អានតួអត្ថបទ
អូស្ត្រាលី-ចិន

អូស្ត្រាលី​បើក​ការស៊ើបអង្កេត​លើ​ព័ត៌មាន​ដែល​ផ្តល់ដោយ​ចារកិច្ច​ចិន

ប៉ូលិស អូស្ត្រាលី នៅ​ថ្ងៃ​អង្គារ​នេះ នឹង​ចាប់​បើក​ការស៊ើបអង្កេត​ជា​ផ្លូវការ លើ​ពាក្យ​បណ្តឹង​របស់​អតីត​ចារកិច្ច​ចិនម្នាក់ ដែល​អះអាង​ថា ទីក្រុង​ប៉េកាំង បាន​ព្យាយាម បញ្ចូល ភ្នាក់ងារស៊ើបការណ៍​សម្ងាត់​របស់ខ្លួន ទៅក្នុង​សមាជិកសភា​អូស្ត្រាលី។ រដ្ឋាភិបាល​អូស្ត្រាលី កាលពី​ថ្ងៃ​ចន្ទ បានសំដែង​ការព្រួយបារម្ភ និងទើសទាល់ចិត្តខ្លាំង នៅ​ក្រោយ​អតីត​ចារកិច្ចចិន​ម្នាក់ ដែល​កំពុង​ដាក់​ពាក្យ​សុំជ្រកកោន នៅអូស្ត្រាលី បាន​អះអាង​ថា ពី​ប្រតិបត្តិការ​របស់​ប្រទេស​ចិន ដើម្បី ជ្រៀតជ្រែក ចូល​ក្នុង​កិច្ចការ​នយោបាយ​ប្រទេស​អូស្ត្រាលី ហុងកុង និងតៃវ៉ាន់។ 

ស្រមោល​មនុស្ស​នៅមុខ​រោងល្ខោន​នៅទីក្រុង​ស៊ីដនី នៅ​ខែ​វិច្ឆិកា ២០១៦
ស្រមោល​មនុស្ស​នៅមុខ​រោងល្ខោន​នៅទីក្រុង​ស៊ីដនី នៅ​ខែ​វិច្ឆិកា ២០១៦ ©REUTERS/Steven Saphore
ផ្សាយពាណិជ្ជកម្ម

មន្រ្តី​អូស្ត្រាលី ម្នាក់ ដែល​សុំ​មិនបញ្ចេញឈ្មោះ បាន​បញ្ជាក់​ប្រាប់​ទៅទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា ប៉ូលិស​អូស្ត្រាលី​នឹង​ចាប់​បើកការស៊ើបអង្កេត​ជាផ្លូវការ នៅ​ថ្ងៃ​អង្គារ​នេះ នៅក្រោយ មាន​ព័ត៌មាន​ចោទប្រកាន់​ដែល​ថា ប្រទេស​ចិន​បាន​ព្យាយាម រើសបញ្ចូល អ្នកជំនួញ អូស្ត្រាលី ម្នាក់ នៅ​ទីក្រុង​Melbourne ឲ្យធ្វើការ យកការណ៍សម្ងាត់​នៅ​សភា​អូស្ត្រាលី ដើម្បី ប្រយោជន៍​ទីក្រុង​ប៉េកាំង។

តាមមន្រ្តី​អូស្ត្រាលី ប៉ូលិស​នឹង​ស៊ើបអង្កេត​ទៅ​លើ​ពាក្យ​បណ្តឹង​របស់​អតីត​ចារកិច្ច​ចិនម្នាក់ គឺ​ លោកវ៉ង លីជាំង ដែល​បាន​ប្រាប់អង្គភាព ប្រឆាំង​ចារកម្ម​អូស្ត្រាលី ពី​អត្តសញ្ញាណ និង​របៀប​ធ្វើប្រតិបត្តិការ របស់​ក្រុមមន្រ្តី​ស៊ើបការណ៍​សម្ងាត់​ជាន់ខ្ពស់​ចិន ដើម្បី ជ្រៀតជ្រែក ពង្រីក​ឥទ្ធិពល​របស់​ខ្លួន នៅ​ទឹកដី​អូស្ត្រាលី។

នៅក្នុង កម្មវិធី​ទូរទស្សន៍​អូស្រ្តាលី ឈ្មោះថា ៦០នាទី ដែល​បាន​ចាក់ផ្សាយ កាលពី​ថ្ងៃ​អាទិត្យ លោក វ៉ង លីជាំង ដែល​អះអាង ខ្លួន​ជា​ចារកិច្ច​របស់​ចិន បាន​និយាយ​ប្រាប់អ្នកកាសែត ថា ប្រទេស​ចិន​បាន​ទាក់ទង និង​ផ្តល់​លុយ ១លាន​ដុល្លារ អូស្ត្រាលី ដើម្បី ជួយ​ឲ្យ​អ្នកជំនួញ អូស្ត្រាលី ដើមកំណើត​ចិន​ម្នាក់ ឈ្មោះ Bo Nick Zhao អាច​ជាប់ឆ្នោត ធ្វើ​ជា​សមាជិក​សភា​អូស្ត្រាលី។

តាម​កម្មវិធីទូរទស្សន៍​អូស្ត្រាលី អ្នកជំនួញ អូស្ត្រាលី ដែលធ្លាប់​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​ចិន បាន​បដិសេធ​សំណើ​របស់​ចិន។ សាកសព​របស់​លោក ត្រូវ​បាន​គេ​ឃើញ នៅ​ក្នុង​ម៉ូតែលមួយ នៅអូស្ត្រាលី កាលពី​ខែ​មីនា ដើមឆ្នាំនេះ។

តាម​កម្មវិធីទូរទស្សន៍​អូស្រ្តាលី ឈ្មោះ ៦០នាទី​ដដែល នៅមុន​ត្រូវ​គេ​សម្លាប់ អ្នកជំនួញ​ដើមកំណើត​ចិន ធ្លាប់​បាន​និយាយ​ប្រាប់ អង្គការ​សន្តិសុខ​ព័ត៌មាន​សម្ងាត់​អូស្ត្រាលីថា លោកធ្លាប់​ត្រូវ​បាន​គេ​បញ្ចុះបញ្ចូល​ឲ្យ​ធ្វើការ​ជា​ចារកិច្ច​សម្ងាត់។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ប្រធាន​អង្គការ​សន្តិសុខ​ព័ត៌មាន​សម្ងាត់អូស្ត្រាលី បាន​ដឹង និង​កំពុង​ស៊ើបអង្កេត​ពីរឿងនេះ។

កាលពី​ថ្ងៃ​ចន្ទម្សិលមិញ លោកនាយករដ្ឋមន្រ្តី អូស្ត្រាលី Scott Morisson បាន​សំដែង កង្វល់​ដ៏ជ្រាលជ្រៅ ពី​ពាក្យ​ចោទប្រកាន់​ទៅលើ​ លោក​ Bo Nick Zhao ដែល​តាមពិត​ជា​សមាជិក​របស់​គណបក្ស​សេរី​របស់​លោកនាយករដ្ឋមន្រ្តី។ សម្រាប់​ប្រមុខរដ្ឋាភិបាល​អូស្ត្រាលី អូស្ត្រាលី​មិនមែន​ល្ងង់ មិនដឹង​ពីការគំរាមកំហែង​ដែល​ខ្លួនកំពុង​ប្រឈម​នោះទេ។ ទីក្រុង​ប៉េកាំង តាមរយៈ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស បាន​ទាត់ចោល​ការចោទប្រកាន់ និង​ផ្ទុយទៅ​វិញ បាន​ចោទប្រកាន់​អ្នកនយោបាយ អង្គការ និង​ប្រព័ន្ធផ្សព្វផ្សាយ អូស្ត្រាលី​ជាអ្នកប្រឌិត បង្កើត​រឿង​ចារកិច្ច​ចិន​នេះឡើង។

អ្នកនាំពាក្យ​របស់ក្រសួងការបរទេស​ចិន​បាន​ចោទប្រកាន់ផង​ដែរ លោក វ៉ង លីជាំង ដែល​ជា​អ្នកធ្វើ​ឲ្យបែកលេចធ្លាយ​រឿងចារកិច្ច​ចិន នៅអូស្ត្រាលី។ តាម អ្នកនាំពាក្យ​ខាងលើ លោក វ៉ង លីជាំង ដែលកំពុង​ដាក់ពាក្យ​សុំ​សិទ្ធិជ្រកកោន នៅទឹកដី​អូស្ត្រាលី តាមពិត ជា​បុគ្គលិក ដែល​គ្មាន​ការងារធ្វើ និង​ដែលបាន​លួយបន្លំ រត់គេចខ្លួន​ពី​ការតាមចាប់​របស់​អាជ្ញាធរចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ