អានតួអត្ថបទ
ឥណ្ឌូណេស៊ី-អូស្ត្រាលី

ឥណ្ឌូណេស៊ី​ទាត់ចោល​សំណើ​ដោះដូរ​អ្នកទោស​ពី​​រដ្ឋាភិបាល​អូស្ត្រាលី

រដ្ឋាភិបាល​អូស្ត្រាលី​បាន​ស្នើ​ដោះដូរ​អ្នកទោស​ជាមួយ​ប្រទេស ឥណ្ឌូណេស៊ី នៅថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​នៅ​ប៉ុន្មាន​ម៉ោងក្រោយ​​ដែល​អ្នកទោស ជាតិ​អូស្ត្រាលី ពីររូប​នឹង​ត្រូវ​បញ្ជូន​ទៅ​កោះ​ហ្សាវ៉ា ដើម្បី រង់ចាំ​ការប្រហារជីវិត។ យោងតាម​កាសែត​អូស្ត្រាលី រដ្ឋមន្រ្តី​ការបរទេស​អូស្ត្រាលី អ្នកស្រី Julie Bishop បាន​ទូរស័ព្ទ ទៅ​សមភាគី​ឥណ្ឌូណេស៊ី ដើម្បី​និយាយ​ពី​ការដោះដូរ​អ្នកទោស អូស្ត្រាលី​ពីរនាក់។ ប៉ុន្តែ សំណើ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ត្រូវ​បាន​រដ្ឋមន្រ្តី​ការបរទេស​​ឥណ្ឌូនេស៊ី​បដិសេធ មិន​ទទួល​យក។ 

Andrew Chan (ឆ្វេង) និង​ Myuran Sukumaranជាជនជាតិ​អូស្ត្រាលី ដែល​នឹង​ត្រូវ​អាជ្ញាធរ​ឥណ្ឌូណេស៊ី ប្រហារជីវិត នៅពេល​ឆាប់ៗ ដោយសារ​សកម្មភាព​ជួញដូរ​គ្រឿងញៀន
Andrew Chan (ឆ្វេង) និង​ Myuran Sukumaranជាជនជាតិ​អូស្ត្រាលី ដែល​នឹង​ត្រូវ​អាជ្ញាធរ​ឥណ្ឌូណេស៊ី ប្រហារជីវិត នៅពេល​ឆាប់ៗ ដោយសារ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ©REUTERS/Murdani Usman
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្រ្តី​អូស្ត្រាលី លោក​តូនី អាបូត​បាន​ចូលរួម នៅក្នុង​ពិធី​ស្មឹងស្មាធ នៅ​រដ្ឋសភា ដែល​រៀបចំ​ឡើង ដើម្បី​សុំ​ឲ្យ​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី មាន​សេចក្តី​អត់អោន​ដល់​អ្នកទោស ជាតិ​អូស្ត្រាលី ពីររូប ដែល​ឥណ្ឌូណេស៊ី កំពុង​គ្រោង​ប្រហារ​ជីវិត នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

 
នៅថ្ងៃ​នេះ​ដដែល កាសែត​ក្នុង​ស្រុក​អូស្រា្តលី បាន​ចុះផ្សាយ​ថា រដ្ឋមន្រ្តី​ការបរទេស​អូស្ត្រាលី ក៏​បាន​ទូរស័ព្ទ ទៅ​ប្រមុខការបរទេស​ឥណ្ឌូណេស៊ី ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នេះ ពិចារណា​ពីរឿង​ដោះដូរ​អ្នកទោស។ តាម​កាសែត រដ្ឋាភិបាល​អូស្តា្រលី លើកឡើង​ពីការដោះដូរ​អ្នកទោស ឥណ្ឌូណេស៊ី ដែល​អូស្ត្រាលី​ចាប់​បាន​ក្នុង​ទឹកដី​អូស្ត្រាលី និង​កាត់ទោស​ឲ្យជាប់គុក ក្នុង​បទជួញដូរ​គ្រឿង​ញៀន​ដូចគ្នា​នេះដែរ។ ប៉ុន្តែ ភាគី​ឥណ្ឌូណេស៊ី តាមរយៈ អនុរដ្ឋមន្រ្តី​ការបរទេស បាន​បដិសេធ មិន​ទទួល​យក​សំណើ​របស់​អូស្ត្រាលី និង​ប្តេជ្ញា អនុវត្ត​ទោស​ប្រហារជីវិត ទៅតាម​បញ្ជា​របស់​លោកប្រធានាធិបតី​ ហ្សូកូ វីដូដូ។

សំណើ​ដោះដូរ​អ្នកទោស របស់​អូស្ត្រាលី ធ្វើឡើង នៅមួយ​ថ្ងៃ​ក្រោយ ប៉ូលិស​ឥណ្ឌូណេស៊ី​ចាប់​បញ្ជូន​អ្នកទោស​គ្រឿងញៀន​អូស្ត្រាលី ទៅ​នៅ​កោះមួយ ដើម្បី​រង់ចាំ​ថ្ងៃ​ប្រហារជីវិត។
ជនជាតិ​អូស្ត្រាលី​ពីរ​នាក់ Andrew Chan និង​Myuran Sukumaran ដែល​ត្រូវ​កាត់ទោស​ប្រហារជីវិត កាលពី​ឆ្នាំ ២០០៦ ពីបទ ដឹកនាំ​បណ្តាញ​ក្រុមជួញដូរ​គ្រឿងញៀន​ចេញពី​ឥណ្ឌូណេស៊ី ទៅ​អូស្ត្រាលី នឹង​ត្រូវ​អាជ្ញាធរ​ឥណ្ឌូណេស៊ី ប្រហារជីវិត នឹង​គ្រាប់កាំភ្លើង ក្នុង​ពេល​ខាងមុខ ជាមួយ នឹង​អ្នកទោស​បរទេស ៨នាក់​ផ្សេងទៀត ដែល​ជាប់ទោស​ក្នុង​រឿង​គ្រឿង​ញៀននេះដែរ។

នៅ​ឥណ្ឌូណេស៊ី ការប្រហារជីវិត​អ្នកទោស បាន​ចាប់ផ្តើម មាន​សកម្មភាព​ឡើងវិញ នៅ​ឆ្នាំ ២០១៣។ កាលពី​ថ្ងៃ​ទី ១៨​មករា កន្លងទៅ ឥណ្ឌូណេស៊ី​បាន​ប្រហារជីវិត​ជា​លើក​ទីមួយ អ្នកទោស ជួញដូរ​គ្រឿងញៀន ទាំង​បរទេស និង​ឥណ្ឌូណេស៊ី​៦នាក់។ ការ​ប្រហារជីវិត​អ្នកទោស​របស់​ឥណ្ឌូណេស៊ី បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​រិះគន់​ខ្លាំង​ពី​បណ្តា​ប្រទេស ដែល​មាន​ជនជាតិ​របស់ខ្លួន ជាប់​ក្នុង​សំណាញ់​ច្បាប់​របស់​ឥណ្ឌូណេស៊ី។

រដ្ឋមន្រ្តី​អូស្ត្រាលី​វិញ ធ្លាប់​បាន​ព្រមាន​រួចហើយថា ទំនាក់​ទំនង​រវាង​ឥណ្ឌូណេស៊ី និង​អូស្ត្រាលី​នឹង​អាចជួប​ល្អក់កករ យូរអង្វែង ប្រសិន​បើ​ឥណ្ឌូណេស៊ី​ប្រហារជីវិត​ជនជាតិ​អូស្ត្រាលី។ ទោះប្រឈម​នឹង​ប្រតិកម្ម​រិះគន់ ឬ​សំណើ​សុំ​ឲ្យ​មាន​ការលើកលែង ពី​សំណាក់​មេដឹកនាំ​បរទេស ដែល​នៅក្នុង​នោះ មាន​ប្រធានាធិបតី​បារាំង​ផង លោក ហ្សូកូ វីដូដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី នៅ​តែ​ប្រកាន់​ជំហរ​រឹងមាំ មិន​លះបង់​ចោល ការប្រហារ​ជីវិត​អ្នកទោស ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​គ្រឿងញៀន។ សម្រាប់​ប្រមុខដឹកនាំ​ឥណ្ឌូណេស៊ី​គ្រឿងញៀន​បំផ្លិចបំផ្លាញ​សង្គម ដោយ​វា​បាន​សម្លាប់​យុវជន​ឥណ្ឌូណេស៊ី យ៉ាងហោច ៥០​នាក់ ក្នុង​មួយថ្ងៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ