ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

ក្រុមតាលីបង់​ប្រកាស​មរណៈភាព អតីត​មេ​​បណ្តាញ​ Haqqani ​ដ៏មាន​ឥទ្ធិពល

media ជនJalaluddin Haqqani (ស្តាំ) ដៃចង្អុរផែនទីអាហ្វហ្កានីស្ថាន។ ក្រុងអ៊ីស្លាម៉ាបាត ថ្ងៃទី១៩ ខែតុលា ២០០១។ REUTERS

ក្រុមតាលីបង់អាហ្វហ្កានីស្ថាន បានប្រកាសឲ្យដឹង នៅថ្ងៃទី៤កញ្ញានេះ ថាអតីតមេធំឈ្មោះ ចាឡាលូឌីន ហាខានី ដ៏មានឥទ្ធិពលបំផុត របស់ក្រុមឧទ្ទាមតាលីបង់នោះ បានស្លាប់ហើយ ដោយសារមានជំងឺធ្ងន់ធ្ងរ។ គួរកត់សម្គាល់ថា ដំណឹងស្តីពីការស្លាប់របស់មេក្រុមតាលីបង់នេះ ធ្លាប់ត្រូវបានលេចឮ ជាច្រើនលើកមកហើយ តែទើបតែលើកនេះទេ ដែលក្រុមតាលីបង់ ចេញមុខប្រកាសដោយខ្លួនឯង។ ជនឈ្មោះ ចាឡាលូឌីន ហាខានី នេះ គឺជាអតីតមេបណ្តាញតាលីបង់មួយក្រុមដ៏សាហាវ នៅអាហ្វហ្កានីស្ថាន។ តើមរណៈភាពរបស់ជននេះ​ អាចនឹងមានឥទ្ធិពលយ៉ាងណា ទៅលើក្រុមនេះ?

សារប្រកាស ពីការស្លាប់ របស់ជនឈ្មោះ Jalaluddin Haqqani ដែលផ្សព្វផ្សាយដោយក្រុមតាលីបង់ ត្រូវបានគេផ្សាយជាសាធារណៈ នៅលើទំព័រTwitter។ បើតាមខ្លឹមសារនៃសារនោះ គឺជនឈ្មោះ Jalaluddin Haqqani នេះបានស្លាប់ដោយជំងឺ។ តែយ៉ាងណា ក្រុមតាលីបង់ មិនបានបញ្ជាក់លំអិត ថាជននេះស្លាប់នៅថ្ងៃណា ហើយស្លាប់នៅកន្លែងណានោះទេ។ ប៉ុន្តែបើតាមការសង្ស័យ អតីតមេក្រុមតាលីបង់រូបនេះ អាចទៅសំងំលាក់ខ្លួននៅប៉ាគីស្ថាន ហើយបានស្លាប់នៅទីនោះ ក្នុងវ័យ​៧០ឆ្នាំ។

Jalaluddin Haqqani គឺជាស្ថាបនិកនៃបណ្តាញបះបោរមួយ ដែលមានឈ្មោះថា បណ្តាញ Haqqani នៅឆ្នាំ១៩៨០។ កម្មវត្ថុនៃបណ្តាញនេះ គឺធ្វើសកម្មភាពបះបោរ តស៊ូប្រឆាំងនឹងពួកសូវៀត បានឈ្លានពាន គ្រប់គ្រងដែនដីអាហ្វហ្កានីស្ថាន។ ដើមឡើយ បណ្តាញនេះ បានទទួលការទំនុកបំរុង ពីកងទ័ពអាមេរិក និងប៉ាគីស្ថាន។ ក៏ប៉ុន្តែ បន្ទាប់ពីអាមេរិក បានចូលមកផ្តួលរំលំរបបដឹកនាំតាលីបង់ បណ្តាញ Haqqani ក៏បានងាកទៅធ្វើសកម្មភាព ប្រឆាំងនឹងកងទ័ពអាមេរិក និងកងទ័ងអូតង់វិញ។

បណ្តាញ Haqqani គឺអាចចាត់ទុកថា ជាផ្នែកមួយនៃក្រុមឧទ្ទាមតាលីបង់ ហើយដែលស្និទ្ធនឹងបណ្តាញអាល់កាយដា។ បណ្តាញនេះ ក៏ត្រូវបានគេសង្ស័យថា មាន​ទំនាក់ទំនង ជាមួយបណ្តាញភេរវកម្មអង្គការរដ្ឋអ៊ីស្លាមផងដែរ។ សកម្មភាពភេរវកម្មអត្តឃាត និងភេរវកម្មបង្កៃគ្រាប់បែកយ៉ាងសាហាវ​ជាច្រើនករណី ត្រូវបានគេដឹងថា គឺជាស្នាដៃរបស់បណ្តាញ Haqqani នេះ។ ជាក់ស្តែង ភេរវកម្មនៅកណ្តាលក្រុងកាប៊ូល ដែលបានសម្លាប់មនុស្ស១៥០នាក់ កាលពីខែឧសភា ឆ្នាំ២០១៧។

ក្រៅពីសកម្មភាពភេរវកម្មសម្លាប់មនុស្ស ក្រុមដែលស្ថិតនៅក្រោមបង្គាប់ របស់Jalaluddin Haqqani នេះ ធ្លាប់បានធ្វើឃាតលើមន្ត្រីរដ្ឋាភិបាល ឬអ្នកនយោបាយអាហ្វហ្កានីស្ថានជាច្រើននាក់​ ហើយក៏តែងតែបានប្រើប្រាស់ វិធីចាប់ជំរិត មន្ត្រី​អង្គការ​ក្រៅរដ្ឋាភិបាល ជាជនបរទេស យកធ្វើជាចំណាប់ខ្មាំង ដើម្បីទារយកប្រាក់ថ្នូរ។

តែយ៉ាងណាក៏ដោយ អ្នកជំនាញ បានលើកឡើងថា មរណៈភាពរបស់អតីតមេក្រុមភេរវកម្មនេះ នឹងគ្មានឥទ្ធិពលអ្វី ទៅលើបណ្តាញ Haqqani នេះទេ ព្រោះថា បច្ចុប្បន្ន បណ្តាញនេះ គឺដឹកនាំដោយកូនប្រុសរបស់ជននេះផ្ទាល់តែម្តង ដែលមានឈ្មោះថា Sirajuddin Haqqani។ បើតាម​មន្ត្រីជំនាញរបស់អាមេរិក បានលើកឡើងថា បច្ចុប្បន្ន បណ្តាញ​នេះ កំពុងតាំងទីយ៉ាងសុខសាន្ត នៅក្នុងតំបន់ Waziristan ភាគខាងជើងប៉ាគីស្ថាន ព្រោះក្រុមនេះមានជាបក្សពួក នឹង​ក្រុម​ស៊ើបការណ៍​សំងាត់​ប៉ាគីស្ថាន។ មេបញ្ជាការកងទ័ពអាមេរិកម្នាក់ ឈ្មោះ Mike Mullen ធ្លាប់បាននិយាយ តាំងតែ​ពី​ឆ្នាំ​២០១១ម្លេះ ថាក្រុម Haqqani នេះគឺប្រៀបបានដូចជាក្រុមប្រដាប់អាវុធមួយ របស់កងទ័ពប៉ាគីស្ថាន ដូច្នោះដែរ​។ យ៉ាងណាមិញ ថ្មីៗនេះ រដ្ឋាភិបាលអាមេរិក ទើបតែបានបញ្ជក់ពីបំណង ផ្តាច់​ជំនួយទឹកប្រាក់៣០០លានដុល្លារ ពី​ប៉ាគីស្ថាន ដោយសារ​​តែ​អាមេរិក លែង​មាន​ទំនុកចិត្ត ពីភាពស្មោះត្រង់ របស់កងទ័ពប៉ាគីស្ថាន៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ