អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Amnesty International៖ អាជ្ញាធរ​ហ្វីលីពីន កំពុង​ប្រហារ​ជីវិត​មនុស្ស​ក្រៅ​ផ្លូវច្បាប់ យ៉ាង​ចំហ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃចន្ទទី៨កក្កដានេះ អង្គការAmnesty International ទើបតែបានចេញនូវរបាយការណ៍ស៊ើបអង្កេតថ្មីមួយទៀត ស្តីពីប្រតិបត្តិការបង្រ្កាប​គ្រឿងញៀននៅហ្វីលីពីន ដែលបានលោកប្រធានាធិបតី ឌុយទែរតេ បានដាក់ចុះ ចាប់តាំងពីឆ្នាំ២០១៦មក។ យោងតាមអង្គការ Amnesty International ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះ គឺជាប្រតិបត្តិការប្រហារជីវិតមនុស្ស ក្រៅប្រព័ន្ធច្បាប់ យ៉ាងចំហ ដោយគ្មាននរណាអើពើ ទាល់តែសោះ។ អង្គការនេះ បានអំពាវនាវ ឲ្យអង្គការសហប្រជាជាតិបើកការស៊ើបអង្កេត ដោយឯករាជ្យ ទៅលើករណីសម្លាប់មនុស្សយ៉ាងសន្ធឹកសន្ធាប់នៅហ្វីលីពីន នេះ។

ក្រុម​ការងារ​បញ្ចុះសព​ លើកសពមួយ មកដាក់ក្បែរ​​​សពមនុស្ស​២នាក់​ ដែលស្លាប់​​​ក្នុង​ប្រតិបត្តិការ​​បង្រ្កាប​​គ្រឿងញៀន នៅ​ហ្វីលីពីន។
ក្រុម​ការងារ​បញ្ចុះសព​ លើកសពមួយ មកដាក់ក្បែរ​​​សពមនុស្ស​២នាក់​ ដែលស្លាប់​​​ក្នុង​ប្រតិបត្តិការ​​បង្រ្កាប​​គ្រឿងញៀន នៅ​ហ្វីលីពីន។ NOEL CELIS / AFP
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការបង្រ្កាបបណ្តាញជួញដូរគ្រឿងញៀន នៅហ្វីលីពីន ក្នុងរយៈពេល​ជិត៣ឆ្នាំនេះ បានសម្លាប់មនុស្ស ប្រមាណ៥៣០០នាក់ បើផ្អែក​តាមតួលេខ របស់អាជ្ញាធរហ្វីលីពីន។ ក៏ប៉ុន្តែ បើយោង​តាមតួលេខស៊ើបអង្កេត របស់អង្គការ Amnesty International និង​អង្គការ​ក្រៅរដ្ឋាភិបាលផ្សេងទៀត បានលើកឡើងថា ចំនួនមនុស្សស្លាប់ អាចមាន​លើស​​នេះ ដល់ទៅ៤ដងឯណោះ ពោលគីមិនតិចជាង​២ម៉ឺននាក់ទេ។

សម្លាប់ឆៅៗ ដោយផ្អែកលើបញ្ជីរឈ្មោះជនពាក់ព័ន្ធនឹងគ្រឿងញៀន

នៅក្នុងរបាយការណ៍ស៊ើបអង្កេត លើកទី២ របស់អង្គការ Amnesty International ដែលចេញផ្សាយថ្ងៃទី​៨កក្កដានេះ បាន​លើកឡើងថា សកម្មភាព​បាញ់សម្លាប់មនុស្សស្រស់ៗ ដោយចំហរដែលនគរបាលហ្វីលីពីន កំពុងតែអនុវត្តបច្ចុប្បន្ននេះ គឺកំពុងតែក្លាយ​ជា​សកម្មភាពសាមញ្ញ ដោយគ្មានខ្លាចក្រែងច្បាប់ និងគោរពសិទ្ធិមនុស្ស​បន្តិច​ណា​សោះឡើយ។

អង្គការនេះ បានលើកឡើងដោយចំៗថា លោកប្រធានាធិបតី​ ឌុយទែរតឺ បាននិងកំពុងតែបើកដៃ ឲ្យមានការសម្លាប់រង្គាលទៅលើមនុស្ស​ម្នា ដោយឥតរើសមុខ ទោះអ្នកនោះជាគ្រាន់តែជាជនសង្ស័យ ថាអ្នកជួញដូរគ្រឿងញៀន ឬគ្រាន់តែជាអ្នកដែលញៀនគ្រឿងញៀន ក៏ដោយ។

របាយការណ៍លើកឡើងថា ជនរងគ្រោះ ដែលត្រូវគេសម្លាប់ គឺសុទ្ធសឹងតែជាប្រជាជនហ្វីលីពីនក្រីក្រ តោកយ៉ាក រកព្រឹកខ្វះល្ងាច។ ពួកគាត់ ​ត្រូវគេចាត់បញ្ចូលទៅក្នុងបញ្ជីរឈ្មោះ របស់នគរបាល ថាជាមនុស្សដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ បើផ្អែកតាមរបាយការណ៍របស់ Amnesty International គឺអាជ្ញាធរ​​មូ​លដ្ឋាន បានទទួលសម្ពាធ ពីនគរបាល ថាត្រូវ​តែ​បញ្ជូនឈ្មោះមនុស្ស ក្នុងចំនួនមួយកំណត់ ជាប្រចាំ ដើម្បីនឹងឲ្យនគរបាល ​ចុះទៅបើកប្រតិបត្តិការ​សម្លាប់ដល់ផ្ទះ។

ដូច្នេះ វាជាបញ្ជីឈ្មោះ ដែលពុំបានកើតចេញពីការតាមដានត្រឹមត្រូវទេ។​ មិនត្រឹមតែប៉ុណ្ណោះ​ ជាមួយនឹងអំពើពុករលួយ គឺអ្នកក្រដែលជាប់ឈ្មោះហើយ មិនអាចមានលទ្ធភាព​ដកខ្លួនរួចទេ គឺរងចាំតែថ្ងៃដែលនគរបាល ចុះមកសម្លាប់ដល់ផ្ទះតែម្តង។

អ្នកញៀនធម្មតា ក្រុមគ្រួសារ ឬកុមារ ស្លាប់ក្នុងប្រតិបត្តិការបង្រ្កាប

ឲ្យតែពាក់ព័ន្ធនឹងគ្រឿងញៀន គឺត្រូវជាប់ឈ្មោះក្នុងបញ្ជីររបស់នគរបាល។ របាយការណ៍ Amnesty International បន្ថែមថា អ្នកខ្លះ មិនមែនជាអ្នកជួញដូរទេ តែគ្រាន់តែជាអ្នកញៀន​ថ្នាំញៀន។ អ្នកខ្លះទៀត គឺកំពុងតែព្យាយាមផ្តាច់ ក៏អាចជាប់ឈ្មោះ ត្រូវគេ​សម្លាប់​ដែរ។

ក្នុងប្រតិបត្តិការចុះទៅបង្រ្កាបម្តងៗ នគរបាលហ្វីលីពីន ភាគច្រើនជ្រើសរើសវេលាយប់ ក្នុងពេលដែលមនុស្សកំពុងតែលង់លក់ក្នុងដំណេក ហើយធាក់ទ្វារទំលាយ បាញ់​រះ​យកតែម្តង។ ​មានករណីស្លាប់ទាំងគ្រូសារ ព្រមទាំងកុមារតូចៗ ដែលមិនដឹងអីផង។ ជាក់ស្តែង ករណីកាលពីចុងខែមិថុនា  ក្នុងប្រតិបត្តិការមួយ នៅ​ជាយក្រុងម៉ានីល នៅកណ្តាល​យប់ ក្មេងស្រីអាយុមិនទាន់គ្រប់៣ខួបម្នាក់ បានស្លាប់ដោយគ្រាប់កាំភ្លើង ចំកណ្តាល​​ក្បាល។

ក្រោយហេតុការណ៍នេះ សាមជិកព្រឹទ្ធសភាហ្វីលីពីនម្នាក់ និងដែលជាអតីតអគ្គបញ្ជាការនគរបាល ទទួលបន្ទុកប្រតិបត្តិការ​បង្រ្កាបគ្រឿងញៀននេះ បាននិយាយថា ក្នុងប្រតិបត្តិការរបៀបនេះ មានស្លាប់ជីវិត​ផ្សេងខ្លះ ដែលមិនពាក់ព័ន្ធ គឺវាជារឿងធម្មតាទេ ព្រោះ​ចៀស​មិនរួច។ គឺវាជាផលវិបាក របស់​ប្រតិបត្តិការបង្ក្រាប។

សម្តីនេះ បានធ្វើឲ្យមានការរិះគន់ជាខ្លាំង ពីសំណាក់អង្គការសិទ្ធិមនុស្ស ព្រោះមានន័យថា អាជ្ញាធរហ្វីលីពីន គ្មានចេតនាស៊ើបអង្កេត ស្រាវជា្រវ ស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះស្លូតត្រង់ ដែលស្លាប់ដោយសារគ្រាប់កាំភ្លើង របស់នគរបាលឡើយ។ លោកស្រី Ann de Guia អ្នកនាំពាក្សស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បានលើកឡើងថា​ អ្នកស្លាប់ដោយផលវិបាក​នៃប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះ គឺត្រូវតែចាត់ទុកថាជាជនរងគ្រោះ។

ចំណែក លោក Carlos H.Conde អ្នកស្រាវជា្រវនៅអង្គការ Human Rights Watch បានលើកឡើងថា សម្តីរបស់សមាជិកព្រឹទ្ធសភាហ្វីលីពីនខាងលើ គឺជាសម្តីមើលងាយជីវិតមនុស្សខ្លាំងណាស់។ ប្រមាណ​៣ឆ្នាំមកនេះ មានកុមារ ចំនួន​យ៉ាងហោច១០០នាក់ ដែលបានស្លាប់ នៅក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះ។

ការផ្សព្វផ្សាយបែបប្រជាភិថុត របស់អាជ្ញាធរ ពី​ផលវិជ្ជមាន​នៃ​ប្រតិបត្តិការ​បង្រ្កាប​គ្រឿងញៀន

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះ ​គឺជាស្នូលនៃការឃោសនានយោបាយ បែបប្រជាភិថុត របស់លោកប្រធានាធិបតី មាត់ឆៅ ឌុយទែរតឺ។ នៅក្នុងរបាយការណ៍របស់ Amnesty International គេបានលើកឡើងថា​ រដ្ឋាភិបាលហ្វីលីពីន បានប្រើយុទ្ធសាស្ត្រផ្សព្វផ្សាយបំពុល បំភ័ន្តមតិសាធារណៈ ស្តីពីជោគជ័យ ក៏ដូចជាផលវិជ្ជមាន ​នៃការបង្រ្កាបការជួញដូរគ្រឿងញៀននេះ។

បាញ់សម្លាប់មេក្លោងជួញដូរថ្នាំញៀនម្នាក់ ២នាក់ វាអាចជាដំណឹងល្អ ដែលប្រជាជនហ្វីលីពីន នាំគ្នាកោតសរសើរអាជ្ញាធរ តែទន្ទឹមនឹងនេះ គេភ្លេចគិតទៅដល់ ជនស្លូតត្រង់ដែលបានស្លាប់ដែរ។ អ្នកខ្លះ គ្រាន់តែ​ជាអ្នករងញៀនធម្មតា ជាអ្នកកំពុងព្យាយាមផ្តាច់ ឬគ្រាន់តែជាប្រពន្ធកូន របស់អ្នកញៀនជាដើម។

វាជាការពិត ថ្នាំញៀន គឺជាដំបៅ​នៃសង្គមហ្វីលីពីន ក៏ប៉ុន្តែ មិនមែនសម្លាប់មនុស្សដោយរង្គាល ដោយឥតរើសមុខ រាប់ពាន់នាក់បែបនេះ អាចដោះស្រាយបញ្ហាបានទេ។ អ្នកញៀនថ្នាំញៀន មិនមែនជាជនល្មើសទេ តែពួកគេជាជនរងគ្រោះ។ ផ្ទុយទៅវិញ រដ្ឋហ្វីលីពីន ពុំមានគោលនយោបាយ ជួយពួកគេ ឲ្យផ្តាច់ការញៀនថ្នាំ ឬមានលទ្ធភាពចាកចេញពីសំបុក​ថ្នាំញៀនឡើយ។

សហគមន៍អន្តរជាតិ ស្ងាត់មាត់

បើទោះបីជាមានការចុះផ្សាយជារឿយៗ ស្តីពីករណីសម្លាប់រង្គាលនេះ តែសហគមអន្តរជាតិ ហាក់ដូចជាមិនបានអើពើទេ ក្នុងការថ្កោលទោសទៅលើ​រដ្ឋាភិបាលហ្វីលីពីន។ អង្គការ Amnesty International បានលើកឡើងដែរ ថា ប្រឈមមុខនឹងករណីបែបនេះ សហគមអន្តរជាតិ គ្មាននរណាយកចិត្តមកចាប់អារម្មណ៍ទេ។ មិនត្រឹមតែប៉ុណ្ណោះ ភាពស្ងាត់ស្ងៀមរបស់សហគមន៍អន្តរជាតិ វាហាក់ដូចជាបើកដៃ ឲ្យរដ្ឋាភិបាលហ្វីលីពីន កាន់តែបានចិត្ត ក្នុងការ​ធ្វើទុក្ខបុកម្នេញ ទៅលើ​អ្នកកាសែតឯករាជ្យ ឬអង្គការនានា ដែលហ៊ាននិយាយរិះគន់ ទាក់ទិននឹងបញ្ហា​សិទ្ធិមនុស្ស។

ជាមួយនឹងរបាយការណ៍​លើកទី២នេះ អង្គការ​ Amnesty International បានអំពាវនាវ ឲ្យឧត្តមស្នងការនៃអង្គការសហប្រជាជាតិ ​ទទួលបន្ទុកសិទ្ធិមនុស្ស ត្រូវតែបើកការស៊ើបអង្កេតដោយឯករាជ្យ ឲ្យបានឆាប់ជាទីបំផុត ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះទាំងអស់នៅហ្វីលីពីន។ គេក៏សង្ឃឹមដែរ ថាក្រុមប្រឹក្សាសន្តិសុខ គួរណាតែ​ធ្វើសេចក្តីសម្រេចចិត្តមួយថ្កោលទោស និងដាក់ទណ្ឌកម្ម​លើរដ្ឋាភិបាល​ហ្វីលីពីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ