អានតួអត្ថបទ
អូស្រ្តាលី-ចិន

កាសែតអូស្រ្តាលី៖អតីតចារបុរសចិនម្នាក់បានទម្លាយព័ត៌មានប្រាប់អ្នកទទួលខុសត្រូវអូស្រា្តលី

នៅ​ក្នុង​ប្រទេស​អូស្រ្តាលី បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​បាន​បញ្ជាក់​នា​ថ្ងៃ​សៅរ៍ ទី២៣ វិច្ឆិកា​ថា អតីត​ចារបុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​វ៉ង លីជាំង​ដែល​បាន​ផ្តាច់ខ្លួន​បាន​ទម្លាយ​ព័ត៌មាន​ប្រាប់​អ្នក​ទទួល​ខុស​ត្រូវ​អូស្រា្តលី​ពី​របៀប​ជ្រៀតជ្រែក និង​ការ​បំភ្លៃ​របស់​ចិន​នៅ​ហុងកុង តៃវ៉ាន់ ឬ​មួយ​ក៏​នៅ​ក្នុង​ប្រទេស​អូស្រា្តលី។ ចារបុរស​ជនជាតិ​ចិន​រូប​នោះ រួម​ទាំង​ប្រពន្ធ និង​កូន​ម្នាក់​កំពុង​ស្នាក់​នៅ​អូស្រា្តលី ហើយ​កំពុង​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​ពី​រដ្ឋអំណាច​អូស្រា្តលី។

នាយករដ្ឋមន្រ្តី​អូស្រា្តលី​លោក Scott Morrison
នាយករដ្ឋមន្រ្តី​អូស្រា្តលី​លោក Scott Morrison Wallace Woon/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

បើ​តាម​បណ្តាញ​សារព័ត៌មាន​ក្នុង​គ្រុប Nine អតីត​ចារបុរស​ចិន​លោក​វ៉ង លីជាំង​បាន​ប្រាប់​អង្គភាព​ប្រឆាំង​ចារកម្ម​អូស្រា្តលី​នូវ​អត្តសញ្ញាណ​នៃ​ក្រុម​មន្រ្តីជាន់ខ្ពស់​ស៊ើបការណ៍សម្ងាត់​យោធា​ចិន​ប្រចាំ​ហុងកុង រួម​ទាំង​ព័ត៌មាន​លំអិត​ស្តីពី​របៀប​ធ្វើ​ប្រតិបត្តិការ​របស់​ពួក​គេ។ លោក​វ៉ង លីជាំង​បាន​បញ្ជាក់​ថា រូប​លោក​ក៏​បាន​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​មួយ​ចំនួន​ដែរ ពិសេស​ការ​ចាប់​បុគ្គលិក​ម្នាក់​ក្នុង​ចំណោម​ប្រាំ​ម្នាក់​ដែល​បម្រើការ​នៅ​ក្នុង​បណ្ណាគារ​ហុងកុង និង​ដែល​ក្រោយ​មក បុគ្គលិក​រូប​នោះ​បាន​លេច​មុខ​ជាប់ឃុំ​នៅ​ក្នុង​ទឹកដី​ចិន។

ចំណែក​នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​សារព័ត៌មាន​ផ្សេង​ទៀត ដូច​ជា Sydney Morning Herald លោក​វ៉ង លីជាំង​បាន​ពន្យល់​ថា ក្រុង​ប៉េកាំង​គ្រប់គ្រង​ដោយ​សម្ងាត់​លើ​ក្រុមហ៊ុនឯកជន​ដើម្បី​ចំណាយ​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ស្តីពី​ក្រុមប្រឆាំង ឬ​មួយ​ការ​ជ្រៀត​ចូល​នៅ​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយ។ នៅ​ហុងកុង លោក​វ៉ង លីជាំង​បាន​បញ្ជាក់​ពី​ការ​រៀបចំ​ប្រតិបត្តិការ​ដោយ​សម្ងាត់​នៅ​ពី​ក្រោយ​សកម្មភាព​របស់​ក្រុមហ៊ុន​ឯកជន និង​ក្រុម​សារព័ត៌មាន​ហុងកុង​ដើម្បី​ប្រឆាំង​នឹង​ក្រុម​បាតុករអ្នកប្រជាធិបតេយ្យ​ហុងកុង។ ទាក់ទង​នឹង​តៃវ៉ាន់​ត្រូវ​បាន​អតីត​ចារបុរស​ចិន​រូប​នេះ​ដដែល​អះអាង​ថា រូប​លោក​ធ្លាប់​បាន​ចូល​តៃវ៉ាន់​ដោយ​ប្រើ​អត្តសញ្ញាណ​ក្លែងក្លាយ និង​លិខិតឆ្លងដែន​ជា​ជនជាតិ​កូរ៉េខាងត្បូង។

កម្មវត្ថុ​នៅ​តៃវ៉ាន់​របស់​លោក គឺ​ជ្រើសរើស​ក្រុម​ភ្នាក់ងារ​ដើម្បី​ជះ​ឥទ្ធិពល​ដល់​ការ​បោះឆ្នោត​ឃុំសង្កាត់​តែវ៉ាន់​ឆ្នាំ ២០១៨ និង​ការ​បោះឆ្នោតប្រធានាធិបតី​នៅ​ខែ​មករា​ខាង​មុខ។ បន្ទាប់​មក លោក​វ៉ង លីជាំង​បាន​ប្រាប់​ពី​មូលហេតុ​ដែល​លោក​បាន​ផ្តាច់ខ្លួន​ទៅ​កាន់​អូស្រា្តលី គឺ​បារម្ភ​ខ្លាច​ក្រសួង​ស៊ើបការណ៍សម្ងាត់​តៃវ៉ាន់​ដឹង​រឿងរ៉ាវ​របស់​លោក។ ខណៈ​នេះ លោក​វ៉ង លីជាំង រួម​ទាំង​ប្រពន្ធ និង​កូន​ម្នាក់​កំពុង​ស្នាក់​នៅ​អូស្រា្តលី ហើយ​កំពុង​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​ពី​រដ្ឋអំណាច​អូស្រា្តលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ