អានតួអត្ថបទ
បារាំង

របាយការណ៍៖ ការធ្វើទុក្ខបុកម្នេញ​លើ​គ្រិស្តសាសនិក​កើនឡើង​ខ្លាំង​នៅ​អាស៊ីអាគ្នេយ៍

ការធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​អ្នកកាន់​គ្រិស្តសាសនា​មាន​ចំនួន​កាន់តែច្រើន នៅតំបន់​អាស៊ីអាគ្នេយ៍ ប៉ុន្តែ ថយចុះ មកវិញ នៅ​តំបន់​ដើមបូព៌ា ដូចជា​នៅ​ស៊ីរី និង​អ៊ីរ៉ាក់ នៅក្នុង​រយៈពេល​២ឆ្នាំ​ចុងក្រោយនេះ។ នេះ​បើតាម​របាយការណ៍​អង្កេត​របស់​អង្គការ​កាតូលិក​មួយ ឈ្មោះ ជំនួយ​សម្រាប់​វិហារ​ដែល​កំពុង​ជួបការលំបាក ហៅកាត់ថា AED។ 

រូបព្រះយេស៊ូ​លើ​ឈើឆ្កាង​ដែល​គេ​លាក់​នៅក្នុង​ក្រណាត់ចាស់ របស់​គ្រិស្តសាសនិក​ជប៉ុន​ដែល​ធ្លាប់រងការធ្វើទុក្ខបុកម្នេញ ក្នុង​អតីតកាល នៅប្រទេស​ជប៉ុន
រូបព្រះយេស៊ូ​លើ​ឈើឆ្កាង​ដែល​គេ​លាក់​នៅក្នុង​ក្រណាត់ចាស់ របស់​គ្រិស្តសាសនិក​ជប៉ុន​ដែល​ធ្លាប់រងការធ្វើទុក្ខបុកម្នេញ ក្នុង​អតីតកាល នៅប្រទេស​ជប៉ុន ©REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ដែលមាន​ឈ្មោះថា រងទុក្ខបុកម្នេញ និងត្រូវ​គេ​បំភ្លេចចោល អង្គការ​កាតូលិក បារាំង AED បាន​រៀបរាប់​ពី​ស្ថានភាព​របស់​អ្នកកាន់​គ្រិស្តសាសនា ដែល​រងការធ្វើបាប ដោយសារតែ​ជំនឿសាសនា ក្នុង​រយៈពេល​២ឆ្នាំ​ចុងក្រោយនេះ( ពីខែ​មិថុនា ២០១៧ ដល់​ខែ​មិថុនា ២០១៩)។ តាមរយៈ សក្ខីកម្ម និង​ព័ត៌មាន​ដែល​អ្នកកាសែត​របស់​អង្គការ​AED ប្រមូល​បាន​ពី​គ្រិស្តសាសនិក នៅ​កន្លែង​ផ្ទាល់ អង្គការ​កាតូលិក​បារាំង បាន​រកឃើញ​ថា គឺ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែលស្ថានភាព​របស់​គ្រិស្ត​សាសនិក មាន​សភាពធ្លាក់​ចុះដុនដាប ខ្លាំង​ជាងមុន។

តាមប្រធាន​របស់​អង្គការ​កាតូលិក លោក​Benoît de Blanpré ការគំរាមកំហែង​ទៅលើ​អ្នកកាន់គ្រិស្តសាសនា នៅក្នុង​តំបន់​អាស៊ី មាន​៣​ប្រភេទផ្សេងគ្នា។ ទី១ គឺ​អ៊ីស្លាមជ្រុលនិយម ទី២ គឺ​ការកើនឡើង​នៃ​ក្រុមជាតិនិយម​ដែល​កាន់តែ​ហិង្សា ហើយនិង​ទី ៣ គឺ​របបផ្តាច់ការ។ ប្រធាន​អង្គការ​កាតូលិក បារាំង បាន​លើកឡើង​ពី​ករណី​សម្លាប់​គ្រិស្តសាសនិក​២២​នាក់ នៅ​ប្រទេស​ហ្វីលីពីន កាលពី​ខែ​មករា ដើមឆ្នាំនេះ ហើយនិង​អំពើភេរវកម្ម​​បំផ្ទុះគ្រាប់បែក របស់​ក្រុមអ៊ីស្លាមជ្រុលនិយម នៅ​ព្រះវិហារ​គ្រិស្ត នៅ​ប្រទេស​ស្រីលង្កា ដែល​បាន​សម្លាប់មនុស្ស​ជាង ៣០០​នាក់ នៅក្នុង កាលពីខែ​មេសា​កន្លងទៅ។

នៅក្នុង​សន្និសីទ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រធាន​អង្គការ​ផ្តល់ជំនួយ ដល់​វិហារ​ដែល​កំពុង​មានទុក្ខ បាន​បរិហារ​ផងដែរ មនោគមវិជ្ជា ជាតិនិយមជ្រុល​របស់​អ្នកកាន់សាសនា​ហិណ្ឌូ នៅ​ឥណ្ឌា ដែលបាន​ញុះញង់​ឲ្យ​មានការវាយប្រហារ ដល់ទៅ​ជាង ១០០០​ដង​ទៅលើ​គ្រិស្តសាសនិក ក្នុង​រយៈពេល ២ឆ្នាំ​ចុងក្រោយនេះ។ នៅពេល​កូរ៉េខាងជើង ត្រូវ​ចាត់ទុក​ជាប្រទេស​ដែល​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នកកាន់គ្រិស្តសាសនា ភូមាឯណោះ វិញ ត្រូវ​ចាត់ថ្នាក់ ជា​ប្រទេស​ដែល​ប្រជាជន​កាន់សាសនា​គ្រិស្ត ត្រូវ​គេ​ផ្លាស់ទី​កន្លែងរស់នៅ ច្រើនជាង ១សែននាក់។

នៅពេលការធ្វើទុក្ខបុកម្នេញ​ទៅលើ​ប្រជាជន​កាន់គ្រិស្តសាសនា​កើនឡើង​ច្រើន នៅ​អាស៊ីអាគ្នេយ៍ នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់​ជាដើម ករណី​ធ្វើបាប ប្រឆាំង​គ្រិស្តសាសនិក​បាន​ថយចុះ​ចំនួន​គួរ​ឲ្យ​កត់សំគាល់។ តាមយោបល់​របស់​អ្នកនិពន្ធ​របាយការណ៍ នេះ​អាច​ជា​លទ្ធផល​នៃ​បរាជ័យ ការដួលរលំរបស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី និង​អ៊ីរ៉ាក់។ ទោះបី​ជា​ស្ថានភាព​របស់​គ្រិស្តសាសនិក​ល្អប្រសើរ​ឡើង ដូច​ក្នុងករណី​ប្រទេស​អេហ្ស៊ីប ប៉ុន្តែ ការផ្លាស់ទី របស់​អ្នកកាន់គ្រិស្តសាសនា ដោយសារ​បញ្ហា​សន្តិសុខ និង​ភាពក្រីក្រ អាច​ជា​ឧបសគ្គ រាំងស្ទះ មិន​អាច​ឲ្យ​សហគមន៍ គ្រិស្តសាសនា​អាច​រីកចម្រើន​ល្អដូចដើម​វិញ នៅតំបន់​ដើមបូព៌ា។ នៅ​អ៊ីរ៉ាក់ ចំនួន​គ្រិស្តសាសនិក​បាន​ថយចុះ​ចំនួន ពី ១លាន ៥សែននាក់​នៅ​ឆ្នាំ ២០០៣ មកនៅ​តិចជាង ១សែន ៥ម៉ឺននាក់ នៅ​ឆ្នាំ ២០១៩ ចំណែក​ស៊ីរី ដែល​ធ្លាប់​មាន​គ្រិស្តសានិក​១លាន ៥សែននាក់ នៅ​មុន​កើតផ្ទុះសង្រ្គាម​ស៊ីវិល នៅ​ឆ្នាំ ២០១១ បាន​ថយចុះ ចំនួន​មកនៅ​ត្រឹម​៥សែននាក់ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ