ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
អាស៊ី

Amnesty International៖ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ហុងកុង កាន់​តែ​ធ្លាក់ចុះ

media  
សកម្មជន​ឯករាជ្យនិយនហុងកុង ធ្វើបាតុកម្ម​ថ្ងៃ​ទី ១ មករា ២០១៩ REUTERS/Tyrone Siu

ស្ថានភាពសិទ្ធិមនុស្សនៅហុងកុង កាន់តែធ្លាក់ចុះដុនដាប ក្នុងរយៈកាលចុងក្រោយនេះ។ នេះ បើយោង​តាម​របាយការណ៍មួយ​ របស់អង្គការ Amnesty International ដែលបានចេញផ្សាយ នៅថ្ងៃអង្គារ ទី២៦មីនានេះ។ អង្គការ Amnesty International បានលើកឡើងជាអាថិ នូវការថយចុះខ្លាំង ផ្នែកសេរីភាពបញ្ចេញមតិ និងសេរីភាព​ភាពជួបជុំតវ៉ានានា របស់ប្រជាជនហុងកុង។

របាយការណ៍ របស់ Amnesty International បានលើកឡើងថា ការគោរពសិទ្ធិសេរីភាពនៅហុងកុង បានធ្លាក់ចុះខ្លាំង។ ប្រភពនៃបញ្ហានេះ គឺដោយសារ ពាក្យថា “សន្តិសុខជាតិ”។ យោងតាមរបាយការណ៍ របស់Amnesty International គឺរដ្ឋបាលកោះហុងកុង បានប្រើប្រាស់ពាក្យថា ដើម្បីការពារសន្តិសុខជាតិ ដើម្បីយកទៅអនុវត្តក្នុងការរិតបន្តឹងសិទ្ធិសេរីភាព។

របាយការណ៍លើកឡើងថា ពាក្យថា “សន្តិសុខជាតិ”​ ដែលមានចែងក្នុងច្បាប់ហុងកុង គឺមានន័យទូលំទូលាយជ្រុលពេក ពុំមានការកំណត់ព្រំដែនឲ្យច្បាស់ ហើយធ្វើឲ្យពុំមានស្ថិរភាពគតិយុត្តិ។ បន្ថែមពីនេះ រដ្ឋអំណាចហុងកុង អាចអនុវត្តគោលការណ៍ ​“សន្តិសុខជាតិ​” នេះ ដោយអត្តនោម័ត ដើម្បីធ្វើទុក្ខបុកម្នេញ ទៅលើសកម្មជននយោបាយ សមាគម ឬគណបក្សនយោបាយដែលរិះគន់ការ​ដឹកនាំ។

ជាផលវិបាក អ្នកជំនាញរបស់ Amnesty International បានសង្កេតឃើញថា ប្រជាជន​ហុងកុង កាន់តែ​លែងហ៊ាននិយាយ ឬតវ៉ាអ្វីច្រើន ដោយសារម្នាក់ៗ ភ័យខ្លាចត្រូវជាប់ទោស ក្រោមពាក្យថា “សន្តិសុខជាតិ” នេះ។ ចំណែកការជួបជុំគ្នា បង្កើតជាសមាគម ឬធ្វើ​បាតុកម្មតវ៉ា ក៏កាន់តែថយចុះ ដោយសារប្រជាជនភ័យខ្លាច ពីការចាប់ទោសអូសដំណើរ។ ច្បាប់ស្តីពីសន្តិសុខជាតិ អាចបើកផ្លូវ ឲ្យមានការចាប់ដាក់ឃុំ ទៅលើមនុស្សកាន់តែច្រើន។

របាយការណ៍ ក៏បានរំលឹកផងដែរ អំពីករណីរំលោភសិទ្ធិសេរីភាព និងសិទ្ធិនយោបាយមួយចំនួន នាពេលកន្លងមកនៅហុងកុង។ មានជាអាថិ ការបណ្តេញអ្នកកាសែតជនជាតិអង់គ្លេសម្នាក់ ដែលធ្វើការឲ្យ Financial Times ដោយសារ តែអ្នកកាសែតនេះ បានអញ្ជើញ លោក Andy Chan ដែលជាមេដឹកនាំគណបក្សឯករាជ្យនិយម ឲ្យចូលរួមក្នុងកម្មវិធី​សន្និសីទ “ក្លឹបអ្នកកាសែតបរទេស” នៅហុងកុង។ ចំណែក គណបក្សរបស់លោក Andy Chan វិញ ត្រូវបានអាជ្ញាធរហុងកុង​ហាមឃាត់ មិនឲ្យចូលរួមក្នុងការបោះឆ្នោតទេ កាលពីខែកញ្ញា ឆ្នាំទៅមិញ។

ជាចុងបញ្ចប់ Amnesty International បានលើកឡើងថា ការប្រើប្រាស់ ពាក្យថា “សន្តិសុខជាតិ” ដើម្បីយក​ជាលេស ធ្វើទុក្ខបុកម្នេញទៅលើសម្លេងនយោបាយប្រឆាំង គឺជាយុទ្ធសាស្ត្ររបស់រដ្ឋអំណាចដែលមានទំនោរផ្តាច់ការ។ ដោយឡែក ក្រសួងការបរទេសអាមេរិក ក៏បានចេញរបាយការណ៍មួយដែរ ប៉ុន្មានថ្ងៃមុននេះ ដោយបានសំដែងការព្រួយបារម្ភថា បរិយាកាសរិតបន្តឹងសិទ្ធិសេរីភាពនៅហុងកុង នឹងធ្វើឲ្យប៉ះពាល់ ដល់វិស័យជំនួញរកស៊ីរបស់សហគ្រាស។ សម្រាប់អាមេរិក គឺវាប្រាកដណាស់ ដែលថា រដ្ឋបាល​ហុងកុង ចង់បំពេញបំណងបក្សកុម្មុយនិស្តិចិនប៉េកាំង ជាជាងការពារប្រជាជនហុងកុងខ្លួនឯង៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ