អានតួអត្ថបទ

ជប៉ុន​អនុម័ត​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​តម្លៃ​ជាង ១២០​ពាន់​លាន​ដុល្លារ​អាមេរិក

នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហ៊ីនហ្សូ អាបេ ​បាន​បង្ហាញ​ផែនការ​ផ្តល់​សន្ទុះ​​សេដ្ឋកិច្ច​ជាតិ​ និង​ការ​វិនិយោគ ទ្រង់ទ្រាយ​ធំ តម្លៃ​ប្រមាណ ១៣០០០ ពាន់​លាន​ដុល្លារយ៉េន (​១២២ពាន់​លាន​ដុល្លារ​អាមេរិក) ដើម្បី​បញ្ចៀស​ប្រទេស​​ឱ្យ​​ធ្លាក់​ក្នុង​អន្លង់​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​នៅ​ឆ្នាំ​២០២០។ បើ​បូក​សរុប​ការ​វិនិយោគ​ក្នុង​វិស័យ​ឯកជន​ទៀត ផែនការ​មាន​ទំហំ​ដល់​ទៅ ២៦០០០ពាន់​លាន​យ៉េន។ នេះបើ​តាម​ប្រភព​សារព័ត៌មាន​ជប៉ុន។

លោក​នាយករដ្ឋមន្ត្រី​ជប៉ុន បង្ហាញ​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច ១២០ពាន់​លាន​ដុល្លារ
លោក​នាយករដ្ឋមន្ត្រី​ជប៉ុន បង្ហាញ​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច ១២០ពាន់​លាន​ដុល្លារ REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

ជិត​៥០%​នៃ​ប្រាក់​​វិនិយោគ​សាធារណៈ​នឹង​ឧទ្ទិស​ដល់​ការ​ជួសជុល និង​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនា​សម្ព័ន្ធ​ ដែល​ទ្រុឌទ្រោម​ដោយ​គ្រោះ​មហន្តរាយ​​ធម្មជាតិ នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។

ផែនការ​ដែល​​លើក​ឡើង​សម្រាប់​រយៈ​ពេល​ច្រើន​ឆ្នាំ ក៏​ទៅ​សម្រួលផលប៉ះពាល់​បណ្តាលមក​ពី​ដំឡើង​ពន្ធលើ​​តម្លៃ​បន្ថែម​កាលពី​ថ្ងៃ១​តុលា​ផង និង​ជួយ​ផ្តល់​សន្ទុះ​ដល់​សេដ្ឋកិច្ច ក្រោយ​ការ​រៀប​ចំ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ ឆ្នាំ​ក្រោយ​ទៀត។

ជំនួយនាំ​ចេញ​​សម្រាប់​កសិករ​ចិញ្ចឹម​សត្វ ក៏​មាន​បញ្ចូល​​​ក្នុង​វិធានការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាលដែរ។ នេះ​បើតាម​ភ្នាក់ងារ​ព័ត៌មាន​Kyodo។

បើ​តាម​​លោក​នាយករដ្ឋមន្ត្រី​ នេះ​ជា​ផែនការ​ប្រកប​ដោយ​មហិច្ឆតា​និង​មហិទ្ធិរិទ្ធ។ ហើយ​រដ្ឋាភិបាលសង្ឃឹម​ថា​នឹង​លើក​ស្ទួយ​ផលិតផលសរុប​ក្នុង​ស្រុក​បាន​១,៤%។ ប៉ុន្តែ​ទោះ​បី​ជា​ផែនការ​មាន​តម្លៃ​មហាសាល​ក្តី ក៏​អ្នក​សេដ្ឋកិច្ចមិន​យល់​ស្រប​ទាំង​ស្រុង​តាម​ការ​អួត​អាង​របស់​រដ្ឋាភិបាល​ទេ។ ផែនការ​របស់​លោក​អាបេ ទំនង​ជា​អាចប​ញ្ចៀស​​វិបត្តិ​សេដ្ឋកិច្ច​ដើរថយក្រោយ​នៅ​ឆ្នាំ​២០២០​មែន តែ​មិន​គ្រប់គ្រាន់​សម្រាប់បញ្ចៀស​វិបត្តិ​សេដ្ឋកិច្ច​ដើរ​បន្ថយ​​ល្បឿន​​បាន​ឡើយ។ សម្រាប់​អ្នក​វិភាគសេដ្ឋកិច្ច​ ឥទ្ធិពល​នៃ​ផែនការ​​មាន​កំរិត​ណាស់ ព្រោះ​វា​អាច​ជួយ​បំប៉ន​បាន​តែ​ក្នុង​វិស័យ​​ពាក់​ព័ន្ធ​នឹង​ហេដ្ឋារចនា​សម្ព័ន្ធ តែ​មិន​បាន​ជួយ​ឱ្យ​មាន​កំណែទម្រង់​ស៊ីជម្រៅ​ទេ។

ជប៉ុន​​មាន​ទម្លាប់​លើក​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ឱ្យ​អណ្តែត​​ឡើង​វិញ តែ​នយោបាយប្រើ​រូបិយបណ្ណ​និង​ហិរញ្ញវត្ថុ​​បែបនេះ​បាន​ធ្វើ​ឱ្យបំណុល​ជាតិ​ដែល​ខ្ពស់​ស្រាប់​ កើន​ឡើងកាន់​តែ​​កប់​ពពក​ (២៣៨%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​នៅ​ឆ្នាំ​២៩១៨ បើ​តាម​FMI)។

នេះ​ជា​ផែនការ Abenomics ដែល​លោក​អាបេ បាន​ប្រកាន់​យក​ តាំងពី​លោក​វិល​មក​កាន់​អំណាច​នៅ​ឆ្នាំ​២០១២។ នយោបាយ​នេះ​បាន​ធ្វើ​ឱ្យ​ប្រាក់​យេន​ចុះ​ថ្លៃ សម្រួល​ដល់​ក្រុមហ៊ុន​នាំ​ចេញ តែ​មិន​អាច​ស្តារ​ឱនភាព​បាន​ទេ។​ ម្យ៉ាង​វិញ​ទៀត ​ ផែនការ ​​​Abenomics ទីបី ដែល​ចង់​ការ​​កំណែទម្រង់រចនា​សម្ព័ន្ធ ជួប​ការ​យឺត​យ៉ាវ​ខ្លាំង និង​ក្រ​សម្រេច​បានជារូបរាងណាស់ ដោយ​ហេតុ​ជប៉ុន​កំពុ​ង​ប្រឈម​នឹង​បញ្ហា​ដ៏​ធំ​មួយ​ទៀតគឺ​វិបត្តិ​ប្រជាសាស្ត្រ ចំនួន​ប្រជាជន​ធ្លាក់​ចុះ​លឿន​ជ្រុល។ នេះ​បើ​តាម​របាយការណ៍​ចុងក្រោយ​របស់​​មូលនិធិ​រូបយិវត្ថុ​ស្តី​ពី​ប្រទេស​ជប៉ុន​ ចេញ​ផ្សាយកាលពី​ចុងខែ​វិច្ឆិកា។​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ