អានតួអត្ថបទ

កូរ៉េខាងត្បូង​ត្រលប់មក​ចែករំលែក ព័ត៌មានសម្ងាត់ ផ្នែក​សន្តិសុខ​ជាមួយ​ជប៉ុន​វិញ

កូរ៉េខាងត្បូង កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​ស្រោចស្រង់ យ៉ាងប្រផិតប្រផើយបំផុត អាយុជីវិត​របស់​កិច្ចព្រមព្រៀង ស្តីពីការចែករំលែក​ព័ត៌មាន​សម្ងាត់ផ្នែក​សន្តិសុខ ជាមួយ ប្រទេស​ជប៉ុន ។ នៅក្នុង​បរិបទ នៃ​ជម្លោះ​ការទូត និង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ កូរ៉េខាងត្បូង កាលពី​ខែ​សីហា​ធ្លាប់​បាន​ប្រកាស​ថា នឹង​មិន​ចុះ​ហត្ថលេខា ពន្យារ​កិច្ចព្រមព្រៀង ស្តីពីការចែករំលែក​ព័ត៌មាន​សម្ងាត់ ជាមួយ​ប្រទេស​ជប៉ុន ដែល​ត្រូវ​ចប់​សុពលភាព នៅ​យប់ថ្ងៃ​សុក្រ​ទី ២២​វិច្ឆិកា។

ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចៃអ៊ីន នៅក្នុង​សន្នីសិទកាសែតនៅទីក្រុង​តូក្យូ ឆ្នាំ ២០១៨
ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចៃអ៊ីន នៅក្នុង​សន្នីសិទកាសែតនៅទីក្រុង​តូក្យូ ឆ្នាំ ២០១៨ AFP
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​ស្តី​ពី​ការចែករំលែក​ព័ត៌មាន​សម្ងាត់​ផ្នែក​សន្តិសុខ រវាង​ជប៉ុន និង​កូរ៉េខាងត្បូង ត្រូវ​ចប់ អស់​សុពលភាព នៅ​យប់​អាធ្រាត្រ​ថ្ងៃ​សុក្រ​ម្សិលមិញ។ រដ្ឋាភិបាល​កូរ៉េខាងត្បូង​ធ្លាប់​ប្រកាស កាលពី​ខែ​សីហា កន្លងទៅ ពីការផ្អាក​ការចែករំលែក​ព័ត៌មាន​សម្ងាត់​ផ្នែក​យោធា​ជាមួយ ជប៉ុន។ ប៉ុន្តែ នៅថ្ងៃសុក្រ នៅ​៦ម៉ោង​មុន កាលកំណត់ ពោល​គឺ​បន្ទាប់​ពីការចរចា​ការទូត ជាច្រើនលើក កូរ៉េខាងត្បូង បានប្រកាសថា ខ្លួន​នឹង​បន្ត ចុះ​កិច្ចព្រមព្រៀង ជាមួយ ជប៉ុន ប៉ុន្តែ មានលក្ខខណ្ឌ។ តាម​លោក​Kim You-geun មន្រ្តី​របស់​វិមាន​ប្រធានាធិបតី ទទួល​បន្ទុក​ផ្នែក​សន្តិសុខជាតិ ​កូរ៉េខាងត្បូង អាច​ផ្លាស់ប្តូរ​ចិត្ត គ្រប់ពេលវេលា​ដើម្បី​បិទបញ្ចប់​កិច្ចព្រមព្រៀង​ស្តីពីការចែកចាយ​ព័ត៌មាន​សម្ងាត់​ផ្នែក​យោធា ជាមួយ​ប្រទេស​ជប៉ុន។

ជាសម្ព័ន្ធមិត្ត​សំខាន់​ពីរ​របស់​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មានសម្ងាត់​ស្តីពី​សន្តិសុខ នៅ​ឆ្នាំ ២០១៦។ ទៅតាម​កិច្ចព្រមព្រៀង ជប៉ុន និង​កូរ៉េខាងត្បូង ត្រូវ​ចែករំលែក​ការណ៍សម្ងាត់ ឲ្យ​គ្នា​ទៅវិញ ទៅមក ជាពិសេស​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​របស់​កូរ៉េខាងជើង។

ទំនាក់ទំនង កូរ៉េខាងត្បូង និង​ជប៉ុន​បាន​ចាប់​ល្អក់កករ នឹងគ្នា កាន់តែ​ខ្លាំង ដោយសារ ជម្លោះប្រវត្តិសាស្រ្ត និង​ជម្លោះ​ដណ្តើមគ្រប់គ្រង​ដីកោះ។ សម្ព័ន្ធមិត្ត​ទាំងពីរ​របស់អាមេរិក ចាប់ដំឡើង​សំឡេង​ដាក់គ្នា នៅបន្ទាប់ពី​តុលាការ​កូរ៉េខាងត្បូង កាលពី​ខែ​តុលា ឆ្នាំមុន បាន​ចេញបញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​២ បង់ថ្លៃសងជម្ងឺចិត្ត​ដល់​ជនរងគ្រោះ​កូរ៉េខាងត្បូង ដែល​ត្រូវ​ទាហាន​ជប៉ុន​ចាប់បង្ខំឲ្យ​ធ្វើការ នៅក្នុង​ក្រុមហ៊ុន​ជប៉ុន ក្នុង​សម័យសង្រ្គាម​លោកលើកទី២។ ជប៉ុន ដែលចោទប្រកាន់​ភាគី​កូរ៉េខាងត្បូង ថា ចង់​សើរើ​ប្រវត្តិសាស្រ្ត និងចាត់ចែង​បញ្ហា​មិន​បាន​ល្អ បាន​សម្រេច​ដក​ប្រទេស​កូរ៉េខាងត្បូង​ចេញពី​បញ្ជីប្រទេស​ដៃគូពាណិជ្ជកម្ម។ ជាការសងសឹកវិញ រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​ប្រកាស នៅ​ខែ​សីហា ផ្អាក ការចែករំលែក​ព័ត៌មាន​សម្ងាត់​ផ្នែក​សន្តិសុខ ជាមួយ​ទីក្រុង​តូក្យូ។

ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ស្តីពីការចែករំលែកព័ត៌មាន​សម្ងាត់ស្តីពី​សន្តិសុខ លោក​នាយករដ្ឋមន្រ្តីជប៉ុន ស៊្ហីនហ្សូ អាបេ បាន​ថ្លែង​ប្រាប់អ្នកកាសែត​ថា រដ្ឋាភិបាល​ជប៉ុន​សង្ឃឹម​ថា កូរ៉េខាងត្បូង​សម្រេចចិត្ត​ដោយ​ផ្នែក​ទៅ​លើ​គោលដៅ​យុទ្ធសាស្រ្ត ព្រោះថា ការសហការ​រវាង​បីប្រទេស កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក គឺជា​រឿងដ៏សំខាន់​បំផុត ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ពីកូរ៉េខាងជើង។

កូរ៉េខាងត្បូង​បន្ទន់ជំហរ ដោយ​សុខចិត្ត​បន្ត ចុះ​កិច្ចព្រមព្រៀង ស្តីពីការចែករំលែក​ព័ត៌មាន​សម្ងាត់​ស្តីពី​សន្តិសុខ​ជាមួយ​ប្រទេស​ជប៉ុន។ ការណ៍នេះ​នឹង​ជួយ​សម្រាល​ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ ហើយ​និង​កង្វល់​របស់​សហរដ្ឋអាមេរិក ដែលបាន​អំពាវនាវ​ឲ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន ទាំងពីរ ចរចា សម្រុះសម្រួលគ្នា​វិញ និងត្រូវ​ដាក់​ជម្លោះ ផ្ទាល់ខ្លួន ឲ្យ​ដាច់ដោយឡែក ពី​ផលប្រយោជន៍​សន្តិសុខ​រួម។

នៅក្នុង​ដំណើរទស្សនកិច្ច​មួយជុំ នៅអាស៊ី រដ្ឋមន្រ្តីការពារ​អាមេរិក​ធ្លាប់បាន​ព្រមានថា ការផ្តាច់ បញ្ចប់ កិច្ចព្រមព្រៀង ស្តីពីការចែករំលែក ព័ត៌មាន​សម្ងាត់​ស្តីពី​សន្តិសុខ រវាង​កូរ៉េខាងត្បូង និង​ជប៉ុន នឹង​ហុចប្រយោជន៍​ទៅ​ឲ្យ​កូរ៉េខាងជើង ហើយនិង​ប្រទេស​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ