ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អាស៊ី

ចិនទម្លាក់ទំនួលខុសត្រូវនៃ​ការ​ឡើង​កម្តៅ​អាកាសធាតុ លើ​ក្រុម​ប្រទេស​អ្នកមាន

media ប៉ូលិស​ចិនឈរ​យាម​ ​ពាក់​ម៉ាស​​ដោយ​មាន​ផ្សែង​ពុល​ខ្លាំង​ពេក REUTERS/Stringer

សន្និសីទ​អន្តរជាតិ​ស្តី​អំពី​អាកាសធាតុ​ COP២៥ នៅ​ក្រុង​ម៉ាឌ្រីត កាន់​តែ​ខិត​មក​ដល់ សំឡេង​រិះគន់​ប្រឆាំង​គ្នា​បាន​លាន់​ឮ​កាន់​តែ​ខ្លាំង។ នៅ​ថ្ងៃ​ពុធ​នេះ ចិន​ដែល​បញ្ចេញ​ឧស្ម័ន​ពុល​ខ្លាំង​ជាង​បំផុត​មួយ បាន​ចោទ​ប្រកាន់​ក្រុមប្រទេស​លោក​ខាង​លិច ជាពិសេស​​​សហរដ្ឋ​អាមេរិកតែ​ម្តង​ ថា​​មិន​បាន​បញ្ចេញ​សកម្មភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុទេ។ មិន​តែ​ប៉ុណ្ណោះ​ចិន​បានរិះគន់​យ៉ាង​ខ្លាំង ដោយ​មិន​ផ្ទាល់​ គម្រោង​​យក​ពន្ធ​លើ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ ថា​ជា​ប៉ុនប៉ង​បំផ្លាញ​កិច្ច​ខំប្រឹង​ប្រែង​រួម​របស់​ពិភពលោក​ ដើម្បី​អាកាសធាតុ។

គណៈកម្មការ​អឺរ៉ុប​ផ្នែក​អាកាសធាតុ​ បាន​បង្ហាញ​ផែនការ Green Deal ដែល​អឺរ៉ុបនឹង​ចាប់​សិក្សា​ចាប់​ពី​ថ្ងៃទី ១​ធ្នូ​២០១៩​ទៅ។ តាម​រយៈ​ផែនការ​នេះ អឺរ៉ុប​ចង់​ដាក់​ឱ្យ​ដំណើរការ​យក​ពន្ធ​លើ​កាបូន ឆ្លង​ព្រំដែន ដើម្បីការពារ​ក្រុមហ៊ុន​អឺរ៉ុបឱ្យ​បាន​រក​ស៊ី​ស្មើ​ភាព​ជា​មួយ​​នឹងក្រុមហ៊ុន​មក​ពី​បរទេស​ដែល​មិន​គោរព​បទដ្ឋាន​បរិស្ថាន​ដ៏​តឹងរឹង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រែប្រួល​អាកាសធាតុ​ដូច​អឺរ៉ុប។

ប៉ុន្តែ​សម្រាប់​ប៉េកាំង គម្រោង​ការពារ​អាកាសធាតុ​នេះ នឹងទៅ​​បង្អាក់​កម្មវត្ថុ​រួម​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី។ គម្រោងបែប​​ឯកតោភាគី​និយម និង​ការពារ​​ផលប្រយោជន៍​តែ​ឯង បំផ្លាញ​ខ្លាំង​ណាស់​​ លទ្ធផល​នៃ​កិច្ចខំប្រឹង​ប្រែង​ទូទៅ និង​ឆន្ទៈ​របស់​បណ្តា​ប្រទេស​ដែល​​ចង់បញ្ចេញ​សកម្មភាព​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួលអាកាសធាតុ​រួម​គ្នា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អនុរដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ចិន លោក Zhao Yingmin ដោយ​បាន​អះអាង​​ថា ការយក​ពន្ធ​កាបូន គឺ​ជា​ចំណុច​ប្រឆាំង​ដ៏​សំខាន់​មួយ​នឹង​កិច្ចព្រមព្រៀង​អាកាសធាតុ​​ ដែល​អង្គការ​សហប្រជាជាតិ​សម្រេច​បាន​​នៅ​ទីក្រុង​ប៉ារីស កាលពី​ឆ្នាំ​២០១៥។

មិន​តែ​ប៉ុណ្ណោះ ក្រុម​ប្រទេស​អ្នក​មានមិន​បាន​ចូលរួម​ចំណែក​គ្រប់គ្រាន់​​ ក្នុង​បុព្វហេតុ​អាកាសធាតុ​ទេ។​ កង្វះ​​​ឆន្ទៈ​នយោបាយ គឺ​ជា​បញ្ហា​ដ៏​ធំ​ នៃ​កិច្ច​ខិត​ខំប្រឹង​ប្រែង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល ! នេះ​ជា​ប្រសាសន៍​របស់​អនុរដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ចិន​ទៅ​កាន់​អ្នក​សារព័ត៌មាន ដោយ​​​បាន​បន្ថែម​ការ​រិះគន់​និង​ចោទ​ប្រកាន់ ​ក្រុម​ប្រទេស​លោក​ខាង​លិច ជាពិសេស​​សហរដ្ឋ​អាមេរិក​​ថា ក្រុម​ប្រទេស​អ្នក​មាន​ ដែល​មាន​ប្រវត្តិ​ឧស្សាហកម្ម​លូតលាស់​​តាំង​ពី​យូរ​មក​ហើយ ត្រូវមាន​ទំនួល​ខុស​ត្រូវ​ជាង​ក្រុមប្រទេស​ក្រីក្រ​ ក្នុង​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស បាន​ចែងអំពី​គោលការណ៍​នៃ​ ការ​ទទួល​ខុស​ត្រូវ​រួម តែ​ខុសគ្នាៗ។ ​ថ្វី​បើ​ជា​​​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​ពិភពលោកមែន ​តែ​ចិន​មិន​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ខាង​​បញ្ចេញ​ឧស្ម័នកាបូនិក​ទេ។ ហើយ​ក្នុង​នាម​ជា​ប្រទេស​កំពុង​លូត​លាស់ ចិន​គួរ​តែ​​មាន​សិទ្ធិ​ទទួលចំណែក​​ជា​​​ជំនួយថវិកា​​១០០​ពាន់​លានដុល្លារ​​ ដែល​ក្រុម​ប្រទេស​អ្នក​មាន​សន្យា​ជួយ​ប្រទេស​ក្រីក្រ​ដើម្បី​ប្រឈម​នឹង​ភាព​បន្ទាន់​អាកាសធាតុផង និង​ដើម្បីផ្តល់​មធ្យោបាយ​កាត់​បន្ថយឧស្ម័ន​ផ្ទះកញ្ចក់ផង។ ​​

សូម​បញ្ជាក់​ថា កាលពី​ម្សិលមិញ ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​ប្រទេសហត្ថលេខី​ ​ កាត់​បន្ថយ​ឧស្ម័ន​CO2 ៧,៦%​ក្នុង​មួយ​ឆ្នាំ​ៗ​បើ​ចង់​កំរិត​អាកាសធាតុ​ឱ្យ​ឡើង​ត្រឹម​១,៥​អង្សា ដូច​មាន​ចែង​ក្នុង​​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ