ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អាស៊ី

ចិន​កោះ​ហៅ​ទូត​អាមេរិក ក្រោយ​ព្រឹទ្ធសភាអនុម័តច្បាប់​គាំទ្រ​បាតុករ​ហុងកុង

media  
បាតុករ​ហុងកុង តាំង​ទី​នៅ​សកលវិទ្យាល័យ​Hong Kong Polytechnic University (PolyU) REUTERS/Thomas Peter

ព្រឹទ្ធសភា​អាមេរិក បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ សេចក្តី​សម្រេចចិត្ត​គាំទ្រ “សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​របស់​​បាតុករហុងកុង”។ ជា​សេចក្តី​សម្រេច​ដែល​បាន​ធ្វើ​ឱ្យ​ចិន​បញ្ចេញ​ប្រតិកម្ម​ក្តៅ​ក្រហាយ​យ៉ាង​ខ្លាំង ជា​ពាក្យ​ព្រមាន​ផង និង​ ដោយការ​កោះ​ហៅ​តំណាង​ជាន់​ខ្ពស់​អាមេរិក​ឱ្យ​ចូល​បំភ្លឺផង។

នៅល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ ព្រឹទ្ធសភា​អាមេរិក​ បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ សេចក្តី​សម្រេច​ចិត្ត​គាំទ្រ​បាតុករ​ហុងកុង​ក្នុង​បុព្វហេតុ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ផង និង​បាន​អនុម័ត​លើ​វិធានការ​ហាមឃាត់មិន​ឱ្យ​មាន​​ការ​លក់ទៅឱ្យ​ប៉ូលិស​ហុងកុង នូវ​​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក គ្រាប់​ជ័រ​ និង​សម្ភារៈ​បរិក្ខារ​ផ្សេងៗ​សម្រាប់​យក​ទៅ​បង្ក្រាប​បាតុករ​។

ប៉ុន្តែ​ ដោយ​​មិន​បង្អង់ ចិនបាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​យ៉ាង​ខ្លាំង។ ប៉េកាំង​បាន​ប្រកាស​​ព្រមាន​ថា​នឹង​ចាត់​វិធានការ​សង​សឹក​​ នៅពេល​ណា​ច្បាប់​នោះ​ត្រូវ​អនុម័ត​មែនទែន​ និង​បាន​កោះ​ហៅឯកអគ្គរដ្ឋ​ទូត​អាមេរិក​ស្តី​ទី​ ឱ្យ​ជួប​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​សម្តែង​កំហឹង​និង​ការ​តវ៉ា​ប្រឆាំង​ជា​ផ្លូវការ។ ឆ្លើយ​តបនឹង​ការ​កោះ​ហៅ​ អាមេរិកក៏​បាន​បញ្ជាក់ទៀត​​អំពី​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំងរបស់​វ៉ាស៊ីនតោន ​​ចំពោះ​ស្ថានភាពហុងកុង។

សម្រាប់​ប៉េកាំង​ ទង្វើ​របស់​អាមេរិក​គឺ​ជា​គាំទ្រ​ជន​ជ្រុល​និយម​ និង​ក្រុមប្រឆាំង​រដ្ឋអំណាច​ចិន​ដែល​ចង់​សាបព្រោះ​ភាព​វឹកវរ​នៅ​ហុងកុង ឆ្លៀតយក​ចំណេញ​ពី​ស្ថានភាព​នៅហុងកុង​ ដើម្បី​ធ្វើ​យ៉ាង​ណា​រារាំង​ការ​អភិវឌ្ឍ​ប្រទេស​ចិន។ ​គ្រប់​ការ​ប៉ុនប៉ង​​បំផ្លាញ​ភាព​រុងរឿង​និង​ស្ថិរភាព​ហុងកុង​ត្រូវ​តែ​បរាជ័យ។ នេះ​ជា​បើ​តាម​ប្រសាសន៍​របស់​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន។

ចិន​ធ្លាប់​បាន​ធ្វើការ​តវ៉ា​ម្តង​ហើយ​កាលពី​ខែ​តុលា នៅ​ពេល​សភា​អាមេរិក​បានអនុម័ត​ច្បាប់​​ប្រហាក់ប្រហែល​នឹង​សេចក្តី​សម្រេច​​របស់​ព្រឹទ្ធ​សភា​ម្សិលមិញ។ គម្រោង​ច្បាប់ទាំង​​ពីរ​នេះ​ នឹង​ត្រូវ​បញ្ជូន​ទៅ​សភា​​ដើម្បី​ធ្វើ​ការ​កែ​សម្រួល​ឱ្យ​ស៊ី​គ្នា​មុន​នឹង​​អនុម័ត​សម្រេច​ជាចុង​ក្រោយ​ ហើយអាចនឹង​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​ប្រធានាធិបតី​ចុះ​ហត្ថលេខា​ផ្តល់​សុពលភាព។

ប្រឈម​នឹង​ស្ថានភាព​កាន់​តែ​ដុនដាប​នៅហុងកុង ព្រឹទ្ធសភា​អាមេរិក​ចង់​ផ្តល់​សារ​ដ៏​ច្បាស់​លាស់​មួយ​ទៅចិនថា អាមេរិក​មិន​អាច​ឈរ​​ស្ងៀម​អោប​ដៃ​មើ​ល​​ប៉េកាំង​បំផ្លាញ​ស្វ័យតភាព​ហុងកុងទេ។ ហុងកុង​បាន​ចង​ភ្ជាប់​នឹង​វ៉ាស៊ីនតោន​ដោយ​លក្ខន្តិកៈ​សេដ្ឋកិច្ច​​ពិសេស​ ដែល​អនុញ្ញត​ឱ្យ​ដែន​ដីនេះ​បាន​រួច​ពីបម្រាម​មួយ​ចំនួន​ដែល​អាមេរិក​ដាក់​លើចិន។ លក្ខខណ្ឌ​ពិសេស​នេះ​ត្រូវ​កំណត់​​សុពលភាព​ជា​រៀង​រាល់​ឆ្នាំ ដោយ​ភ្ជាប់​ជាមួយ​នឹង​ស្វ័យតភាព​នៃ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ហុងកុង លើ​វិស័យ​សិទ្ធិមនុស្ស គោរព​ច្បាប់​និង​សំណើបត្យាប័ន ការបោះឆ្នោត​ជា​សកល ឯករាជភាព​​តុលាការ-ប៉ូលិស-​កង​កម្លាំង​សន្តិសុខ​ និង​ការ​ត្រួត​ពិនិត្យ​ការ​នាំ​ចេញ​ ព្រមទាំង​ទណ្ឌកម្ម៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ