អានតួអត្ថបទ
អាមេរិក-ចិន

លោកស៊ី ជីនពីង៖ចិនចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក តែនឹងវាយបកវិញ បើចាំបាច់

នៅ​ថ្ងៃ​សុក្រ ទី២២ វិច្ឆិកា ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​បាន​បញ្ជាក់​ថា ចិន​ចង់​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បឋម​មួយ​ជាមួយ​អាមេរិក តែ​នឹង​ចាត់​វិធានការ​វាយ​បក​អាមេរិក​វិញ បើ​អាមេរិក​ហ៊ាន​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ចិន។ គួរ​បញ្ជាក់​ថា ប្រតិកម្ម​របស់​របស់​លោក​ស៊ី ជីនពីង​លើ​ប្រធានរឿង​មួយ​នេះ​ជា​រឿង​កម្រ​មួយ តាំង​ពី​អាមេរិក និង​ចិន​ផ្តើម​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​គ្នា​នា​ពាក់កណ្តាល​ឆ្នាំ ២០១៨។

ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង
ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

« យើង​នឹង​ធ្វើ​ការ​វាយបក​វិញ បើ​ចាំ​បាច់ តែ​យើង​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម​ដើម្បី​ព្យាយាម​បញ្ជៀស​សង្រ្គាមពាណិជ្ជកម្ម​មួយ » នេះ​ជា​សម្តី​ព្រមាន​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​នៅ​ចំពោះ​មុខ​ក្រុម​អតីត​មន្រ្តីជាន់ខ្ពស់​អាមេរិកាំង និង​ក្រុម​អ្នក​ទទួល​ខុសត្រូវ​បរទេស​ផ្សេង​ទៀត​ក្នុង​ទីក្រុង​ប៉េកាំង។ ប្រមុខ​រដ្ឋ​ចិន​បាន​បន្ថែម​ដោយ​គំរាម​ថា ចិន​មិន​ដែល​ចង់​បញ្ឆេះ​សង្រ្គាម​ពាណិជ្ជកម្ម​ទេ តែ​ចិន​ក៏​មិន​ខ្លាច​នឹង​ធ្វើ​សង្រ្គាម​មួយ​នេះ​ដែរ។ ប្រតិកម្ម​របស់​លោក​ស៊ី ជីនពីង​ពេល​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​រដ្ឋបាល​អាមេរិកាំង​ត្រៀម​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ថ្មី​លើ​ចិន​នៅ​ថ្ងៃទី១៥ ធ្នូ​ខាង​មុខ ប្រសិន​បើ​កិច្ចព្រមព្រៀង​បឋម​មួយ​មិន​ត្រូវ​បាន​រក​ឃើញ​ពី​ពេល​នេះ​ទៅ​ថ្ងៃទី១៥ ធ្នូ​ទេ​នោះ។

កាល​ពី​ថ្ងៃ​អង្គារ ទី១៩ វិច្ឆិកា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​យល់​ឃើញ​ថា ចិន​នៅ​មិន​ទាន់​បាន​ធ្វើ​សម្បទាន​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។

គួរ​រម្លឹក​ថា អាមេរិក និង​ចិន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់ទី១ និង​លំដាប់ទី២ ក្នុង​លោក​បាន​ចាត់​វិធានការ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំ​ចូល​រវាង​គ្នា​ទៅ​វិញ ទៅ​មក​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៨ មក​ម្ល៉េះ។ តែ​ប្រតិកម្ម​របស់​លោក​ស៊ី ជីនពីង​លើ​បញ្ហា​មួយ​នេះ​ជា​រឿង​មួយ​ដែល​គេ​កម្រ​ឃើញ​មាន​ណាស់។ « យើង​ចង់​ធ្វើ​ការ​ឆ្ពោះ​ទៅ​សម្រេច​កិច្ចព្រមព្រៀង​បឋម​មួយ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​សមភាព និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក » នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ស៊ី ជីនពីង។

ដោយឡែក និង​បើ​តាម​ផ្អែក​កាសែត Wall Street Journal ប្រធានាធិបតី​ចិន​បាន​អញ្ជើញ​ក្រុម​អ្នកចរចា​អាមេរិកាំង​ឲ្យ​ទៅ​ចិន​ដើម្បី​បន្ត​កិច្ចចរចា​ថ្មី​ទៀត តែ​ក្រុម​អ្នកចរចា​អាមេរិកាំង​បាន​ទាមទារ​ឲ្យ​ចិន​ធ្វើ​សម្បទាន​បន្ថែម​ជា​មុន​សិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ