អានតួអត្ថបទ
ថៃ

អតីត​នាយករដ្ឋមន្រ្តី​ថៃ យីងឡាក់ ស៊ីណាវ៉ាត​ចូល​និយាយ​ការពារ​ខ្លួន​នៅ​រដ្ឋសភា

តាម​ការគ្រោងទុក អតីត​នាយករដ្ឋមន្រ្តី​ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត​បាន​ចូល​និយាយ​ការពារ​ខ្លួន នៅ​មុខ​សភា ថៃ នៅថ្ងៃ​សុក្រនេះ។ គេ​វាយតម្លៃ​ថា សភា​ថៃ​ដែល​តែងតាំង បង្កើត​ឡើង​ដោយ​របប​សឹក ថៃ ក្រោយ​រដ្ឋប្រហារ​ខែ​ឧសភា នឹង​អាច​ចេញ​ច្បាប់​ហាម​ឃាត់​លោកស្រី​យីងឡាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​ក្នុង​រយៈពេល​៥​ឆ្នាំ។  

លោកស្រី​យីងឡាក់​ឡើង​និយាយ​ការពារ​ខ្លួន នៅ​រដ្ឋសភា នៅថ្ងៃ​ទី ៩​មករា ២០១៥
លោកស្រី​យីងឡាក់​ឡើង​និយាយ​ការពារ​ខ្លួន នៅ​រដ្ឋសភា នៅថ្ងៃ​ទី ៩​មករា ២០១៥ ©REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សំលៀកបំពាក់​ពណ៌​ផ្កាឈូក ដែល​ជា​ពណ៌​តំណាង​រាជវង្ស​ថៃ លោកស្រី​នាយក​រដ្ឋមន្រ្តី ដែល​ត្រូវ​ពួក​យោធា​បណ្តេញ​ចេញ​អំណាច កាលពី​ខែ​ពាក់កណ្តាល​ឆ្នាំមុន បាន​ឡើង​និយាយ​ការពារ​ខ្លួន នៅ​មុខ សភា​​ថៃ។ ឡើង​ឆ្លើយ​ការពារ​ខ្លួន ព្រោះ គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ ដែល​មាន​និន្នាការ​ទៅរក​ព្រះរាជវាំង បាន​ចោទ​លោកស្រី យីងឡាក់ នៅពេល​លោកស្រី​កាន់អំណាច ពី​បទ​ធ្វេសប្រហែស នៅក្នុង​កម្មវិធី​ឧបត្ថម្ភធន​ដល់​ប្រជាកសិករ ដោយ​រដ្ឋ​បាន​ប្រមូល​អង្ករ​ទិញ ក្នុង​តម្លៃ​ខ្ពស់​ជាងតម្លៃ​ទីផ្សារ ដល់​ទៅ​៥០ភាគរយ។

 
“ ខ្ញុំ​បាន​ដឹកនាំ​រដ្ឋាភិបាល ដោយ​ស្មោះត្រង់ និង​គោរព​រាល់​ច្បាប់​ដែល​មាន​ចែង។” នេះ​ជា​ការអះអាង​របស់​លោកស្រី​យីងឡាក់ នៅ​មុខ​ក្រុម​អ្នកតំណាងរាស្រ្ត។ លោកស្រី​យីងឡាក់​នៅ​បាន​និយាយ​ការពារ​កម្មវិធី​នយោបាយ​របស់​លោកស្រី​ថា បាន​ជួយ​ស្រោចស្រង់​ប្រជាកសិករ​ថៃ ប្រមាណ​១លាន ៨​សែន នាក់ ដែល​រងគ្រោះ​ជាប់បំណុល ដោយសារ​តែ​តម្លៃ​ស្រូវ​ធ្លាក់ចុះ។

នៅ​ចុងបញ្ចប់​នៃ​បទ​អន្តរាគមន៍ ដែលមិនធ្លាប់​មាន និង​ដែល​គេ​កំពុង​រង់ចាំ​ដ៏​យូរមកហើយ​ចាប់តាំង​ពី ​រដ្ឋប្រហារ​យោធា​បាន​ទម្លាក់​លោកស្រី​ចេញ​ពី​អំណាច លោកស្រី​យីងឡាក់ បាន​សំណូមពរ​ឲ្យ​សភា​សម្រេចចិត្ត​លើ​ជោគវាសនា​របស់​លោកស្រី ដោយ​ផ្អែក​លើ​គតិបណ្ឌិត និង​បង្កប់​ហេតុផល​​នយោបាយនៅពីក្រោយខ្នង។

តាម​គម្រោង រដ្ឋសភា​ថៃ ដែល​បង្កើត ដោយ​របបសឹក​នោះ ត្រូវ​បោះឆ្នោត សម្រេច​ជោគ​វាសនា​​នយោបាយ​របស់​លោកស្រី​យីងឡាក់ នៅ​អំឡុង​ថ្ងៃ​ទី ២២ ឬ ២៣​មករា ខាងមុខ។ ដោយ​ហាម​លោកស្រី​យីងឡាក់ មិន​ឲ្យ​ធ្វើ​នយោបាយ របបសឹក​ទំនង​ចង់​ខ្ចី​ដៃ​រដ្ឋសភា ដើម្បី​លុប​បំបាត់​ត្រកូល​ស៊ីណាវ៉ាត ចេញ​ពី​ជីវិត​នយោបាយ​ថៃ។ នីតិវិធី​ប្រឆំាង​លោកស្រី​យីងឡាក់ ពី​សំណាក់​របបសឹក ពេល​នេះ ជា​សក្ខីកម្ម​បន្ថែម ដែល​បញ្ជាក់​ពី វិបត្តិបែកបាក់​គ្នា​កាន់តែជ្រៅ​ក្នុង​ចំណោម​ប្រជាជន​ថៃ និង​ការពុះ​ចែក​សង្គម​ថៃ  រវាង​ក្រុមអ្នកគំាទ្រ​ស៊ីណាវ៉ាត ដែល​ជា​ប្រជាជន​តាម​ជនបទ និង​ក្រុម​អ្នកប្រឆំាង​នឹង​ត្រកូល​ស៊ីណាវ៉ាត់ ដែល​ជា​ក្រុមរាជវង្ស និង​អ្នក​ទីក្រុង។ តាម​អ្នកជំនាញ របប​សឹក អាច​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ត្រកូល​ស៊ីណាវ៉ាត​លែង​អាច​ចូល​ធ្វើ​នយោបាយ​ទៀត​បាន ប៉ុន្តែ របបយោធា​ថៃ​អាច​នឹង​ប្រឈម​នឹង​ការផ្ទុះ​កំហឹង​តវ៉ា​របស់​ប្រជាជន​ដែល​គាំទ្រ​ត្រកូល​របស់​លោកស៊ីន ទៅ​ថ្ងៃ​អនាគត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ