អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ជប៉ុន​គ្រប់គ្រង​បំណុលសាធារណៈ​យ៉ាងដូចម្ដេច?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សម្រាប់​ពេល​បច្ចុប្បន្ន ជប៉ុន​ជាប្រទេស​មួយ ដែល​មាន​បំណុលសាធារណៈធៀបជាមួយ​នឹង​ចំណូលជាង ខ្ពស់ជាងគេលើពិភពលោក។ ក៏ប៉ុន្តែ បើយោងតាមអ្នក​ជំនាញ បំណុលសាធារណៈរបស់រដ្ឋាភិបាលជប៉ុន ត្រូវគេមើលឃើញថានៅមានភាពល្អប្រសើរនៅឡើយ ធៀបនឹងបណ្តាប្រទេសផ្សេងទៀត។ តើជប៉ុនអាចគ្រប់គ្រងបំណុលរបស់ខ្លួនយ៉ាងដូចម្ដេច?

នាយករដ្ឋមន្ត្រីជប៉ុន​ លោក  Shinzo Abe ​
នាយករដ្ឋមន្ត្រីជប៉ុន​ លោក Shinzo Abe ​ Behrouz Mehri/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

គិតត្រឹមឆ្នាំ​២០១៤ ជប៉ុន​បាន​ក្លាយ​ជាប្រទេស​មួយ​ ដែល​បំណុលសាធារណៈប្រៀបធៀបជាមួយ​ចំណូល​ជាតិ​ វាស់វែង​ដោយ​ផលិតផល​ក្នុងស្រុក​សរុប (ផ.ស.ស) មាន​ទំហំខ្ពស់​បំផុតជាងគេរួចទៅហើយ នៅលើពិភពលោក។ រហូតមកដល់​សព្វថ្ងៃ យោងតាម​ទិន្នន័យ​ឆ្នាំ​២០១៧ ទំហំបំណុល​របស់​រដ្ឋាភិបាល​ជប៉ុន តំណាងប្រមាណជាង ​២៣៨ភាគរយនៃចំណូលជាតិ។

បើទោះបីជាមាន​ទំហំធំធេងយ៉ាងនេះ ក៏​បំណុលសាធារណៈ​របស់​រដ្ឋាភិបាល​ជប៉ុន​ត្រូវគេមើលឃើញថានៅមានភាពល្អប្រសើរនៅឡើយ ធៀបនឹងបណ្តាប្រទេសផ្សេងទៀត។ ​តើជប៉ុនអាចគ្រប់គ្រងបំណុលសាធារណៈរបស់​ខ្លួនយ៉ាងដូចម្ដេច?

គួររំលឹកផងដែរ ចាប់តាំងពីឆ្នាំ​១៩៩០ រដ្ឋាភិបាល​ជប៉ុន​បាន​បន្តអនុវត្តនយោបាយ​មួយ ដែល​អ្នក​សេដ្ឋកិច្ចឱ្យ​ឈ្នោះថា “quantitative easing”។ ក៏ប៉ុន្តែ ស្របពេល​ជាមួយ​គ្នា ជប៉ុនក៏​ត្រូវប្រឈម​ជាមួយ​នឹងបញ្ហា​ឱនភាពថវិកាផងដែរ ពោល​គឺការចំណាយសាធារណៈតែងតែធំជាងចំណូលជាតិ។

អស់​រយៈពេល​រាប់សិបឆ្នាំ តាម​រយៈគោលនយោបាយ​សេដ្ឋកិច្ចរបៀប​នេះ រដ្ឋាភិបាល​ជប៉ុន​អាច​ដំឡើងតម្លៃទ្រព្យសកម្ម បញ្ចុះអត្រាការប្រាក់ និងធ្វើ​ឱ្យ​តម្លៃប្រាក់​យេន​ធ្លាក់​ចុះ ពោលគឺដើម្បីបង្កើន​អត្រាអតិផរណា លើកកម្ពស់​ការនាំចេញ ​ការទាក់ទាញ​ការ​វិនិយោគពាណិជ្ជកម្ម និង​ចុងក្រោយជំរុញកំណើនសេដ្ឋកិច្ច។

ជាឧទាហរណ៍ នៅពេល​ណាដែល​ប្រាក់​យេនរបស់​ជប៉ុនកាន់តែមាន​តម្លៃទាប នោះក៏មានន័យថា ប្រទេសផ្សេងៗអាចប្រើប្រាស់លុយរបស់​ខ្លួនតិចជាងមុន ដើម្បីទិញទំនិញជប៉ុន​ដដែល ឬប្រើប្រាស់លុយរបស់​ខ្លួនដដែល ដើម្បីទិញទំនិញជប៉ុនបានច្រើនជាងមុន។ ឧបមាថា កាលពីមុន គេប្រើមួយដុល្លារអាមេរិក ដើម្បី​ទិញបានសៀវភៅជប៉ុនមួយក្បាល ដល់ពេលឥឡូវ សៀវភៅជប៉ុនធ្លាក់​តម្លៃ​ពាក់កណ្ដាល នុ៎ះគេ​ប្រើប្រាស់ត្រឹម​តែ​មួយ​ដុល្លារប៉ុណ្ណោះ ប៉ុន្តែគេអាច​ទិញសៀវភៅជប៉ុន​បានពីរក្បាល។ ដើម្បីបញ្ចុះតម្លៃប្រាក់​យេន រដ្ឋាភិបាល​ជប៉ុន​បានបង្ហូរប្រាក់​យេន​បន្ថែមក្នុងទីផ្សារ ឫទិញដុល្លារអាមេរិកទុក។

ជាក់ស្ដែង ស្របពេល​ដែល​គោលនយោបាយ​ទាំងនេះ បានផ្ដល់​ផលវិជ្ជមាន​ដល់​ អត្រាអតិផរណាត្រឹមកម្រិតណាមួយដែលគេចង់បាន និង​កំណើន​សេដ្ឋកិច្ច ក៏គេអង្កេតឃើញថា រដ្ឋាភិបាល​ជប៉ុន​ត្រូវប្រឈម​នឹង​ឱនភាពថវិកាយ៉ាងធ្ងន់ធ្ងរ។

បន្ថែមពីលើនេះ បញ្ហាផ្សេង​ៗជាបន្តបន្ទាប់ តួយ៉ាង វិបត្តិសេដ្ឋកិច្ច​សកល​ឆ្នាំ​២០០៧ដល់​២០០៩ តាមពីក្រោយដោយ គ្រោះរញ្ជួយផែនដី និង​រលកយក្សស៊ូណាមិ កាលពីឆ្នាំ​២០១១ សុទ្ធតែបាន​រួម​ចំណែក​ធ្វើឱ្យ​ការចំណាយ​របស់​រដ្ឋាភិបាល​ជប៉ុន​បន្តកើន​ឡើង។ ជាលទ្ធផល ស្ថាប័នវាយតម្លៃ​ចំណាត់ថ្នាក់​បំណុល​ Moody’s បាន​ទម្លាក់​ចំណាត់ថ្នាក់ជប៉ុន​ពី Aa3 មកត្រឹម Aa2 នៅឆ្នាំ​២០១១ នេះផងដែរ។

ខុសពី​បណ្តាប្រទេសផ្សេងៗលើពិភពលោក ដែល​បំណុល​សាធារណៈរបស់​ខ្លួន​ ត្រូវធ្វើឡើងតាម​រយៈ ការ​ខ្ចីលុយពីរដ្ឋាភិបាល​បរទេស​ ឬពីទីផ្សារហិរញ្ញវត្ថុ​អន្តរជាតិ, បំណុល​របស់​រដ្ឋាភិបាល​ជប៉ុនភាគច្រើន​ធ្វើឡើង​ដោយការខ្ចីពី​ប្រជាជន​ខ្លួនឯង។

ក្នុង​ផ្នត់គំនិតជាមូលដ្ឋានរបស់​ប្រជាជន​ជប៉ុន “ថ្ងៃស្អែក​អាច​នឹងមានគ្រោះធម្មជាតិជាយថាហេតុ” ដូច្នេះ ពួកគេមាន​និន្នាការបារម្ភពីថ្ងៃអនាគត និង​ត្រៀម​សន្សំលុយ​ឱ្យ​បាន​ច្រើន​ តាម​តែអាច​ធ្វើទៅបាន។ ចុងក្រោយ លុយសន្សំទាំងនោះហើយដែល​រដ្ឋាភិបាលជប៉ុនជាអ្នកខ្ចី។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ