ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

ចិន ដណ្តើមចំណាត់ថ្នាក់​លេខ១ពី​សិង្ហបុរី ក្នុងនាមប្រទេស​ដែល​មានប្រព័ន្ធសិក្សា​អប់រំ​មាន​ប្រសិទ្ធិភាពខ្ពស់

ចិន ដណ្តើមចំណាត់ថ្នាក់​លេខ១ពី​សិង្ហបុរី ក្នុងនាមប្រទេស​ដែល​មានប្រព័ន្ធសិក្សា​អប់រំ​មាន​ប្រសិទ្ធិភាពខ្ពស់
 
រូបគម្រប​របាយការណ៍​របស់​អង្គការ​OCDE​សម្រាប់​លទ្ធផល​តេស្ត​ឆ្នាំ ២០១៨ ដែល​ត្រូវ​បោះពុម្ពផ្សាយនៅ​ថ្ងៃទី ៣​ធ្នូ ឆ្នាំ ២០១៩ https://www.oecd.org/pisa/

តាម​របាយការណ៍​សិក្សាPisa របស់​អង្គការ​កិច្ចហប្រតិបត្តិការ និង​អភិវឌ្ឍន៍​​សេដ្ឋកិច្ច OCDE អាស៊ី និងជាពិសេស ប្រទេស​ចិនតែម្តង បាន​ជាប់ចំណាត់​ថ្នាក់​នាំមុខគេ ខាងមាន​ប្រព័ន្ធអប់រំល្អ ក្នុង​មុខវិជ្ជា វិទ្យាសាស្រ្ត គណិតវិទ្យា និង​ការអានសរសេរ។ អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​ខ្លាំង​ជាងគេនៅក្នុង​របាយការណ៍​សិក្សា ឆ្នាំ ២០១៩ របស់ OCDE គឺ​សិង្ហបុរី​បាន​ថ្នាក់​ចំណាត់ថ្នាក់​របស់​ខ្លួន ពី​លេខ ១ មក​នៅ​លេខ២ នៅ​ក្រោយ​ប្រទេស​ចិន។ 

 

របាយការណ៍​សិក្សា ដែល​អង្គការ​សហប្រតិបត្តិការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច OCDE បាន​ចេញផ្សាយ​នៅថ្ងៃ អង្គារនេះ បាន​បង្ហាញ​ថាអាស៊ី​ ជាពិសេស ប្រទេស​ចិន បាន​ទទួល​ចំណាត់ថ្នាក់ល្អ នាំមុខគេ ខាង​មាន​សិស្ស​ពូកែ គណិតវិទ្យា វិទ្យាសាស្រ្ត ហើយ​និង​ការអាន សរសេរ។

វា​មិនមែន ជា​រឿងថ្មី រឿងចម្លែក ទេ ដែល​ប្រទេស​អាស៊ី មាន​ចំណាត់ថ្នាក់​នាំមុខ នៅក្នុង​ការវាយតម្លៃ​លើ​ផ្នែកអប់រំ​របស់​អង្គការ​ OCDE។ ប្រទេស​សិង្ហបុរី និង​ក្រុមប្រទេស​អាស៊ី ធ្លាប់​បាននាំមុខ​គេ​ នៅក្នុង​ការសិក្សាតាមដាន​របស់​ OCDE អស់​ជា​ច្រើន​ឆ្នាំមកហើយ។ និន្នាការនេះ​នៅតែ​មាន​នៅ​ក្នុង​របាយការណ៍​របស់​ OCDEនៅក្នុង​ការវាយតម្លៃសម្រាប់​ឆ្នាំ ២០១៨។ ជាក់ស្តែង នៅក្នុង​ចំណោម​ប្រទេស​១០​ដែល​ជាប់មានចំណាត់ថ្នាក់ ល្អ​ជាងគេ មាន​ប្រទេស ៧មកពី​អាស៊ី ហើយ​ប្រទេស​អាស៊ី ចំនួន​៥ សុទ្ធ​តែ​មាន​ចំណាត់ថ្នាក់ល្អ នាំមុខ ដូចជា ចិន​ជាប់ចំណាត់​ថ្នាក់​លេខ ១ បន្ទាប់​មក គឺ​សិង្ហបុរី ចំណែក ម៉ាកាវ​ជាប់ចំណាត់​ថ្នាក់ទី ៣ ទី ៤​គឺ​ហុងកុង ជាដើម ចំណែក​ទី ៥ គឺប្រទេស​អេស្តូនី និងទី ៦ គឺប្រទេស​កាណាដា។

សូមអាន៖ សឹង្ហបុរី៖ ក្មេងសិស្ស​សាលា​មាន​ចំណេះដឹង​ខ្ពស់ តែ​ក៏​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ផ្លូវចិត្ត

របាយការណ៍​របស់​អង្គការ​ OCDEចេញផ្សាយ​នៅថ្ងៃអង្គារ គឺ​ផ្តោតទៅលើ​លទ្ធផល​នៃ​ការធ្វើតេស្ត​កម្មវិធី​អន្តរជាតិ ដើម្បី​តាមដាន​ចំណេះដឹង​របស់​សិស្ស ដែល​អង្គការ​ OCDE  បាន​បើកធ្វើឡើង នៅក្នុង​ប្រទេស ចំនួន ៧៩ កាលពី​ខែ ឧសភា ឆ្នាំ មុន។ សូមបញ្ជាក់ថា ចាប់តាំង​ពី​ឆ្នាំ ២០០០ មក និង​ជារៀងរាល់ ៣ឆ្នាំម្តង អង្គការ​ OCDEតែងតែ ធ្វើការ​សិក្សា វាយតម្លៃ​ទៅលើ​ចំណេះដឹង និង​សមត្ថភាព​របស់​សិស្ស​អាយុ ១៥ឆ្នាំ លើ​ផ្នែកវិទ្យាសាស្ត្រ គណិតវិទ្យា និង​ការអាន។

 

ប្រទេស​នៅ​អឺរ៉ុប​បាន​ថយពិន្ទុច្រើន ដូចជា​ប្រទេស​ហ្វាំងឡង់ ដែលធ្លាប់​ចំណាត់ថ្នាក់ លេខ ១ នៅ​ឆ្នាំ ២០០០ បែរជា​លែង​មានមុខ​នៅក្នុង​ចំណាត់ថ្នាក់​ល្អ​របស់​ OCDEទៀតហើយ។ បារាំង​វិញ ជាប់ចំណាត់ថ្នាក់ លើស​មធ្យមបន្តិច ​គឺជាប់លេខ​២៣ ក្រោយ​ប្រទេស​បែលហ្ស៊ិក អាមេរិក និង​អង់គ្លេស ប៉ុន្តែ នៅមុខ​ប្រទេស​ស្វ៊ីស។

ចិនមិនធ្លាប់​មាន​​មុខ​ក្នុងចំណាត់ថ្នាក់​ប្រទេស​ទាំង ១០​ដែល​មាន​ពិន្ទុល្អ របស់​អង្គការ​OCDE កាលពី​មុនទេ ប៉ុន្តែ ជាប់​ចំណាត់ថ្នាក់ លេខ១ របស់​OCDE ឆ្នាំ ២០១៨

ប្រទេស​ចិន ជាប់លេខ១ នៅក្នុងចំណាត់ថ្នាក់​របស់​អង្គការ​ OCDE ព្រោះថា ខេត្ត​ទីក្រុង​ធំៗ​របស់​ចិន ដូចជា ប៉េកាំង សៀងហៃ ជៀងស៊ុ និង​ជេជាំង ដែល​ចូល​ប្រលង តំណាង​ប្រទេស​ចិន លើកនេះ គឺ​សុទ្ធតែ​ជាខេត្ត ទីក្រុង ដែលមាន​​ស្ថានភាព​សេដ្ឋកិច្ច ល្អ ហើយ​ ការសិក្សា​អប់រំទៀត ត្រូវគេ​ចាត់ទុកជា​អាទិភាព​ចំបង។ តាម​ការវាយតម្លៃ​របស់​អគ្គលេខាធិការ​របស់​អង្គការ OCDE អាជ្ញាធរ​ចិន នៅ​ទីក្រុង ខេត្ត​ទាំង​៤​ដែល​មាន​កម្រិត​សេដ្ឋកិច្ច​ខ្ពស់ បាន​ចំណាយ ថវិកា​ សម្រាប់កម្មវិធី​អប់រំ ជាពិសេស ដើម្បីជំរុញ និង​​ពង្រឹងគុណភាព សមត្ថភាពរបស់​​សិស្ស​សាលា។

តាមការវាយតម្លៃ​របស់អ្នកជំនាញ ខាងផ្នែក​អប់រំ​របស់​​អង្គការ​ OCDE នៅក្នុង​ប្រទេស​អាស៊ី ភាគច្រើន ការសិក្សា​អប់រំកុមារ ត្រូវ​បានគេ​​ចាត់ទុក​ជា​បញ្ហា​អាទិភាព។ ឧទាហរណ៍ នៅ​សិង្ហបុរី ដែល​ធ្លាប់​ជាប់ចំណាត់ថ្នាក់​លេខ​១ កាលពី​៣ឆ្នាំមុខ គ្រូបង្រៀនត្រូវ​បាន​ឆ្លងកាត់​ការវាយតម្លៃ ជាទៀងទាត់ ឆ្លងកាត់​ការបណ្តុះបណ្តាលដំបូង យ៉ាងស៊ីជម្រៅ និង​ជឿនលឿនបំផុត។ នៅ​ប្រទេស​ដែល​មាន​ចំណាត់ថ្នាក់ពិន្ទុល្អ គេ​បាន​សម្រេចចិត្ត​វិនិយោគលើ​ស្ថាប័នអប់រំ ដែល​ជួបការលំបាក។ នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​ជាប់ចំណាត់​ថ្នាក់​ល្អ​ដែរនោះ គ្រូបង្រៀន​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ខ្ពស់ ចំណែក​ប្រាក់ខែ​របស់​គ្រូបង្រៀន​ទៀតសោត គឺ​ខ្ពស់ គួរ​ឲ្យ​ទាក់ទាញ​មែនទែន។

 

តើចំណាត់ថ្នាក់របស់​អង្គការ​OCDE មាន​ប្រយោជន៍អ្វី​?

នៅពេល​អង្គការ​OCDE ចាប់ផ្តើម​កម្មវិធី​អន្តរជាតិ​ដើម្បី​តាមដាន​ចំណេះដឹង​សិស្ស ហៅកាត់ថា Pisaដំបូង នៅ​ឆ្នាំ ២០០០ មាន​ប្រទេស​ជាច្រើន ជាពិសេស​នៅ​អឺរ៉ុបតែម្តង បាន​ប្រតិកម្ម​ប្រឆាំង ដោយសារ​គេ​គិតថា តេស្ត​របស់​ OCDEនឹង​អាចបន្ថោក បញ្ចុះតម្លៃ​គុណកម្មវិធី អប់រំថ្នាក់ជាតិ។ ប៉ុន្តែ បន្តិចម្តងៗ លទ្ធផលតេស្ត របស់​ OCDE ត្រូវ​បាន​គេ​ប្រើ​ធ្វើ​ជា​ ចំណុច​គោល ដើម្បី ឲ្យ​គ្រប់ប្រទេស​ក្នុង​ពិភពលោក អាច​យកប្រើ​ដើម្បី ​ពិចារណា ឡើងវិញ ពី នយោបាយ កម្មវិធី​អប់រំដែល​គេ​ត្រូវ​កែលម្អឡើងវិញ ឬ​ជំរុញ​បន្ថែម ដើម្បី ពង្រឹង​សមត្ថភាពសិស្សឲ្យ​ឆ្លើយតប​នឹង​ការវិវឌ្ឍ​សង្គម។

ចំនួន​សិស្ស​ដែល​ចូលចិត្ត​អាន នៅតែមានតិច

របាយការណ៍​របស់​ OCDE ឆ្នាំ ២០១៨ ដែល​ផ្តោតសំខាន់ ទៅលើ ការអាន និង​ការសរសេរ របស់​សិស្ស​សាលា បាន​ទាញ​សញ្ញា​អាសន្នដែលថា ការអានរបស់សិស្សសាលា​ នៅតែ​មិន​រីកចម្រើន​ទាល់តែសោះ តាំង​ពី​ឆ្នាំ ២០០០។ អ្វីដែលជាបញ្ហា​ប្រឈម​ខ្លាំង​សព្វថ្ងៃនេះ ទៀត គឺ ជាមួយ​នឹង​ការរីកចម្រើន ផ្នែក​ព័ត៌មាន​វិទ្យា អ៊ីនធ័រនែត ចំនួន​សិស្ស​ដែល​អាន បាន​ថយចុះ​ចំនួន។ ម្យ៉ាងទៀត ពួក​គេ​អាន​ភាគច្រើន តែនៅ​លើ​​ស្មាតហ្វូន ទូរស័ព្ទ ប៉ុន្តែ មិនមែន​ជា​សៀវភៅ ឯកសារ​ដូចមុនទេ។

ខុសពីមុន ដែល​សិស្ស​អាន​តែ​លើ​ឯកសារ កម្មវិធី​រៀនសូត្រ​ដែល​រដ្ឋាភិបាល សម្រេច​ថ្នាក់ជាតិ យុវសិស្ស​ឥលូវ​អាន​ច្រើន​ឯកសារ លើ​អ៊ីនធ័រនែត ដែលចេញមកពី​​ច្រើនប្រភព ពោល គឺ​សំបូរ​ច្រើន ដោយ​ព័ត៌មាន​ពិត ផង និង​មិន​ពិតផង។ នេះ​ហើយ​ជា​គ្រោះថ្នាក់ និង​ដែល​ទាំង​អាជ្ញាធរ គ្រូបង្រៀន ឪពុកម្តាយ ត្រូវ​ប្រុងប្រយ័ត្ន ដោយ​ត្រូវ​ចាំជួយ កែតម្រង់យុវជន​គ្រប់ពេលវេលា ដើម្បី​កុំ​ឲ្យ​ពួកគេ​យល់ ដើរ​ផ្លូវខុស ដោយសារ​តែ​ទទួលព័ត៌មាន​ក្លែងក្លាយ។

ចំណុចមួយទៀត ដែល​អង្គការ​ OCDE ចង់ទាញ​សញ្ញា​អាសន្ន​ដែរ គឺ​សិស្ស​សាលា​មកពី​គ្រួសារ​ក្រីក្រ មិនចង់​បន្តរៀន​ទៅ​សាលា​ជាន់ខ្ពស់ នោះបើទោះបីជាពួកគេ​មាន​ពិន្ទុ​ល្អ នៅក្នុង​ការប្រលងធ្វើតេស្ត​របស់ OCDE។ OCDE បាន​បង្ហាញ​សាជាថ្មី​ គំលាតក្នុង​ការអប់រំ រវាង​ក្មេង​ដែល​មកពីគ្រួសារ​មាន​ជីវភាពល្អប្រសើរ និង​ក្មេង​ដែល​មក​ពីគ្រួសារ​មាន​ជីវភាព​មធ្យម។ ដូចមុនៗ ក្មេង​មក​ពីគ្រួសារ​ក្រីក្រ នៅតែ​បាន​ទទួលការអប់រំ មានកំណត់ មិនសូវ​មាន​គុណភាព។ អង្គការ​ OCDEបាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បន្ថែម ការយកចិត្ត​ទុកដាក់ វិនិយោគ​បន្ថែម​ទៅលើ​ការអប់រំ សម្រាប់​ក្មេង​មកពីគ្រប់មជ្ឈដ្ឋាន ជាពិសេស​ក្មេងៗ​នៅ​តំបន់​ក្រីក្រ ដើម្បី​ធានា​ការអប់រំ​ស្មើភាព ហើយ​និង​ដើម្បី​អាច​បាន​កម្លាំងបន្ថែម សម្រាប់​ជំរុញ​សេដ្ឋកិច្ច៕

 

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អប់រំ ៖ សិស្សនៅ​​អាស៊ី​ពូកែខ្លាំង ដោយ​មាន​សិង្ហបុរី​ជាប់​លេខ​មួយ​

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    កូនសិស្ស​បារាំង​ជាប់​ចំណាត់​ថ្នាក់​ក្រោយ​គេ​ខាង​គណិត​និង​វិទ្យាសាស្ត្រ

    ស្វែងយល់បន្ថែម

  • យូណេស្កូ

    អក្ខរកម្ម​នៅក្នុង​សម័យ​ឌីជីថល ឬ​សម័យ​អ៊ីនធ័រនែត

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ចិន៖ ចូលរៀនសកលវិទ្យាល័យបរទេសល្បីៗ ទោះដោយវិធីណាក៏ដោយ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ