីទិដ្ឋាការមាសដែរ ទំនងជាមិនបោះបង់កម្មវិធីប្រមូលប្រាក់នេះដោយងាយៗឡើយ។ ទិដ្ឋាការមាសជាតំណាងចំណូលដ៏សំខាន់មួយ ក្នុងទំហំជាង២៥ពាន់លានអឺរ៉ូ ក្នុងរយៈពេលតែ១០ឆ្នាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ