អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ចិន​ ប្រើប្រាស់​ចំណាត់ការ​អ្វីខ្លះ​ដើម្បី​គ្រប់គ្រង​ជនជាតិ​អ៊ុយហ្គួរ​នៅឯ​ជំរំ​ស៊ីនជាំង​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រៅតែពីបាតុកម្មនៅហុងកុង រឿងរ៉ាវពាក់ព័ន្ធនឹងជំរំឃុំខ្លួនជនជាតិអ៊ុយហ្គួរ នៅក្នុងតំបន់ស៊ីនជាំង កំពុងក្លាយជាព័ត៌មានដ៏ក្តៅគគុកបំផុតមួយ នៅក្នុងប្រទេសចិន ក៏ដូចជានៅទូទាំងពិភពលោកដែរ។ វាក្តៅគគុកពីព្រោះតែ នាពេលថ្មីៗនេះ មានទិន្នន័យលេចធ្លាយជាច្រើនបង្ហាញថា ជំរំឃុំខ្លួន មិនមែនជាកន្លែងអប់រំ ដូចរដ្ឋអំណាចចិនធ្លាប់តែងបានអះអាងនោះទេ។ ក៏ប៉ុន្តែ វាគឺជាកន្លែង ដែលរដ្ឋាភិបាលចិនប៉េកាំង ប្រើប្រាស់ដើម្បីកែប្រែផ្នត់គំនិតរបស់ជនជាតិភាគតិចអ៊ុយហ្គួរ កាន់សាសនាអ៊ីស្លាម ទៅវិញនោះទេ។បើពិតជាដូច្នោះមែន តើអាជ្ញាធរក្រុងប៉េកាំង បានប្រើប្រាស់វិធីអ្វីខ្លះ ដើម្បីគ្រប់គ្រង ក៏ដូចជាលាងសំអាតខួរក្បាលជនជាតិអ៊ុយហ្គួរ ដែលរស់នៅក្នុងទឹកដីចិន?

កាលពីថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០១៨ ជនជាតិភាគតិចអ៊ុយហ្គួរ នៅទីក្រុងប្រ៊ុចសែល ធ្វើបាតុកម្មអំពាវនាវឱ្យសហភាពអឺរ៉ុប គាប់សង្កត់ចិនឲ្យគោរពសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង និងស្នើសុំឱ្យបិទជំរំឃុំឃាំង។
កាលពីថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០១៨ ជនជាតិភាគតិចអ៊ុយហ្គួរ នៅទីក្រុងប្រ៊ុចសែល ធ្វើបាតុកម្មអំពាវនាវឱ្យសហភាពអឺរ៉ុប គាប់សង្កត់ចិនឲ្យគោរពសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង និងស្នើសុំឱ្យបិទជំរំឃុំឃាំង។ AFP/ Emmanuel DUNAND
ផ្សាយពាណិជ្ជកម្ម

រឿងអាស្រូវជុំវិញសំណុំរឿងជនជាតិភាគតិចអ៊ុយហ្គួរ បាននឹងកំពុងល្បីរន្ទឺ និងរួតរឹតកេរ្តិ៍ឈ្មោះរដ្ឋាភិបាលក្រុងប៉េកាំងយ៉ាងខ្លាំង។ ទិន្នន័យជាច្រើន ទាក់ទងនឹងសកម្មភាពរបស់រដ្ឋអំណាចចិន បានបែកធ្លាយ និងចេញផ្សាយជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

ជាក់ស្តែង កាលពីចុងសប្តាហ៍កន្លងទៅ សម្ព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ ជំនាញខាងស៊ើបអង្កេត (ICIJ) បូករួមទាំងបណ្តាញសារព័ត៌មានអន្តរជាតិធំៗប្រមាណជា ១៧ ស្ថាប័នផ្សេងៗគ្នាផង បានចុះផ្សាយ អំពីចំណាត់ការយ៉ាងតឹងរ៉ឹងជាទីបំផុតរបស់ចិន ក្នុងការគ្រប់គ្រងជនជាតិភាគតិចអ៊ុយហ្គួរ។

ឯកសារលេចធ្លាយទាំងនោះ គូសបង្ហាញឲ្យដឹងថា រដ្ឋាភិបាលចិន បានសាងសង់ជំរំជាច្រើនកន្លែង នៅក្នុង​តំបន់​ស្វយ័ត​ស៊ីនជាំង សម្រាប់ឃុំខ្លួនប្រជាជនអ៊ុយហ្គួរ និងជនជាតិភាគតិចកាន់សាសនាអ៊ីស្លាមដទៃទៀត ដែលគេជឿថាមានចំនួនប្រមាណជា ១ លាននាក់។

នៅឯជំរំទាំងនោះ ជនជាតិភាគតិចអ៊ុយហ្គួរ ត្រូវបានរដ្ឋអំណាចចិន ចាប់ទាំងបង្ខំឲ្យរៀនពីភាសាចិន ឥរិយាបថ-ទំនៀមទម្លាប់ ហើយនិងមនោគមវិជ្ជារបស់ចិន។ បើយោងទៅតាមឯកសារមួយ ចុះផ្សាយដោយសារព័ត៌មានបារាំង AFP កាលពីថ្ងៃទី ២៥ វិច្ឆិកា មន្ត្រីរដ្ឋនៅតំបន់ស៊ីនជាំង ត្រូវបានថ្នាក់ដឹកនាំចិន បញ្ជាឲ្យដើរត្រួតពិនិត្យតាមដាន អ្នកទោស ឬអ្នកជាប់ឃុំឃាំង គ្រប់សកម្មភាព និងគ្រប់ពេលវេលាទាំងអស់ សូម្បីតែពេលដែលពួកគេទៅបន្ទប់ទឹក ដើម្បីការពារកុំឲ្យ ពួកគេអាចរត់គេចខ្លួនបាន។

ក្រៅពីនេះ គ្រប់បុគ្គលិករដ្ឋនៅស៊ីនជាំង ត្រូវបានហាមប្រាមមិនឲ្យរាប់អាន ពួកអ៊ុយហ្គួរដែលជាប់ឃុំឃាំង ធ្វើជាមិត្តភក្តិ ព្រមទាំងទាក់ទងគ្នាជាលក្ខណៈឯកជនឡើយ។ ធ្វើបែបនេះ អាជ្ញាធរចិន ចង់រាំងខ្ទប់មិនឲ្យគម្រោងឃុបឃិតគ្នាណាមួយ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល អាចត្រូវបានបង្កើតឡើង។

គួរជ្រាបថា ព័ត៌មានទាក់ទងសំណុំរឿងជនជាតិអ៊ុយហ្គួរ បានបែកធ្លាយ តែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកាសែត The New York Times ចុះផ្សាយព័ត៌មាន ដោយយោងតាមឯកសារចំនួន ១០០ ទំព័រដែលខ្លួនទទួលបាន។

កាលណោះ The New York Times ផ្សាយថា លោកប្រធានាធិបតីចិនស៊ី ជីនពីង បានចេញបញ្ជាឲ្យមន្ត្រីរដ្ឋាភិបាល ចាត់វិធានការដោយគ្មានមេត្តាឡើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំបែកខ្លួននិយម ព្រមទាំងភេវនិយម។

បន្ទាប់ពីមានដំណឹងលេចធ្លាយខាងលើនេះ សហគមន៍អន្តរជាតិ ក៏ដូចជាអ្នកជំនាញខាងកិច្ចការសង្គមជាច្រើន បានចេញមុខប្រតិកម្មដាក់ រដ្ឋាភិបាលបក្សកុម្មុយនិស្តចិន។

ជាក់ស្តែង លោក James Leibold អ្នកជំនាញខាងផ្នែកទំនាក់ទំនងជនជាតិភាគតិចនៅក្នុងប្រទេសចិន បានលើកឡើងថា ឯកសាររបស់អាជ្ញាធរចិនប្រមាណ ៦ និងសារលើប្រព័ន្ធ Telegram ដែលបានលេចធ្លាយ ជាភស្តុតាងជះចំមុខចិន។ ចិន ដែលនៅគ្រាកន្លងមក តែងតែនិយាយយ៉ាងដាច់មុតថា ជំរំឃុំឃាំង គឺជាកន្លែងអប់រំ។  

គួររំឭកជូនថា ជំរំឃុំឃាំង នៅតំបន់ស្វយ័តស៊ីនជាំង ស្ថិតភាគខាងលិចប្រទេសចិន ដំបូងឡើង បង្កើតឡើងនៅក្នុងឆ្នាំ ២០១៤ បន្ទាប់ពី ទាហានអ៊ុយហ្គួរមួយក្រុម ធ្វើការវាយប្រហារលើស្ថានីយរថភ្លើងមួយ។

នៅគ្រាកន្លងមក រដ្ឋាភិបាលចិនបានទទួលរងនូវការរិះគន់ជាច្រើន ថាបាន បង្កើតជំរំនានាឡើង ដើម្បីតែធ្វើទុក្ខបុកម្នេញប្រជាជនអ៊ុយហ្គួរ កាន់សាសនាអ៊ីស្លាមតែប៉ុណ្ណោះ។ ហើយឆ្លើយតបនឹងការរិះគន់នេះដែរ រដ្ឋអំណាចចិនតែងចេញមុខការពារខ្លួន ដោយអះអាងថាទាំងនោះ សុទ្ធតែជាព័ត៌មានមិនពិត និងជាការលាបពណ៌ ប្រឌិតរឿងឡើងរបស់បរទេស ដើម្បីអាចចូលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនបាន។

ជាមួយគ្នានេះ រដ្ឋាភិបាលចិន បានសង្កត់ធ្ងន់ដែរថា ជំរំនៅស៊ីនជាំង គឺជាមជ្ឈមណ្ឌលអប់រំ បង្កើតឡើង ក្នុងគោលបំណងទប់ស្កាត់ កុំឲ្យមានជនជ្រុលនិយម តាមរយៈការបង្ហាត់បង្រៀនភាសាចិន និងជំនាញផ្សេងៗ ដល់ជនជាតិភាគតិចអ៊ុយហ្គួរ ដែលសុទ្ធសឹងជាអ្នកស្ម័គ្រចិត្ត។

ផ្ទុយពីការបកស្រាយរបស់អាជ្ញាធរចិន។ អតីតអ្នកទោសម្នាក់នៅស៊ីនជាំង និយាយថា ជំរំឃុំខ្លួន ពិតណាស់ មិនមែនជា មណ្ឌលអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈអ្វី ដូចការអះអាងរបស់រដ្ឋាភិបាលចិនឡើយ។ តែវា ត្រូវបានប្រើប្រាស់ ដើម្បីលុបបំបាត់ភាសា សាសនា និងវប្បធម៌ដ៏មានតម្លៃរបស់ជនជាតិអ៊ុយហ្គួរវិញឯណោះទេ។​

ជាមួយគ្នានេះ ទិន្នន័យចុងក្រោយដែលបែកធ្លាយ ក៏បានបង្ហាញផងដែរ ពីគោលការណ៍ដឹកនាំនៅជំរំឃុំខ្លួន ដែលចេញដោយអាជ្ញាធរស៊ីនជាំង នាឆ្នាំ ២០១៧ ដែលរាល់បុគ្គលិកធ្វើការនៅទីនោះ ត្រូវបានណែនាំឲ្យលាក់ការណ៍សម្ងាត់អំពីជំរំឃុំឃាំង។

មិនតែប៉ុណ្ណោះ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យយកទូរសព្ទដៃ ឬក៏កាមេរ៉ា ចូលទៅក្នុងកន្លែងបង្ហាត់បង្រៀនដែរ។ ចំណែកអ្នកជាប់ឃុំ ដែលជាសិស្សនិស្សិតវិញ ត្រូវបានរស់នៅតាមរបៀបរបប ដែលគេរៀបចំឲ្យ ដូចជាកាត់សក់ និងកោរពុកមាត់ជាប្រចាំតាមកាលវិភាគ និងមិនត្រូវប្រើទូរសព្ទដៃឡើយ។

កាមេរ៉ាសុវត្តិភាព ត្រូវបានបំបាក់គ្រប់ទីកន្លែង ទាំងនៅថ្នាក់រៀន និងកន្លែងស្នាក់នៅរបស់សិស្ស ដើម្បីធានាឲ្យបានថា សន្តិសុខ យាមកាមតាមពេលត្រឹមត្រូវ និងអាចរាយការណ៍បានទាន់ពេលវេលា ក្នុងករណីមានអ្វីមិនប្រក្រតីកើតឡើង។ បន្ថែមលើនេះ សូម្បីអ្នកស្រុកស៊ីនជាំង ដែលរស់នៅក្រៅប្រទេស ក៏ជាមុខសញ្ញារបស់ចិន ក្នុងការតាមដានផងដែរ។ នេះ បើតាមឯកសារដែលមាននៅក្នុងទិន្នន័យដែលបែកធ្លាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ