អានតួអត្ថបទ
ចិន-ហ្វីលីពីន

តុលាការ​​ក្រុង​ឡាអេ​ព្រម​ចាត់​ការបណ្តឹង​របស់​ហ្វីលីពីនដែល​ប្តឹង​ចិន​នៅក្នុង​ជម្លោះ​​សមុទ្រ​ចិន​ខាងត្បូង

តុលាការ​អាជ្ញាធរកណ្តាល​អចិន្រ្តៃយ៍ ទីក្រុង​ឡាអេ កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ២៩​តុលា បាន​ចេញ​សេចក្តី ថ្លែងការណ៍​មួយ ដែល​ថា ខ្លួន​មាន​សមត្ថភាព​ពិនិត្យ​មើល​បណ្តឹង​តវ៉ា​របស់​ប្រទេស​ហ្វីលីពីន ដែល​ប្រឆាំង​នឹង​ចិន នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ ការសម្រេច​របស់​ស្ថាប័ន​អន្តរជាតិ ដែល​នៅក្នុង​នោះ ចិន និង​ហ្វីលីពីន​ជា​ប្រទេស​ហត្ថលេខី ប្រៀបបាន​នឹង​ការខោក ត្បក បន្ថែម​ទៅលើ​ទីក្រុង​ប៉េកាំង ដែល​កំពុង​ខឹង​នឹង​អាមេរិក​ដែល​ទើប​បញ្ជូន​នាវា​ចម្បាំង ទៅ​ក្បែរ​កោះ​សប្បនិម្មិត របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។ 

វិមាន​សន្តិភាព​ក្នុង​ក្រុង​ឡាអេ ដែល​ជាទីស្នាក់ការ​របស់​តុលាការ​អាជ្ញាកណ្តាល​អចិន្រ្តៃយ៍​
វិមាន​សន្តិភាព​ក្នុង​ក្រុង​ឡាអេ ដែល​ជាទីស្នាក់ការ​របស់​តុលាការ​អាជ្ញាកណ្តាល​អចិន្រ្តៃយ៍​ ©CPA
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី ប្រកាស​របស់​ខ្លួន តុលាការ​អាជ្ញាកណ្តាល​អចិន្រ្តៃយ៍​ទីក្រុង​ឡាអេ បាន​រុញច្រាន​ចោល​ការអះអាង​របស់​ចិន ដែល​ថា ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង មាន​ពាក់ព័ន្ធ​នឹង​ដែន​អធិបតេយ្យភាព​របស់​ចិន​នោះ។ នៅថ្ងៃ​ព្រហស្បតិ៍ តុលាការ​អាជ្ញាធរកណ្តាល​អចិន្រ្តៃយ៍ ទីក្រុង​ឡាអេ បាន​ចេញ​សេចក្តី ថ្លែងការណ៍​មួយ ដើម្បី​ឆ្លើយតប​នឹង​ការអះអាង​របស់​ចិន ដែល​ថា តុលាការ គ្មាន​សមត្ថកិច្ច​​ពិនិត្យ​មើល​បណ្តឹង​តវ៉ា​របស់​ប្រទេស​ហ្វីលីពីន ដែល​ប្រឆាំង​នឹង​ចិន នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ 

 
ចិន​​បាន​ប្រកាស​រួច​ហើយ បដិសេធ​មិន​ចូល​រួម និង​ទទួល​ស្គាល់​ដំណើរការ​ផ្លូវច្បាប់​របស់​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិទេ នោះបើទោះបី​ជា​ចិន​ជា​ប្រទេស​ហត្ថលេខី បង្កើត​ឲ្យ​មាន​ស្ថាប័ន​តុលាការ​នេះ​ក៏ដោយ។ សម្រាប់​ចិន គឺ ហ្វីលីពីន​ទេ បាន​រំលោភ​កិច្ច​ព្រមព្រៀង ដែល​ចិន និង​អាស៊ាន ដែល​មាន​ហ្វីលីពីន​ជា​សមាជិក ចុះ​ហត្ថលេខា​នៅ​ឆ្នាំ ២០០២។ តាម​កិច្ចព្រមព្រៀង​នោះ ចិន និង​ប្រទេស​ជាប់ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​យល់ព្រម​ដោះស្រាយ​ជម្លោះ តាមរយៈ​ការចរចា។

ហ្វីលីពីន​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​ចិន ទៅ​តុលាការ​អាជ្ញាកណ្តាល​អចិន្រ្តៃយ៍ ទីក្រុង​ឡាអេ តាំងពី​ខែ​មករា ឆ្នាំ ២០១៣។ នៅក្នុង​ពាក្យ​បណ្តឹង​របស់ខ្លួន ទីក្រុង​ម៉ានីល​បាន​លើក​អំណះអំណាង​ជាច្រើន​មក​បញ្ជាក់​ថា នៅក្នុង​រយៈពេល ២០​ឆ្នាំ​ចុងក្រោយនេះ ហ្វីលីពីន​បាន​ប្រឹងប្រែង​ មិន​ថា ការចរចា ជាមួយ​ភាគី​ចិន ឬ​ប្តឹង​តវ៉ា​តាម​ផ្លូវទូត ទៅប្រទេស​ចិន ពីបញ្ហា​ជម្លោះ​ដី​កោះ នៅ​សមុទ្រ​ចិន​ខាងត្បូង។ ប៉ុន្តែ តាម​ហ្វីលីពីន ការប្រឹងប្រែង​របស់​ហ្វីលីពីន​គឺ​គ្មាន​ប្រយោជន៍ ព្រោះ​ចិន​នៅ​តែ​បន្ត អះអាង ចង់​ក្តោបក្រសោប​សមុទ្រ​ចិន​ខាងត្បូង នោះ​បើទោះបី​ជា​ដែនសមុទ្រ​ចិន​ខាងត្បូង​មួយផ្នែក​ជា​កម្មសិទ្ធិ​របស់​ហ្វីលីពីន​ក៏ដោយ​ក្តី។

អ្វី​ដែល​ហ្វីលីពីន​ទាមទារ​ចង់​បាន​ជាងគេ គឺ ចង់​ឲ្យ​តុលាការ​អាជ្ញាកណ្តាល​ទីក្រុង​ឡាអេ ប្រកាស​ជា​ផ្លូវការ​ថា ការទាមទារ​ដែនសមុទ្រ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែលនៅក្នុង​នោះ ក៏​មាន​ផងដែរ ដែនសមុទ្រ​សេដ្ឋកិច្ច​របស់​ហ្វីលីពីន គឺអ្វី​ដែល​ផ្ទុយ​នឹង​អនុសញ្ញា អង្គការ​សហប្រជាជាតិ ស្តីពី​ច្បាប់សមុទ្រ។ ទីក្រុង​ម៉ានីល​នៅ​បាន​សុំ​ឲ្យ​តុលាការ​ប្រកាស​ទាត់ចោល មិនទទួល​ស្គាល់​ការទាមទារ​របស់​ទីក្រុង​ប៉េកាំង ដែល​ចង់​ធ្វើ​ជាម្ចាស់​លើ​សមុទ្រ​ចិន​ខាងត្បូង​ទាំង​មូលនោះ។

ចិន​កំពុង​សាងសង់​កោះ​សិប្បនិម្មិត​​នៅលើ​ថ្មប៉ប្រះទឹក​នៅក្នុង​ប្រជុំកោះ Spratley ដែល​ហ្វីលីពីន​ចាត់ទុក​ជា​ការរំលោភ​ដែន​អធិបតេយ្យ​ភាព​របស់​ហ្វីលីពីន
ចិន​កំពុង​សាងសង់​កោះ​សិប្បនិម្មិត​​នៅលើ​ថ្មប៉ប្រះទឹក​នៅក្នុង​ប្រជុំកោះ Spratley ដែល​ហ្វីលីពីន​ចាត់ទុក​ជា​ការរំលោភ​ដែន​អធិបតេយ្យ​ភាព​របស់​ហ្វីលីពីន CSIS Asia Maritime Transparency Initiative / DigitalGlobe

ទីក្រុង​ប៉េកាំង​ធ្វើ​ពហិការ មិន​ទទួល​ស្គាល់​សមត្ថកិច្ច​របស់​តុលាការ​អាជ្ញា​កណ្តាល​ទីក្រុង​ឡាអេ
តុលាការ​អាជ្ញាកណ្តាល​អចិន្ត្រៃយ៍ ដែល​ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៨៩៩ គឺ​ជាស្ថាប័ន​ច្បាប់​អន្តរ​រដ្ឋាភិបាល ព្រោះ​មាន​ប្រទេស​ដល់​ទៅ ជាង ១០០​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់ ដែល​នៅក្នុងក៏​មាន​ផងដែរ ភាគី​ជម្លោះ ចិន និង​ហ្វីលីពីន។

ដូចឈ្មោះ​របស់ខ្លួន តុលាការ​អាជ្ញាកណ្តាល​អចិន្ត្រៃយ៍ មាន​តួនាទី ដើរ​តួ​ជាអាជ្ញាកណ្តាល សម្របសម្រួល​ភាគី​ជម្លោះ រវាង​ប្រទេស​ចិន និង​ប្រទេសហ្វីលីពីន ប៉ុន្តែ គ្មាន​អំណាច​ទៅ​ចាប់ដៃ​បង្ខំ​ឲ្យ​ចិន ត្រូវ​តែ​គោរព​ការសម្រេច​របស់​ខ្លួន​នោះ​ទេ។ ប៉ុន្តែ ហ្វីលីពីន ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ចិន ទៅ​តុលាការ​អាជ្ញាកណ្តាល​អចិន្ត្រៃយ៍ សង្ឃឹម​ថា នឹង​ទទួល​បាន​សម្បទាន​ខ្លះ​ពី​ចិន។

បើទោះបី ជា​តុលាការ​អាជ្ញាកណ្តាល​ក្រុង​ឡាអេ មិន​អាច​សម្រេចចិត្ត​ទៅលើ​អធិបតេយ្យភាព​របស់​ប្រទេស​ដែល​ជា​ភាគី​ជម្លោះ ប៉ុន្តែ តុលាការ​មួយនេះ អាច​យោង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ដើម្បី សម្រេច​កំណត់​លក្ខន្តិកៈ​របស់​ប្រជុំ​ថ្មប៉ប្រះ​ទឹក ស្កាបូរ៉ូ ដែល​ស្ថិតនៅ​ក្នុង​ដែនសមុទ្រ​សេដ្ឋកិច្ច​របស់​ហ្វីលីពីន ប៉ុន្តែ ដែល​ចិន​ចាត់ទុក​ជា​ផ្នែក​មួយ​របស់​ប្រជុំ​កោះ spratley។ តុលាការ​នឹង​អាច​សម្រេច​ថា តើ​ស្កាបូរ៉ូ ជា​ដែនដី​កោះ ឬ​ជា​ថ្មប៉ប្រះទឹក នៅ​សមុទ្រ​ចិន​ខាងត្បូង។ បើសិន​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​សម្រេចថា ស្កាបូរ៉ូ ជា​ថ្មប៉ប្រះ​ទឹក នោះ​វា​ប្រាកដ​ជា​ស្ថិតនៅ​ក្នុង​ដែន​ទឹក​របស់​ហ្វីលីពីន​ជា​ដាច់ខាត។ ការសម្រេច​របស់​តុលាការ​នឹង​អាច​ធ្វើ​ឲ្យ​ការទាមទារ​របស់​ចិន ដែល​ចង់​ក្តោប ធ្វើ​ជា​ម្ចាស់​ម្នាក់ឯង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​រលាយ​ដូច​អំបិល​ត្រូវទឹក​យ៉ាង​ដូច្នេះដែរ។

ហេតុអ្វី​បាន​ជា​មាន​តែ​ហ្វីលីពីន​ប្តឹង​ចិន?
ភាគី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង មិនមែន​មាន​តែ​ចិន និង​ហ្វីលីពីន​ទេ។ វៀតណាម ម៉ាឡេស៊ី និង​ព្រុយណេ​ជាដើម ក៏​ប្រឆាំង​នឹង​ចិន ដែល​ចង់​គ្រប់គ្រង ដណ្តើម​កាន់កាប់​ សមុទ្រ​ចិន​ខាងត្បូង​តែម្នាក់​ឯងដែរ។ ប៉ុន្តែ ហ្វីលីពីន​ចេញមុខ​ប្រឆាំង​ចិន​ច្រើន​ជាងគេ​បើប្រៀបធៀប​នឹង​ប្រទេស​សមាជិក​អាស៊ាន។ នោះមក​ពី​ហ្វីលីពីន​បាន​រងគ្រោះ ដោយ​ផ្ទាល់។ ប្រជុំ​ថ្មប៉ប្រះទឹក ស្កាបូរ៉ូ របស់​ហ្វីលីពីន ដែល​ស្ថិតនៅ​ក្នុង​ដែនទឹក​សេដ្ឋកិច្ច ត្រូវ​បាន​កប៉ាល់​ល្បាត​ចិន ចូលទៅ​ឡោមព័ទ្ធ តាំងពី​ឆ្នាំ ២០១២ មិន​ឲ្យ​អ្នកនេសាទ​ហ្វីលីពីន ចូល​ទៅ​រក​ត្រី​ដូចមុន។ ស្កាបូរ៉ូ​គ្មាន​ប្រភព​ធនធាន​រ៉ែ ប្រេង​ដូចកន្លែង​ផ្សេងទៀត នៅ​ក្នុង​ប្រជុំ​កោះ Spratley​មែន ប៉ុន្តែ ហ្វីលីពីន​បារម្ភថា ប្រសិន​បើ​ចិន ទាមទារ​យក​ស្កាបូរ៉ូ​ទៅគ្រប់គ្រង​បាន នោះ ចិន​នឹង​សាងសង់ កោះសិប្បនិមិ្មត នៅ​ស្កាបូរ៉ូ ដូច​កោះសិប្បនិម្មិត ដទៃ​ទៀត ដែល​ចិន​កំពុង​ធ្វើ​នៅ​ប្រជុំ​កោះ Spratley។ ហ្វីលីពីន​ដែល​ជាសម្ព័ន្ធមិត្ត​របស់​អាមេរិក​ខ្លាច​ថា ចិន​នឹង​យក​ស្កាបូរ៉ូ​ជា​ទីតាំង​យុទ្ធសាស្រ្ត​យោធា ដើម្បី​ប្រឆាំង​នឹង​ខ្លួន ព្រោះថា ស្កាបូរ៉ូ​ស្ថិតនៅ​តិច​ជាង ២០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ដែនដី​គោក​ហ្វីលីពីន។

មួយវិញទៀត ហ្វីលីពីន​ដែល​ហ៊ាន​ប្រឈមមុខ​នឹង​ចិន ក៏ដោយសារ​មានជំនួយ​ពី​អតីត​អាណានិគម អាមេរិក ដែល​សព្វថ្ងៃ​កំពុង​ក្លាយ​ជា​សម្ព័ន្ធមិត្ត យុទ្ធសាស្រ្ត​របស់​អាមេរិក។ រហូតមក អាមេរិក បាន​សន្យា​ផ្តល់​ជំនួយ​យោធា ដើម្បី ជួយ​ហ្វីលីពីន​ការពារ​ដែន​អធិបតេយ្យភាព​របស់ខ្លួន នៅ​សមុទ្រ​ចិន​ខាងត្បូង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ