អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អនាគត​ប្រធានាធិបតី​ស្រីលង្កា ជាអ្នកនយោបាយជាតិនិយម និង​ចង់ស្តារទំនាក់ទំនង​ជាមួយប្រទេស​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អតីត​មេទ័ព​ក្នុង​សង្រ្គាមស៊ីវិល​ស្រីលង្កា​ទទួល​ជ័យជំនះ យ៉ាងធំធេង នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី កាលពី​ថ្ងៃ សៅរ៍ម្សិលមិញ។ លទ្ធផល​ឆ្នោត​ឆ្នោត ផ្លូវការ នៅថ្ងៃ​អាទិត្យ ទី​១៧​វិច្ឆិកា បង្ហាញ​ថា លោក​ហ្គូតាបាយ៉ា រ៉ាចាប៉ាក់សេ ដែលជាប្អូនប្រុស​របស់​អតីត​ប្រធានាធិបតី ម៉ាហិនដា រ៉ាចាប៉ាក់សេ បាន​ទទួល​សំឡេងឆ្នោត ៥២% ចំណែក គូប្រជែង មក​ពីគណបក្ស​កាន់អំណាច​ប្រកាស​ចុះចាញ់ តាំង​ពីមុន​ការប្រកាស​លទ្ធផលឆ្នោត។ តាមគម្រោង លោក​ហ្គូតាបាយ៉ា​នឹង​ត្រូវ​ស្បថ​ចូលកាន់តំណែង​ប្រធានាធិបតីស្រីលង្កា នៅ​ថ្ងៃ​ចន្ទ​ស្អែក។ 

លោកហ្គូតាបាយ៉ា រ៉ាចាប៉ាក់សេ អនាគតប្រធានាធិបតី​ស្រីលង្កា ចាប់ដៃ​អ្នកគាំទ្រ​នៅពេល​ចេញពី​ការិយាល័យគណៈកម្មាធិការ​បោះឆ្នោត ថ្ងៃទី ១៧ វិច្ឆិកា​២០១៩
លោកហ្គូតាបាយ៉ា រ៉ាចាប៉ាក់សេ អនាគតប្រធានាធិបតី​ស្រីលង្កា ចាប់ដៃ​អ្នកគាំទ្រ​នៅពេល​ចេញពី​ការិយាល័យគណៈកម្មាធិការ​បោះឆ្នោត ថ្ងៃទី ១៧ វិច្ឆិកា​២០១៩ © REUTERS/Dinuka Liyanawatte
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​បោះឆ្នោត ស្រីលង្កា ទើប​បាន​ប្រកាស​ជា​ផ្លូវការថា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាក់សេ ជា​អ្នកទទួល​ជ័យជំនះ នៅក្នុង​ការបោះឆ្នោត កាលពីថ្ងៃ​សៅរ៍ ជាមួយ​នឹង​សំឡេងឆ្នោតគាំទ្រ ៥២% នៅពេល គូបដិបក្ខ​របស់​លោក​មក​ពី​គណបក្ស​កាន់អំណាច បាន​ទទួល​សំឡេង​ឆ្នោត តែ​៤១%​ប៉ុណ្ណោះ។

ត្រកូល​រ៉ាចាប៉ាក់សេ ដែល​ល្បីល្បាញ​ខាង​បញ្ចប់​សង្រ្គាម​ស៊ីវិល​ជាមួយ​ពួកឧទ្ទាមតាមូល នឹង​ត្រលប់​មក​កាន់ក្បាលម៉ាស៊ីន​ដឹកនាំ​ស្រីលង្កា សាជាថ្មី

បេក្ខជន​បក្សប្រឆាំង គឺ​លោក​ហ្គូតាបាយ៉ា រ៉ាចាប៉ាក់សេ ទទួល​ជ័យជំនះ នៅក្នុង​ការបោះឆ្នោត លើកនេះ គឺអាច​មានន័យច្រើនយ៉ាង សម្រាប់​ស្រីលង្កា។

ទី១ ស្រីលង្កា ត្រូវ​ត្រលប់​មក​ធ្លាក់​ក្នុង​កណ្តាប់ដៃ​គ្រប់គ្រង​របស់​ត្រកូល​រ៉ាចាប៉ាក់សេ​សាជាថ្មី។ បងប្រុស​របស់​លោក​ហ្គូតាបាយ៉ា រ៉ាចាប៉ាក់សេ គឺ​លោក​ម៉ាហិនដា រ៉ាចាប៉ាក់សេ​ធ្លាប់​ធ្វើ​ជា​ប្រធានាធិបតី ស្រីលង្កា​ដល់ទៅ​ពីរអាណត្តិ ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០១៥។ នៅក្នុង​អាណត្តិ​ដឹកនាំ​របស់​ប្រធានាធិបតី​ដែល​ជា​បងប្រុស លោក​ហ្គូតាបាយ៉ា ជា​មេទ័ព ដឹកនាំ ធ្វើ​សង្រ្គាម បង្រ្កាបទាំងស្រុង ពួកឧទ្ទាមខ្លាតាមូល។

ការបែងចែកអំណាច​តែ​រវាង​បងប្អូន​ត្រកូល​រ៉ាចាប៉ាក់សេ

នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លងមក លោក​ហ្គូតាបាយ៉ា​ធ្លាប់​បាន​បង្ហាញ​ពីក្តីប្រាថ្នា ចង់​ឲ្យ​បងប្រុស​គឺ​លោក​ម៉ាហិនដា រ៉ាចាប៉ាក់សេ ដែលធ្លាប់​ធ្វើ​ជា​ប្រធានាធិបតី កាន់តំណែង​នាយករដ្ឋមន្រ្តី។ ទោះបី​ជា​តំណែង​នាយករដ្ឋមន្រ្តី ត្រូវជ្រើសតាំង​ចេញពីការបោះឆ្នោត​សភា នៅ​ឆ្នាំក្រោយ ប៉ុន្តែ ជាមួយ​នឹង​សំឡេង គាំទ្រ​ខ្លាំង​សព្វថ្ងៃ នេះ គណបក្ស​ប្រឆាំង របស់​លោក​ហ្គូតាបាយ៉ា នឹងអាច​សម្រេច​មហិច្ឆតាមួយ ដែលនឹង​ធ្វើ​ឲ្យ​ត្រកូល​រ៉ាចាប៉ាក់សេ ក្តោបក្តាប់​អំណាច​ទាំងស្រុង នៅ​ស្រីលង្កា។ អាច​ថា អំណាចត្រូវ​ចែកចាយតែ​រវាង​បងប្អូន​គ្រួសារ​រ៉ាចាប៉ាក់សេ។ បងប្រុស​ធ្លាប់ធ្វើ​ជា​ប្រធានាធិបតី ត្រូវ​មក​ធ្វើ​ជា​នាយករដ្ឋមន្រ្តី ចំណែក  ប្អូនប្រុស ដែល​ធ្លាប់​ជាមេទ័ព ឡើងមកធ្វើ​ជា ប្រធានាធិបតី វិញតែប៉ុណ្ណោះ។

ទី២ ភាពភ័យខ្លាច​ពីការរំលោភ​សិទ្ធិមនុស្ស ហើយនិង ភាពតានតឹង​រវាង​សហគមន៍​សាសនា និង​ជនជាតិ​ភាគតិច​នឹង​អាច​ត្រលប់​មក​កើតឡើងវិញ​សាជាថ្មី។ តាមរយៈ​ការរាប់​សន្លឹកឆ្នោត ថ្ងៃ​នេះ គេ​ឃើញ​ថា លោក ហ្គូតាបាយ៉ា ដែល​ជាអ្នកនយោបាយ​ជាតិ​និយមបាន​ទទួល​សំឡេង​ឆ្នោត គាំទ្រ​ច្រើន នៅក្នុង​តំបន់​ដែល​សំបូរ ជនជាតិ​ស្រីលង្កា កាន់សាសនា ព្រះពុទ្ធ។

ចំណែក នៅក្នុង​តំបន់​ភាគខាងជើង ដែល​សំបូរ​ប្រជាជន​តាមូល ហើយនិង​ប្រជាជន​កាន់សាសនា​អ៊ីស្លាម លោក​ហ្គូតាបាយ៉ា ចាញ់សំឡេង​ដាច់ បើ​ប្រៀបធៀប​នឹង​គូប្រជែង មកពី​គណបក្ស​កាន់អំណាច។ ទាំង​ប្រជាជន​តាមូល ហើយ​និង​អ្នកកាន់សាសនា​អ៊ីស្លាម មិនប្រាថ្នា​ចង់​ឲ្យ​លោក​ហ្គូតាបាយ៉ា អ្នកនយោបាយ​ជាតិនិយម ឈ្នះឆ្នោត​នោះទេ ព្រោះថា លោក​ហ្គូតាបាយ៉ា នេះឯង ធ្លាប់​ជាអ្នកបាន​ដឹកនាំ​ធ្វើសង្រ្គាម សម្លាប់​ពួកឧទ្ទាម​ខា្ល​តាមូល​កាលពី ១០ឆ្នាំមុន នៅក្នុង​អាណត្តិ​ដឹកនាំ​របស់​លោកប្រធានាធិបតី ម៉ាហិនដា ដែល​ជា​បងប្រុស។

មួយវិញ ទៀត នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត កន្លងមក លោក​ហ្គូតាបាយ៉ា បាន​ប្រកាស​ថា លោក​នឹង​សើរើ​ឡើងវិញ កិច្ចសន្យា​ជាមួយ​អង្គការ​សហប្រជាជាតិ ដែលនៅក្នុង​ស្រីលង្កា​បាន​យល់ព្រម ធ្វើ​នយោបាយ​ផ្សះផ្សារជាតិ ហើយ​និង​ផ្តន្ទាទោស ឧក្រិដ្ឋជន​ដែល​បាន​សម្លាប់រង្គាល​ប្រជាជន​តាមូល នៅក្នុង​សម័យ​សង្រ្គាមស៊ីវិល។ សម្រាប់ លោកហ្គូតាបាយ៉ាដែល​ជា​អ្នកដឹកនាំធ្វើ​សង្រ្គាម ប្រឆាំង​ពួកឧទ្ទាមខ្លា​តាមូល ដែល​ក្នុង​នោះ មាន​ស្លាប់​ប្រជាជន​ស៊ីវិល ១សែននាក់ កិច្ចសន្យា​ជាមួយ​អង្គការសហប្រជាជាតិ ដើម្បី ស្វែងរក​ផ្តន្ទាទោស ឧក្រិដ្ឋជន​សង្រ្គាម គឺ​ជា​រឿង​ខុសច្បាប់។

លោក​ហ្គូតាបាយ៉ា ដឹកនាំប្រទេស​ដែលបែកបាក់គ្នា​ជាពីរ

លោកហ្គូតាបាយ៉ា គ្មាន​ប្រជាប្រិយភាព​តែក្នុង​ចំណោមប្រជាជន​ភាគតិច ​តាមូល ហើយ​និង​អ្នកកាន់​សាសនា​អ៊ីស្លាម ប៉ុន្តែ លោកបានទទួល​ការគាំទ្រ​ខ្លាំង ក្នុង​ចំណោម​ប្រជាជន​ស្រីលង្កា កាន់សាសនា​ព្រះពុទ្ធ ដែល​មានចំនួនភាគច្រើន​នៅ​ស្រីលង្កា។

ស្ថិតនៅក្នុង​ស្ថានភាព​បច្ចុប្បន្ន ដែល ស្រីលង្កា ទើប​រងគ្រោះ ដោយសារ​ការវាយប្រហារ​ភេរវកម្ម ដែល​បាន​សម្លាប់​មនុស្ស​ជាង ២០០នាក់ កាលពី​ខែ​មេសា​កន្លងទៅ បញ្ហា​សន្តិសុខ ជា​កង្វល់​ចំបង របស់​ប្រជាជន​ស្រីលង្កា គឺនាំមុខ​បញ្ហា​សង្គម ការអត់ការងារ​ធ្វើ ទៅទៀត។ លោកហ្គូតាបាយ៉ា ដែល​ធ្លាប់​ធ្វើ​ជា​មេទាហាន ដែល​ជួយ​ស្រីលង្កា​ឲ្យ​បិទបញ្ចប់​សង្រ្គាមស៊ីវិល​ជាមួយ​ពួកឧទ្ទាមខ្លាតាមូល។ សម្រាប់​ប្រជាជន​ស្រីលង្កា កាន់សាសនា​ព្រះពុទ្ធ មាន​តែ លោក​ហ្គូតាបាយ៉ា​ម្នាក់ទេ ដែល​អាច​ស្តារ ស្ថិរភាព​សន្តិសុខ ឲ្យ​ស្រីលង្កា​ឡើង​វិញ។ នៅក្នុង​យុទ្ធនាការ ឃោសនា​បោះឆ្នោត លោក​ហ្គូតាបាយ៉ា​បាន​សន្យា​ពង្រឹង​សន្តិសុខ និង​ប្រយុទ្ធប្រឆាំង​ក្រុមអ៊ីស្លាម​ជ្រុលនិយម។ ចង់ ឬ​មិន​ចង់ ស្រីលង្កា ដែល​មាន​លោក​ហ្គូតាបាយ៉ា ធ្វើ​ជា​ប្រធានាធិបតី នឹង​ក្លាយ​ជា​ប្រទេស​ដែល​បែកបាក់​គ្នា​ជា​ពីរ គឺ​រវាង​ប្រជាជន​ស្រីលង្កា កាន់សាសនា​ព្រះពុទ្ធ ហើយ​និង​ប្រជាជន​ស្រីលង្កា ដើមកំណើតតាមូល រួមជាមួយ​សហគមន៍​អ្នកកាន់សាសនា​អ៊ីស្លាម។

ស្រីលង្កា​លោកហ្គូតាបាយ៉ា នឹងត្រលប់​ទៅ​រស់ពឹងអាស្រ័យ​ចិន សាជាថ្មី​ឬយ៉ាងណា?

នៅពេល​លោក សាជិត ប្រេមាដាសា បេក្ខជន​បក្ស​កាន់អំណាច​សព្វថ្ងៃ មាន​ទំនោរ​ទៅ​ខាង​ប្រទេស​ឥណ្ឌា ហើយនិងអាមេរិក បេក្ខជន​បក្ស​ប្រឆាំង លោក​ហ្គោតាបាយ៉ា ធ្លាប់​បាន​និយាយ​ដោយ​មិនលាក់លៀមថា ប្រសិន​បើ​លោក​ឈ្នះឆ្នោត នោះ​រដ្ឋាភិបាល របស់លោក​នឹង​ស្តារឡើងវិញ ​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធមិត្ត​ចិន។

នៅក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក​ម៉ាហិនដា រ៉ាចាប៉ាក់សេ ដែល​ជា​បងប្រុស​របស់​លោកហ្គូតាបាយ៉ា ប្រទេស​ចិន​បាន​ផ្តល់​ប្រាក់កម្ចី រាប់ពាន់​លាន​ដុល្លារ ដល់​រដ្ឋាភិបាល​ស្រីលង្កា ដែលក្នុងនោះ​ភាគច្រើន ជាគម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុន​ចិន​ជាច្រើន​ត្រូវ​បានគេ​ចោទប្រកាន់ថា ជាអ្នកចិញ្ចឹម​អំពើពុករលួយ​របស់​មន្រ្តីរដ្ឋាភិបាល ស្រីលង្កា លួចផ្តល់​ជំនួយ​ហិរញ្ញវត្ថុ ដើម្បី ជំរុញ​ប្រជាប្រិយភាព​របស់​បេក្ខជន​គណបក្ស​នយោបាយ និង​លួច​បញ្ចូល ចំណុច ដែល​អាច​រំលោភ​អធិបតេយ្យភាព​ស្រីលង្កា​ក្នុង​កិច្ចសន្យា​វិនិយោគ​ជាមួយ រដ្ឋាភិបាល​ស្រីលង្កា។ ជាប់​វ័ណ្ឌក នឹង​ប្រាក់បំណុល​របស់​ចិន ស្រីលង្កា​ដែល​គ្មានសមត្ថភាព​សង​ការប្រាក់ បំណុល រាប់ពាន់​លាន​ដុល្លារ​របស់​ចិន បាន​ប្រគល់ កំពង់ផែទឹកជ្រៅ នៅក្នុង​មហាសមុទ្រ​ឥណ្ឌា ទៅ​ឲ្យ​ចិន​គ្រប់គ្រង​រយៈពេល ៩៩ឆ្នាំ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ