ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
អាស៊ី

ចិននិង​ហុងកុង ថ្កោល​ទោស​បាតុករ​នៅ​ទីក្រុង​ឡុងដ៍ ដែល «​វាយ​ប្រហារ​​» រដ្ឋ​មន្ដ្រី​យុត្តិធម៌​ហុងកុង

media  
រដ្ឋ​មន្ដ្រី​យុត្តិធម៌​ហុងកុង លោកស្រី ថេរ៉េសា ឆេង ដួល​ទៅ​លើ​ដី បន្ទាប់​ពី​ត្រូវ​បាន​ចោម​រោម​ជេរ​ប្រមាថ​ដោយ​ក្រុម​បាតុករ REUTERS/Chloe Leung

រដ្ឋ​មន្ដ្រី​ក្រសួង​យុត្តិធម៌​ហុងកុង បាន​រង​ការ​ចោម​រោម​រុញ​ច្រាន​ពី​សំណាក់​បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ពេល​ដែល​លោក​ស្រី​បង្ហាញ​វត្តមាន​នៅទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤​វិច្ឆិកា​។ ហេតុការណ៍​នេះ ត្រូវ​បាន​ប្រទេស​ចិននិង​ប្រមុខ​ដឹក​នាំ​ហុងកុង​​ចេញ​មុខ​ថ្កោល​ទោស​ព្រម​ៗ​គ្នា នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​ចាត់​ទុក​ថា វា​ជា​ការ​វាយ​ប្រហារ​លើ​រដ្ឋ​មន្ដ្រី​ហុងកុង។ ទាំង​ចិន​និង​ហុងកុង បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​អង់គ្លេស បង្កើន​ការ​ការពារ​សន្តិសុខ​សម្រាប់​រដ្ឋ​មន្ដ្រី​ហុងកុង ដែល​កំពុង​មាន​វត្តមាន​នៅ​ទីក្រុង​ឡុងដ៍​។

បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋ​អំណាច​ហុងកុង ក្រៅ​តែ​ពី​​អូស​បន្លាយ​អស់​រយៈ​ពេល​យូរ​ហើយ ឥឡូវ​នេះ វា​បាន​រីក​សាយ​ភាយ​ទៅ​ដល់​ដែនដី​អង់គ្លេស​ថែម​ទៀត​។ នៅយប់​​ថ្ងៃព្រហស្បតិ៍ ទី​១៤​វិច្ឆិកា ក្រុម​អ្នក​ស្នេហា​លទ្ធិ​ប្រជាធិបតេយ្យ​បាន​នាំ​គ្នា​ស្កាត់​ទៅ​ចោម​រោម​ជេរ​ប្រមាថ​ដល់​រដ្ឋ​មន្ដ្រី​ក្រសួង​យុត្តិធម៌​ហុងកុង លោក​ស្រី ថេរ៉េសា ឆេង ដែល​កំពុង​មាន​វត្តមាន​នៅ​ទីក្រុង​ឡុងដ៍​។

តាម​រយៈ​ឃ្លីប​វីដេអូ​ខ្លីដែល​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធឺណែត គេ​ឃើញ​លោក​ស្រី ថេរ៉េសា ឆេង ដួល​ទៅ​លើ​ដី មុន​ពេលត្រូវ​បាន​សហការី​ទាញ​ឲ្យ​ក្រោក​ឈរ​ឡើង​វិញ​ ហើយ​បន្ត​ដំណើរ​គេច​ពី​ក្រុម​បាតុករ​ដែល​មាន​គ្នា​ច្រើន​ដូច​ស្រមោច​។ ស្ថានទូត​ចិន​ប្រចាំ​នៅទីក្រុង​ឡុងដ៍ អះអាង​ថា ក្រុម​បាតុករ​បាន​ច្រាន​រដ្ឋ​មន្ដ្រី​យុត្តិធម៌​ហុងកុង​ឲ្យ​ដួល​ ប៉ុន្តែ​នៅ​ក្នុង​ឃ្លីប​វីដេអូ គេ​មិន​មើល​មិន​ច្បាស់​ថា លោក​ស្រី​ត្រូវ​គេ​រុញ​ដួល ឬ​ដួល​ដោយ​ខ្លួន​ឯង​ឡើយ​។

នៅ​ចំពោះ​មុខ​ហេតុការណ៍​នេះ ​ប្រទេស​ចិននិង​ប្រមុខ​ដឹក​នាំ​ហុងកុង​​ បាន​នាំ​គ្នា​ចេញ​មុខ​មក​​ថ្កោល​ទោសក្រុម​បាតុករ ដោយ​ចាត់​ទុក​​ថា វា​ជា​ការ​វាយ​ប្រហារ​លើ​រដ្ឋ​មន្ដ្រី​ហុងកុង។ ទាំង​ចិន​និង​ហុងកុង បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​អង់គ្លេស បង្កើន​ការ​ការពារ​សន្តិសុខ​សម្រាប់​រដ្ឋ​មន្ដ្រី​ហុងកុង ដែល​កំពុង​មាន​វត្តមាន​នៅ​ទីក្រុង​ឡុងដ៍​ និង​ជា​ពិសេស គឺ​ត្រូវ​តែ​ស្រាវ​ជ្រាវ​វែក​រក​មុខ​ជន​ដៃ​ដល់​យក​ទៅ​ផ្ដន្ទាទោសតាម​ផ្លូវ​ច្បាប់​។

នៅ​ថ្ងៃ​សុក្រ ទី​១៥​វិច្ឆិកា​នេះ ប៉ូលីស​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​បើក​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​វាយ​ប្រហារ​លើ​រដ្ឋ​មន្ដ្រី​យុត្តិធម៌​ហុងកុង​នេះ​ហើយ​។ យ៉ាង​ណា​ក៏​ដោយ បើ​តាម​ប៉ូលីស​អង់គ្លេស គ្មាន​នរណា​ម្នាក់​ត្រូវ​បានឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​នេះ​នៅ​ឡើយ​ទេ គិតរហូត​មក​ទល់​ពេល​​នេះ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ