អានតួអត្ថបទ
ហ្វីលីពីន

ជំនួបកំពូល​សេដ្ឋកិច្ច​APEC គ្រប​បាំង ជិត ដោយ​បញ្ហា​ភេរវកម្ម

នៅ​ថ្ងៃព្រហស្បតិ៍នេះ ថ្ងៃ​ចុងក្រោយ​នៃ​ជំនួបកំពូល​សេដ្ឋកិច្ច​APEC ក្នុង​ទីក្រុង​ម៉ានីល ថ្នាក់ដឹកនាំ​កំពូល​នៅក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក បាន​អំពាវនាវ ឲ្យ​មាន​ការសហការ​ជា​សកល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមភេរវនិយម។ អំពើភេរវកម្ម និង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​ក្លាយ​ជាប្រធានបទ​នាំមុខ នៅ​ក្នុង​ជំនួប​កំពូល​APEC ដែល​តាមពិត មាន​គោលដៅ ផ្តោត​ទៅលើ​ការពង្រឹង​ចំណង​ពាណិជ្ជកម្ម​នៅក្នុង​តំបន់។ 

ថ្នាក់​ដឹកនាំ​របស់​ប្រទេស​សមាជិក​APEC
ថ្នាក់​ដឹកនាំ​របស់​ប្រទេស​សមាជិក​APEC ©REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

តាម​សេចក្តីព្រាង សេចក្តី​ប្រកាស​បិទ​ជំនួប​កំពូល​សេដ្ឋកិច្ច​អាស៊ី ប៉ាស៊ីហ្វិក ដែល​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ទទួល​បាន គេ​ឃើញថា កិច្ចប្រជុំ​សេដ្ឋកិច្ច APEC មាន​និយាយ​ជា​សំខាន់ ការថ្កោលទោស​របស់​ថ្នាក់ដឹកនាំ ដែល​ក្នុង​នោះ មាន​ទាំង​លោក​ប្រធានាធិបតី​អូបាម៉ា ហើយ​និង​លោក​ស៊ី ជីនពីង ទៅលើ​សកម្មភាព ធ្វើ​ភេរវកម្ម ក្នុង​គ្រប់​ទម្រង់​រូបភាព។ “ពួកយើង​នឹង​មិន​អនុញ្ញាត​ឲ្យ​ក្រុមភេរវនិយម​គំរាម បំផ្លាញ​តម្លៃ​ជា​មូលដ្ឋាន ដែល គាំទ្រ​សេរីភាព និង​សេដ្ឋកិច្ច​បើកទូលាយ​របស់​យើង​បាន​ជា​ដាច់ខាត” នេះ​ជា​ការប្តេជ្ញាចិត្ត​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក ដែល​បាន​ទាមទារ​ផងដែរ​ចង់​ឲ្យ​មានការសហការ សាមគ្គីភាព​ថ្នាក់​អន្តរជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ភេរវនិយម។

 
ប្រតិកម្ម​ប្រឆាំង អំពើភេរវនិយម​បាន​កើតឡើង​ជា​បន្តបន្ទាប់ នៅ​ក្រោយ​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ប្រទេស​ស៊ីរី ចេញមុខ ប្រកាស​ថា ខ្លួន​ជា​នៅពីក្រោយ​អំពើ​ភេរវកម្ម​ ដែល​សម្លាប់​មនុស្ស ១២៩​នាក់ នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​សុក្រ សប្តាហ៍មុន។ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ប្រធានាធិបតី​ចិន ផ្ទាល់​ក៏​បាន​ថ្កោលទោស ផងដែរ ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម ដែល​ទើប​បាន​ប្រកាស​ប្រហារជីវិត ជនជាតិ​ចិន និង​ជនជាតិ​ន័រវ៉េស។

តំបន់​អាស៊ី បាស៊ីហ្វិក ដែល​សំបូរ​ប្រជាជន​ និង​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​ជាងគេ ក្នុង​ពិភពលោក កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ធ្វើ​ភេរវកម្ម​ពី​ក្រុម​ជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម។ ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូណេស៊ី ជាដើម​កំពុង​ព្រួយបារម្ភថា ជនជាតិ​របស់ខ្លួន​ដែល​ចេញ​ទៅ​ប្រយុទ្ធ​ក្នុង​ក្រុម​ជីហាត នៅ​ស៊ីរី នឹង​អាច​ត្រលប់​មក​បង្ក​អំពើភេរវកម្ម​សម្លាប់​មនុស្ស​ក្នុង​ទឹកដី​កំណើត​របស់ខ្លួន​វិញ។

ក្រៅតែ​ពី​បញ្ហា​ភេរវកម្ម ជំនួបកំពូល​សេដ្ឋកិច្ច APEC​ត្រូវ​គ្របដណ្តប់​ផងដែរ ដោយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ជាថ្មី​ម្តងទៀត អាមេរិក​រួម ជាមួយ​សមាជិក​របស់​APEC បាន​អំពាវនាវ​ឲ្យ​ចិន បញ្ឈប់​ជា​បន្ទាន់ ការសាងសង់ ដីកោះ​សិប្បនិម្មិត ដើម្បី​យក​ទៅ​ធ្វើ​ជា​ទីតាំង​យោធា នៅ​សមុទ្រ​ចិន​ខាងត្បូង។ ក្រៅ​តែ​ពីប្រកាស​ផ្តល់​ជំនួយ ជាង ២៥០​លាន​ដុល្លារ ទៅ​ឲ្យប្រទេស​សមាជិក​អាស៊ាន សម្រាប់​ពង្រឹង​សន្តិសុខ លោក​ប្រធានាធិបតី​អូបាម៉ា កាលពីថ្ងៃ​អង្គារ បាន​ប្រកាស​ផ្តល់​នាវាចម្បាំង ដល់​សម្ព័ន្ធមិត្ត ហ្វីលីពីន ដែល​កំពុង​ប្រឈមមុខ​ដោយផ្ទាល់​ជាមួយ​ទីក្រុង​ប៉េកាំង ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ