អានតួអត្ថបទ
ចិន

លោកលី ខឺជំាង៖កំណើន​សេដ្ឋកិច្ច​ចិន​សម្រាប់​ឆ្នំា ២០១៥ មាន​ត្រឹម ៧%

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ មីនា​នេះ សភា​ចិន​បាន​បើក​សម័យប្រជុំវិសាមញ្ញ​ប្រចំា​ឆ្នំា​ដោយ​មាន​ការ​ចូលរួម​ពី​គណៈប្រតិភូ​ប្រមាណ​ជា ៣ ០០០នាក់។ គឺ​ជា​ឱកាស​ដែល​បាន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​បូក​សរុប​លទ្ធផល​ដែល​សម្រេច​បាន​ក្នុង​ឆ្នំា​កន្លង​មក និង​ការ​កំណត់​ទិសដៅ​សម្រាប់​ឆ្នំា ២០១៥ នេះ។ នៅ​ក្នុង​សុន្ទរកថា​នា​ពេល​បើក​សម័យ​ប្រជុំ លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជំាង​បាន​លើក​យក​សំណុំរឿង​ជា​ច្រើន​ទៅ​និយាយ មាន​តំាង​ពី​វិស័យ​សេដ្ឋកិច្ច វិស័យ​ការពារ វិស័យ​បរិស្ថាន ឬ​មួយ​ក៏​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​អំពើ​ពុករលួយ​ជា​ដើម។ វិស័យ​សេដ្ឋកិច្ច​ត្រូវ​បាន​លោក​លី ខឺជំាង​ប្រកាស​ជា​ចំហ​ថា កំណើន​សេដ្ឋកិច្ច​ចិន​សម្រាប់​ឆ្នំា ២០១៥ អាច​មាន​ត្រឹម ៧%។

អន្តរាគមន៍​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​ចិន​លី ខឺជំាង​ក្នុង​សម័យប្រជុំ​សភា ប្រចំាឆ្នំា ថ្ងៃទី៥ មីនា ២០១៥
អន្តរាគមន៍​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​ចិន​លី ខឺជំាង​ក្នុង​សម័យប្រជុំ​សភា ប្រចំាឆ្នំា ថ្ងៃទី៥ មីនា ២០១៥ Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជំាង​បាន​ប្រកាស​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ចិន​សម្រាប់​ឆ្នំា ២០១៥ មក​នៅ​ត្រឹម ៧% ពេល​នេះ​ក៏​ជា​ការ​ព្យាករ​របស់​ក្រុមអ្នកវិភាគ​នា​ពេល​កន្លង​ទៅ​ដែរ។ នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ចិន​ប្រហែល​ជា​ពិបាក​នឹង​រក​បាន​ជា​ថ្មី​នូវ​អត្រាកំណើនសេដ្ឋកិច្ច​ចំនួន ២ខ្ទង់​ដែល​ខ្លួន​ធ្លាប់​បាន​ទទួល​រយៈពេល ៣ទសវត្សរ៍​ជាប់ៗ​គ្នា​នា​ពេល​កន្លង​មក។ ជាក់ស្តែង​ក្នុង​ឆ្នំា ២០១៤ ចិន​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​តែ ៧,៤% ប៉ុណ្ណោះ ពោល​គឺ​តិច​ជាង​ការ​ព្យាករ​ដែល​មាន ៧,៥%។ អត្រា​កំណើន​សេដ្ឋកិច្ច ៧,៤% គឺ​ជា​អត្រា​ដ៏​ទាប​ដែល​ចិន​មិន​ធ្លាប់​ស្គាល់​ទេ​ក្នុង​រយៈពេល​ជិត ២៥ឆ្នំា​ចុង​ក្រោយ​នេះ។ សម្រាប់​ឆ្នំា ២០១៥ នេះ លោក​លី ខឺជំាង​បាន​ព្យាករ​ទុក​ថា អាច​មាន​ត្រឹម​តែ ៧% ប៉ុណ្ណោះ។ សម្រាប់​លោក​លី ខឺជំាង កំណើន​សេដ្ឋកិច្ច​ថយចុះ​ដោយសារ​តែ​កត្តា​ខាង​ក្រៅ និង​ខាង​ក្នុង។

នៅ​ខាង​ក្រៅ សេដ្ឋកិច្ច​ពិភពលោក​បាន​ស្គាល់​កំណើន​តិចតួច​ស្តួចស្តើង និង​ពោរពេញ​ដោយ​ឧបសគ្គ ហើយ​មាន​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ខ្លះ​ក៏​កំពុង​ជួប​វិបត្តិ​យ៉ាង​ត្រដាបត្រដួស។ នៅ​ផ្ទៃក្នុង ចិន​បាន និង​កំពុង​បន្ត​ជួប​ការ​លំបាក និង​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន។ ជាក់ស្តែង គឺ​សកម្មភាព​សេដ្ឋកិច្ច​បាន និង​កំពុង​បន្ត​ធ្លាក់​ចុះ​ជា​លំដាប់។ អ្វី​ដែល​លោក​លី ខឺជំាង​ចង់​បញ្ជាក់​នោះ​គឺ​ថា ចិន​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​តិច ឬ​ច្រើន គឺ​វា​អាស្រ័យ​លើ​បរិបទ​សេដ្ឋកិច្ច​ពិភពលោក និង​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក។ គួរ​ជម្រាប​ជូន​ថា សន្ទុះ​កំណើន​សេដ្ឋកិច្ច​ចិន​បាន​ពឹងផ្អែក​លើ​វិស័យ​សំខាន់​ពីរ​ជា​ប្រពៃណី គឺ​វិស័យ​អចលនទ្រព្យ និង​វិស័យ​នំា​ចេញ។ តែ​បើ​គិត​ក្នុង​រយៈពេល ១ឆ្នំា​កន្លង​ទៅ វិស័យ​នំាចេញ​បាន​ធ្លាក់​ចុះ ៣,២% រីឯ​ទីផ្សារ​អចលនទ្រព្យ​ក៏​កំពុង​ទ្រឹង​មួយ​កន្លែង​ដែរ។ ទន្ទឹម​គ្នា​នេះ វិនិយោគបរទេស និង​ពាណិជ្ជកម្ម​ក្រៅប្រទេស​ក៏​បាន​ធ្លាក់​ចុះ។

បង្វែរ​ពី​ការ​ពឹងពាក់​អ្នកដទៃ​មក​ពឹងពាក់​លើ​ខ្លួនឯង

អ្វី​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកំាង​កំពុង​ចង់​បាន​ពេល​នេះ គឺ​មិនមែន​មហិច្ឆតា​អត្រា​កំណើន​សេដ្ឋកិច្ច​ចំនួន ២ខ្ទង់​ដែល​ខ្លួន​ធ្លាប់​ទទួល​បាន​កន្លង​មក​ទេ តែ​ជា​កំណើន​សេដ្ឋកិច្ច​សមរម្យ​មួយ​ដែល​មិន​ផុយស្រួយ នៅ​ឋេរ និង​យូរអង្វែង។ ក្នុង​ន័យ​នេះ រដ្ឋាភិបាល​បាន​ផ្តើម​បង្វែរ​បន្តិច​ម្តងៗ ពី​សេដ្ឋកិច្ច​ពឹង​លើ​បំពង់​ដង្ហើម​អ្នកដទៃ​មក​ជា​សេដ្ឋកិច្ច​ពឹងលើ​បំពង់​ដង្ហើម​ខ្លួន​ឯង​វិញ​ម្តង មាន​ន័យ​ថា កាត់​បន្ថយ​ពី​សេដ្ឋកិច្ច​ពឹង​លើ​ការ​នំា​ចេញ​ទៅ​បង្កើន​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក តាមរយៈ​បង្កើន​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ចិន។

ទីក្រុង​ប៉េកំាង​ចង់​បាន​គំរូ​សេដ្ឋកិច្ច​មួយ​ដែល​ប្តូរ​ពី​ការ​អភិវឌ្ឍន៍​​វិស័យ​ផលិតកម្ម​សម្រាប់​ការ​នាំ​ចេញ​ទៅ​បង្កើន​ការ​អភិវឌ្ឍន៍​​វិស័យ​សេវាកម្ម និង​ផលិតកម្ម​សម្រាប់​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក។ យោង​តាម​លោក​លី ខឺជំាង នយោបាយ​សេដ្ឋកិច្ច​ពឹង​លើ​ខ្លួន​ឯង​នេះ​បាន​អនុញ្ញាត​ឲ្យ​មាន​បង្កើត​ការងារ​ជាង ១៣លានការងារ​នៅ​តាម​ជនបទ​ក្នុង​ឆ្នំា ២០១៤ និង​ថា អាច​នឹង​បង្កើត​បាន​ជាង ១០លានការងារ​ទៀត​ក្នុង​ឆ្នំា ២០១៥។ កម្មវត្ថុ​របស់​រដ្ឋាភិបាល គឺ​កំណត់​អត្រា​អ្នក​អត់​ការងារ​ធ្វើ​ត្រឹម ៤,៥%។ ទន្ទឹម​គ្នា​នេះ លោក​លី ខឺជំាង​ក៏​បាន​ប្រកាស​ពី​បំណង​ចង់​ពង្រឹង និង​ធ្វើ​កំណែទម្រង់​លើ​វិស័យ​រដ្ឋ​មួយ​ចំនួន​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ។ ដោយឡែក កត្តា​សំខាន់​ថ្មី​មួយ​ដែល​ត្រូវ​បាន​លោក​លី ខឺជំាង​ចាត់​ទុក​ជា​សសរ​ថ្មី​សម្រាប់​សេដ្ឋកិច្ច​ថ្មី​ពេល​នេះ គឺ​បង្កើន​ការ​អភិវឌ្ឍន៍​ថាលពល​ស្អាត ដោយ​រាប់​បញ្ចូល​ពី​ការ​ចូលរួម​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ជក់។

បន្ថយ​ការ​ដំឡើង​ថវិកា​យោធា តែ​ពង្រឹង​យុទ្ធនាការ​ប្រឆំាង​អំពើ​ពុករលួយ

សម្រាប់​ថវិកា​យោធា​ក្នុង​ឆ្នំា ២០១៥ ត្រូវ​បាន​រដ្ឋាភិបាល​ដំឡើង​តែ ១០,១% ប៉ុណ្ណោះ ពោល​មាន​ទឹកប្រាក់​សរុប​ជាង ១៤ម៉ឺនលានដុល្លារ។ កាល​ពី​ឆ្នំា ២០១៤ រដ្ឋាភិបាល​បាន​ដំឡើង​ដល់​ទៅ ១២,២%។ តែ​ក្រុមអ្នកវិភាគ​បាន​មើល​ឃើញ​ថា តួលេខ​នេះ​អាច​នឹង​មាន​ច្រើន​ជាង​នេះ។ គួរ​បញ្ជាក់​ថា ចិន​បាន​ក្លាយ​ជា​ប្រទេស​ទី២ ក្នុង​លោក​បន្ទាប់​ពី​អាមេរិក​ដែល​បាន​ចំណាយ​ច្រើន​នៅ​ក្នុង​វិស័យ​យោធា។ ទាក់ទង​នឹង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​អំពើ​ពុករលួយ លោក​លី ខឺជំាង​បាន​បញ្ជាក់​ពី​ការ​បន្ត​ជម្រុះ​ជន​ពុករលួយ​នៅ​គ្រប់ជាន់ថ្នាក់ និង​គ្រប់​លំដាប់ថ្នាក់ ដូច​ដែល​លោក​ប្រធានាធិបតី​ស៊ី ជីនពីង​ធ្លាប់​បាន​ប្រកាស​ថា នឹង​កំចាត់​តំាង​ពី​សត្វ​មូស ដល់​សត្វខ្លា។ សម្រាប់​លោក​ស៊ី ជីនពីង អំពើ​ពុករលួយ​ជា​សភាវៈ​អាក្រក់​ដែល​គំរាម​អនាគត​គណបក្សទោល និង​របបកុម្មុយនិស្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ