ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អាស៊ី

ត្រកូល រ៉ាចាប៉ាក់សេ ចង់វិល​ត្រលប់​មកកាន់អំណាច​នៅ​ស្រីលង្កា

media  
ប្រជាជន​ស្រីលង្កា​តម្រង់ជួរចាំ​ចូល​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​ថ្ងៃសៅរ៍ទី​១៦​វិច្ឆិកា ២០១៩ ©REUTERS/Dinuka Liyanawatte

ប្រជាជន​ស្រីលង្កា​ជិត ១៦លាននាក់​ត្រូវ​ទៅបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​ថ្មី នៅថ្ងៃ​សៅរ៍ទី ១៦​វិច្ឆិកា ២០១៩។ បេក្ខជនដែល​លេចធ្លោ​ជាងគេ គឺ​ប្អូនប្រុស​របស់​អតីត​ប្រធានាធិបតី​ស្រីលង្កា នៃ​ត្រកូល រ៉ាចាប៉ាកសេ ដែល​ធ្លាប់​មាន​ស្នាដៃ បិទបញ្ចប់​សង្រ្គាមស៊ីវិល​ជាមួយ​ពួកឧទ្ទាម​ខ្លាតាមូល នៅ​ឆ្នាំ ២០០៩។ ការបោះឆ្នោត​ប្រធានាធិបតី​ស្រីលង្កា​ធ្វើឡើង​ផងដែរ នៅក្នុង​បរិបទ​ដែល​ស្រីលង្កា​ទើប​រងគ្រោះ ដោយ​ការវាយប្រហារ​ភេរវកម្ម ដែល​បាន​សម្លាប់មនុស្ស ២៦៩​នាក់ កាលពីខែ​មេសា​កន្លងទៅ។

 

ត្រកូល​រ៉ាចាប៉ាក់សេ​ដែល​ធ្លាប់​ដឹកនាំ​ប្រទេសស្រីលង្កា ជាមួយ​កណ្តាប់​ដៃដែក អស់​១ទសវត្សរ៍ មានបំណង​វិលត្រលប់​មក​កាន់អំណាច​សាជាថ្មី នៅ​ស្រីលង្កា។ បន្ទាប់ពី​អតីតប្រធានាធិបតី ម៉ាហិនដា រ៉ាចាប៉ាក់សេ ដែល​ជា​បងប្រុស ធ្លាប់​បរាជ័យ​ក្នុង​ការបោះឆ្នោត ឆ្នាំ ២០១៥ និង​លើកនេះ មិនអាច​ឈរ​ឈ្មោះ ដោយសារ​បំរាម​របស់​រដ្ឋធម្មនុញ្ញ លោក ហ្គូតាបាយ៉ា ដែល​ជា​ប្អូនប្រុស​បាន​ឈរឈ្មោះ ជា​បេក្ខជន​ប្រធានាធិបតី ប្រកួតប្រជែង ជាមួយ លោក សាជិត ប្រេម៉ាដាសា មកពីគណបក្ស​កាន់អំណាច។

លោក​សាជិត ប្រេម៉ាដាសា ដែល​ជា​កូនប្រុស​របស់​អតីតប្រធានាធិបតី ដែល​ពួកឧទ្ទាមតាមូល​លបធ្វើឃាត កាលពី​ឆ្នាំ ១៩៩៣ គឺ ជាអ្នកនយោបាយ​ស្ងាត់ស្ងៀម ដែល​សង្ឃឹម​ទាក់ទាញ​អ្នកបោះឆ្នោត ស្រី តាមរយៈ​ការសន្យា​កែលម្អ ផ្នែក​សុខភាព​អនាម័យ។

ផ្ទុយពី​គូប្រជែង លោក​ហ្គូតាបាយ៉ា រ៉ាចាប៉ាក់សេ ដែល​ធ្លាប់​ដើរ​តួនាទី​សំខាន់ ក្នុង​អាណត្តិដឹកនាំ​របស់​បងប្រុស កាលពី​១០ឆ្នាំមុន បាន​បង្ហាញ​ខ្លួន​ជាបុរស​ខ្លាំង​សាជាថ្មី។ លោក​បានសន្យា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​ក្រុមអ៊ីស្លាម​ជ្រុលនិយម នៅក្នុង​ប្រទេស​មួយ ដែល​ទើប​រង​ការវាយប្រហារ​ភេរវកម្ម ផ្ទួនៗគ្នា​របស់​ក្រុមជីហាត កាលពី​ខែ​មេសា​កន្លងទៅ។

បេក្ខភាព​ប្រធានាធិបតី​របស់​លោក​ហ្គូតាបាយ៉ា រ៉ាចាប៉ាក់សេកំពុង​ត្រូវ​តាមដាន យ៉ាង​កៀកកិត មិនថា ពីខាង​ក្រុមការពារ​សិទ្ធិមនុស្ស ប្រជាជនអ៊ីស្លាម ប្រជាជន​តាមិល ឬ​ប្រទេសជិតខាងដូចជា​ឥណ្ឌាជាដើម។

នៅក្នុង​អាណត្តិដឹកនាំ​របស់​ប្រធានាធិបតី ម៉ាហិនដា ដែល​ជា​បងប្រុស លោក​ហ្គូតាបាយ៉ា ក្នុង​​តំណែង​ជា​វីរសេនីយទោ បាន​ដឹកនាំ​សង្រ្គាម សម្លាប់​យ៉ាង​ឃោឃៅ​ជាមួយ ពួកឧទ្ទាមតាមូល។ តាមអង្គការ​សិទ្ធិមនុស្ស ទោះបី សង្រ្គាម​បង្ហូរឈាម​ដឹកនាំ​ដោយ​លោក​ហ្គូតាបាយ៉ា ជួយ​ទៅ​បិទបញ្ចប់​សង្រ្គាមស៊ីវិល​ដ៏រ៉ាំរ៉ៃ ៣៧ឆ្នាំ នៅ​ស្រីលង្កា ប៉ុន្តែ វា​បាន​សម្លាប់​ប្រជាជន​ស៊ីវិល​តាមូល ប្រមាណ​៤ម៉ឺននាក់។ ក្នុង​ចំណោម​ប្រជាជន​តាមូល និង​អ្នក​កាន់​សាសនា​អ៊ីស្លាម នៅ​ស្រីលង្កា លោក​ហ្គោតាបាយ៉ា ជាប់ឈ្មោះ​ថា ជាអ្នករៀបចំ ផែនការ ប្រើ​ឡានកាំម៉ុងណែត ដើម្បី ចាប់ជំរិត​ ប្រជាជន​តាមូល ក្រុមអ្នកនយោបាយ​ប្រឆាំង ឬ​អ្នកកាសែត យកទៅសម្លាប់ ដោយសម្ងាត់។ ទាំង​ប្រជាជន​តាមូល (ដែល​តំណាង​ឲ្យ​១៥%នៃ​ប្រជាជន​ស្រីលង្កាសរុប ជាង​ ២១​លាន​នាក់) អ្នកកាន់សាសនា​អ៊ីស្លាម ឬ​អ្នកប្រឆាំង​ភ័យខ្លាចថា ការសម្លាប់បំបិទមាត់ លើអ្នកប្រឆាំង​នឹង​អាច​វិលត្រលប់​មកវិញ នៅពេល​លោក​ហ្គូតាបាយ៉ា អាច​ឈ្នះឆ្នោត​ប្រធានាធិបតី​លើកនេះ។

សូមអាន៖ តុលាការ​ស្រីលង្កា​ មិនទទួលស្គាល់​លោក​រ៉ាចាប៉ាក់សេ​ ជា​នាយករដ្ឋមន្ត្រី​

ឥណ្ឌា​ដែល​ជា​ប្រទេស​ជិតខាង​ស្រីលង្កា​ក៏​តាមដាន​ខ្លាំងណាស់ដែរ ការបោះឆ្នោត ប្រធានាធិបតី​នៅ​ស្រីលង្កា ព្រោះថា នៅ​ក្រោម​អាណត្តិ​ដឹកនាំ​របស់​ត្រកូល រ៉ាចាប៉ាកសេ កន្លងមក ស្រីលង្កា​ធ្លាប់​បាន​ងាក​ចូល​ទៅ​ជិត​ប្រទេស​ចិន ដែល​ជា​គូប្រជែង​របស់​ឥណ្ឌា។

ស្រីលង្កា ដែល​ជំពាក់បំណុល​ចិន រាប់ពាន់​លាន​ដុល្លារ​បាន​ប្រគល់​កំពង់ផែទឹកជ្រៅ នៅ​ទីក្រុង​កូឡុំបូ ដែល​ជា​ច្រក​យុទ្ធសាស្រ្ត​សំខាន់ នៅក្នុង​មហាសមុទ្រ​ឥណ្ឌា ទៅ​ឲ្យ​ក្រុមហ៊ុនរដ្ឋចិន​កាន់កាប់ រយៈពេល ៩៩​ឆ្នាំ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ