អានតួអត្ថបទ
ថៃ

សម្តេចប៉ាប​អំពាវនាវ​ឲ្យ​គេ​គោរព និង​ការពារ​កុមារ និង​ស្រ្តីរកស៊ីផ្លូវភេទ

សម្តេចប៉ាប ហ្វ្រង់ស័រ កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ បានអំពាវនាវ​ឲ្យ​អាជ្ញាធរ​ថៃ ជួយការពារ ភាពថ្លៃថ្នូរ​របស់​កុមារ និង​ស្រ្តី​ដែល​រងគ្រោះ​ដោយ​ការជួញដូរ​ផ្លូវភេទ និងទាសភាព នៅ​តំបន់អាស៊ីអាគ្នេយ៍។ សេចក្តីអំពាវនាវ​របស់​ប្រមុខសាសនា​កាតូលិក​នៃ​បុរីវ៉ាទីកង់ ធ្វើឡើង​នៅពេល​ព្រះអង្គ យាងជួប​លោកនាយករដ្ឋមន្រ្តី​ថៃ ប្រាយុទ្ធ ចាន់អូចា កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅទីក្រុង​បាងកក។ 

សម្តេចប៉ាបហ្វ្រង់ស័រ នៅស្តាត​ប្រទេស​ថៃ ថ្ងៃទី ២១ វិច្ឆិកា ២០១៩
សម្តេចប៉ាបហ្វ្រង់ស័រ នៅស្តាត​ប្រទេស​ថៃ ថ្ងៃទី ២១ វិច្ឆិកា ២០១៩ ©REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​ជាមួយ ប្រមុខ​រដ្ឋាភិបាល​ថៃ សម្តេចប៉ាប ហ្វ្រង់ស័រ​បាន​លើកសរសើរ​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​ថៃ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ ស្រ្តី​និង​កុមារ។ ប៉ុន្តែ ជាមួយ គ្នានោះ ព្រះអង្គ​បាន​អំពាវនាវ​ផងដែរ​សុំ​ឲ្យ​អាជ្ញាធរ​ថៃ ជួយ​ធានា​ឲ្យ​កុមារ​បានទទួល​អនាគត​ដ៏ថ្លៃថ្នូរ។ ដោយមិន​និយាយ​ដៅចំ​ឈ្មោះ ប្រទេស​ណាមួយ សម្តេចសង្ឃ​កាតូលិក បាន​លើកឡើងថា ស្រ្តី និង​កុមារ នៅ​ក្នុង​លោក​យើង​សព្វថ្ងៃ ត្រូវ​គេរំលោភបំពាន យ៉ាងហិង្សា និង​កំពុង​ប្រឈម​រាល់​ការរំលោភ កេងប្រវ័ញ្ច ជួញដូរ គ្រប់រូបភាព។

នៅក្នុង​ទស្សនកិច្ច​រយៈពេល​៣ថ្ងៃ នៅប្រទេស​ថៃ សារ​របស់​សម្តេចសង្ឃ​កាតូលិក ផ្តោតសំខាន់ ទៅលើ​ការជួយ​កុមារ ដែល​ងាយនឹង​រងគ្រោះ ហើយ​និង​ស្រ្តី ដែល​រងគ្រោះ ដោយសារ​ពេស្យាចារ និង​ការជួញដូរ​មនុស្ស។ នៅក្នុង​សារ​របស់ព្រះអង្គ​ទៅកាន់ គ្រិស្តសាសនិក ថៃ ជាង ៦ម៉ឺននាក់ ដែល​បាន​ចូល​ទៅ​ស្តាប់​ព្រះអង្គ​នៅ​ស្តាត​ក្នុង​ទីក្រុង​បាងកក នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ សម្តេចប៉ាប ហ្វ្រង់ស័រ​បាន​មាន​សង្ឃដីការ​អំពាវនាវ​ឲ្យ​សហគមន៍​គ្រឹស្តសាសនិក​ទាំងអស់ ជួយ​កុមារ ដែល​រងគ្រោះ​ដោយសារ​ការជួញដូរ អ្នកញៀនថ្នាំញៀន ជនអន្តោប្រវេសន៍ ហើយ​និង​អ្នកសុំទាន ទាំងអស់ ដែល​អាច​ជា​ម្តាយ បងប្អូន​ប្រុស ស្រី​របស់​យើងទាំងអស់គ្នា។

សារ​អំពាវនាវ​របស់​សម្តេចប៉ាប ហ្វ្រង់ស័រ​ដែល​ចង់​ឲ្យ​មាន​ការគោរព​ភាពថ្នៃថ្នូ និង​ជួយយក​អាសារ កុមារ និង​ស្រ្តី រកស៊ីផ្លូវភេទ ធ្វើឡើង​នៅក្នុង​តំបន់​មួយ ដែល​ល្បីល្បាញ​ខ្លាំង​ខាង​ការជួញដូរ​មនុស្ស ហើយ​និង​ការជួញដូរ​ផ្លូវភេទ ដែល​ភាគច្រើន​ជា​កុមារ​ដែល​រងគ្រោះ​ខ្លាំងជាងគេ។

តាម​របាយការណ៍​ឆ្នាំ ២០១៩ របស់​អង្គការ​សហប្រជាជាតិ ៧០ភាគរយនៃ​ជនរងគ្រោះ​ដោយសារ​ការជួញដូរផ្លូវភេទ មាន​អាយុ​តិច​ជាង អាយុស្របច្បាប់។ នៅ​ប្រទេស​ថៃ ជាទី ដែល​ពេស្យាចារ​ជាអំពើខុសច្បាប់ គេរកឃើញ​មាន​មនុស្ស​ជាង ៣សែននាក់ ធ្វើការ​នៅក្នុ​សេវាកម្ម​បម្រើផ្លូវភេទ ហើយ​នៅក្នុង​នោះ ៤ភាគរយ គឺ​ជា​កុមារ។ នេះបើតាម​តួលេខ​ផ្តល់ដោយ អាជ្ញាធរ​ថៃ។

នៅប្រទេស​ថៃ ជាទី​ដែល​មានប្រជាជន​៩៥ភាគរយ គោរព​ពុទ្ធសាសនា ទស្សនកិច្ច​របស់​ប្រមុខសង្ឃ​កាតូលិក នឹង​បិទបញ្ចប់​នៅថ្ងៃ​សុក្រ ជាមួយ​នឹង​ពិធីសូត្រធម៌​ក្នុង​វិហារ​មួយ ក្នុង​ទីក្រុង​បាងកក មុន​នឹង​យាងធ្វើដំណើរ​បន្ត​ទៅ​ប្រទេស​កាន់ពុទ្ធសាសនា​ដ៏ធំមួយទៀត របស់​អាស៊ី គឺ​ប្រទេស​ជប៉ុន នៅថ្ងៃ​សៅរ៍៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ