ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT

ក្រិកបង្កើនល្បឿនផ្តល់ "ទិដ្ឋាការមាស" ដល់អ្នកវិនិយោគចិន

ក្រិកបង្កើនល្បឿនផ្តល់
 
ប្រធានាធិបតី​ចិន​ និង​នាយក​រដ្ឋមន្ត្រី​ក្រិក បំពេញ​ទស្សនកិច្ច​នៅ​កំពង់​ផែ​Pirée ថ្ងៃទី ១១​វិច្ឆិកា ២០១៩ © Reuters

តាំង​ពី​ឆ្នាំ​២០១៣​មក ក្រិក​បានបង្កើត​កម្មវិធី​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស ដែល​មិន​មែន​​ជា​ពលរដ្ឋ​អឺរ៉ុប ជា​ថ្នូ​រនឹង​ការ​ផ្តល់​សិទ្ធិ​ស្នាក់​នៅ ឬ​ហៅ​ថា​កម្មវិធី​ "ទិដ្ឋាការមាស"។ កម្មវិធីនេះ​បាន​ទាក់ទាញ​អ្នក​វិនិយោគ​ចិន​ច្រើន​ជាង​គេ។ គ្រាន់​តែមួយ​ឆ្នាំ​២០១៨​កន្លង​ទៅ ការ​ផ្តល់​ទិដ្ឋាការ​ស្នាក់នៅ​ពិសេស​នេះ បាន​កើន​ឡើង​៤៦%។ ទោះ​បី​សហភាព​អឺរ៉ុប បានអំពាវនាវ​ឱ្យ​ប្រទេស​ជា​សមាជិក​កាត់​បន្ថយ​កម្មវិធី​ “ទិដ្ឋាការមាស”​ នេះ​ក្តី ក៏​ក្រិក​មិន​ខ្វល់​ស្តាប់ និង​កំពុង​បង្កើន​ល្បឿន​ សម្រួល​សំណុំ​បែប​បទ​រដ្ឋបាល​ទទួល​ចិន​ទៀត។

“តាំង​ពី​បាន​ទិដ្ឋាការ​មក យើង​អាច​ធ្វើ​ដំណើរ​ពេញ​អឺរ៉ុប និងមាន​អារម្មណ៍​កក់​ក្តៅ​ពេល​​ត្រលប់​មក​ដល់ផ្ទះ​នៅ​​ក្រិក​” ! នេះ​ជា​សំដី​របស់បុរស​ចិន ​​មក​ពីសៀងហៃ វ័យ​៥០ឆ្នាំប្លាយ​ ដែល​ជ្រើសរើស​​ក្រិក ព្រោះ​​ជា​ប្រទេសមាន​សម្បត្តិវប្បធម៌​ ប្រវត្តិសាស្ត្រ ​លទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ ជនជាតិ​ចិន​រូបនេះ ព្រមទាំង​ភរិយា​និង​កូនប្រុស​ម្នាក់​អាយុ​១៨​ឆ្នាំ ដែល​ចាប់​និយាយភាសា​​ក្រិកបណ្តើរៗ​ហើយ បាន​ទទួល​សិទ្ធិ​ស្នាក់នៅ​ក្នុង​ប្រទេស​ក្រិក បន្ទាប់​ពី​បាន​ទិញ​ផ្ទះ​ “ខុនដូ” មួយ​ខ្នង​នៅ​ទីក្រុង​ អាថែន។

នៅ​ឆ្នាំ​២០១៣ ក្នុងពេល​កំពុង​លង់​ខ្លាំង​ក្នុង​វិបត្តិដ៏​ធ្ងន់ធ្ងរ​ តម្លៃ​អចលនទ្រព្យ​ធ្លាក់​ទាប​មិន​ធ្លាប់​មាន ក្រិក​បាន​បង្កើត​កម្មវិធី​ “ទិដ្ឋាការមាស” ផ្តល់​សិទ្ធិស្នាក់​នៅ​ ៥​ឆ្នាំ (ដោយ​អាច​ពន្យារ​បាន) ដល់​គ្រប់​ជន​​​បរទេសណា​ដែល​រស់​នៅ​ក្រៅ​តំបន់​អឺរ៉ុប ហ៊ានមក​​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យក្រិក​ក្នុង​តម្លៃ​ យ៉ាង​ហោច ២៥ម៉ឺន​អឺរ៉ូ។ គិត​ចាប់​តាំងពី​ពេល​នោះ​មក​ ដល់​ថ្ងៃ​នេះ បើ​តាម​តួលេខ​ផ្លូវការ ក្រិក​បាន​ផ្តល់​ទិដ្ឋាការ​មាស ដល់​ជនបរទេស​​ចំនួន ៥៣០០​​នាក់ ក្នុងនោះ ៣៤០០​នាក់ ជា​អ្នក​វិនិយោគ​ចិន បន្ទាប់​មក​រុស្ស៊ី និង​តួកគី។

ហេតុ​អ្វី​ចិន​ច្រើន​?! តាំង​ពី​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​មក ក្រិក​បាន​ពង្រឹង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​យ៉ាង​ស្អិត​ល្មួតជាមួយ​ចិន ដែល​កំពុង​ស្វែង​រក​មូលដ្ឋាន​ឈរ​ជើង​សម្រាប់​ជ្រៀត​ចូល​អឺរ៉ុប។ នៅ​ឆ្នាំ​២០០៨ ស្ថានីយ៍​ពីរ​របស់​កំពង់ផែ​Pirée ត្រូវ​បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​យក្ស​ចិន​Cosco ដែល​បាន​ប្រមូល​ទិញ​ស្ថានីយ៍​ទី​បី​ទៀត នៅ​ឆ្នាំ​២០១៦។ ចិន​បាន​កំពង់​ផែ​ក្រិក ប្រើ​ជា​ចំណុច​ភ្ជាប់​អាស៊ី​និង​អឺរ៉ុប។ គ្រាន់​តែ​លោក​នាយក​រដ្ឋមន្ត្រី​ក្រិក​ បញ្ចប់​ទស្សនកិច្ច​នៅពិព័រណ៍​ពាណិជ្ជកម្ម​នាំ​ចរញ​​ក្រុងសៀងហៃ​ភ្លាម លោកប្រធានាធិបតី​ចិន ស៊ី ជិនពីង បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​បី​ថ្ងៃ​នៅ​ប្រទេស​ក្រិក​ តាំង​ពី​ថ្ងៃ​អាទិត្យ​ទី ១០​វិច្ឆិកា​មក។ ទំព័រ​ទំនាក់ទំនង​ ក្រិក-ចិន មាន​ភាព​​ល្អ​ប្រសើរ​បំផុត ដែល​ពុំ​ធ្លាប់​មាន​ពេល​ណា​ល្អ​ដូច​ឡើយ ! នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រមុខ​រដ្ឋាភិបាលក្រិក Kyriakos Mitsotakis។

​បើ​តាម​អ្នក​ជំនាញ ពលរដ្ឋ​ចិន​មិនមែន​សំលឹង​ឃើញក្រិក​​តែក្នុង​​ប្រយោជន៍​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​ជា​ច្រកចូល​សហភាពអឺរ៉ុប​ទេ តែ​ចិន​ជ្រើសរើសធ្វើ​វិនិយោគ​ចំណាយ​ថវិកា​​ទិញ​​​អចលនាទ្រព្យនៅ​ក្រិក ដោយ​ការ​ពេញ​ចិត្ត​​នឹង​គុណភាព​ជីវិតលើ​ទឹក​ដី​ក្រិក​ដ៏​ចំណាស់។ ចិន​បាន​ផ្តុំ​គ្នា​ទិញអចលនទ្រព្យ​នៅក្រុង​អាថែន និង​ជាយ​ក្រុងជាប់​រដ្ឋធានី​ រហូត​បង្កើតបាន​ជា​កូន​សង្កាត់​ចិន​មួយ​។​ ចិន​បាន​ប្រមូល​​ទិញ​អគារ​ទាំង​​មូល​ក្នុង​តំបន់​ ហើយ​​ខុនដូនីមួយៗមាន​​​ម្ចាស់​​កម្មសិទ្ធិសុទ្ធ​ជា​ពលរដ្ឋ​ចិន​​។ នេះ​បើតាម​នាយកដ្ឋាន​​ចាត់​ចែង​អន្តោប្រវេសន៍​ Dedes ដែល​មាន​សេវា​ច្បាប់​ពិសេស​សម្រាប់​​តែ​ពលរដ្ឋ​ចិន​មាន​ទិដ្ឋការ​មាស។

បើ​តាម​ភ្នាក់ងារ ​ ភាព​យឺតយ៉ាវ​នៃ​ដំណើរ​ការរដ្ឋបាល​ បាន​បង្អាក់​ឆន្ទៈ​របស់​ចិន។ តាម​ធម្មតា ដើម្បី​អាច​ទទួល​បានសិទ្ធិស្នាក់នៅ ក្នុង​ក្របខ័ណ្ឌ​​ទិដ្ឋាការ​មាស គេ​ត្រូវ​ការ​​ចំណាយ​​ពេល​វេលា​រង់​ចាំ ​យ៉ាង​ហោច​ក៏​មួយ​ឆ្នាំ ព្រោះរាល់​គ្រប់​សំណុំ​បែបបទ​ត្រូវ​ឆ្លង​កាត់​​​ស្ថាប័ន​ ​តែ​មួយ​ ដែល​ក្តោប​គ្រប់​​សំណុំ​ឯកសារអន្តោប្រវេសន៍ រាប់​តាំង​សំណុំ​រឿង​​​សុំ​ជ្រក​កោននយោបាយ​ របស់​ជន​ភៀសខ្លួន​ រាប់​សិប​ពាន់​នាក់ផង។

ហេតុ​ដូច្នេះហើយ​ជា បាន​ជា​កាលពី​ចុង​ខែ​តុលា ​ឆ្នាំ​២០១៩​ក្រិកបាន​អនុម័ត​ច្បាប់​ថ្មី​ ​​សម្រួល​ការ​វិនិយោគ​។ វិធានការ​ពិសេស​ត្រូវ​បាន​រៀប​ចំ​ឡើង​ ដើម្បី​ពង្វាង​ការ​ត្រួត​ពិនិត្យ​ចរន្តថវិកា​ដ៏​តានតឹង​របស់​ចិន ដោយ​អនុញ្ញាត​ឱ្យ​មាន​ការ​​ផ្ទេរ​លុយវិនិយោគ​អប្បបរិមា ២៥ម៉ឺន តាម​ធនាគារ​ ជា​ច្រើន​វគ្គ។ រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ក្រិក​ ដែល​ទើប​អញ្ជើញ​ទៅ​ប្រទេស​ចិន​កាលពី​ថ្មីៗ​នេះ បាន​អះអាង​ប្រាប់​AFP​ថា ធនាគារ​ក្រិក​បាន​សម្រេច​ព្រមព្រៀង​ឱ្យ​មាន​ការប្រើប្រាស់​ធនាគារ​​សម្រាប់​​ផ្ទេរ​ប្រាក់​ ដោយ​មិន​រំលោភ​ច្បាប់​ក្រិក​ផង និង​មិន​រំលោភ​ច្បាប់​អឺរ៉ុបទៀត។ ​

សូម​បញ្ជាក់​ថា ប្រទេស​នៅ​ភាគ​ខាង​ត្បូង​អឺរ៉ុប ដែល​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដូចក្រិក​ដែរ មាន​ជា​អាទិ៍​ប្រទេស​ស៊ីប អេស្ប៉ាញ ឬ​ព័រទុយហ្កាល់​ជា​ដើម ក៏​បាន​ប្រកាន់​យក​កម្មវិធី​ “ទិដ្ឋាការ​មាស” នេះ​ដូច​គ្នា ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ។ ប៉ុន្តែ​ទង្វើ​បែប​នេះ ជា​​ហានិភ័យ​សម្រាប់​សន្តិសុខ​អឺរ៉ុប​ទាំង​មូល។ តាំង​ពី​ដើម​ឆ្នាំ​២០១៩​មក គណៈកម្មការ​អឺរ៉ុប​បាន​ទាញសញ្ញាអាសន្ន​ថា​ សកម្មភាព​ទាក់ទាញ​វិនិយោគ​​ជា​ថ្នូរ​នឹង​ការ​ផ្តល់​សិទ្ធិ​ស្នាក់នៅ​ឬ​ផ្តល់​លិខិត​ឆ្លង​ដែន​ (សញ្ជាតិ) អាច​នឹង​ធ្វើ​ឱ្យ​បណ្តាញ​​ឧក្រិដ្ឋជន​នៅក្រៅអឺរ៉ុប​​អាច​ជ្រៀត​ចូល​ក្នុង​សហភាព​បាន ជាការ​បើក​ច្រក​លាង​លុយ និង​រត់​គេច​ពន្ធ​។ បើ​តាម​គណៈកម្មការ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​នេះ មាន​មនុស្ស​មួយ​សែន​នាក់​បាន​ទទួល​ទិដ្ឋាការ​ឬ​លិខិត​ឆ្លង​ដែន​ តាម​រយៈ​កម្មវិធី​ទិដ្ឋាការ​មាស។ ​ជាមួយ​នឹង​ការ​ចង្អុល​មុខ​ប៊ុលហ្ការី ស៊ីប និង​ម៉ាល់ត៍ ថា​ជា​ញឹកញយ​បាន​ផ្តល់​សិទ្ធិ​ដល់​​​ក្រុម​អ្នក​វិនិយោគមាន ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​ គណៈកម្ម​ការ​បានអំពាវនាវ​ឱ្យ​ប្រទេស​ជា​សមាជិក​អឺរ៉ុប​កាត់​បន្ថយ​ការ​​ផ្លត់​ទិដ្ឋាការ​មាស។ ប៉ុន្តែ​ក្រិក​ដែលកំពុង​បន្ត​ស្វែង​រក​​និង​ទាក់ទាញ​អ្នក​វិនិយោគ​មក​ស្រោច​ស្រង់​ប្រទេស​ចេញ​ពី​វិបត្តិ​ដ៏​រ៉ាំរ៉ៃ មិន​ចង់​ខក​ខាន​ឱកាស​ឡើយ។ ធនាគារ​ក្រិក​ប៉ាន់​ស្មាន​ថា កម្មវិធី​ទិដ្ឋាការ​មាស បាន​នាំ​ចំណូលថវិកា​ចិន​ចូល​ហិប​​ក្រិក​បាន​៤៦៩​លាន​អឺរ៉ូ​ នៅ​ឆ្នាំ​២០១៨ និង​៤៤៣​លាន​អឺរ៉ូ សម្រាប់​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៩ ទល់នឹង​៧៧​លាន​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១៧។

ក្រៅ​ពីក្រិក ប្រទេស​ចំនួន​២០ លើ​២៨​ប្រទេស​ជា​សមាជិក​អឺរ៉ុប​ ដែល​បាន​ប្រើ​កម្មវិធី​ទិដ្ឋាការ​មាស​ដែរ ទំនង​ជា​មិន​បោះបង់កម្ម​វិធី​ប្រមូល​ប្រាក់​នេះ​ដោយ​ងាយៗ​ឡើយ។ ទិដ្ឋាការ​មាស​ជា​តំណាង​ចំណូល​ដ៏​សំខាន់​មួយ ក្នុង​ទំហំ​​ជាង​២៥​ពាន់​លាន​អឺរ៉ូ ក្នុង​រយៈ​ពេល​តែ​១០​ឆ្នាំ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ