ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អាស៊ី

ប្រទេស​ប្រជុំកោះ ទូវាលូ បដិសេធ​ ​ជំនួយចិន ដោយសារ​ខ្លាច ជាប់ក្រោម​ឥទ្ធិពល​របស់​ចិន

media  
ប្រទេស​ប្រជុំកោះ Tuvalu នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​កំពុង​ប្រឈម​នឹង​ការជន់លិចដោយសារ​ការឡើងកំពស់ទឹកសមុទ្រ AFP PHOTO/Torsten BLACKWOOD

ទូវាលូ ដែល​ជា​ប្រទេស​កូនកោះ​តូចមួយ នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្បែរទៅរក​ប្រទេស​អូស្ត្រាលី បាន​និយាយ​បដិសេធ ជំនួយ​ចិន។ មានវត្តមាននៅ​កោះតៃវ៉ាន់ ដែល​ជាសម្ព័ន្ធមិត្ត​របស់​ទូវាលូ រដ្ឋមន្រ្តី ការបរទេស​របស់​ប្រទេស​កោះទូវាលូ បាន​និយាយ​ថា រដ្ឋាភិបាល​ទូវាលូ​បាន​បដិសេធ សំណើ​របស់​ក្រុមហ៊ុន​ចិន ដែល​បាន​សន្យា​ជួយ​សាងសង់​កោះសិប្បនិមិ្មត ឲ្យទូវាលូ ដើម្បីទប់ទល់​ការជន់លិច ដោយសារ​ការឡើង​កំពស់​ទឹកសមុទ្រ។ ជំនួយ​របស់​ចិន ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា ជាការប៉ុនប៉ង​របស់​ទីក្រុង​ប៉េកាំង ដើម្បី កាត់បន្ថយ​ឥទ្ធិពល​របស់​តៃវ៉ាន់ នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

 

ប្រទេស​ប្រជុំកោះ ទូវាលូ ស្ថិតនៅក្នុង​ចំណោម​ប្រទេស ៦ នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​មាន​ចំណងការទូត​ជាមួយ​កោះតៃវ៉ាន់។ ប៉ុន្តែ ខុស​ពី​កោះ សូឡូម៉ុង ហើយ​និង​គិរីបាទី ដែល​ទើប​ដោះដៃ​ពី​តៃវ៉ាន់ និង​ងាក​ទៅ​ចងសម្ព័ន្ធភាព​ជាមួយ​ប្រទេស​ចិន កាលពី​ជាង ២ខែមុន រដ្ឋាភិបាល ទូវាលូ​វិញ​បានអះអាង​ពី​ចំណងការទូត​កាន់តែ​ខ្លាំង​ជាមួយ​កោះតៃវ៉ាន់។ កោះតៃវ៉ាន់ ដែល​ទីក្រុង​ប៉េកាំង ចាត់ទុក​ជា​ផ្នែកមួយ នៃ​ទឹកដីចិន និងគំរាម​ប្រើកម្លាំង​យោធា បើសិន​ជា​ចាំបាច់​ដើម្បី​ដណ្តើមគ្រប់គ្រង​កោះតៃវ៉ាន់។

មាន​វត្តមាន​នៅទីក្រុង​តៃប៉ិ កាលពី​ថ្ងៃ​ម្សិលមិញ រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេសប្រជុំកោះ ទូវាលូ លោក Simon Kofe បាននិយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ថា រដ្ឋាភិបាល​របស់​លោក នៅតែ​គាំទ្រ​តៃវ៉ាន់ ហើយទូវាលូ​នឹង​ខិតខំ​ប្រមូលផ្តុំ ក្រុម​ប្រទេស​កោះ ​៣​ផ្សេងទៀត មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែលនៅ​បន្ត​ចំណងការទូត ជាមួយ តៃវ៉ាន់ ដូចជា Palau Nauru និង​Marshall។

ប្រមុខការបរទេស​ទូវាលូ វាយតម្លៃថា ការួមកម្លាំងគ្នា​ជាធ្លុងមួយ ​ប្រទេស​កោះ​ទាំងបួន នឹងអាច​ជួយ​ទប់ទល់​នឹង​ការពង្រីកអំណាច​របស់​ប្រទេស​ចិន​កុម្មុយនិស្ត។ សម្រាប់ រដ្ឋាភិបាល​តៃវ៉ាន់ ប្រទេស​ចិន​បាន​ទាក់ទាញ ប្រទេស​កោះគិរីបាទី និង​សូឡូម៉ុង តាមរយៈ ការសន្យា​ផ្តល់​យន្តហោះ ហើយនិង​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍ។

នៅក្នុង​បទសម្ភាសន៍​ជាមួយ Reuters កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ មន្រ្តីរដ្ឋាភិបាល​ទូវាលូ បាន​និយាយ​ថា ថ្មីៗ​នេះ ក្រុមហ៊ុន​ចិន មួយ បាន​ទៅ​និយាយ​បញ្ចុះបញ្ចូល សហគមន៍​ជនជាតិ​ទូវាលូ តាមរយៈ​ការសន្យា​ផ្តល់ជំនួយ ជួយ​សាងសង់​កោះសិប្បនិម្មិត ដែល​ចាំបាច់ ចំបង​សម្រាប់​ទូវាលូ ដែល​កំពុង​ប្រឈមខ្លាំង​នឹង​ការជន់លិច ដោយសារ​ការឡើង​កំពស់ទឹកសមុទ្រ។ សម្រាប់​រដ្ឋមន្រ្តីការបរទេស​ទូវាលូ ចម្លើយ​គឺទេ ពី​ខាងរដ្ឋាភិបាល​របស់​លោក ព្រោះ​កន្លងមក គេ​បាន​លឺ​ព័ត៌មាន​ស្តីពី​វិបត្តិ​ប្រាក់បំណុល​ជាមួយ ចិន និង​ការប៉ុនប៉ង​របស់​ចិន ដើម្បីទិញដីកោះ ទូវាលូ ដើម្បី បង្កើត​ជា​មូលដ្ឋាន​ទ័ព​ចិន នៅក្នុង​តំបន់​ទឹក​យុទ្ធសាស្រ្ត របស់​វាទូលូ។

ប្រមុខការបរទេស ទូវាលូ​សង្ឃឹមថា ប្រទេស​ផ្សេងទៀត ឃើញ ​រៀនមេរៀន​កន្លងមក ដើម្បី ប្រុងប្រយ័ត្ន និង​យល់ច្បាស់​ពី​ផលវិបាក នៃ​ជំនួយ​របស់​ប្រទេស​ចិន នៅ​ក្នុង​តំបន់។ ជប៉ុន អូស្ត្រាលី នូវែលហ្សេឡង់ និងជាពិសេស​អាមេរិក ដែល​គ្រប់គ្រង​តំបន់ទឹក​យុទ្ធសាស្រ្ត របស់​ពិភពលោក រហូតមក កំពុង​បារម្ភ​ពី​ពង្រីក​ឥទ្ធិពល​របស់​ចិន នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ តាម​អាជ្ញាធរខេត្ត​Malaita របស់​ប្រទេស​កោះ សូឡាមុង ទាំង​អាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក បាន​សុំ​បោះទុន​វិនិយោគ សាងសង់​កំពង់ផែ ទឹកជ្រៅ។ កាត់ផ្តាច់ការទូត​ជាមួយតៃវ៉ាន់ និង​ងាក​ទៅ​ចងសម្ព័ន្ធភាព ជាមួយ​ចិន កោះសូឡាម៉ុង​នៅតែ​អនុញ្ញាត​ឲ្យ​អាមេរិក និងសម្ព័ន្ធមិត្ត​របស់អាមេរិក ចូលទៅ​ល្បាត ក្នុង​ដែនទឹក​របស់ខ្លួន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ