ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT

APEC៖ សម្រេច​បាន​គំរោង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​TPP​ថ្មី​ ដោយ​គ្មាន​សហរដ្ឋ​អាមេរិក

APEC៖ សម្រេច​បាន​គំរោង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​TPP​ថ្មី​ ដោយ​គ្មាន​សហរដ្ឋ​អាមេរិក
 
រូបថត​មហាគ្រូួសារ APEC នៅដាណាង ថ្ងៃទី ១១ វិច្ឆិកា ២០១៧ REUTERS/Hau Dinh/Pool

ជំនួបកំពូលអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ដែលបានប្រព្រឹត្តិធ្វើទៅ នៅទីក្រុងដាណាង ប្រទេសវៀតណាម បានដើរមកដល់ថ្ងៃបិទបញ្ចប់ហើយ នៅថ្ងៃសៅរ៍ទី ១១ វិច្ឆិកានេះ។ ជាលទ្ធផល ​ប្រទេសទាំង១១ ដែលធ្លាប់បានចរចា ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អន្តរប៉ាស៊ីហ្វិក ​​បានព្រមព្រៀងគ្នា លើបន្ទាត់គោលការណ៍ធំៗ ដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀង ជាផ្លូវការមួយ បើទោះបីជាសហរដ្ឋអាមេរិក បានដកខ្លួនចេញ ឈប់ចរចាក៏ដោយ។ ជំនួបកំពូលនេះ ក៏ជាឱកាសឲ្យ លោកប្រធានាធិបតីដូណាល់ ត្រាំ បានជួបដោយផ្ទាល់ជាលើកទីមួយ ជាមួយលោកប្រធានាធិបតីពូទីន និងលោកប្រធានាធិបតី ឌុយទែរតឺជាដើម។

TPP ១១ប្រទេស បើទោះគ្មានអាមេរិក

លទ្ធផលវិជ្ជាមាន ដែលយើងអាចលើកយកមកនិយាយបាន គឺ ការចុះសម្រុងគ្នារវាងប្រទេសហត្ថលេខីទាំង១១ នៅលើបន្ទាត់គោលធំៗ ដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អន្តរប៉ាស៊ីហ្វិកថ្មី ហៅកាត់ថា TPP។ ដូចយើងដឹងហើយថា កិច្ចព្រមព្រៀងនេះ ដើមឡើយគឺលោកអូបាម៉ាទេ ដែលជាអ្នកផ្តួចផ្តើម ជាមួយនឹងប្រទេសទាំង១១ផ្សេងទៀត ដែលនៅអមសងខាងមហាសមុទ្រប៉ាស៊ីហ្វិក មានដូចជា សិង្ហបុរី ប្រ៊ុយណេ នូវែលហ្សេឡង់ ឈីលី អូស្ត្រាលី ប៉េរូ វៀតណាម ម៉េឡេស៊ី មិចស៊ិក កាណាដា និងជប៉ុន។

តែទីបំផុត បន្ទាប់ពីឡើងកាន់មុខដំណែង បានតែ៣ថ្ងៃ លោកដូណាល់ ត្រាំ បានសម្រេចដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនេះ ទុកឲ្យប្រទេសទាំង១១នេះ នៅតែលតោលគ្មានបង្អែក។ ធម្មតាកិច្ចព្រមព្រៀង TPP នេះបើមានសហរដ្ឋអាមេរិក គឺតំណាងឲ្យការដោះដូរពាណិជ្ជកម្មពិភពលោក ប្រមាណ៤០%។ ក៏ប៉ុន្តែ នៅពេលដែលគ្មានសហរដ្ឋអាមេរិក តួលេខថយមកត្រឹមតែ១៣%ប៉ុណ្ណោះ។ ដូច្នេះយើងឃើញហើយ ថាទំងន់​សេដ្ឋកិច្ចអាមេរិកធំកំរិតណា។

តែយ៉ាងណា ប្រទេសទាំង១១នេះ បានព្យាយាមចរចាគ្នា មិនឲ្យកិច្ចព្រមព្រៀងTPPនេះ រលាយទេ។ អ្នកដែលស្វាហាប់ជាងគេក្នុងការដឹកនាំការចរចា គឺជប៉ុន។ បន្ទាប់ពីអាមេរិក គឺជប៉ុន ដែលមានទំហំដោះដូរពាណិជ្ជកម្មធំជាងគេ ក្នុងកិច្ចព្រមព្រៀងនេះ។ មួយវិញទៀត គឺជប៉ុនមិនចង់ឲ្យវាយឺតពេល ព្រោះបើបង្អង់ទៀត ចិនប្រាកដជាប្រមូលគៀងគ ប្រទេសទាំងអស់នៅអាស៊ី និងប៉ាស៊ីហ្វិក ឲ្យធ្វើកិច្ចព្រមព្រៀងផ្សេងមួយទៀត ដែលមានចិន ជាអ្នកបោះមេ។ កាណាដា ក៏មានចំណែក ជំរុញឲ្យកិច្ចព្រមព្រៀងTPP នេះទៅមុខលឿនដែរ បើទោះបីជាមានចំណុចមួយចំនួន ដែលកាណាដា ទាមទារឲ្យសើររើជជែកគ្នាឡើងវិញក៏ដោយ។

ដូចយើងដឹងហើយ នៅក្នុងសន្ទរកថា បើកកិច្ចប្រជុំAPEC លោកដូណាស់ ត្រាំបានប្រកាសជាថ្មីទៀតថា អាមេរិកឈប់ចុះកិច្ចព្រមព្រៀងជាមួយនរណាទាំងអស់ បើសិនអាមេរិកមិនចំណេញទេនោះ។ ប្រឈមមុខនឹងនយោបាយបិទទ្វាររបស់លោកដូណាល់ ត្រាំនេះ ប្រទេសទាំង១១នៃTPP បានចាប់ដៃគ្នា សម្រេចបាននូវបន្ទាប់ធំៗ ដើម្បីឈានទីចុះកិច្ចព្រមព្រៀងថ្មីមួយ ក្នុងពេលខាងមុខ បើទោះបីជាគ្មានអាមេរិកក៏ដោយ។

ដូណាល់ ត្រាំ និង ពូទីន ជួបគ្នាដោយស្ទាក់ស្ទើរ

កាលពីដំបូង ខាងក្រុមការងាររុស្ស៊ី បានអះអាងថា លោកដូណាល់ ត្រាំ បានសុំជួ​បលោកពូទីន មួយទល់នឹងមួយ ក្នុងឱកាសជំនួបកំពូលនៅដាណាងនេះ​ ដើម្បីនិយាយគ្នា ពីបញ្ហា កូរ៉េខាងជើង។ ក៏ប៉ុន្តែស្រាប់តែនៅថ្ងៃសុក្រ ម្សិលមិញ មានការបញ្ជាក់ ពីក្រុមការងារអាមេរិក ថានឹងមិនមានជំនួបទ្វេរភាគី មួយទល់នឹងមួយ រវាងលោកដូណាល់ ត្រាំ និងលោកពូទីន ទេ។

អ្នកកាសែតទាំងអស់ បានត្រឹមតែតាមដានឃើញ មេដឹកនាំទាំងពីរ ចាប់ដៃគ្នា២ដង ម្តងនៅថ្ងៃសុក្រ និងម្តង​ទៀត នៅថ្ងៃសៅរ៍នេះ ក្នុងពេលដើរទៅកន្លែងថតរូបអនុស្សាវរីយ៍។ ពេលចាប់ដៃគ្នា គេសង្កេតឃើញ លោកពូទីន​ និងលោកដូណាល់ ត្រាំ និយាយផ្តោះផ្តងគ្នា តែពីរ បីម៉ាត់តែប៉ុណ្ណោះ។

ក៏ប៉ុន្តែ ក្នុងឱកាសនេះ មានជំនួបផ្លូវការមួយ ត្រូវបានគេរៀបចំ រវាងលោករដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីការបរទេសរុស្សី ​​ដើម្បីនិយាយពីបញ្ហា ដំណោះស្រាយសន្តិភាពនៅស៊ីរី។ មហាអំណាចទាំងពីរ ទទួលស្គាល់ថា គេមិនអាចដោះស្រាយវិបត្តិនេះ តាមផ្លូវយោធាបានទេ។ ប្រទេសទាំងពីរអំពាវនាវ តាមរយៈសេចក្តីប្រកាសរួមគ្នា នៅព្រឹកថ្ងៃសៅរ៍នេះ ថាឲ្យបន្តការប្រឹងប្រែងចរចានៅទីក្រុងហ្សឺណែវ ក្រោមអន្តរាគមន៍របស់អង្គការសហប្រជាជាតិ។

ទាក់ទិននឹងបញ្ហានេះ នៅថ្ងៃទី២៨វិច្ឆិកា គេនឹងចាប់ផ្តើមបើកកិច្ចប្រជុំ ជាថ្មីនៅក្រុងហ្សឺណែវ ដើម្បីហៅភាគីស៊ីរីទាំងអស់មកចរចាគ្នា។ ហើយទន្ទឹមគ្នានេះ រុស្ស៊ី ក៏នឹងដឹកនាំការប្រជុំមួយនៅក្រុងសុតឈីលដែរ នៅថ្ងៃទី១៨វិច្ឆិកា។ តែកិច្ចប្រជុំរបស់រុស្ស៊ីនេះ ត្រូវបានក្រុមគណកម្មាធិការជាន់ខ្ពស់ដើម្បីការចរចាស៊ីរី បដិសេធ មិនចូលរួមទេ ព្រោះវាលំអៀង ទៅខាងរដ្ឋាភិបាលបាឆា អាល់អាសាតពេក។

លោកត្រាំ បន្តដំណើរ ដើម្បីកិច្ចព្រមព្រៀងទ្វេរភាគីជាមួយវៀតណាម និងហ្វីលីពីន?

បន្ទាប់ពីជំនួបកំពូលAPEC នេះបិទបញ្ចប់ ដំណើរទស្សនកិច្ចរបស់លោកដូណាល់ ត្រាំ នៅអាស៊ី នៅមិនទាន់ចប់ទេ ដោយលោកត្រូវបន្តដំណើរ ទៅកាន់ទីក្រុងហាណូយ​ និងទីក្រុងម៉ានីល បន្តទៀត។ កាលពីរសៀលថ្ងៃសៅរ៍​ទី ១១ វិច្ឆិកា​ លោកដូណាល់ ត្រាំ បានចេញដំណើរបន្តទៅ ហាណូយ ដែលនៅទីនោះ គាត់ត្រូវជួបនឹងថ្នាក់ដឹកនាំធំរបស់វៀតណាម។ មានសំណុំរឿងមួយចំនួន ដែលតាមការរំពឹងទុក លោកដូណាល់ ត្រាំ នឹងត្រូវជជែកជាមួយថ្នាក់ដឹកនាំវៀតណាម។

ក្នុងនោះអាចមានកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្ម​ទ្វេរភាគី វៀតណាម អាមេរិក ដែលគេអាចនឹងផ្តើមនិយាយគ្នា។ តាមពិតវៀតណាមសង្ឃឹមចំណេញណាស់ កាលពីដំបូង ក្នុងកិច្ចព្រមព្រៀងTPP នៅពេលមានអាមេរិក ព្រោះថាវៀមណាម នាំផលិតផលចេញទៅអាមេរិក ច្រើនណាស់។​ តែទីបំផុត អាមេរិកដកខ្លួនចេញ វៀតណាម បានបាត់បង់ផលប្រយោជន៍ច្រើន។

សំណុំរឿងមួយទៀត ដែលសំខាន់ គឺបញ្ហាសមុទ្រចិន ខាងត្បូង។​ វៀតណាម ចង់ទាញអារម្មណ៍លោកដូណាល់ ត្រាំ ឲ្យងាកមកចាប់អារម្មណ៍ ធ្វើអន្តរាគមន៍ក្នុងបញ្ហានេះ ដើម្បីកុំឲ្យចិន អាងយ៉ាងតែម្នាក់ឯង វាទទីយកសមុទ្រចិនខាងត្បូងតែម្នាក់ឯង។ តាំងតែពីកើតបញ្ហាមក  វៀតណាម មិនដែលផ្លាស់ប្តូរគោលជំហរទេ គឺវៀតណាម នៅតែប្រកាន់ចិត្តរឹង មុនចុះចាញ់ចិនឡើយ។ ត្រង់នេះ គឺវាខុសពីហ្វីលីពីន បន្ទាប់ពីលោក ឌុយទែរតឺ បានឡើងកាន់ដំណែង។ ហ្វីលីពីន បានសុខចិត្តធ្វើសម្បទានឲ្យចិន ជាថ្នូរនឹងជំនួយរបស់ចិន។

ថ្ងៃអាទិត្យ ទី១២ វិច្ឆិកា លោកដូណាល់ ត្រាំ និងបន្តដំណើរទៅ ក្រុងម៉ានីល ដើម្បីជួបនិយាយ មួយទល់នឹងមួយ ជាមួយលោកប្រធានាធិបតី ឌុយទែរតឺ។ គេជឿថា​បញ្ហាសមុទ្រចិនខាងត្បូង សហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ ក៏នឹងត្រូវគេលើកមកនិយាយដែរ។

ប៉ុន្តែជារួម គេមិនសង្ឃឹមថា លោកដូណាល់ ត្រាំ នឹងសន្យាអ្វីជាក់លាល់ ជាមួយវៀតណាម និងហ្វីលីពីនទេ ព្រោះថា បើសង្កេតមើល ចាប់តាំងពីឡើងកាន់អំណាចមក លោកដូណាល់ ត្រាំ គ្មានយុទ្ធសាស្ត្រអ្វី ឲ្យជាក់លាក់ យូរអង្វែង នៅតំបន់អាស៊ីប៉ាស៊ីហ្វិកទេ ក្រៅតែពីគំរាមកំទេចកូរ៉េខាងជើង៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ