អានតួអត្ថបទ
អាមេរិក-ចិន-តៃវ៉ាន់

អាមេរិកសម្តែងក្តីបារម្ភចំពោះការព្យាយាមលូកដៃរបស់ចិននៅក្នុងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់

នៅ​ថ្ងៃ​សុក្រ ទី២២ វិច្ឆិកា អ្នកតំណាងអាមេរិក​ប្រចាំ​នៅ​តៃវ៉ាន់​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ការ​ព្យាយាម​ប្រើ​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​នា​ពេល​ខាង​មុខ។ ប្រតិកម្ម​របស់​អ្នកតំណាង​អាមេរិក​នៅ​តៃវ៉ាន់​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ចិន​បាន​សាកល្បង​នាវា​ដឹក​យន្តហោះ​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​បើក​ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់។ គួរ​រម្លឹក​ថា អាមេរិក​បាន​ផ្តាច់​ការទូត​ជាមួយ​ក្រុង​តៃប៉ិក​ក្នុង​ឆ្នាំ ១៩៧៩ ដើម្បី​ទទួល​ស្គាល់​ក្រុង​ប៉េកាំង​ជា​អ្នកតំណាង​ចិន​តែ​មួយ។ តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ អាមេរិក​បន្ត​រក្សា​សម្ព័ន្ធមិត្តជាមួយ​តៃវ៉ាន់ និង​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ដ៏​សំខាន់​ឲ្យ​តៃវ៉ាន់។

លោក Brent Christensen នាយកវិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់ និង​ជា​អ្នកតំណាងអាមេរិកប្រចាំតៃវ៉ាន់
លោក Brent Christensen នាយកវិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់ និង​ជា​អ្នកតំណាងអាមេរិកប្រចាំតៃវ៉ាន់ Reuters
ផ្សាយពាណិជ្ជកម្ម

អ្នកតំណាងអាមេរិក​ប្រចាំ​នៅ​តៃវ៉ាន់ គឺ​លោក Brent Christensen ដែល​មាន​តួនាទី​ជា​នាយក​វិទ្យាស្ថាន​អាមេរិក​នៅ​តៃវ៉ាន់។ ទាក់ទង​នឹង​ការ​សាកល្បង​របស់​នាវា​ដឹកយន្តហោះ​ចិន​នៅ​ក្នុង​សមុទ្រចិនខាងត្បូង​ដែល​បើក​ឆ្លង​កាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​ថ្មីៗ​នេះ​ត្រូវ​បាន​លោក Brent ឆ្លើយ​យ៉ាង​ដូច្នេះ​ថា « ពិត​ណាស់ យើង​បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​ជាមួយ​នឹង​ក្តីបារម្ភ​ចំពោះ​គ្រប់​សកម្មភាព​បង្កប់​ដោយ​ការ​គំរាម​របស់​ចិន »។ គួរ​បញ្ជាក់​ថា អាមេរិក​បាន​ផ្តាច់​ទំនាក់ទំនង​ផ្លូវទូត​ជាមួយ​តៃវ៉ាន់​តាំង​ពី​ឆ្នាំ ១៩៧៩ ដើម្បី​ទទួល​ស្គាល់​ចិន​តែ​មួយ។ តែ​ទន្ទឹម​គ្នា​នេះ ក្រុង​វ៉ាស៊ីនតោន​បន្ត​រក្សា​សម្ព័ន្ធមិត្ត​ជាមួយ​ក្រុង​តៃប៉ិក និង​ជា​អ្នក​ផ្គត់ផ្គង់​គ្រឿងសព្វាវុធ​ដ៏​សំខាន់​ឲ្យ​តៃវ៉ាន់។

ចំណែក​ចិន​នៅ​តែ​បន្ត​ចាត់​ទុក​តៃវ៉ាន់​ជា​ដែនដី​របស់​ខ្លួន និង​ដែល​ខ្លួន​មិន​ញញើត​នឹង​ប្រើ​កម្លាំង​វាយប្រហារ បើ​កោះ​មួយ​នេះ​ហ៊ាន​ប្រកាស​ឯករាជ្យ​នៅ​ថ្ងៃ​ណា​មួយ​នោះ។ តាម​លោក Brent អាមេរិក​បាន​ដឹង​ច្បាស់​ណាស់​ថា ចិន​ព្យាយាម​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​ដាក់​គំនាប​លើ​តៃវ៉ាន់​ដែល​កំពុង​ត្រៀម​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ដើម​ឆ្នាំ ២០២០។ « ប្រាកដ​ណាស់ ការ​ប៉ុនប៉ង​ប្រើ​ឥទ្ធិពល​លើ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​តៃវ៉ាន់​ធ្វើ​ឲ្យ​យើង​ព្រួយបារម្ភ » នេះ​ជា​ការ​បន្ថែម​របស់​លោក Brent។ តាម​អ្នកតំណាងអាមេរិក​ប្រចាំ​នៅ​តៃវ៉ាន់​រូប​នេះ​ដដែល ក្រុង​វ៉ាស៊ីនតោន​បាន​ចាត់​ទុក​ថា គ្រប់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​សំដៅ​កំណត់​អនាគត​តៃវ៉ាន់​ក្រៅ​ពី​សកម្មភាព​សន្តិវិធី គឺ​ជា​ការ​គំរាមកំហែង​ដល់​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

ប្រតិកម្ម​របស់​អ្នកតំណាងអាមេរិក​ប្រចាំ​នៅ​តៃវ៉ាន់​ពេល​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ប្រមុខ​ការទូត​តែវ៉ាន់​បាន​ចោទ​ចិន​ក្នុង​ថ្ងៃ​អាទិត្យ ទី១៧ វិច្ឆិកា​ពី​បទ​លូកដៃ​នៅ​ក្នុង​ការ​បោះឆ្នោត​តៃវ៉ាន់ និង​បន្ថែម​ថា ពលរដ្ឋ​តៃវ៉ាន់​នឹង​គ្មាន​ការ​ភិតភ័យ​ឡើយ។ ចំណែក​រដ្ឋមន្រ្តី​ការពារជាតិ​តៃវ៉ាន់​បាន​បញ្ជាក់​ពី​ការ​បញ្ជូន​នាវាចម្បាំង និង​យន្តហោះចម្បាំង​ទៅ​តានដាន​សកម្មភាព​របស់​នាវាដឹកយន្តហោះ​ចិន និង​បន្ថែម​ថា នាវាចម្បាំង​អាមេរិក ហើយ​ជប៉ុន​ក៏​បាន​តាម​ឃ្លាំមើល​ដូច​គ្នា​នៅ​ច្រកសមុទ្រ​តៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ