អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តៃវ៉ាន់ជម្រកថ្មីរបស់ពលរដ្ឋហុងកុងក្មេងៗ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បាតុកម្ម​​ដែល​រង​ការ​បង្ក្រាប​​យ៉ាង​ខ្លាំង​ពី​​រដ្ឋាភិបាល​ហុងកុង​​ អស់​រយៈ​ពេល​ជាង​៦​ខែ​កន្លង​មក​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​លើ​អតីត​ដែន​ដី​អាណានិគមនិយម​អង់គ្លេស​ជា​ច្រើន ចាប់​អស់​ជំនឿ​លើ​ជោគវាសនា​អនាគត​របស់​ទឹក​ដី​កំណើត​។ ប្រឈម​នឹង​ស្ថានភាព​នយោបាយ​លែង​ជាក់​លាក់ ពលរដ្ឋ​ហុងកុង​ជា​ច្រើន​​មាន​គំនិត​ចង់​និរទេស​ខ្លួន ទៅ​ស្វែង​រក​អនាគត​ថ្មី​លើ​ទឹក​ដី​ “តៃវ៉ាន់”។ ហេតុ​អ្វី​តៃវ៉ាន់ ?

តាំង​ពី​ផ្ទុះ​ចលនា​​បាតុកម្មមក ​មានពលរដ្ឋ​ហុងកុង​ក្មេងៗជា​ច្រើន​បាន​ទៅ​សុំ​ជ្រកកោន​នៅតៃវ៉ាន់
តាំង​ពី​ផ្ទុះ​ចលនា​​បាតុកម្មមក ​មានពលរដ្ឋ​ហុងកុង​ក្មេងៗជា​ច្រើន​បាន​ទៅ​សុំ​ជ្រកកោន​នៅតៃវ៉ាន់ Philip FONG / AFP
ផ្សាយពាណិជ្ជកម្ម

តៃវ៉ាន់​ជា​ដែនដី​ដ៏​ទាក់ទាញ ! ភាព​ស្ងប់​ស្ងាត់ និង​ភាព​ស្រទន់​របស់​កោះ​ បាន​ទាក់​ទាញ តាំង​ពី​យូរ​យារ​មក​ហើយ ពលរដ្ឋ​ហុងកុង​ដែល​ចង់​គេច​ពីភាព​រញឹករញៃ ​វក់វីរ​ក្នុង​ក្រុង​ដ៏​ធំ​ ​ឬ​ចង់​គេច​ពី​ទីផ្សារ​អចលនទ្រព្យដែល​ថ្លៃ​កប់​ពពក​។ ប៉ុន្តែ​ ចរន្ត​ចំណាក​ស្រុក​ពី​ហុងកុង ​ទៅ​តៃវ៉ាន់​ ចាប់​ស្ទុះខ្លាំង​មាន​ចរន្ត​លឿន​​​មែនទែន​ នា​រយៈ​ពេល​ប៉ុន្មានខែ​ចុងក្រោយ​នេះ។

គិត​​ពី​ខែ​មករា ដល់​ខែ​កញ្ញាឆ្នាំ​២០១៩ អាជ្ញាធរ​តៃវ៉ាន់​បាន​ចេញ​​លិខិត​ស្នាក់​នៅ​ រយៈ​ពេល​ខ្លី- វែង និង​អចិន្ត្រៃយ៍ ដល់​ពលរដ្ឋ​ហុងកុង​ ចំនួន​ជាង​៤ពាន់​ករណី​ ពោល​គឺ​ជា​សន្ទុះ​កើន​ឡើង​​ជិត​ ៣០% បើ​ប្រៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ នៅ​ឆ្នាំ​២០១៨។

ចំណែក​ចំនួនអ្នក​​វិនិយោគ​ពី​ហុងកុងមក​​នៅ​លើ​កោះ​តៃវ៉ាន់​វិញ បានកើន​ឡើង​ស្ទើរ​មួយ​ជា​ពីរ នៅ​ឆ្នាំនេះ។ សម្រាប់​ក្រុម​អ្នក​ជំនួញ ដែលកំពុង​​និរទេសរកទីផ្សារ​​តៃវ៉ាន់​​ ហុងកុង​លែង​មាន​ភាព​ប្រាកដ​ប្រជា​ទៀត​ហើយ​ ! គេ​មិន​ដឹង​ថា​តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក​ទេ។ សម្ពាធ​កម្លាំង​ខាង​ក្រៅ​(ចិន)​ធ្ងន់​ខ្លាំង​ដែល​អាច​ប្តូរ​ទិដ្ឋភាព​ហុងកុង​គ្រប់​យ៉ាង។​ ខ្លះ​ទៀត​យល់​ថា ហុងកុង​មិន​អាច​ត្រលប់​ទៅ​ដូច​ពី​មុន​បាន​វិញ​ឡើយ ! ពួក​គេ​ពុំ​សំលឹង​ឃើញ​អនាគត​ចែងចាំង​របស់​ហុងកុង​ទេ ! ទើប​​ត្រូវ​ស្វែង​រក​អនាគត​ថ្មី​ នៅ​តៃវ៉ាន់។

ហេតុ​អ្វីតៃវ៉ាន់ ?

តៃវ៉ាន់ និង​​ហុងកុង ជា​ដែនដី​​ពី​រដុំ​ដែល​ចង​ភ្ជាប់​រួម​គ្នា​ដោយ​វប្បធម៌​​តែ​មួយ មក​ពី​ទំនាប​ទន្លេ​លឿង​ដូច​គ្នា និង​ជា​ផ្កាយ​រណប​សេដ្ឋកិច្ច​ពីរ​របស់​​​ចិន​​ដូច​គ្នា។ ធ្លាប់​តំបន់​ដែន​កោះ​ក៏ក្រីក្រ​តោកយ៉ាក​ ​ហុងកុង ប្រែ​ថា « កំពង់ផែ​ទឹក​អប់ » ដែល​ក្នុង​ពេល​មួយ​ប៉ប្រិច​ភ្នែក (ប៉ុន្មាន​ទសវត្សរ៍)​ បាន​ប្រែមុខ​មាត់​ទៅ​ជា​ស្នូល​ហិរញ្ញវត្ថុ​​ពិភពលោក និង​ដែល​ជា​ច្រក​ទ្វារ​សម្រាប់​អ្នក​វិនិយោគ​បរិទេស​ជ្រៀត​ចូលទៅចិន​ ត្រូវ​ប្រឈម​នឹងគំនាប​​ប៉េកាំង​ដើម្បី​រក្សា​ស្វ័យតភាព​និង​អត្តសញ្ញាណ​ពិសេស​របស់​ខ្លួន កាន់​តែ​​ត្រដាប​ត្រដួស​ឡើងៗ។ ពាក្យ​ថា​សេរីភាព​ដែល​ហុងកុង​ធ្លាប់​ស្គាល់ ក្រោម​គោលការណ៍​ ប្រទេស​មួយ​ប្រព័ន្ធ​ពីរ កំពុង​តែ​​​រួញ​ជា​លំដាប់ ហើយ​នឹងរួញ​រហូត​ទាល់​តែ​ក្លាយ​ជា​ប្រទេសមួយ​ប្រព័ន្ធ​មួយ​ជា​ក់​ជា​ពុំ​ខាន។

ចំណែក​តៃវ៉ាន់​ ដែល​មាន​ទំនាក់ទំនងតាន​តឹង​ជាមួយ​ប៉េកាំង តាំង​ពីជាង​៦០​ឆ្នាំមកដែរ និង​​ប្រឹង​ទប់​ឥទ្ធិពល​ចិន​ជា​រហូត​មក ក៏​បាន​ក្លាយ​កូន​នាគ​សេដ្ឋកិច្ច​មួយ និង រះ​ត្រចះត្រចែងលើ​ពិភពលោក​​ក្នុង​វិស័យ​បច្ចេកវិទ្យា តាម​រយៈក្រុមហ៊ុន​ Asus Acer Foxconn។ល។ ថ្វី​បើ​ស្រមោល​ចិន​ នៅ​តាម​អន្ទោល​ មិន​ឆ្ងាយ​ពី​តៃវ៉ាន់​ក្តី ព្រោះប៉េកាំង​តែង​ចាត់ទុកតៃវ៉ាន់​ជា​ចំណែក​មួយរបស់​​ចិន​ក៏​ដោយ​ ក៏​តៃវ៉ាន់​ជា​ដែន​ដី​ដែល​ពលរដ្ឋ​មាន​សេរីភាព​ ក្នុង​ការ​បញ្ចេញ​មតិ មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស ​ប្រធានាធិបតី តំណាង​រាស្ត្រ និ​ងសិទ្ធិផ្សេងទៀត​ដែល​ហុងកុង​គ្មាន និង​លែង​មាន។ តាម​រយៈមេរៀន​ហុងកុង ថា​គេ​មិន​អាច​ទុក​ចិត្ត​លើ​​បក្ស​កុម្មុយនិស្ត​ចិនបាន តៃវ៉ាន់​ទំនង​ជា​អាច​ថែ​រក្សា​ដែន​​កោះ​ ថែរក្សា​សេរីភាព​របស់​ខ្លួន កុំ​ឱ្យ​ធ្លាក់​ក្នុង​ក្រញាំ​ដៃ​ចិន​បាន។ ​នេះ​ហើយ​ជា​ភាព​ទាក់ទាញ​មួយ​ទៀត​របស់​តៃវ៉ាន់​ សម្រាប់​ក្រសែ​ភ្នែក​ពលរដ្ឋ​ហុងកុង។

តាម​ធម្មតា ដើម្បីទប់​ស្កាត់​លំហូរ​អន្តោប្រវេសន៍​មក​ពី​ចិន​ដី​គោក អាជ្ញាធរ​តៃវ៉ាន់មិន​ទទួល​ស្គាល់​ទស្សនៈ សុំ​ជ្រកកោន​នយោបាយ​ទេ និង​មិន​អនុញ្ញាត​ឱ្យ​មាន​ច្បាប់​ទទួល​អន្តោប្រវេសន៍​ ក្នុង​ក្របខ័ណ្ឌ​ជា​ជនភៀស​ខ្លួនឡើយ។ ប៉ុន្តែ​តៃវ៉ាន់​ ដែល​តែង​គាំទ្រ​ចលនា​បាតុកម្ម​នៅ​ហុងកុង​ជា​រហូត​មក មាន​ភាព​អនុគ្រោះ​ជា​និច្ច​ដល់​ពលរដ្ឋ​ហុងកុង។ ក្នុង​ន័យ​នេះ ពលរដ្ឋ​ហុងកុង​អាច​សុំ​​សិទ្ធិ​ស្នាក់​នៅ​លើ​កោះ​តៃវ៉ាន់ តាម​រយៈ​យន្តការ​ផ្សេង ដូច​ជា​តាម​រយៈ​ការ​ផ្តល់​ទិដ្ឋាការ​ជា​អ្នក​វិនិយោគ។ ដើម្បី​អាច​ទទួល​បាន​សិទ្ធ​ស្នាក់​នៅ​នៅតៃវ៉ាន់​ គេ​ត្រូវ​ធ្វើ​​​​វិនិយោគ​ តែ​ក្នុង​តម្លៃ​ ៦​លាន​ដុល្លារ​តៃវ៉ាន់ (ត្រូវ​ជា​ប្រមាណ​២០ម៉ឺន​ដុល្លារ​អាមេរិក)ប៉ុណ្ណោះ។ ជា​កំរិត​វិនិយោគ​ដ៏ទាប​ជាង​ការចំនាយ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត ដូច​យ៉ាង សហរដ្ឋ​អាមេរិក កាណាដា ឬ​អូស្ត្រាលី។

ចរន្ត​អន្តោប្រវេសន៍​ហុងកុង​ទៅ​​តៃវ៉ាន់​នៅ​ពេល​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ចលនា​ចំណាក​​ស្រុក​ រលក​ទី​បី។ លើក​ទី​មួយ កាលពី​​ឆ្នាំ​១៩៩៧ នៅពេល​អង់គ្លេស​​បាន​ប្រគល់​ដែនដី​អាណានិគមន៍​ហុងកុង ទៅ​ឱ្យ​ចិន​គ្រប់គ្រង​វិញ​។ ​លើក​ទី​ពីរ នៅ​ឆ្នាំ​២០១៤ ក្រោយ​បរាជ័យ​នៃ​ចលនា​បដិវត្តឆ័ត្រ ក្នុង​ទ្រង់ទ្រាយ​តូចជាង​លើក​ទី​មួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ